ស្ថាប័នរដ្ឋនិងសង្គមស៊ីវិលជាង២០០​ទាមទា​រឱ្យ​​ថៃទទួល​ខុស​ត្រូវ​ករណី​ទាហាន​ខ្លួន​រំលោភ​ស្ត្រី​ខ្មែរ

អង្គ​ការ សមា​គម សហជីព រួមទាំងក្រសួងស្ថាប័ន​រដ្ឋាភិ​បាល មិន​តិច​ជាង ២០០​ស្ថាប័ន​នោះ​ឡើយ ដែល​ចេញ​លិខិត​ថ្កោល​ទោស​ព្រម​ៗ​គ្នា ទៅ​លើ​ទង្វើ​ឃោរ​ឃៅ និងអ​មនុស្ស​ធម៌​ របស់​ទាហាន​ថៃ​ឈុត​ខ្មៅ ដែល​បាន​រួម​គ្នា​ប្រព្រឹត្ត​អំពើ​អនាចារ្យ​ផ្លូវ​ភេទ​ទៅ​លើ​ពលការិនី​ខ្មែរ​ម្នាក់។

ក្នុងនោះតំណាង​សហភាព អង្គការ សមាគម សហជីព និង​សហគមន៍ ផ្នែក​សេដ្ឋ​កិច្ច​ក្នុង ​និង​ក្រៅ​ប្រព័ន្ធ និង​ផ្នែក​សិទ្ធិ​ស្ត្រី យុវជន ចំនួន ២១៦​ស្ថាប័ន នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា  បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​រួម​គ្នា ចាត់​ទុក​ទង្វើ​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី និងសិ​ទ្ធិ​ជាតិ​នៃ​ពលករ​ចំណាក​ស្រុក ដែល​ច្បាប់​នេះ​ត្រូវ​បាន​ការពា​រដោ​យច្បា​ប់​ជាតិ ធម្ម​នុញ្ញ លិខិតូ​បក​រណ៍​អាស៊ាន ​ច្បាប់​អន្តរ​ជាតិ និង​អនុ​សញ្ញា​ស៊ី-ដ ដែល​ជា​ អនុ​សញ្ញា​ស្តីពី​​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី។

​អង្គការសមាគមទាំងអស់ ទាមទារឱ្យរដ្ឋាភិបាលថៃ និងកង​ទ័ព​ ទទួល​ខុស​ត្រូវ​ឱ្យ​បាន​ពេញ​លេញ ទៅលើ​អំ​ពើឃោ​រ​ឃៅ​​នេះ ដោយ​ត្រូវ​បញ្ចប់​វប្បធ​ម៌​និទណ្ឌ​ភាព​ ឬឱ្យ​ជន​ល្មើស​រួច​ខ្លួន។

ជាងនេះទៅទៀត សេចក្ដីថ្លែងការណ៍ខាងលើ បានអំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​តំបន់​ និង​អន្តរ​ជាតិ រួម​មាន អង្គ​ការ​សហ​ប្រជា​ជាតិ អាស៊ាន គណៈ​កម្ម​ការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ស្ដីពី​​សិទ្ធិ​មនុស្ស អង្គ​ការ​សហ​ប្រជាជា​តិ​ទទួល​បន្ទុក​ស្ត្រី ​និង​គណៈ​កម្ម​ការ​ទទួល​បន្ទុក​អនុ​សញ្ញា ស៊ី-ដ ត្រូវ​បើក​ការ​ស៊ើបអ​ង្កេត​ឯករាជ្យ និង​ជា​អន្តរ​ជាតិ ដើម្បី​ជំរុញ​រដ្ឋាភិ​បាល​ថៃ​ឆ្លើយ​តប​ជា​បន្ទាន់ និ​ង​ទទួល​ខុស​ត្រូវ​លើក​រណី​នេះ។

ជាពិសេស ក្រុមប្រឹក្សាសន្តិសុខ UN និង​ OHCHR ត្រូវ​កំណត់​អំពើ​ឃោរ​ឃៅ​របស់​ទាហាន​ថៃ ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសនេះ គឺបន្ទាប់ពី ក្រុម​ទាហាន​ថៃ​ឈុត​ខ្មៅ​យ៉ាង​ហោច​៧​នាក់ បាន​ព្រួត​គ្នារំ​លោភ​លើ​ស្ត្រីព​លករ​ខ្មែរ​ម្នាក់ នៅ​លើ​​ទឹ​ក​ដី​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ក្នុង​ពេល​នាង​ធ្វើ​ដំណើរ​ឆ្លង​ដែនតា​ម​ច្រក​របៀង សំដៅម​ក​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ​កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។ លើស​ពីនេះ​ ក្រុម​ទាហាន​ទាំង​នោះ បាន​វាយ​តប់​ធ្វើ​ទារុណ​កម្ម និង​លួច​ទ្រព្យ​សម្បត្តិ​របស់​ពលករ ១២​នាក់​ផ្សេង​ទៀ​ត ដែល​រួម​ដំណើរ​ជាមួយ​ស្ត្រីរ​ង​គ្រោះ​ខាង​លើ។ ក្នុង​ក្រុម​ពលករ​ឆ្លង​ដែន​ទាំង​១៣​នាក់ មាន​កុមារ​ម្នាក់​នៅក្នុ​ង​នោះផ​ងដែ​រ។

បើតាមការផ្ដល់ឱ្យរបស់ជនរងគ្រោះម្នាក់ ក្នុងករណីនេះ មក​កាន់​វីអូឌី ក្នុង​លក្ខ​ខណ្ឌ​លាក់​អត្ត​សញ្ញាណ បាន​ឱ្យដឹ​ង​ថា ក្រុម​ទាហាន​ថៃ បាន​បំបែ​ក​ពលករ​ជាក្រុម​ ក្នុង​មួយ​ក្រុម​មាន​បី​នាក់ ចំណែក​នារី​រង​គ្រោះ ត្រូវ​បាន​ក្រុម​ទាហាន​អូស​ទៅ​ដាច់​ដោយ​ឡែក​ម្នាក់​ឯង។ ក្រោយ​មក​ពួក​ទាហាន​បាន​វាយ​ទាត់​ធាក់​ពលករ ​ជា​បុរសចំ​នួន​៤នា​ក់។ ក្រោយ​បញ្ចប់​ហិង្សា ​ទាហាន​ថៃ​បាន​ធាក់​បុរស​ទាំង​នោះ​ទម្លាក់​ចូល​ទឹក​អូរ និង​សម្លុត​ឱ្យ​ក្មេងៗ​ ព្រម​ទាំង​ស្ត្រីចំ​ណាស់ៗ ចុះ​ទឹ​ក​អូរ​នោះ ឆ្លង​មក​ដី​ខ្មែរ។

ជាប្រតិកម្មពីសំណាក់ភាគីថៃ កងទ័ពជើងទឹកថៃ នៅថ្ងៃទី​១៧ ខែវិ​ច្ឆិកា បាន​ចេញ​សេចក្តី​បំភ្លឺ និង​បដិសេដ​ថា​មិន​មាន​ករណី​រំលោភ​បំពាន ឬ​ហិង្សា​លើ​ពលករ​ខ្មែរ​ ដែល​កង​ទ័ព​ថៃ​ចាប់​បាន អំឡុង​ពេល​ឆ្លង​ដែន​តាម​ច្រក​របៀង ក្នុង​ស្រុក​ពុង​ណាំរ៉ុ​ន ខេត្ត​ចាន់​បុរី នោះ​ឡើយ​។

កង​ទ័ព​ជើង​ទឹក​ថៃ​បាន​បញ្ជាក់​ថា ខ្លួនបានស៊ើបអង្កេតករណីនេះ ដោយ​គោរព​​តា​ម​​ច្បាប់​​ថៃ និង​​ស្តង់​ដារ​​សិទ្ធិ​​មនុស្ស​​​អន្តរ​ជាតិ។ ជាង​នេះ​ទៅ​ទៀត កង​ទ័ព​ថៃ បាន​អះអា​ង​ថា បុគ្គ​លិក​ទាំង​អស់​​បា​ន​​បំពេញ​​តួនាទី​​របស់​​ខ្លួ​ន​​ដោយ​​សុជីវ​ធម៌ តម្លា​ភាព និង​​គោរព​​សេច​ក្តី​ថ្លៃថ្នូ​រ​​ជា​មនុស្ស ​របស់​​ជន​អន្តោប្រ​វេសន៍​​​​គ្រប់​រូប ស្រប​តាម​​គោល​ការណ៍​​អន្តរ​ជាតិ​។

មិនបង្អង់យូរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល​ជា​អាណា​ព្យាបាល​ពលករ​ចំណាក​ស្រុក នៅថ្ងៃ​ទី​១​៨ ខែវិ​ច្ឆិកា​នេះ បាន​ចេញ​លិខិត​ថ្កោល​ទោស​ ចំពោះ​សកម្ម​ភាព​អមនុស្ស​ធម៌​របស់​ទាហាន​ថៃ​ទាំង​នោះ ដោយ​ចាត់​ទុក​ថា​ជា​កា​ររំ​លោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​មនុស្ស សិទ្ធិ​ពលករ​ទេសន្ត​រប្រ​វេសន៍ និង​សិទ្ធិ​ស្ត្រី ដែល​មាន​ចែង​នៅក្នុ​ង​ច្បាប់​ និង​លិខិតូប​ករណ៍ អន្តរ​ជាតិ ក៏ដូ​ច​ជា​អាស៊ាន។ ក្រសួង​អំពាវ​នាវ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ ក្នុង​ក្រប​ខ័ណ្ឌ​អន្តរ​ជាតិ និង​អាស៊ាន ឱ្យយ​ក​ចិត្ត​ទុក​ដាក់​តាម​ដាន​ករណី​នេះ ដើម្បី​ធានា​យុត្តិ​ធម៌​ និង​ការ​ការ​ពារ​ដល់​ពលករ​ដទៃ​ទៀត​ដែល​កំពុង​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ។

លិខិត​ដដែល ឱ្យដឹងដែរថា ក្រសួងការងារ កំពុងសហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ក្នុង​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ដើម្បី​រក​យុត្តិ​ធម៌ និង​ផ្ដល់​ការ​ថែទាំ​សុខ​ភាព​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ដល់​ជន​រង​គ្រោះ។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី និងស្ថាប័ន​រដ្ឋសភាជា​តិ ដែល​មាន​ថ្នាក់​ដឹក​នាំ​ជា​ស្ត្រី នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​នេះ ក៏​បាន​ចេញ​លិខិត​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​ទាហាន​ថៃ ​ជា​បន្ត​បន្ទាប់។

ចំណែក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បាន​ថ្កោល​ទោស​ទង្វើរ​បស់​ទាហាន​ថៃ ថាជា​អំពើ​គួរ​​​ឱ្យស្អ​ប់​ខ្ពើម ដោយ​បាន​បញ្ជាក់​ថា ការ​រំលោភ​ផ្លូវ​ភេទ​ គឺ​ជា​បទ​ឧក្រិដ្ឋ និង​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ ដែល​​ត្រូវ​ផ្ដន្ទា​ទោស​ដោយ​គ្មាន​ការ​លើក​លែង។ គ.ស.ម.ក បាន​កត់​សម្គាល់​ឃើញ​ថា អំពើ​ដែល​មាន​លក្ខ​ណៈ​ព្រៃ​ផ្សៃ ឃោរ​ឃៅ និង​អមនុស្ស​ធ​ម៌​នេះ បាន​ចាប់​ផ្ដើម​ពីកា​រ​រើស​អើង ការ​គំរាម​កំហែង​ និងកា​រប​ង្ក​ហិង្សា​គ្រប់​រូប​ភាព ចំពោះ​ពលករ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​រហូត​ដល់​មាន​ការ​ប្រើ​ប្រាស់​បន្លា​លួស​ព័ទ្ធ​យក​ដី​ផ្ទះ និង​ចាក់​ឧបករណ៍​បំពង​សំឡេង​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​ពលរដ្ឋ​កម្ពុជា។

​ទាក់ទិនរឿងនេះ អ្នក​សម្រប​សម្រួល​ផ្នែកអប់​រំ​និង​យេនឌ័រ​​​នៃ​អង្គ​ការ​​ខុ​ម​ហ្វ្រែ​ល អ្នក​ស្រី សឺន​កេត សិរី​លក្ខណ៍ លើក​ឡើង​ថា ករណី​នេះ ទាក់​ទង​នឹង​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​យុត្តិ​ធម៌​យេន​ឌ័រ ដោយ​រដ្ឋាភិ​បាល​កម្ពុជា ជាពិសេស​ថ្នាក់​ដឹក​នាំ​ជា​ស្ត្រី ​ត្រូវ​តែ​ចេញ​មុខ​ពេញ​ទំហឹង ក្នុង​ការ​ទាម​ទារ និង​ស្វែងរ​ក​យុត្តិ​ធម៌​ជូនជ​ន​រង​គ្រោះ។

អ្នកស្រី​ថា៖ «តំណាង​រាស្ត្រ​ស្ត្រី ក៏ដូ​ច​ជា​ក្រសួង​កិច្ច​ការ​នារី​ហ្នឹង ត្រូវ​តែ​ចេញ​មុខ​ធ្វើ​កិច្ច​ការ​ហ្នឹង​ឱ្យ​ខ្លាំង កុំ​នៅ​ស្ងៀម ទើប​​មាន​ការ​ដោះ​ស្រាយ ផ្ដល់​យុត្តិ​ធម៌​ឱ្យជ​ន​រង​គ្រោះ ដែល​ជា​ស្ត្រី​ខ្មែរ​យើង ហើយ​ធ្វើ​បែប​នេះ វា​ជួយ​ដល់​ប្រជាជ​នទាំ​ង​ពីរ​ប្រទេស​ផង​ដែរ ជាពិសេស​ស្ត្រីហ្នឹ​ង ដើម្បី​ចាក​ផុត​ពី​ការ​រង​គ្រោះ ចាក​ផុត​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ»។

ភាពតានតឹងនៃវិវាទព្រំដែនកម្ពុជា-ថៃ បានបង្កការព្រួយបារម្ភដល់ពលករខ្មែរ​រាប់ម៉ឺ​ន​នាក់ ដែល​កំពុង​ធ្វើកា​រ​នៅ​ប្រ​ទេស​​​ថៃ ខណៈ​ពលករ​មួយ​ចំនួ​ន​បាន​រង​កា​រ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ហិង្សា​ពី​ពលរដ្ឋ​ថៃ។ តាម​ការ​ប្រកាស​ឱ្យ​ចូល​ស្រុក​វិញ​របស់​រដ្ឋាភិ​បាល​ ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ បាន​ត្រឡប់​ធ្វើ​មាតុភូ​មិនិវត្តន៍​​យ៉ាង​គំហុក​​ កាល​ពីអំ​ឡុង​ខែ​សីហា​ ខណៈ​​អ្នក​ខ្លះនៅ​ប​ន្ត​ធ្វើ​ការ​ដោយ​សារ​កត្តា​ជីវភាព និង​បំណុល។

ទោះយ៉ាងណា ក៏នៅមានពលករខ្មែរ​បន្តឆ្លងដែន​មក​ប្រទេស​កំណើត​វិញ រកេត​រកូត​ ចាប់​តាំង​ពី​ច្រក​ព្រំដែន​ត្រូវ​បាន​ភាគី​ថៃ​បិទ​ជាឯ​កតោភា​គី ដោយ​ចំណុច​ខ្លះបិ​ទ​ទាំង​ស្រុង​ និង​ចំណុច​ខ្លះ​អនុញ្ញាត​ឱ្យព​លរដ្ឋ​ទាំង​ពីរ​ជាតិ​សាសន៍ ឆ្លង​ចេញ​ចូល​ប្រទេស​កំណើត​វិញ​ ក្នុង​ថេរវេលា​កំណត់​ណា​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ