លោក ហ៊ុន សែន រង​ការ​រិះ​គន់​ថា​ចង់​បិទ​បាំង​ទង្វើ​កាត់​ដី​ឱ្យ​បរទេស​គំរាម​ដក​សញ្ជាតិ

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន រង​ការ​រិះ​គន់​ថា ការ​គំរាម​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត ឆ្លុះ​បញ្ចាំង​ថា មេដឹក​នាំ​រូប​នេះ កំពុង​ព្យាយាម​លាក់​បាំង​កំហុស​កាត់​ដី​ឱ្យ​បរទេស ដើម្បី​តែ​ចង់ផ្ទេ​រ​អំណាច​តពូជ ក្រោម​ចំណង​វៀត​ណាម។

អ្នកឃ្លាំមើល​ថា ការចង់បិទបាំងទង្វើកាត់ទឹកដីឱ្យបរទេសនេះ ផ្ទុយ​ពី​រដ្ឋ​ធម្ម​នុញ្ញ និង​ប្រឈម​នឹង​ទោស​ក្បត់​ជាតិ​តាម​មាត្រា​៤៤០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។

ការរិះគន់របស់អ្នកតាមដាន ចំពេល​យោធា​ថៃ ពង្រីក​ការ​ឈ្លាន​ពាន​ច្រើន​ខែ​ទៅ​នេះ រហូត​ទាហាន​ថៃ បើក​ការ​បាញ់​​ប្រហារ​មក​លើព​លរដ្ឋ​ខ្មែរ នៅ​ភូមិ​ព្រៃ​ចាន់ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ​បណ្តាល​ឱ្យ​ម្នាក់​ស្លាប់ និង​៣នាក់​ទៀត​រង​របួស តែ​មេដឹក​នាំ​រូប​នេះ នៅ​តែ​អះ​អាង​ពី​ភាព​ចាំបាច់​មិន​ត្រូវ​តបត ក្រោមហេ​តុផ​លថា​ ចង់​នាំ​ត្រឡប់​មក​វិញ​នូវ​សន្តិភា​ព សម្រាប់​ប្រជា​ជន​ នៃ​ប្រទេស​ទាំង​ពីរ។

លើសពីនេះ មេដឹកនាំ​រូប​នោះ ក៏​បាន​ព្រមាន​ដក​សញ្ជាតិ​ផង​ដែរ ទៅ​លើព​លរដ្ឋ​ទាំង​ឡាយ​ណា ​សូម្បី​តែ​ព្រះស​ង្ឃ បើ​ហ៊ាន​បញ្ចេញ​មតិ បន្ទរ​តាម​អ្នក​ឃ្លាំមើ​ល​ថា រដ្ឋាភិបាល​កាត់​ដី​ឱ្យ​សត្រូវ​ឈ្លាន​ពាន ដើម្បី​រក្សា​អំណាច ជ្រក​ក្រោម​ពាក្យ​សន្តិ​ភាព។

លោក ហ៊ុន សែន នៅថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងពីធីមួយនៅរាជធានី​ភ្នំពេញ បាន​គំរាម​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​រួម​ទាំង​ព្រះស​ង្ឃ​ផង បើ​ហ៊ាន​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​ចោទរដ្ឋាភិបាល​ថា​បាន​កាត់​ដី​ឱ្យ​បរទេស​ដើម្បីដោះ​ដូ​រ​យក​សន្តិ​ភាព។

លោកថា៖ «ផ្ដាំផ្ញើទៅម៉ងមិនថាព្រះសង្ឃ ឬ​ក្រហស្ត​ទេ សុំ​កុំ​រពិស​ដៃ​ចូល​ទៅ​Comment ហើយ​តិច​ថា​ទាល់​Page របស់ ហ៊ុន សែន បាន​ស្រាវ​ជ្រាវ​អត់​ទេ! Page ណាក៏ដោ​យ​ដែល​បង្ហោះ​ហើយ​ឯង​ចូល​ទៅ​comment នៅ​ក្រៅ​ស្រុក រួច​ខ្លួន! នៅ​ក្នុង​ស្រុក​អត់​រួច​ខ្លួន​ទេ ប្រាប់​ឱ្យ​ហើយ​ទៅ។ នេះ​មិន​មែន​ជា​អំពើ​ផ្ដាច់​ការ​ទេ ព្រោះ​អ្នក​ឯង​ចូល​មក​ជេរ អ្នក​ឯង​ចូល​មក​បំបាក់​ទឹក​ចិត្ត​កង​ទ័ព អ៊ីចឹង​អំពើ​ញុះ​ញង់​អំពើ​ខ្លះ​ជា​អំពើ​ក្បត់​ជាតិ​តែ​ម្តង​[…] នៅ​លើពិ​ភព​លោក​មាន​ប្រទេស​ច្រើន​ណាស់ ស្ទើរ​តែ​៨០%​នៃ​ប្រទេស​ដែល​មាន​ច្បាប់​ដក​សញ្ជាតិ​ដល់​ម៉ោង​នេះ យើង​​អត់​ទាន់​មាន​ដក​សញ្ជាតិ​អ្នក​ណាមួ​យ​ទេ តែ​វា​​នឹង​ឈាន​ដល់​ប្រសិន​បើគេ​ប្រ​ព្រឹត្ត​ដល់​កម្រិត​នោះ»។

ជុំវិញសាររបស់​លោក ហ៊ុន សែន នេះ តំណាង​រាស្រ្ត​គណប​ក្ស​សង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ស្តី​បន្ទោស​ថា លោក ហ៊ុន សែន ជា​មេដឹក​នាំអ​សមត្ថ​ភាព គិត​តែ​ពីរ​ក្សា​អំណាច មិន​ខ្វល់​ខ្វាយ​ពី​ការ​ការពារទឹក​ដី និង​អាយុ​ជីវិត​ខ្មែរ​ស្លូត​ត្រង់​នោះ​ទេ។

លោក​យល់​ថា លោក ហ៊ុន សែន កំពុង​យក​យុទ្ធ​សាស្រ្តចា​ស់​ដូច​ដែល​ធ្លាប់​ធ្វើ​ជាមួយ​វៀត​ណាម ដើម្បី​រក្សា​អំណាច និង​ដោះ​ដូរ​សន្តិ​ភាព តាម​រយៈ​ការ​តាម​កំទេច​ខ្មែរ​គ្នា​ឯង​ដោយ​មិន​ដក​ដៃ​ធ្វើ​ឱ្យ​ជាតិ​ខ្មែរ​បែក​បាក់​កាន់​តែធ្ង​ន់​ធ្ងរ។

លោក​ថា៖ «គួរតែខ្លាំងជាមួយថៃ កុំខ្លាំង​បានតែជាមួយខ្មែរនោះ! ជាមួយ​ខ្មែរ​គឺ​ងើប​មួយ​វ៉ៃ​មួយ​ជាមួយ​ថៃ​អត់​ធ្មត់​និង​ចាស់​ទុំ។ ឲ្យ​ថៃ​រាយ​បន្លា​លួស​យក​ដី​ខ្មែរ​យើង​ស្រេច​ចិ​ត្ត នៅ​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ ប្រាសាទ​តាមាន់​ធំ​អី​ជាដើម ច្រក​អាន​សេះអី​​ជា​ដើម។ ពេល​ដែល​ថៃ​បាន​បាញ់​សម្លាប់​ប្រជា​ពលរ​ដ្ឋ​ខ្មែរ​បាញ់​ឲ្យ​ពលរដ្ឋ​ខ្មែរ​របួស​ហ្នឹង គឺអ​ត់​មាន​ចំណាត់​ការ​អី ដើម្បី​ការ​ពារ​ប្រជា​ពលរដ្ឋ អត់​មាន​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ប្រជា​ពលរដ្ឋ​ ផ្ទុយ​ទៅ​វិញ​ បែរ​ជា​ម​ក​ធ្វើ​ទុក្ខ​បុក​ម្នេញ​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅ​វិញ​ អាហ្នឹង​វា​ជា​រឿង​មួយ​មិន​ត្រឹម​ត្រូវ​ទេ គួរ​តែ​ខ្លាំង​ជាមួយ​ថៃ​កុំខ្លាំង​បាន​តែ​ជាមួ​យខ្មែ​រ​គ្នា​ឯង​នោះ»។

សម្រាប់ លោក សំអាន ពលរដ្ឋរិះគន់រឿង​ទឹកដី​គឺ​ជាអ្ន​កស្នេ​ហាជា​តិ ហើយ​អ្នក​ដែល​កាត់​ទឹក​ដី​ឱ្យ​បរទេស ដូច​ដែល​លោក ហ៊ុន សែន ស្ងៀម​ស្ងាត់​ឱ្យ​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​ទំនើង​ចិត្ត និង​រាយ​​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ​នៅ​តាម​ព្រំដែន ទើប​ជា​ជន​ក្បត់​ជាតិ។

បន្ថែមលើនេះ លោក​ថា ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ថៃទេ​ ថែម​ទាំង​ធ្វើ​ឱ្យដី​ខ្មែ​រ​ត្រូវ​បាន​វៀតណាម​ច្បាម​យក​ជា​ច្រើន​ទីតាំង​ថែម​ទៀត។

លោកថា«លោក សែន ដែល​បាន​កាត់​កោះ​ត្រល់ កាត់​កោះក្រ​ចក​សេះ​ទៅ​ឲ្យវៀ​ត​ណាម​ដែន​សមុទ្រ​ខ្មែរ​យើង​ហ្នឹង កាត់​ទៅ​ឲ្យ​វៀត​ណាម​៣០​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​ ដាក់​តំបន់​ទឹក​ប្រវត្តិ​សាស្ត្រ​ដែល​ជា​ដែន​សមុទ្រ​ខ្មែរ​ រួម​ជាមួយ​វៀត​ណាម​ចំនួន​១០​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ កាល​ពី​ឆ្នាំ​១៩៨២​ គឺ​សន្ធិ​សញ្ញា​ស្ដីពី​តំ​បន់​ទឹក​ប្រវត្តិ​សាស្ត្រ! អាហ្នឹង​បាន​ជា​ទង្វើក្ប​ត់​ជាតិ! បាន​ឲ្យ​លោក​ សុខ អាន កាត់​កោះគុ​ត​ឱ្យ​ថៃ​តាម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ២​០០១! អាហ្នឹង​បាន​ជា​ទង្វើ​ក្បត់​ជាតិ។ អ្នក​ដែល​ជា​ជន​ក្បត់​ជាតិ គឺ​លោក ហ៊ុន សែន ទៅ​វិ​ញ​ទេ​មិន​មែន​ប្រជា​ពលរដ្ឋ​គ្រាន់​តែ​សម្ដែង​មតិ​ហ្នឹង! ចោទ​ប្រជាពលរដ្ឋ​ថា​ជាជ​ន​ក្បត់​ជាតិ​ ដែល​ត្រូវ​ដក​សញ្ជាតិ​នោះ​ទេ​ដូច្នេះ​ចង់​ដក​សញ្ជាតិ​ត្រូវ​ដក​សញ្ជាតិ លោក ហ៊ុន សែន មុន​គេ​ ព្រោះ លោក ហ៊ុន សែន គាត់​គប់គិត​កាត់ទឹ​ក​ដីទៅ​ឱ្យ​​វៀត​ណាម តាម​រយៈ​សន្ធិ​សញ្ញា​បំពេញ​បន្ថែ​ម​ឆ្នាំ​២០០៥ និង​សន្ធិ​សញ្ញា​នាទ​សវត្សរ៍​ទី​៨០ សម័យ​វៀត​ណាម​ត្រួត​ត្រាក​ម្ពុជា ដូច​ជា សន្ធិ​សញ្ញា​ឆ្នាំ​៨២ ៨៣ និង៨៥»

សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ទោស​ក្បត់​ជាតិ មិន​មែន​ពលរដ្ឋ​ខ្មែរ ឬ​មន្រ្តី​បក្ស​ប្រឆាំង​ដែល​រិះ​គន់​រឿង​ព្រំដែន​ជាអ្ន​ក​ទទួល​នោះ​ទេ​ ​តែ​ជន​ដែល​ប្រឈម​ទោស​ក្បត់​ជាតិ គឺ​លោក ហ៊ុន សែន ដែលធ្វើ​ឱ្យ​ទឹ​ក​ដី​ខ្មែរ​បាត់​បង់​ច្រើន​កន្លែង​ទៅ​ប្រទេសថៃ​ និង​វៀត​ណាម។

លោកថា៖ «អ្នកដឹកនាំដែលចុះហត្ថលេខា ចុះកិច្ចសន្យាជាមួយ​បរទេស​ប្រគល់​ដី​មួយ​ផ្នែក​ ឬទាំង​ស្រុង​ឲ្យប​រទេស​ណា អា​ហ្នឹង​នៅក្នុ​ង​ក្រម​ព្រហ្ម​ទណ្ឌ​មាន​សរ​សេរ​ច្បាស់​លាស់​តើ! មាន​ប្រជា​ពលរដ្ឋ​សាមញ្ញ​គណបក្ស​ប្រឆាំង​មាន​ឱកាស​ទៅធ្វើ​ក្បត់​ជាតិ​កើត​ទេ។ អ្នក​ដែល​ក្បត់​ជា​តិគឺអ្ន​កនៅ​ក្នុ​ងអំ​ណាច​ហ្នឹង​ឯង។ យើង​ឆ្លុះ​បញ្ចាំង​មើល​ទៅ​របប លោក ហ៊ុន សែន ដឹក​នាំ​ពី​៧៩​មក​ដល់​បច្ចុប្បន្ន​ហ្នឹង លោក ហ៊ុន សែន បាន​ធ្វើ​ស្អី​ខ្លះ​ចុះហ​ត្ថលេខា​ស្អី​ខ្លះ​ជាមួយ​បរទេស​ជិត​ខាង​ទាំង​ខាង​លិច​ខាង​កើត​ហ្នឹង គឺ​លោក ហ៊ុន សែន ធ្វើ​ជា​ហូរហែ​មិន​ដែល​ខ្វល់​រឿង​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​​គិត​យ៉ាង​ម៉េច! មិន​ដែល​ខ្វល់​រឿង​បាត់​បង់​ទឹក​ដី​ប្រមាណ​ចំណែក។ បើ​តាម​មតិ​ពលរដ្ឋ​គឺ​ថាអ្ន​ក​ដែល​ត្រូវដ​ក​សញ្ជាតិមុ​ន​គេ គឺ​មេដឹក​នាំ​ លោក ហ៊ុន សែន! ដែល​គាត់​ពាក់​ព័ន្ធ​នឹង​សន្ធិ​សញ្ញា​ខុស​ច្បាប់​ច្រើន​ណាស់ ជាមួយ​វៀត​ណាម​ រួម​ទាំង​ជាមួយ​ថៃ​កន្លង​ទៅ​ផង»។

ក្រោយ​ផ្ទុះអាវុធ​ដាក់​គ្នា​រយៈ​ពេល​៥ថ្ងៃ រវាង​យោធា​ថៃ​​និង​​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​​កក្កដា ឆ្នាំ​២០២៥​ រហូត​មាន​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​ទី​២៨ខែក​ក្កដា ថៃ​មិន​​គោរព​បទ​ឈប់​បាញ់​ទេ ហើយ​ថែម​ទាំង​ធ្វើ​ផ្លូវ និង​រាយ​បន្លាលួ​ស​ព័ទ្ធ​យក​ដី​ខ្មែរ​ច្រើន​កន្លែង គ្មាន​​ការ​​រារាំង​​ពី​​រដ្ឋាភិ​បាល​​កម្ពុជា ដោយ​​មេដឹក​​​នាំ​​អះ​អាង​​ថា​ គោរ​​ព​បទ​​ឈប់​​បាញ់។

រហូត​​ថ្ងៃ​​ទី​១​២​​ខែ​​វិច្ឆិកា​​ យោធា​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​នៅភូមិ​​ព្រៃ​ចាន់ បណ្តាល​ឱ្យ​ម្នាក់​ស្លាប់​ និង​៣នាក់​​រងរបួស ក៏កម្ពុ​ជា​មិន​តប​ត​ដែរ ដោយ​គ្រាន់​តែ​ចេញ​លិខិ​ត​ថ្កោល​ទោស ដោយ​ចាត់​ទុក​ថា​ជា​ទង្វើឃោ​រ​ឃៅ ។

ជ្រុងមួយទៀតនៃរឿងព្រំដែននេះដែរ ការបោះប​​ង្គោ​ល​ព្រំដែន​ជាមួយ​វៀត​ណាម នាសម័យ​លោក ហ៊ុន សែន ​គ្រប់​​​គ្រង​​បាន​​​​ធ្វើ​​ឡើង​ចាប់​​​ពី​​ដើម​​ឆ្នាំ​​២០០៦ ពោល​​​គឺ​​​តាម​​សន្ធិ​​​សញ្ញា​​បំពេញ​​បន្ថែម​​​ឆ្នាំ​​២០០៥លេចជារូបរាង។

ចាប់ពីពេលនោះ លោក ហ៊ុន សែន រង​ការ​រិះ​គន់​ថា ធ្វើ​ឱ្យ​របូត​ចង្កោម​កោះ​ក្រចក​សេះ កោះ​ត្រល់ រួម​ទាំង​ដែន​ដី​គោក​​ច្រើន​ទៀត​តាម​ព្រំដែន ធ្លាក់​ក្នុង​ដៃ​វៀតណាម​គ្រប់​គ្រង តាម​រយៈ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​២០០៥​នេះ ។

ការធ្វើបាត់បង់ទឹកដីទៅប្រទេសជិតខាង ហាក់រំលោភរដ្ឋធម្មនុញ្ញ កម្ពុជាដែលជាច្បាប់កំពូលរដ្ឋជាតិ ដែល​​បានចងកាតព្វកិច្ចរបស់អ្នកដឹកនាំ អំពីការប្តេជ្ញាចិត្តការពារបូរណភាពទឹកដី និងបង្រួបបង្រួមជាតិ ដើម្បីការឯកភាព​​ជាតិ។

មាត្រា៥២​នៃរដ្ឋ​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​​ឯករាជ្យ អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី អនុ​​​វ​​​ត្ត​​​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​បរទេស នូវដែនដី​ជាតិ​ទាំង​ស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ