សហរដ្ឋអាមេរិក នៅតែបង្ហាញជំហរថា សក្តានុពលទាក់ទាញរបស់កម្ពុជា គឺត្រូវកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆបោក Scam Online ខណៈប្រទេសក្រីក្រមួយនេះ ត្រូវបានគេរកឃើញថា បានក្លាយជាសំបុកពួកឧក្រិដ្ឋជន ដែលប្រទាក់ក្រឡាគ្នាដោយសែស្រឡាយមេដឹកនាំ បង្កការគំរាមគំហែងសន្តិសុខក្នុងតំបន់និងពិភពលោក។
បើតាមកាសែត Nikkei Asia របស់ជប៉ុន ចេញផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើលសក្តានុពលមេដឹកនាំកម្ពុជា ក្នុងការសហការគ្នាបង្រ្កាបឧក្រិដ្ឋកម្មឆបោក។
ប្រភពថា អ្នកកាសែត Nikkei Asia បានសួរទៅរដ្ឋមន្រ្តីការបរទេសអាមេរិកថា«តើគោលនយោបាយអាមេរិកនឹងមានការផ្លាស់ប្តូរចុក្ខវិស័យបែបណាចំពោះកម្ពុជា ក្រោមការដឹកនាំថ្មីលោក ហ៊ុន ម៉ាណែត។
ប្រភពនិយាយថា រដ្ឋមន្រ្តីការបរទេសឆ្លើយតបថា អាមេរិកកំពុងសម្លឹងឃើញពីសក្តានុពលក្រោមការដឹកនាំថ្មីលោក ហ៊ុន ម៉ាណែត ដើម្បីសហការក្នុងការបំផ្លាញសំបុកក្រុមឧក្រិដ្ឋជនឆបោក Scammer។ ប្រភពបន្តថា បញ្ហាឧក្រិដ្ឋកម្មឆបោក ដែលសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក ច្រកភពអង់គ្លេស និងបណ្តាប្រទេសមួយចំនួនទៀត សម្លឹងឃើញថា កម្ពុជាក៏ជាសំបុក្ររបស់ក្រុមឧក្រិដ្ឋជនផងដែរ។
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ សហរដ្ឋអាមរិក និងចក្រភពអង់គ្លេស រួមគ្នាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនព្រីនស៍ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ក្រោយរកឃើញថា ជាបណ្តាញឧក្រិដ្ឋកម្មឆបោកខ្នាតអន្តរជាតិ លួចលុយរាប់ពាន់លានដុល្លារពីជនរងគ្រោះជុំវិញពិភពលោក។
ជាមួយគ្នានោះ ក្រសួងយុត្តិធម៌អាមេរិក ប្រកាសថា អាមេរិកបានបង្កកទ្រព្យសម្បត្តិ ១៥ពាន់លានដុល្លាររបស់ឧកញ៉ា ចេន ហ្ស៊ី ព្រមទាំងចេញដីកាចោទប្រកាន់ ជុំវិញការបើកមជ្ឈមណ្ឌលឆបោកតាមអនឡាញ លាងលុយកខ្វក់ និងបង្ខាំងមនុស្សខុសច្បាប់។
បើតាមក្រសួងយុត្តិធម៌អាមេរិក រដ្ឋអាជ្ញាតុលាការសហព័ន្ធសហរដ្ឋអាមេរិកក្រុងញ៉ូវយ៉ក បានចោទប្រកាន់លោក ចេន ហ្ស៊ី ជុំវិញបទឧក្រិដ្ឋឆបោក និងលាងលុយ ដែលអាចប្រឈមជាប់ពន្ធនាគារ៤០ឆ្នាំ។
លើសពីនេះ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាចំនួនពីររូប គឺលោក លី យ៉ុងផាត់ និងលោក កុក អាន។
តាមសារព័ត៌មាន ខ៉ាវសុត ឱ្យដឹងថា តុលាការព្រហ្មទណ្ឌថៃ បានរកឃើញថា លោក លី យ៉ុងផាត់ និងលោក កុក អាន រួមទាំងបក្ខពួកជាច្រើនទៀត បានគប់គិតគ្នាជាប្រព័ន្ធប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មឆបោក។
ប្រភពបន្តថា អាជ្ញាធរថៃបានចុះបង្ក្រាបទីតាំងចំនួន ៣៦កន្លែង និងរឹបអូសទ្រព្យសម្បត្តិរបស់ លោក លី យ៉ុងផាត់ បន្ថែមទៀត គិតជាទឹកប្រាក់ចំនួន ៤០០លានបាត ឬស្មើជិត ១២លានដុល្លារអាមេរិក។
ខណៈកាលពីថ្ងៃទី៣១ ខែតុលា អាជ្ញាធរថៃបានប្រកាសរឹបអូសទ្រព្យសម្បត្តិ លោក លី យ៉ុងផាត់ ចំនួនជាង ៣៥០លានបាត ឬប្រមាណជា ១០.៨លានដុល្លារអាមេរិក ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក។
ចំណែក លោក កុក អាន ក៏ត្រូវបានអាជ្ញាធរថៃ តាមចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិជាង ២៧លានបាត ឬស្មើនឹង ៨០ម៉ឺនដុល្លារអាមេរិក «ជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន និងលាងសម្អាតលុយ»។
ប្រភពបញ្ជាក់ថា ទាំងលោក លី យ៉ុងផាត់ លោក កុក អាន សុទ្ធសឹងជាមនុស្សជំនិតមេដឹកនាំកម្ពុជាគ្រួសារហ៊ុន ដែលពួកគេមានតំណែង តួនាទីខ្ពស់ៗក្នុងជួររដ្ឋាភិបាល និងមានងារជាឧកញ៉ាថែមទៀត។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ចាត់ទុកការសម្លឹងឃើញសក្តានុពលលោក ហ៊ុន ម៉ាណែត របស់អាមេរិកនេះ ជារឿងល្អ ដើម្បីសហការបង្រ្កាបឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា។
លោកថា អំពើឆបោកនៅកម្ពុជាក្លាយជាជំងឺរ៉ាំរ៉ៃមួយ ដែលបង្កការគំរាមគំហែងសន្តិសុខក្នុងតំបន់ និងពិភពលោក ចាំបាច់មេដឹកនាំកម្ពុជាគួរសហការជាមួយអន្តរជាតិ ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មទាំងនោះ។
លោកថា៖ «បើសហរដ្ឋអាមេរិកចង់ឲ្យកម្ពុជាសហការនៅក្នុងការកម្ចាត់ឧក្រិដ្ឋកម្មជួញដូរ និងឆបោកតាមប្រព័ន្ធអនឡាញនេះ ខ្ញុំគិតថា រដ្ឋាភិបាលគឺប្រាកដណាស់នឹងសហការ ហើយនឹងធ្វើកិច្ចការនេះ ហើយម្យ៉ាងទៀតយើងដឹងហើយថានៅក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារតែសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា កម្ពុជាគឺត្រូវការអន្តរាគមន៍ពីសហរដ្ឋអាមេរិក ដើម្បីជួយលើការធានាបទឈប់បាញ់ ឬក៏បញ្ឈប់នូវសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាហ្នឹងឯង ក្នុងន័យនេះ ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាត្រូវតែឬក៏ចាំបាច់ណាស់ ងាកមកធ្វើទៅតាមអ្វីដែលសហរដ្ឋអាមេរិកចង់បាន គឺការស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាសហការជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងការកម្ចាត់ឧក្រិដ្ឋជនជួញដូរមនុស្សនិងឆបោកតាមប្រព័ន្ធអនឡាញ»។
សម្រាប់ លោក សូរីដា នេះជាឱកាសល្អសម្រាប់មេដឹកនាំកម្ពុជា ដែលសហរដ្ឋអាមេរិកសម្លឹងឃើញថា ជាដៃគូរមានសក្តានុពលក្នុងការបង្រ្កាប ទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកដែលជាមេរោគសម្រាប់ពិភពលោក។
លោកសង្ឃឹមថា រដ្ឋាភិបាលឈាមថ្មីលោក ហ៊ុន ម៉ាណែត នឹងបើកចិត្តទូលាយក្នុងការសហការណ៍ជាមួយសហរដ្ឋអាមេរិក ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆបោក សាងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិឡើងវិញ។
លោកថា៖ «ខ្ញុំគិតថា ក្រៅពីការសហការជាមួយសហរដ្ឋអាមេរិកនៅក្នុងការបោសសម្អាតឧក្រិដ្ឋកម្មជួញដូរមនុស្ស តាមប្រព័ន្ធអនឡាញបែបនេះ គឺបង្កើតឲ្យមាននូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងៗ ខ្ញុំគិតថា ក្រៅពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៅក្នុងការបោសសម្អាតឧក្រិដ្ឋកម្មជួញដូរមនុស្សតាមប្រព័ន្ធអនឡាញនេះ គឺរដ្ឋាភិបាលក៏ត្រូវគេហៅថាចាំបាច់ត្រូវតែធ្វើម៉េចបើយើងចង់ឲ្យសហរដ្ឋអាមេរិកគាំទ្រនឹងនៅជាមួយយើង ចាំបាច់ដាស់យើងត្រូវដឹកនាំប្រទេសដែលយកលំនាំតាមសហរដ្ឋអាមេរិក»។
ជុំវិញបញ្ហានេះ VOD មិនទាន់អាចសុំការពន្យល់បន្ថែមពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿនបាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ បញ្ជាក់ប្រាប់VODថា រដ្ឋាភិបាលកម្ពុជាបើកចិត្តទូលាយសហការជាមួយប្រទេសជាដៃគូរ ដើម្បីបង្រ្កាបនិងទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកនេះ។
តែលោកបដិសេធមិនឆ្លើយតបនឹងសំណួរដែលថា «តើរដ្ឋាភិបាលកម្ពុជាហ៊ានចាប់ខ្លួន ឬកាត់ទោសឧក្រិដ្ឋជនដែលអន្តរជាតិរកឃើញ ដូចជា ចេន ហ្ស៊ី លី យ៉ុងផាត់ ទ្រី ភាព កុក អាន និង ហ៊ុន តូ ទេ?»។
លោកថា៖ ««ខ្ញុំចង់បញ្ជាក់ដោយខ្លីថា រឿងឧក្រិដ្ឋកម្មអនឡាញនេះ រដ្ឋាភិបាលបាននិងកំពុងធ្វើហើយក្នុងការសហការគ្រប់ដៃគូពាក់ព័ន្ធ ដែលជាអន្តរប្រទេសនេះ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មអនឡាញរហូតដល់មាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំគណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មអនឡាញនេះទៀតផង អ៊ីចឹងគ្មានរឿងណាដែលកម្ពុជាយើងមិនបានធ្វើទេ គឺយើងកំពុងយើងបាននិងកំពុងធ្វើ»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅអូស្រ្តាលី លោក ស៊ឹង សែនករុណា និយាយថា លោកគ្មានជំនឿបន្តិចសោះថា លោក ហ៊ុន ម៉ាណែត មានសមត្ថភាពបោសសម្អាតឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា។
ក្នុងន័យនេះ លោកសំអាងថា ឧក្រិដ្ឋជនដែលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ កំពុងតាមប្រមាញ់ចាប់ខ្លួន សុទ្ធសឹងជាមនុស្សជំនិតមេដឹកនាំកម្ពុជា ដូចជា ចេន ហ្ស៊ី លី យ៉ុងផាត់ ទ្រី ភាព កុក អាន និង ហ៊ុន តូ ដូច្នេះលោក ហ៊ុន ម៉ាណែត ប្រាកដជាមិនហ៊ានចាប់ខ្លួន ឬកាត់ទោសនោះទេ។
លោកថា៖ «ខ្ញុំថាមិនហ៊ានទេ បើការយល់ឃើញរបស់ខ្ញុំ ពីព្រោះថាបើហ៊ានធ្វើតាំងពីដើមមិនមែនបណ្ដែតបណ្ដោយឲ្យប្រទេសកម្ពុជា ធ្លាក់ក្នុងសភាពបែបនេះ រហូតទៅដល់អន្តរជាតិលូកដៃស៊ើបអង្កេត អន្តរជាតិធ្វើការប្រតិកម្មបង្កកនូវទឹកប្រាក់ជាច្រើនពាន់លានបែបហ្នឹងទេ ចឹងកម្ពុជាខ្លួនឯងក៏មានច្បាប់ ក៏មានអ្នកអនុវត្តច្បាប់ ហើយអាចមានវិធានការធ្វើទៅបានទប់ស្កាត់ទៅបានបាត់ហើយ ក៏ប៉ុន្តែបញ្ហារបស់កម្ពុជាគឺអំពើពុករលួយចាក់ស្រេះ ទាំងគ្រួសារមេដឹកនាំ ទាំងមន្ត្រីអ្នកអនុវត្តច្បាប់អីទាំងអស់ហ្នឹង លោកលង់ទៅដោយផលប្រយោជន៍បុគ្គលផលប្រយោជន៍បក្ខពួកនិយម»។
ការលើកឡើងរបស់អ្នកអ្នកឃ្លាំមើល ហាក់ស៊ីគ្នាទៅនឹងការអះអាងរបស់ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជន លោក ហ៊ុន សែន ដែរ ដែលមើលទៅដូចអះអាងថា លោក ហ៊ុន ម៉ាណែត គ្រាន់តែជានាយករដ្ឋមន្ត្រីហាត់ការប៉ុណ្ណោះ ពោលគឺអំណាចទាំងអស់ស្ថិតក្នុងដៃលោក ហ៊ុន សែន ។
លោកថា៖ «គ្មាននរណាមួយអាចរារាំងនៅដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ បើទោះបីជា លោក ហ៊ុន សែន មិនធ្វើនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែការគ្រប់គ្រងខាងផ្នែកនយោបាយគឺនៅលើដៃ ហ៊ុន សែន ដដែល»។
តាមរបាយការណ៍នានា បង្ហាញថា មនុស្សជំនិតៗមួយចំនួន នៅជុំវិញប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវបានអន្តរជាតិរកឃើញជាបន្តបន្ទាប់ថា ជាមេឧក្រិដ្ឋជនឆបោក និងលាងលុយកខ្វក់ ឬលុយខុសច្បាប់ មានអ្នកឧកញ៉ា ហ៊ុន តូ ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន និងឧកញ៉ាទ្រី ភាព និងងប្រធាននាគារព្រីនស៍លោក ចេន ហ្ស៊ី ជាដើម។
ក្រុមឧកញ៉ានោះ ជាប់ឈ្មោះក្នុងទណ្ឌកម្ម ឬបញ្ជីខ្មៅអាមេរិក ជុំវិញបទឧក្រិដ្ឋឆបោក និងការរំលោភសិទ្ធិមនុស្ស និងបទឧក្រិដ្ឋលាងលុយ។
លើសពីនេះ ចេន ហ្ស៊ី ជនជាតិចិន ដែលបច្ចុប្បន្នជាទីប្រឹក្សា លោក ហ៊ុន សែន តុលាការចិនរកឃើញជាប់ពាក់ព័ន្ធបទឧក្រិដ្ឋអនឡាញខុសច្បាប់ និងរងទណ្ឌកម្មពីអាមេរិក និងចក្រភពអង់គ្លេសផងដែរ និងមានប្រទេសច្រើនទៀតមាន រួកទាំងកូរ៉េខាងត្បូងបានចាត់វិធានការបង្កទ្រព្យសម្បត្តិ។
ជាងនេះទៀត ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រកាសដាក់ទណ្ឌកម្មឧកញ៉ា ទ្រី ភាព ទីប្រឹក្សាលោក ហ៊ុន សែន ក្រោយរកឃើញថា បណ្តាញបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា មានជាប់ពាក់ព័ន្ធក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព។
របាយការណ៍ស្រាវជ្រាវជាង៧០ទំព័ររបស់វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២៥ ដែលរកឃើញថា កម្ពុជានៅក្រោមអំណាចរដ្ឋាភិបាលគ្រួសារហ៊ុន ជាទីតាំងស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មអនឡាញ។
ប្រភពបន្តថា គ្រួសារហ៊ុនដើរតួនាទីជាអ្នកការពារពួកអ្នកមានអំណាច ឱ្យគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មបរទេស ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមគណបក្សកាន់អំណាច ដោយពួកគេអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញ ប្រមាណពីជាង ១២ពាន់លាន ទៅ ១៩ពាន់លានដុល្លារនៅក្នុង១ឆ្នាំ។
តាមរបាយការណ៍ដដែល បុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ៕









