កម្ពុជាថាក្រុមអ្នកសង្កេតការណ៍អាស៊ានផ្អាកចុះពិនិត្យ​ខេត្ត​ពោធិ៍​សាត់​ភ្លាមៗ​ក្រោយ​ថៃ​ផ្ទុះ​អាវុធ

ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) សម្រេច​ផ្អាក​សកម្ម​ភាព​ការ​ចុះ​ពិនិត្យ​តំបន់​អនុ​វត្ត​ប​​ទឈប់​បា​ញ់​​នៅ​​​តា​​ម​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ច្រក​ច១ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ភ្លាមៗ​បន្ទាប់​​​ពី​មាន​កា​រ​ផ្ទុះ​អាវុធ​ពីខា​ង​ភាគី​ថៃ អំឡុង​ពេល​នៃ​ការ​ចុះពិ​និត្យ​នោះ ។ ​

នេះបើ​តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ​ ចេញផ្សាយ​នៅព្រឹ​ក​ថ្ងៃទី​១​៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥។ ក្រសួង​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នៅវេ​លា​ម៉ោង​១១:០៨​នាទី​ព្រឹក​ ក្រុម​អ្នក​​សង្កេត​ការណ៍​អាស៊ាន (AOT) ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​ចុះ​ទៅ​ពិនិត្យ​ ​និ​ង​ផ្ទៀង​ផ្ទាត់​ការ​អនុវ​ត្ត​បទ​ឈប់​បាញ់​នៅ​ច្រក​ច១ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់​។

ប៉ុន្តែថា នៅអំឡុងពេលចុះពិនិត្យនោះ មានការ​ផ្ទុះ​អាវុធ​នៅ​ខាង​ភាគី​ថៃ ហើយ​ថា ដើម្បី​សុវត្ថិ​ភាព ក្រុមអ្នក​សង្កេត​ការណ៍​អាស៊ាន​សម្រេច​ផ្អាក​ការ​ចុះ​ផ្ទៀង​ផ្ទាត់​នៅ​តំបន់​នោះ និង​ដក​ថយ​ត្រឡប់​វិញ។ យ៉ាងណា​កម្ពុជា​បញ្ជាក់​ថា គិត​មក​ដល់​ម៉ោង​នេះ​ស្ថាន​ភាព​មាន​ភាព​ស្ងប់​ស្ងាត់​វិញ​ហើយ។

ក្រោយពីមានសេចក្តី​ប្រកាស​ព័ត៌មា​ន​ពី​ភាគី​កម្ពុជា មេ​បញ្ជាការ​កង​យោធ​ពល​(ម៉ារីន)​ប្រចាំ​ខេត្ត​ត្រាត ថា​មណុន វណ្ណា បាន​ចេញ​មក​បដិសេធ​ការ​ចោទ​របស់​កម្ពុជា ដោយ​បាន​អះ​អាង​ថា កម្ពុជា​បាន​នាំ​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន AOT ក្លែង​ក្លាយ មក​កាន់​តំបន់​នោះ។

ហើយថា​ភាគី​ក​ម្ពុជា​ដុត​ផាវ​ដោយ​ខ្លួន​ឯង បង្ក​សំឡេង​ផ្ទុះ​ខ្លាំងៗ បន្ទាប់​មក​ចោទ​ប្រកាន់​មក​លើ​​ថៃ ហើយ​ ផ្តល់​ព័ត៌​មាន​ថា​ទាហាន​ថៃ បាន​គប់​គ្រាប់​បែក​ដៃ​ម​ក​លើ​ពួក​គេ។ នេះ​បើ​តាម​សារ​ព័ត៌មាន​ថៃ Khaosod English បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ។

យ៉ាងណា បើតាម លោក ថាមណុន វណ្ណា អំឡុង​ពេល​នោះ​លោក​កំពុង​ត្រួតពិ​និត្យ​តំបន់​នោះ ដើម្បី​ផ្តល់​សន្តិ​សុខ​សម្រាប់​ប្រតិ​បត្តិ​ការ​បោស​សម្អាត​មីន​នៅ​ខេត្តត្រាត។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តគណបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅ​ទង្វើ​របស់​យោធា​ថៃ​ ​ បញ្ជាក់​ច្បាស់​ថា ថៃ​មិន​ខ្លាច​ឥទ្ធិពល​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) ឡើយ ។

មួយវិញទៀត លោកថា មូលហេតុដែល​ថៃ​បង្ហាញ​សកម្ម​ភាព​បាញ់​គម្រាម​បែប​នេះ ព្រោះថៃ​មិ​ន​ចង់​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) ចុះ​ទៅដ​ល់ទី​តាំង​ដែល​ខ្លួន​កំពុង​សម្រុក​ធ្វើ​ផ្លូវ​ចូល​មក​ក្នុង​​​ដី​ខ្មែរ​​ ​នៅ​ចំនុច​អូរ​​ភ្លុ​ក​​ដំរី ​ឃុំ​ថ្មដា ខេត្ត​​ពោធិ៍​​សាត់ ។

លោកថា៖ «ថៃមិនខ្លាចចំពោះអ្នកសង្កេតការណ៍អាស៊ាននោះទេ ដោយ​ថាអ្ន​ក​សង្កេត​ការ​ណ៍​អាស៊ាន​ហ្នឹង​មិន​មាន​ឥទ្ធិព​ល​ទៅ​លើ​ថៃ​នោះ​ទេ ព្រោះ​យើង​ឃើញ​ថា​កន្លង​មក​នេះ ទោះ​ថៃ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ក៏​មិន​ដែល​ឃើញ​អ្នក​សង្កេត​ការណ៍​រិះ​គន់​ថៃ ឬ​ថ្កោល​ទោស​ថៃ​នោះ​ទេ ទោះ​បី​ថៃ​បាញ់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ហើយ​ធ្វើ​ឲ្យ​របួស ៣នាក់ ក៏​មិន​ឃើញ​អ្នក​សង្កេត​ការណ៍​អាស៊ាន​ហ៊ាន​រិះ​គ​ន់​ថ្កោល​ទោស​ថៃ​នោះ​ទេ ដូច្នេះ​​ថៃ​នឹង​លែង​ខ្លាច​អ្នក​សង្កេតការណ៍​​អន្តរ​ជាតិ​ ​​អាហ្នឹង​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​យើង​នឹង​បន្ត​ទៀត​ ហើយ​ថៃ​មិន​ចង់​ឲ្យអ្ន​ក​សង្កេត​ការណ៍​អាស៊ាន​ទៅ​មើល​តំបន់​ហ្នឹង ព្រោះ​ទៅ​មក​ទៅ​ខ្លាច​ឃើញ​ថៃ​ឈ្លាន​ពាន​កម្ពុជា​អ៊ីចឹង​ក៏​បាញ់​បន្លាច»

ទោះជាយ៉ាងណាក្ដី លោក អ៊ុំ សំអាន បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​មេដឹក​នាំ​កម្ពុជា​​​នៅ​បន្ត​ឱ្យ​​ថៃ​ធ្វើ​អ្វី​​តាម​តែ​ចិត្ត ដោយ​ចូល​មក​បំពាន​កម្ពុជា​ម្ដង​ហើយ​ទៀត នោះ​កម្ពុជា​អាច​នឹង​បាត់​​ដែ​ន​អធិប​តេ​យ្យ​ខ្លួន​ឱ្យ​ទៅ​​ថៃ​ជា​បន្ត​ទៀត​ជា​មិន​ខាន ខណៈ​ថៃ​នៅតែ​ចិញ្ចឹម​ចិត្ត​ទាម​ទារ​ប្រាសាទ និង​តំបន់​មួយ​ចំនួ​ន​ដែល​ថៃ​គិត​ថា​​ជា​របស់​​ខ្លួន។

ជាមួយគ្នានេះ លោកជំរុញឱ្យរដ្ឋាភិបាល​កម្ពុជា​ដាច់​ខាត​មិន​គួរ​នៅ​ស្ងៀម​ស្ងាត់​ទៀត​ឡើយ កម្ពុជា​ត្រូវ​តែ​​ប្រើ​សិទ្ធិ​ស្វ័​​​យ​ការ​ពារ​ខ្លួន និង​ពន្លឿន​ពាក្យ​បណ្ដឹង​នៅ​តុលាការ​យុត្តិ​ធម៌​(ICJ)។

គួរ​រំឭក​ថា ក្រោយ​ប៉ះទ​ង្គិ​ច​គ្នាដោ​យ​​អាវុធ​ទ្រង់​ទ្រាយ​​ធំ កាល​​ពី​ថ្ងៃ​ទី​​២៤ ខែ​​​​​កក្កដា ឆ្នាំ​​​​២០២៥ និង​​​​មាន​​បទ​​​​​ឈប់​បាញ់​​​​នៅ​​​ថ្ងៃ​ទី​​២៨ ខែ​​ក​ក្កដា​​នោះ ថៃ​មិន​​បាន​​គោរព​​បទ​​ឈប់​​បាញ់​​ទេ ថៃ​បាន​​ចល័ត​​ទ័ព​​ចូល​​​ម​ក​​រាយ​​​បន្លា​​​លួស​​​យក​​ដី​​​ខ្មែរ​​​ជា​​បន្ត​បន្ទាប់ ដូច​​ជា នៅ​ប្រាសាទ​តាមាន់ធំ ស្ថិត​ក្នុង​ខេត្ត​​ឧត្តរ​មាន​ជ័យ តំបន់​អាន​​​សេះ ក្នុង​ខេត្ត​ព្រះ​វិហារ ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​​ជ័យ ក្នុង​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​​មាន​ជ័យ និង​គំរាម​ច្បាម​​​យក​​១៧​ទីតាំង​ទៀត នៅ​ខេត្ត​​ពោធិ៍​សាត់ និង​ខេត្ត​កោះ​កុង តាម​ផែន​ទី​ដែល​ថៃ​គូដោយ​ឯកតោ​ភាគី ដែល​មេ​ដឹក​នាំ​កម្ពុជា​លោក ហ៊ុន សែន ហៅ​ថា ជា​ផែន​ទី​ចោរ។

លើសពីនេះនៅថ្ងៃទី១២​ខែវិច្ឆិកានេះ យោធាថៃបានបើកការបាញ់ប្រហារលើពលរដ្ឋខ្មែរនៅ​ភូមិ​ព្រៃចា​ន់  ស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ បណ្តាយ​ឱ្យម្នា​ក់​ស្លាប់ និង​៣នាក់​រង​របួស តែ​ភាគី​កម្ពុជា ដែល​ដឹក​នាំ​ដោយ​គ្រួសារ​ហ៊ុន នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងា​ត់​មិន​តបត ដោយ​សំអាង​ថា ខ្លួន​ចង់​បាន​ការ​វិល​ត្រឡប់​មក​វិញ​នៅស​ន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ ។

យ៉ាងនេះក្តី ត្រង់​ចំនុច​នេះ អ្នកច្បាប់និងអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត លើង​ឡើង​ក្រោយ​ថៃ​បើក​ការ​ប្រហារ​នេះ​ថា រដ្ឋាភិ​បាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ប្រឆាំង​តប​នឹង​ទង្វើ​ឧក្រិដ្ឋ និង​ការ​ឈ្លាន​ពាន​របស់​ថៃ។

សម្រាប់លោក ចាន់ឡូត ការ​ប្រឆាំងនឹងថៃ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្ដឹង​ទៅ​តុលាការ​ព្រហ្ម​ទណ្ឌអ​ន្តរ​ជាតិ​ (ICC) ដើម្បី​បង្ហាញ​មុខ​អ្នក​ទទួល​ខុស​ត្រូវ និង​ជាកា​រ​ផ្ដល់​យុត្តិ​ធម៌​ជូន​ជន​រង​គ្រោះ និង​ត្រូវ​ប្រើក​ម្លាំង​ឆ្លើយ​តប មិន​អាច​ឈរ​មើល​ជីវិត​ទ័ព និង​ពលរដ្ឋ​ស្លាប់​ដូច​សត្វ​ធាតុ​នោះ​ទេ។

លោក​សង្កត់​ធ្ងន់​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ឆ្លើយ​តប​ដោយ​ជម្រើស​ណាមួ​យ​សោះ​មាន​ន័យ​ថា រដ្ឋាភិ​បាល​ស្នើនឹ​ង​ទទួល​យក​ការ​ឈ្លាន​ពាន និង​អំពើ​ឧក្រិដ្ឋ​ពី​សំណាក់​រដ្ឋាភិ​បាល និង​យោធា​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ