ប្រទេសជប៉ុន បានព្រមានពលរដ្ឋរបស់ខ្លួន នៅប្រទេសចិន ឱ្យបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាព និងចៀសវាងនៅកន្លែងដែលមានមនុស្សច្រើន ចំពេលមានជម្លោះកាន់តែធ្ងន់ធ្ងរ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំទាំងពីរនេះ បានប៉ះទង្គិតគ្នាដោយពាក្យសម្តី ក្រោយនាយករដ្ឋមន្ត្រីជប៉ុន លើកឡើងពីការគាំទ្រកោះតៃវ៉ាន់។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) បានរាយការណ៍ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា សេចក្តីជូនដំណឹងដែលចេញផ្សាយដោយស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិន កើតឡើងនៅពេលដែលមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសជប៉ុន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ជួបពិភាក្សានៅថ្ងៃអង្គារជាមួយសមភាគីចិន ដើម្បីព្យាយាមកាត់បន្ថយភាពតានតឹង។
ប្រទេសចិន បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅប្រទេសជប៉ុន ដែលអាចប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដោយទិន្នន័យផ្លូវការបានឱ្យដឹងថា បច្ចុប្បន្នមានជនជាតិចិនជិត១/៤នៃភ្ញៀវទេសចរទាំងអស់នៅប្រទេសជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈិ(Takaichi) បានបង្កឱ្យមានការប៉ះទង្គិចការទូតយ៉ាងធ្ងន់ធ្ងរបំផុត នៅពេលដែលលោកស្រីបានប្រាប់ទៅកាន់សមាជិកសភាជប៉ុននៅខែនេះថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ដែលគំរាមកំហែងដល់ភាពរស់រានរបស់ប្រទេសជប៉ុន និងអាចបង្កឱ្យមានការឆ្លើយតបយោធា។
ជាការឆ្លើយតប អ្នកការទូតចិនប្រចាំនៅប្រទេសជប៉ុន បានបង្ហោះដោយលើកឡើងអំពីការគម្រាមដែលសំដៅដល់លោកស្រី តាកាអ៊ីឈិ(Takaichi) លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការបង្ហោះនោះទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំងពីទីក្រុងតូក្យូ ប៉ុន្តែបានបរាជ័យក្នុងការទប់ស្កាត់ការបញ្ចេញមតិដ៏ឃោរឃៅ ដែលមានគោលដៅលើលោកស្រី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។
ជាការកត់សម្គាល់ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិន ស្ថានទូតជប៉ុននៅថ្ងៃចន្ទ បានក្រើនរំឭកទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួន ឱ្យគោរពទំនៀមទម្លាប់ក្នុងតំបន់ និងប្រុងប្រយ័ត្នក្នុងទំនាក់ទំនងជាមួយជនជាតិចិន។ ស្ថានទូតសំណូមពរឱ្យប្រជាពលរដ្ឋប្រយ័តុ្នប្រយែងជុំវិញខ្លួនពេលទៅក្រៅ ដោយណែនាំមិនឱ្យធ្វើដំណើរតែឯង និងជំរុញឱ្យមានការប្រុងប្រយ័ត្នបន្ថែមពេលធ្វើដំណើរជាមួយកុមារ៕









