ឃាតកម្មសម្លាប់មនុស្សក្រៅច្បាប់ ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥នេះ លើស្រ្តីអាយុជាង២០ឆ្នាំ នៅខេត្តកំពង់ធំ ករណីបាញ់រះសម្លាប់ទាំងគ្រួសារ នៅខេត្តកំពត រួមទាំងឃាតកម្មលើក្មេងស្រីអាយុ១៥ឆ្នាំម្នាក់នៅភ្នំពេញជាដើម ត្រូវគេជឿថា ផ្តើមពីកម្សោយនៃប្រព័ន្ធយុត្តិធម៌ ការធ្លាក់ចុះទាំងសីលធម៌ ការអប់រំ ដែលរដ្ឋាភិបាលចាំបាច់ត្រូវកែលម្អ ទើបអាចធានាសន្តិសុខសង្គមបាន។
ការមើលឃើញពីកម្រិតសីលធម៌សង្គមមានការធ្លាក់ចុះនេះ វាផ្ដើមចេញពីករណីឃាតកម្មក្រៅប្រព័ន្ធច្បាប់ ក្រោយមានឃាតកម្មដ៏សាហាវឃោរឃៅមួយបានកើតឡើង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លើនារីម្នាក់ឈ្មោះ ហ៊ីម ទីណា អាយុ២២ឆ្នាំ បម្រើការនៅក្រុមហ៊ុនអិលស៊ីឌី ឃែស ឯ.ក ជាក្រុមហ៊ុនបញ្ចាំស្របច្បាប់ និងលក់ផលិតផលអង្ករគ្រួសារខ្មែរ។
តាមសេចក្តីរាយការណ៍នានា ជនរងគ្រោះបានមកទារប្រាក់ ពីម្តាយជនសង្ស័យ បន្ទាប់មកជនសង្ស័យបានលួងលោមជនរងគ្រោះឲ្យចូលទៅខាងក្នុងផ្ទះ រួចបានធ្វើសកម្មភាពចាប់ខ្ទប់មុខ និងវាយសម្លាប់ ហើយក៏បានរំលោភជនរងគ្រោះ។ ក្រោយមកក៏បានយកសាកសពទៅកប់នៅក្រោយផ្ទះតែម្តង។ ហេតុការណ៍នេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ន សីហា អាយុ១៩ឆ្នាំ ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ករណីឃាតកម្មដ៏ភ្ញាក់ផ្អើលមួយទៀត កាលពី៦ខែមុន ពោលគឺកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានករណីឃាតកម្មរំលោភសម្លាប់ទៅលើក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹកក្នុងសាលាបឋមសិក្សាវត្តគ្រួស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជនសង្ស័យជាក្មេងប្រុស៣នាក់ អាយុក្រោម១៨ឆ្នាំផងនោះ ។
លើសពីនេះ ករណីមួយផ្សេងទៀត កើតឡើងកាលពី២ខែមុន នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។
ករណីនេះ ជនដៃដល់បានបើកការបាញ់រះ លើជនរងគ្រោះ បណ្តាលឱ្យស្លាប់មនុស្សចំនួន ៣នាក់ របួសធ្ងន់១នាក់ ។
ហេតុការណ៍ដែលខ្មាន់កាំភ្លើងជាជនដៃដល់ មានតួនាទីជាអាជ្ញាធររដ្ឋផងនោះ គឺដើមហេតុកមកពីទំនាស់គ្រួសារយូរឆ្នាំរវាងអ្នករស់នៅជិតខាងគ្នា។ យ៉ាងណាក្រោយប្រព្រឹត្តបទល្មើស ជនបង្កទាំងអស់នោះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបាន និងដំណើរការនីតិវិធីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ជុំវិញករណីទាំងអស់នេះ VOD មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង ដើម្បីចង់ដឹងពីការពង្រឹងវិធានទប់ស្កាត់បានទេ គិតត្រឹមម៉ោងផ្សាយនេះ ដោយអ្នកស្រីកំពុងជាប់រវល់។
យ៉ាងណា អ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត បានឱ្យដឹងថា យោងតាមការអង្កេតប្រជាសាស្រ្តនិងសុខភាព (CDHS) ឆ្នាំ២០២១-២០២២ និងលទ្ធផលពីការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើកទី៣ ឆ្នាំ២០១៩-២០២៣ បានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃអំពើហិង្សាក្នុងគ្រួសារ ពីដៃគូស្និទ្ធស្នាលមានការថយចុះគួរឱ្យកត់សម្គាល់ពី២៩% មក២១% ។
អ្នកស្រីបន្តថា សមិទ្ធិផលជាវិជ្ជមាននេះ បានបង្ហាញពីការចូលរួមក្នុងការលើកកម្ពស់សមភាពយេនឌ័រ កិច្ចការពារសិទ្ធិស្រ្តី និងក្មេងស្រី និងការទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ។
អ្នកស្រីគូសបញ្ជាក់ក្នុងសំដីដើមថា៖ «ជារួមទង្វើឬសកម្មភាពរំលោភ ឬសម្លាប់ ក៏ស្ថិតនៅក្នុងទម្រង់អំពើហិង្សាផងដែរ ដោយក្រសួងពាក់ព័ន្ធបានធ្វើការចុះជួយ ក៏ដូចជាផ្សព្វផ្សាយក្នុងមូលដ្ឋាន»។
អ្នកស្រីបញ្ជាក់បន្ថែមថា ក្រសួងកិច្ចការនារី បានរៀបចំ ដឹកនាំ សម្របសម្រួលទៅលើ៥ចំនុច ដោយទី១ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) ជាយន្តការថ្នាក់ជាតិ ដែលមានសមាសភាព ២៧ ក្រសួងស្ថាប័ន និង២៨អង្គការដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដែលចូលរួមសម្របសម្រួលការអនុវត្ត ការងារ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងរៀបចំផែនការសកម្មភាព ជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (NAPVAW) និងការផុសសារគន្លឹះក្នុងបណ្តាញសង្គមជាដើម។
យ៉ាងណា សម្រាប់សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន សង្កេតឃើញថា ករណីឃាតកម្ម រួមទាំងការរំលោភបំពានរាង្គកាយនេះ ជាបញ្ហាសកលលោកដែលតែងតែកើតមាន។
ប៉ុន្តែចំពោះករណីដែលកើតឡើងថ្មីៗក្នុងប្រទេសកម្ពុជា អាចបណ្ដាលមកពីកម្សោយប្រព័ន្ធអប់រំ បញ្ហាគ្រឿងស្រវឹង ជាពិសេសនោះគឺឥទ្ធិពលនៃគ្រឿងញៀន ហើយក៏មានបញ្ហាគ្មានការងារធ្វើចូលរួមដែរ។
លោក ច័ន្ទរ័ត្ន យល់ថា សកម្មភាពទាំងនេះអាចកាត់បន្ថយទៅបាន លុះត្រាតែថ្នាក់ដឹកនាំពង្រឹងទៅលើប្រព័ន្ធច្បាប់មួយចំនួនពាក់ព័ន្ធបញ្ហាសន្តិសុខ ការអប់រំ និងអនុវត្តវិធានការច្បាប់ឱ្យបានតឹងរឹងលើបុគ្គលប្រព្រឹត្តខុសដោយតម្លាភាព។
លោកថា៖ «យើងអាចទប់ស្កាត់បាន បើសិនជារដ្ឋាភិបាលលោកមានឆន្ទៈ ដើម្បីទប់ស្កាត់ករណីហិង្សាឈានដល់ឃាតកម្មដែលមិនសមហេតុផល ត្រូវមានវិធានកាត់បន្ថយគ្រឿងស្រវឹងនៅក្នុងសង្គមពួកយើងឲ្យបានច្រើនបំផុត នឹងទប់ស្កាត់ឬក៏បំបាត់គ្រឿងញៀនក្នុងសង្គម បង្កើនការអប់រំដល់យុវជនដល់ពលរដ្ឋទូទៅ ឲ្យមានសីលធម៌ ឲ្យមានចំណេះជំនាញ ដើម្បីប្រកបការងារអីជាដើម និងទីបីវិស័យអប់រំត្រូវតែពិចារណាការធ្វើកំណែទម្រង់មួយចំនួន បន្ថែមកម្មវិធីមួយចំនួន ដើម្បីផ្តល់ឱកាសអប់រំដល់យុវជនទីបួនរឿងការអនុវត្តច្បាប់ត្រូវធ្វើដោយជាប់លាប់»។
ស្រដៀងគ្នានេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានលើកឡើងថា ការធ្លាក់ចុះនៅសីលធម៌សង្គម និងការអប់រំ បណ្ដោយខ្លួនឱ្យលិចលង់និងគ្រឿងញៀន ជាផ្នែកមួយចូលរួមជំរុញឱ្យកើតមានអំពើឃាតកម្ម និងរំលោភផងដែរ ។
ដូច្នេះលោកគិតថា ប្រសិនបើរដ្ឋាភិបាល ឬក៏ស្ថាប័ន្ថពាក់ព័ន្ធ មិនប្រញាប់ធ្វើការកែលម្អ និងចាត់វិធានឱ្យបានតឹងរឹងបំផុតទេ នោះវាអាចបង្កជាហានិភ័យរីកកាន់ធំឡើងក្នុងសង្គមកម្ពុជា ។
លោកថា៖ «បញ្ហានេះកើតមានឡើង ដោយសារថាបញ្ហាសេពគ្រឿងស្រវឹង គ្រឿងញៀនក៏ដូច្នេះដែរ ធ្វើឲ្យមនុស្សឲ្យវង្វេងវង្វាន់ស្មារតី ហើយនេះក៏ជាបញ្ហាដែលពាក់ព័ន្ធទៅនឹងការអប់រំដែរ រឿងសីលធម៌សង្គម យើងឃើញថានៅក្នុងសង្គមបែបនេះទាល់តែអ្នកដឹកនាំហ្នឹង ត្រូវមានវិធានការយ៉ាងណាឆ្លើយតបក្នុងការអប់រំផ្សព្វផ្សាយឲ្យបានត្រឹមត្រូវនិងម៉ឺងម៉ាត់ ដើម្បីឲ្យអ្នកទាំងអស់នោះទទួលបាននូវចំណេះដឹង និងការអប់រំផ្សេងៗឲ្យបានល្អប្រសើរ យ៉ាងណាមិញក៏ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង ដោយកុំឲ្យពាក់ព័ន្ធទៅនឹងអំពើពុករលួយ ដោះលែងនូវជនប្រព្រឹត្តដែលប្រព្រឹត្តល្មើស ច្បាប់ដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរទៅតាមអ្វីដែលការប្រព្រឹត្តទាំងអស់ហ្នឹង ដើម្បីឲ្យអ្នកទាំងអស់ហ្នឹងរាងចាល»។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត យល់ថាជាការកត់សម្គាល់ច្រើនឆ្នាំមកនេះ ករណីឃាតកម្មរំលោភសម្លាប់ រួមទាំងហិង្សាពីសំណាក់ដៃគូ ឬអ្នកដទៃបានកើតមានឡើងជាបន្តបន្ទាប់ ដែលភាគច្រើនកើតឡើងលើស្រ្តី ដែលធ្វើឱ្យប៉ះពាល់ខ្លាំងសេចក្ដីថ្លៃថ្នូរស្រ្តី និងបង្កជាអសន្តិសុខផងដែរ។
ទាក់ទងទៅនឹងករណីទាំងនេះ លោកយល់ថា កត្តាចម្បង គឺបណ្ដាលពីភាពខ្វះចន្លោះការនូវការអនុវត្តច្បាប់ និងឥទ្ធិពលនៃពពួកគ្រឿងញៀនជាដើម ដែលទាមទារឱ្យមានការសហការណ៍គ្នារវាងមន្រ្តី និងពលរដ្ឋ ដោយបង្កើននូវវិធានផ្សព្វផ្សាយពីការការពារ និងទប់ស្កាត់ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ ពិសេសជនងាយរងគ្រោះជាស្រ្តី។
លោកថា៖ «ស្ត្រីនិងកុមារីជាច្រើនដែលត្រូវបានសម្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាផ្សេងៗ ឬការរំលោភ ចឹងត្រូវតែមានការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ជាពិសេសការផ្តន្ទាទោសដើម្បីជាការទប់ស្កាត់ការរីករាលដាលនៃបទល្មើសទាំងអស់។ កន្លងមកយើងឃើញថា ការអនុវត្តច្បាប់ទាំងនោះមានការខ្វះចន្លោះដែលបង្កការបន្តកើតឡើងនៃអំពើសម្លាប់ទៅលើស្ត្រី ឬកុមារីរងគ្រោះ ឬបទល្មើសឧក្រិដ្ឋផ្សេងទៀតដែលកើតឡើងអ៊ីចឹង ត្រូវពង្រឹងយន្តការនៃការអនុវត្តច្បាប់ហ្នឹង ឱ្យមានប្រសិទ្ធភាព ហើយអនុវត្តទោសដែលជាស្ថានទម្ងន់ទោសលើអំពើឃោរឃៅអមនុស្សធម៌ ឲ្យសមនឹងការប្រព្រឹត្តរបស់ជនប្រព្រឹត្ត ត្រូវពង្រឹងយន្តការរបស់រាជរដ្ឋាភិបាលរឿងភូមិឃុំមានសុវត្ថិភាព»។
បើតាមអង្គការលីកាដូ ជនរងគ្រោះយ៉ាងតិចចំនួន ១៤៦នាក់ ក្នុងនោះមានកុមារចំនួន ៤៦នាក់ ត្រូវបានសម្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទ ក្នុងរយៈពេលតិចជាង ៦ឆ្នាំចុងក្រោយ គឺចាប់តាំងពីឆ្នាំ ២០២០។
ឃាតកម្ម ក្នុងបរិបទនៃអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទមានកម្រិតខ្ពស់ជារៀងរាល់ឆ្នាំ ដោយកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤ និងនៅតែមានចំនួនខ្ពស់ប្រហាក់ប្រហែលគ្នា ក្នុងរយៈពេល ០៨ខែដើមឆ្នាំ២០២៥៕









