បទវិភាគ៖ រដ្ឋាភិបាល​ឯកបក្ស​សេរីភាព​ត្រូវ​រឹត​ត្បិត​តែ​លើក​តម្កើង​គ្រួសារ​លើស​ពី​ច្បាប់

ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥ នៅ​តែ​ដំណើរ​ការ​តាម​រយៈ​មជ្ឈ​មណ្ឌល​អំណាច​តែ​មួយ​ធ្វើ​ឱ្យ​លំហ​​សេរីភាព​បញ្ចេញ​មតិ​កាន់​តែ​រួម​តូច តែអំ​ណាច​បុគ្គល​និង​គ្រួសារ ត្រូវ​បាន​លើក​តម្កើង​លើ​ពីច្បាប់ គំរាម​កំហែង​ដល់​ប្រព័ន្ធ​យុត្តិ​ធម៌ ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ក្លាយ​ជា​ជន​រង​គ្រោះ។

នេះបើវិ​ភាគ​ទៅ​លើរ​បាយ​ការណ៍​នានា​របស់​ស្ថាប័នឯករាជ្យ ដែល​បាន​កត់​ត្រា​ចេញ​ពី​បន្ទាត់​នយោ​បាយ​ឯកបក្ស​ក្រោយ​ពី​កម្ពុជា​បាន​រអិល​ចេញ​ពី​គន្លង​ប្រជា​ធិប​តេយ្យ​ច្រើន​ឆ្នាំម​ក​នេះ ។

ផ្តើមចេញពីមូលដ្ឋាន​វិភាគ រហូត​ដល់​ចុង​ឆ្នាំ​២០២៥​នេះ កម្ពុជា​នៅ​តែ​ជា​រដ្ឋ​មួយ​ដែល​គ្រប់​គ្រង​ដោយ​អំណាច​នៃ​គ្រួសារ​តែ​មួយ ដោយ​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋ គួរ​តែ​ជា​ស្ថាប័ន​ធ្វើ​តុល្យភាព​អំណាច ប្រែ​ទៅ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​គ្រួសារ​អ្នក​កាន់​អំណាច​ជំនួស​វិញ។

របាយការណ៍ចុងក្រោយបំផុតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាន​រៀប​រាប់​យ៉ាង​ច្បាស់​ថា កម្ពុជា​“នៅ​តែ​ជា​​រដ្ឋ​ឯកបក្ស ដែល​លទ្ធផល​នៃកា​រ​បោះ​ឆ្នោត​ត្រូវ​បាន​កំណត់ និង​គ្រប់​គ្រង​រួច​ជា​ស្រេច​ដោយ​គណបក្ស​ប្រ​ជា​​ជន​កម្ពុជា ក្តោប​​ក្តាប់​​អំណាច និង​គ្រប់​គ្រង​ស្ថាប័ន​រដ្ឋ​ទាំង​អស់ រួម​ទាំង​ប្រព័ន្ធ​តុលាការ​ផង​ដែរ” ខណៈ​អ្ន​ក​​រិះ​​គន់​នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​ការ​យាយី និង​រង​ការ​ចោទ​ប្រកាន់​ទាំង​នៅ​ក្នុង​ស្រុក​និង​នៅ​ក្រៅ​ប្រទេស។

ត្បឹតតួនាទីត្រូវបានផ្លាស់ប្តូរក្រោយ​ការបោះឆ្នោ​តឆ្នាំ​២០២៣ ប៉ុន្តែ​អំណាច​មិន​បាន​ប្រែ​ប្រួល​នោះ​ទេ មានតែ​ប្រមូល​ផ្តុំ​កាន់​តែ​ខ្លាំង​ឡើង។ បន្ទាប់​ពី​ផ្ទេរ​តំណែង​នាយក​រដ្ឋ​មន្ត្រី​ទៅ​ឱ្យ​កូន​ប្រុស គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន បាន​ក្លាយ​ជា​ប្រធាន​ព្រឹ​ទ្ធ​សភា ជា​តំណែង​មួយ​ដែល​មាន​សារៈ​សំខាន់​បំផុត នៅ​ពេល​ណា​ដែល​ព្រះ​មហា​ក្សត្រ​ស្តេច​យាង​ទៅ​ក្រៅប្រ​ទេស។

 ដូចដែលសារព័ត៌មានAPរបស់អាមេរិក បានរំលឹកអ្នកអាន​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ព្រឹ​ទ្ធ​សភា​ឆ្នាំ​២០២៤​ថា៖ “ប្រធាន​ព្រឹទ្ធស​ភាមា​ន​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​អវត្ត​មាន​នៅ​ក្នុង​ប្រទេស”។ តួនាទី​របស់​ប្រធានព្រឹទ្ធសភាដែ​ល​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ផ្តល់​អំណាច​ខ្ពស់​បំផុ​ត​ឱ្យ លោក ហ៊ុន សែន ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច និង​រំលោភ​បំពាន​លើ​អំណាច​របស់​ស្ថាប័ន​ដទៃ​ទៀត ដូចជា​ ស្ថាប័ន​នីតិ​ប្រតិ​បត្តិ និង​ស្ថាប័ន​យុត្តិ​ធម៌។

នៅក្នុងលិខិតចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានអនុញ្ញាត​ឱ្យលោក ហ៊ុន សែន គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​ជាតិ និង​ទាក់​ទង​ជាមួយ​កូន​ប្រុស​របស់​លោក គឺលោក ហ៊ុន ម៉ាណែត អំពី​បញ្ហា​យោធា និង​ការ​ពារ​ជាតិ ចំ​ពេល​ដែល​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​កើន​ឡើង​ជាមួយ​ថៃ។

ជាលទ្ធផល ប្រព័ន្ធ​នីតិរដ្ឋត្រូវបាន​បំផ្លាញ, សិទ្ធិ និង​សេរីភាព ត្រូវ​បាន​រឹត​ត្បិត, ប្រព័ន្ធ​បក្ខ​ពួក​និយម​ចា​ក់ស្រេះ, អំពើ​ពុក​រលួយ​រីក​សុះសា​យ ប៉ុន្តែ​អំណាច​គ្រួសារ ត្រូវ​បាន​លើក​តម្កើង។

របៀបគ្រប់គ្រងបែបនេះ កាន់តែលេចធ្លោ​នៅពេលប្រទេសជាតិជួប​វិបត្តិ ខ្សែស​ង្វាក់​នៃ​ការ​បញ្ជា​បាន​លេច​រូប​រាង​កាន់​តែ​ច្បាស់ ជាពិសេស ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​គ្នា តាម​បន្ទាត់​ព្រំដែន​ជាមួយ​ថៃ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៥។

សារ​ព័ត៌មាន Reuters បានរាយការណ៍ថា លោក ហ៊ុន សែន «កំពុងដឹក​នាំ» លើ​ការ​ឆ្លើយ​តប​ផ្នែក​យោធា​ ពិនិត្យ​ផែន​ទី​សមរភូមិ និង​បញ្ជា​មេបញ្ជាការ​ទ័ព​តាម​ទូរស័ព្ទ ទោះ​បី​លោក​មិន​មែន​ជា​នាយករដ្ឋ​មន្ត្រី​ក៏​ដោយ​។ នៅ​សប្តាហ៍​ដដែល​នោះ Reuters បាន​ផ្សាយ​បន្ត​ផ្ទាល់ អំពី​អាំង​តង់​ស៊ីតេ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា និង​ការ​ដាក់​ចេញ​នូវ​ជម្រើស​ការ​ទូត​ដ៏​ប្រញាប់​ប្រញាល​ជុំវិញ​បទ​ឈប់​បាញ់ ទាំង​នេះ​ឆ្លុះប​ញ្ចាំងឱ្យ​ឃើញ​ថា បញ្ហា​សន្តិ​សុខ និង​គោល​នយោបាយ​ការ​បរទេស នៅ​តែ​ស្ថិត​នៅ​លើប​បូរ​មាត់​របស់​ លោក ហ៊ុន សែន ដដែល និង​អសមត្ថភាព​ក្នុង​ភាព​ជា​មេដឹក​នាំ​របស់​ លោក ហ៊ុន ម៉ាណែត។ សភាដែល​ជា​ស្ថាប័ន​នីតិ​ប្ប​ញ្ញត្តិដ៏​សំខាន់​បំផុត​មួយ​របស់​រដ្ឋ ក៏​មិន​ខុស​គ្នា​ជាមួយ​ស្ថាប័ន​នីតិ​ប្រតិ​បត្តិ​ដែរ។

បន្ទាប់ពីគណបក្សប្រឆាំងត្រូវហាមមិន​ឱ្យចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ រដ្ឋ​សភាស្ទើ​រ​តែ​ទាំង​ស្រុងត្រូវ​បាន​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន សិទ្ធិ​ក្នុង​ការ​ស្នើ ព្រាង និង​អនុម័ត​ច្បាប់ ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​ទាំង​ស្រុង​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន។

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ សភាបានអនុម័តច្បាប់មួយ​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិ​បាល​អាច​ដក​ហូត​សញ្ជាតិ​ពី​ពលរដ្ឋ​ដែលត្រូ​វ​បាន​កាត់​ទោស​ពី​បទ​ក្បត់​ជាតិ ឬ «ឃុប​ឃិត» ជាមួយ​មហា​អំណាច​បរទេស។

សារព័ត៌មាន Reuters បានពិពណ៌នាអំពីការអនុម័តប្រើប្រាស់ច្បាប់នេះ​ដោយ​ត្រង់ៗ​ថា មាន​ចេតនា​ប្រើ​ប្រាស់​សំដៅ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិ​បាល ជាជាង​ចាត់​វិធាន​ការ​លើ​ឧក្រិដ្ឋ​ជន។

ការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃដដែលនោះ ក៏បានសង្កត់​ធ្ងន់​លើសំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ​ក្នុងចំណោម​សមាជិក​សភា​គណប​ក្សប្រ​ជាជន​កម្ពុជា និង​បាន​រាយ​ការណ៍​ពី​ការ​ព្រួយ​បារម្ភ​របស់​អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ អំពី​និយម​ន័យ​មិន​ច្បាស់​លាស់ និង​ការរំ​លោភ​បំពាន​លើ​ច្បាប់​ស្តី​ពី «សញ្ជាតិ​ពី​កំណើត» ដែល​មាន​ចែង​នៅក្នុ​ង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣ ដោយ​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​ច្បាប់​ត្រូវ​បាន​ពង្រាង និង​បោះឆ្នោត​អនុម័ត​ដោយ​គណបក្ស​តែ​មួយ ជម្រើស​ក្នុង​ការ​អនុវត្ត​ច្បាប់ ក៏​នឹង​អាស្រ័យ​លើ​ការ​ពិចារណា​ផ្នែក​នយោបាយ​ដែរ។

ដោយឡែក ស្ថាប័នយុត្តិធម៌ ដែលជាស្ថាប័ន​ធ្វើ​តុល្យការ​អំណាច ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ឧបករ​ណ៍​របស់​គណបក្ស​ប្រជាជន។ ស្ថាប័ន​ជំនាញអ​ន្តរ​ជាតិ បង្ហាញ​ថា តុលាការ​កម្ពុជា​មិន​អាច​រារាំង ឫ​ទប់​ស្កាត់​ការ​រំលោភ​អំណាច​របស់​គណបក្ស​កាន់​អំណាច​បាន​ឡើយ។

ឧទាហរណ៍ សន្ទស្សន៍​នីតិរដ្ឋ​របស់​គម្រោង​យុត្តិ​ធម៌​ពិភព​លោក បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៤២ ក្នុង​ឆ្នាំ​២០២៤ និង​ស្ថិត​នៅ​លំដាប់​ចុង​ក្រោយ​គេ​បង្អស់​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ី​ហ្វិក។

សន្ទស្សន៍​នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីកម្សោយនៃប្រព័ន្ធយុត្តិធម៌  ដោយ​ការ​អនុវត្ត​ច្បាប់ពឹ​ង​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​ផ្នែ​ក​នយោ​បាយ ជាជាង​ផ្អែក​លើ​គោល​ការណ៍ និង​បទ​ដ្ឋានដែ​ល​មាន​ចែង​ក្នុង​ច្បាប់។

សំណុំរឿងពាក់ព័ន្ធនឹងគូប្រជែងផ្នែកនយោបាយ និងអ្នករិះគន់របប​គ្រប់​គ្រង​អំណាច ជានិច្ច​ជា​កាល​ តុលាការ​ដំណើរ​ការ​នីតិវិធី​យ៉ាង​លឿន ខណៈ​ពេល​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ និង​ករណី​ឆបោក បញ្ហា​ដីធ្លី និង​ការ​បង្ក​ហិង្សា​នានា ដែល​ពាក់​ព័ន្ធ​នឹង​អ្នក​មាន​ឥទ្ធិ​ពល មាន​ភាព​យឺត​យ៉ាវ និ​ងជាញឹក​ញាប់​គេច​ផុត​ពី​សំណាញ់​ច្បាប់​ទៀត​ផង។

លំហស៊ីវិល និងសេរីភាពសារព័ត៌មាន ក៏កាន់តែរួមតូច។ អង្គការ​ស៊ីវិល​ឃីស ម៉ូនេ​ទ័រ (CIVICUS Monitor ) បាន​វាយ​តម្លៃលំ​ហព​លរដ្ឋ​កម្ពុជា​ថា “រង​ការ​គាប​សង្កត់” ដោយ​សង្កត់​ធ្ងន់​អំ​ពីក​រ​ណីប្រ​ឆាំង​នឹង​សកម្ម​ជន​ អ្នក​សារ​ព័ត៌​មាន និង​សំឡេង​ប្រឆាំង ក្នុ​ងឆ្នាំ​​២០២៥​នេះ។

អង្គការអ្នកកាសែតគ្មានព្រំដែន ក៏បានដាក់ចំណាត់ថ្នាក់កម្ពុជា​លេខ​១៦១ ក្នុង​ចំណោម​១៨០ នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌​មាន​ពិភព​លោក​ឆ្នាំ​២០២៥ របស់​ខ្លួន ដោយ​បាន​បង្ហាញ​ពី​កំណ​ត់​ត្រា​ឧប្បត្តិ​ហេតុ​ថ្មីនៃ​ការ​ចាប់​ខ្លួន និង​ការ​ដាក់​សម្ពាធ​របស់​តុលាការ​លើ​អ្នក​សារ​ព័ត៌​មាន។

ជារួម សារព័ត៌មានដែលធ្វើការក្រោមការគំរាមកំហែង មិន​អាច​ធ្វើការ​ងារ​ជាមូលដ្ឋា​ន​ក្នុង​ការ​ជូន​ដំណឹង​ដល់​អ្នក​បោះ​ឆ្នោត និង​ត្រួត​ពិនិត្យ​អំណាច​បាន​ទេ ហើយ​អង្គ​ការ​សង្គម​ស៊ីវិល​ដែល​ភ័យ​ខ្លាច ​ក៏មិ​ន​អាច​ផ្តល់​អ្នក​ជំនាញ​ឯករាជ្យ​ដែល​គោល​នយោបាយ​ល្អ​ត្រូវ​ការ​នោះ​ដែរ។ 

អំណាចគ្រួសារវិញលែងជារឿងខ្សឹបខ្សៀវទៀត​ដែរ វាបានក្លាយ​ជា​គោល​នយោបាយ​តែ​ម្តង។ របាយការណ៍​ឆ្នាំ​២០២៥ របស់​អង្គ​ការ Freedom House បាន​ហៅ​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​ថា​ជា “ការ​ផ្ទេរ​អំណាច​ដោយ​គ្មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ” ដោយ​បន្ថែម​ថា លោក ហ៊ុន សែន “រក្សា​បាន​នូវ​អំណាច​នយោបា​យ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​យ៉ាង​មាន​ប្រសិទ្ធ​ភាព”។ សារ​ព័ត៌​មាន AP របស់​អាមេរិក ក៏​បាន​កត់​សម្គាល់​ពី​ការ​ឯកភាព​រប​ស់​រដ្ឋ​សភា លើ​ការ​យល់​ព្រម​ឱ្យប្អូ​ន​ប្រុស​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន ម៉ានី ជាឧបនា​យក​រដ្ឋ​មន្ត្រី ដែល​ជា​សញ្ញា​បង្ហាញ​ថា កូនៗ និង​សាច់​ញាតិ​រប​ស់ឥ​ស្សរជ​នជា​ន់​ខ្ពស់​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ចូល​ទៅ​កាន់​កាប់​តួនាទី​កំពូលៗ។

ការក្តោបក្តាប់បែបនេះ មិនគ្រាន់តែជាការលើកមុខមាត់ដល់គ្រួសារ​ប៉ុណ្ណោះទេ​ វា​ក៏​ជា​ការ​ចង​​ភ្ជាប់​ខ្សែ​សង្វាក់​នៃ​អំណាច​នីតិប្រតិ​បត្តិ នីតិ​ប្បញ្ញត្តិ និង​ប្រព័ន្ធ​រដ្ឋបាល​ទៅ​នឹង​គ្រួសារ​តែមួយ ធ្វើ​ឱ្យ​ការ​ត្រួត​ពិនិត្យ​ជាឯករាជ្យ​កាន់​តែ​ពិបាក។

ទម្រង់នៃការគ្រប់គ្រងបែបគ្រួសារនេះ អាចមើលឃើញជា​សាធារណៈ។ នៅពេលដែ​ល​ក្រុម​គ្រួសារ គឺ​ជា​អ្នក​សរ​សេរ​ច្បាប់ ដំណើរ​ការ​ប្រព័ន្ធ​សន្តិ​សុខ និង​គេច​ផុត​ពី​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ សិទ្ធិ និង​សេរី​ភាពក្លាយ​ជា​រឿង​ឯក​សិទ្ធិ​របស់​ពួក​គេ។

ចំណាត់ថ្នាក់សារព័ត៌មានធ្លាក់ចុះ ពីព្រោះអ្នកសារព័ត៌មានថ្លឹងថ្លែង​ពីហានិភ័យ​ផ្លូវ​ច្បាប់ មុន​ពេល​បោះពុ​ម្ពផ្សាយ។ លំហ​ពលរដ្ឋ​​រួម​​តូច ​​ព្រោះ​​សកម្មជន​​រំពឹង​​ថា​​នឹង​​មាន​​ការ​​ឃ្លាំ​​មើល​​ឬ​​​កោះ​ហៅ។

ការបោះឆ្នោតបាត់បង់ភាពជឿជាក់ ដោយសារការប្រកួត​ប្រជែងត្រូវបាន​កំណត់ មុន​ពេល​សន្លឹក​​ឆ្នោត​ត្រូវ​បាន​បោះ​ពុម្ព។ នៅ​ពេល​ជាតិ​ជួប​វិបត្តិ​ពី​ការ​ប៉ះទ​ង្គិច​នៅ​តាម​ព្រំដែន​រហូត​ដល់​បញ្ហា​សេដ្ឋ​កិច្ច វិធាន​ការ​ឆ្លើយ​តប​ចេញ​ពី​មេដឹក​នាំ​កំពូល មិន​មែន​ជា​ការ​ជជែក​ដេញ​ដោល​ក្នុង​ស្ថាប័ន​ជំនាញ​នោះ​ទេ។

អ្នក​ការពារ​ប្រព័ន្ធ​គ្រួសារនិយម អះអា​ង​​ថា កម្ពុជា​ត្រូវ​ការ​សណ្តាប់​ធ្នាប់ មិន​​មែន​​ការ​ប្រកួត​ប្រជែង ហើយ​​ការ​​ផ្ទេរ​អំណាច​តត្រកូល​បែប​នេះ ទើប​រក្សា​បាន​​នូវ​សន្តិភាព។

ប៉ុន្តែស្ថេរភាពដែលបង្កើតឡើងនៅលើភាពស្ងៀមស្ងាត់ គឺផុយ​ស្រួយ។ ការ​ប្រយុទ្ធ​គ្នាខែ​កក្កដា​នៅ​តាម​ព្រំដែន​ថៃ ច្បាប់​ដក​ហូត​សញ្ជាតិ និង​ការ​បន្ត​ការ​កាត់​ទោស​លើ​អ្នក​​រិះ​គន់ បង្ហាញ​ពី​របៀប​ដែល​ការ​ប្រមូល​ផ្តុំ​អំណាច​ងាយ​នឹង​ប្រើ​ប្រាស់​វិធី​សាស្ត្រ​បង្ខិត​បង្ខំ។

រដ្ឋាភិបាលឯកបក្សអាចបង្ខិតបង្ខំពលរដ្ឋឱ្យអនុវត្ត​តាម​ខ្លួន​បាន​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​វា​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​រយៈ​ពេល​វែង ជាពិសេស នៅ​ពេល​ច្បាប់​ត្រូវ​បាន​អនុវត្ត​មិន​ស្មើ​​គ្នា និង​ស្ថាប័ន​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជាឧបករណ៍​នយោ​បាយ​របស់​អ្នក​កាន់​អំណាច។

ប្រសិន​បើ​សិទ្ធិត្រូវបានពង្រឹង និង​​ទំនុក​​ចិត្តជា​​សាធារណៈ ត្រូវ​បាន​ពង្រីក​នោះ ច្បាស់​ណាស់​ថា សន្តិ​ភាព ស្ថេរ​ភាព និង​វិបុល​ភាព នឹង​​រក្សា​បាន​យូរ​អង្វែង។ ប៉ុន្តែ​ដំបូង​បង្អស់ វា​ត្រូវ​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​អនុញ្ញាតឱ្យ​មាន​ការ​ប្រកួត​​ប្រជែង​ពិត​ប្រាកដ ពោល​គឺ​ការ​ស្តារ​គណបក្ស​ប្រឆាំង​ឡើង​វិញ និង​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​ឱ្យ​មាន​ទាំង​ភាព​យុត្តិ​ធម៌ និង​អាច​អនុវត្ត​បាន។

ទីពីរ ស្ថាប័ន​សភា​មាន​តួនាទី​ត្រួត​ពិនិត្យ​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ប្រកប​ដោយ​ឯករាជ្យ​ភាព និង​អាច​បដិសេធ​​សេចក្តី​ព្រា​ង​ច្បាប់​ដែល​មាន​ផល​វិបាក​ជា​អវិជ្ជមាន​ដល់​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ ដូច​ជា បទប្បញ្ញត្តិ​សញ្ជាតិ​ថ្មី ជា​ដើម។

ទីបី ប្រព័ន្ធ​តុលាការ​មិនត្រូវស្ថិតក្រោមការ​គ្រប់​គ្រង​របស់​គណបក្ស និង​អាច​​វិនិច្ឆ័យ​​រឿ​ង​​ក្តី​​ដែល​​មាន​​លក្ខណៈ​​រសើប​​ខាង​​នយោបាយ​​ដោយ​​គ្មាន​​ការ​ភ័យ​​ខ្លាច។ ទីបួន ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​បណ្តាញ​សារ​ព័ត៌​មានឯករាជ្យ មិន​ប្រឈម​មុខ​នឹង​ការ​បិទ​ប្រតិ​បត្តិ​ការ ឬ​អ្នក​សារ​ព័ត៌មាន​រង​ការ​ចាប់​ខ្លួន ដោយ​សារ​តែ​ការ​រាយ​ការណ៍​ព័ត៌​មាន​ពិត និង​ត្រឹម​ត្រូវ។

ការវាយតម្លៃរបស់ស្ថាប័នសង្កេតការណ៍​ក្រៅ​ប្រទេស មាន​ជា​អាទិ៍ គម្រោង​យុត្តិធម៌​ពិភ​ព​លោក អ្នក​រាយការណ៍​ព័ត៌​មាន​គ្មាន​ព្រំដែន CIVICUS អង្គ​ការ Freedom House  នៅមិនទាន់បញ្ចប់នៅឡើយទេ។

ស្ថាប័នទាំងអស់នេះ គ្រាន់តែវាយ​តម្លៃជាសាមញ្ញថាតើស្ថាប័នរដ្ឋអាចរារាំង​ពីកា​រ​រំលោភ​អំណាច និង​ការ​ពារ​ប្រជាជ​ន​បាន​ឬ​យ៉ាង​ណា ឬ​ថា​តើ​អំណាច​ប្រមូល​ផ្តុំ​នៅ​តែ​អាច​ពត់​ស្ថាប័ន​រដ្ឋ​ទៅ​តាម​ឆន្ទៈ​របស់​ពួក​គេ។

កំណត់ត្រាឆ្នាំ២០២៥ នៃរបបគ្រប់គ្រងរបស់កម្ពុជានៅតែស្ថិតក្នុ​ង​ទិស​ដៅ​តែមួ​យ ពោល​គឺ​អំណាច​នៅ​តែក្តោប​ក្តាប់​បាន​យ៉ាង​តឹង​រ៉ឹង សិទ្ធិ និង​សេរី​ភាព​នៅ​មាន​កម្រិត ហើយ​បណ្តាញ​គ្រួសារ​ស្ថិត​នៅ​គ្រប់​ស្ថាប័ន​កំពូលៗ​ទាំង​អស់។ “រដ្ឋ​ឯក​បក្ស” និង “ការ​ក្តោប​ក្តាប់​ស្ថាប័ន​រដ្ឋ​ទាំង​អស់” ពី​អង្គ​ការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស, “ប្រធាន​ព្រឹទ្ធ​សភា​មាន​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​នៅ​ពេល​ដែល​ព្រះ​មហា​ក្សត្រ​អវត្ត​មាន” ពី​សារ​ព័ត៌​មាន​ Associated Press, “ចំណាត់​ថ្នាក់​ទី​១៤១ ក្នុង​ចំណោម​១៤២​ប្រទេស” ពី​គម្រោង​យុត្តិ​ធម៌​ពិភព​លោក, “ទី​១៦១ ក្នុង​ចំណោម ១៨០​ប្រទេស” ពី​អ្នក​រាយ​ការណ៍​ព័ត៌​មាន​គ្មាន​ព្រំដែន និង “ការ​ផ្ទេរ​អំណាច​ដោយ​គ្មាន​ប្រជា​ធិប​តេយ្យ” ពី Freedom House សុទ្ធ​តែ​បង្ហាញ​ពី​កង្វះ​នីតិ​រដ្ឋ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ។ គ្មាន​ស្ថាប័ន​ជំនាញ​ណាមួ​យ ពិពណ៌នា​អំពី​ចំណុច​​ល្អ​នៃ​ការ​គ្រប់​​គ្រង​របស់​រដ្ឋាភិ​បាលបច្ចុប្បន្ន​ឡើយ។ ដរាប​ណាគ្មា​ន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​សន្ទស្សន៍​វាយ​តម្លៃ​ចេញ​ពី​ស្ថាប័ន​ជំនាញ​​ទាំង​នេះ​នោះ​ទេ ចំណង​ជើង​នៃ​អត្ថ​បទ​នេះ នឹង​បន្ត​រៀប​រាប់​អំពី​រប​បគ្រប់​គ្រង​បច្ចុប្បន្ន​ថា​ជា «រដ្ឋាភិបាល​ឯកបក្ស៖ អំណាច​ត្រូវ​បាន​ប្រមូល​ផ្តុំ សិទ្ធិ និង​សេរីភា​ពត្រូ​វ​បាន​រឹត​ត្បិត និ​ងអំ​ណាច​គ្រួសារ​ត្រូវ​បាន​លើក​តម្កើងជាង​​ច្បាប់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ