កងកម្លាំងប៉ូលីសសិង្ហបុរី(SPF) បាននិយាយនៅថ្ងៃអាទិត្យថា បុរសជនជាតិសិង្ហបុរី២នាក់ ត្រូវបានគេជឿជាក់ថា ជាសមាជិកនៃក្រុមឆបោកនៅកម្ពុជា ត្រូវបានលើកសំណុំរឿងចោទប្រកាន់នៅតុលាការ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បន្ទាប់ពីពួកគេបាននិរទ្ទេសចេញពីប្រទេសកម្ពុជានិងប្រទេសថៃ។
សារព័ត៌មាន ស៊ីអ៊ែនអេ(CNA) បានរាយការណ៍នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា បុរសពីរនាក់ អាយុ២៧ឆ្នាំ និង៣២ឆ្នាំត្រូវបានគេជឿជាក់ថា ជាផ្នែកនៃក្រុមជនជាតិសិង្ហបុរីចំនួន ២៧នាក់ និងជនជាតិម៉ាឡេស៊ីចំនួន ៧នាក់ ដែលប៉ូលីសរកចាប់ខ្លួនជាប់ពាក់ព័ន្ធចំពោះការឆបោករបស់ពួកគេក្នុងការក្លែងបន្លំជាមន្ត្រីរដ្ឋាភិបាលដែលមានគោលដៅលើជនជាតិសិង្ហបុរី។
ក្រុមឧក្រិដ្ឋជនដែលបានរៀបចំ ប្រតិបត្តិការពីក្រុងភ្នំពេញ ប្រទេសកម្ពុជា ត្រូវបានគេជឿជាក់ថា ទទួលខុសត្រូវលើករណីឆបោកដែលមានរបាយការណ៍យ៉ាងហោចណាស់ ៤៣៨ករណី ពាក់ព័ន្ធនឹងការបាត់បង់ប្រាក់យ៉ាងហោចណាស់ ៤១ដុល្លារសិង្ហបុរី(៣១.៦លានដុល្លារ)។
ក្រុមនេះ ត្រូវបានរំខានអំឡុងពេលប្រតិបត្តិការរួមគ្នា ដោយកងកម្លាំងប៉ូលីសសិង្ហបុរី(SPF) និងនគរបាលជាតិកម្ពុជា(CNP) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ ជាផ្នែកមួយនៃការស៊ើបអង្កេតកំពុងបន្ត កងកម្លាំងប៉ូលីសសិង្ហបុរី(SPF) បានចេញដីការហាមឃាត់មុននេះបន្តិច និងរឹបអូសទ្រព្យសម្បត្តិដែលជាប់ទាក់ទងជាមួយក្រុមឧក្រិដ្ឋកម្ម។
បុរសអាយុ២៧ឆ្នាំ ឈ្មោះ វិន សូយូឈឹន (Wayne Soh You Chen) ត្រូវបានចាប់ខ្លួនដោយនគរបាលជាតិកម្ពុជា(CNP) និងបុរសអាយុ ៣២ឆ្នាំម្នាក់ទៀតឈ្មោះ ប្រាយអិន សៃអ៊ីងហ្វា(Brian Sie Eng Fa) ត្រូវបានចាប់ខ្លួនដោយកងកម្លាំងប៉ូលីសថៃ(RTP) អំឡុងពេលវាយឆ្មក់នៅខនគេន(Khon Kaen) ប្រទេសថៃ នេះបើយោងតាមកងកម្លាំងប៉ូលីសសិង្ហបុរី(SPF) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។
ប៉ូលីសបាននិយាយថា ‘‘បុរសទាំង២ស្ថិតក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ ដែលរកការចាប់ខ្លួនដោយកងកម្លាំងប៉ូលីសសិង្ហបុរី ជាផ្នែកមួយនៃក្រុមឧក្រិដ្ឋកម្មរៀបចំ។ ការចាប់ខ្លួននេះ ធ្វើឡើងតាមកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការចែករំលែកព័ត៌មានសម្ងាត់រវាង SPF, RTP និង CNP”។
SPF បាននិយាយថា បុរសទាំងពីរ ត្រូវបាននិរទ្ទេសទៅកាន់ប្រទេសសិង្ហបុរី និងត្រូវបានចាប់ខ្លួននៅពេលដែលមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យ។
ពួកគេនឹងត្រូវចោទប្រកាន់នៅតុលាការ នៅថ្ងៃចន្ទ ក្នុងបទចោទប្រកាន់ថា បានជួយដល់ការប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ក្នុងគោលបំណងខុសច្បាប់នៃក្រុមឧក្រិដ្ឋកម្មដែលមានទំនាក់ទំនងក្នុងមូលដ្ឋាន ក្រោមច្បាប់ឧក្រិដ្ឋកម្មរៀបចំ។
ប៉ូលីសបាននិយាយថា ‘‘SPFសូមកោតសរសើរចំពោះ RTP និង CNP សម្រាប់ការគាំទ្រយ៉ាងមុតមាំ និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអនុវត្តច្បាប់បរទេសរបស់យើង ដើម្បីបង្រ្កាបអ្នកដែលប្រព្រឹត្តការឆបោក”៕









