អង្គការសង្គមស៊ីវិលកម្ពុជាជិត ២០ស្ថាប័ន ជំរុញឱ្យមានការការពារជនស៊ីវិល និងសន្តិសុខរបស់ស្ត្រី ក្នុងអំឡុងពេលមានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយពេលមានករណីអំពើហិង្សាផ្លូវភេទទៅលើស្ត្រីពលករទេសន្តប្រវេសន៍កម្ពុជាមួយរូប និងការបាញ់សម្លាប់ពលរដ្ឋគ្មានអាវុធប្រព្រឹត្តដោយកងទ័ពថៃ។
ការជំរុញនេះ បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលកម្ពុជាចំនួន១៦ ក្នុងនោះមានដូចជា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសីលការ អង្គការនារីដើម្បីសន្តិភាព អង្គការសហគមន៍ឥន្ទធនូកម្ពុជា និងវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាជាដើម ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
អង្គការសង្គមស៊ីវិលទាំងនោះ បានលើកឡើងថា ពួកគេមានក្តីបារម្ភជាខ្លាំងចំពោះការរាយការណ៍ករណីថ្មី ៗស្តីពីការរំលោភបំពានធ្ងន់ធ្ងរលើជនស៊ីវិល នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងករណីកើតឡើងថ្មីៗនេះ ពាក់ព័ន្ធនឹងការរំលោភបូកលើស្ត្រីជាពលករខ្មែរមួយរូប និងការបាញ់សម្លាប់ពលរដ្ឋស៊ីវិលខ្មែរដែលគ្មានអាវុធ ពីសំណាក់កងទ័ពថៃ។
សេចក្តីថ្លែងការណ៍រួម បានកត់សម្គាល់ថា ការរំលោភបំពានទាំងនេះ បានកើតឡើង បើទោះបីជារដ្ឋសមាជិកអាស៊ានបានអនុម័តផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (RPA-WPS) ដែលតម្រូវឱ្យរដ្ឋាភិបាលមានការប្តេជ្ញាចិត្តទប់ស្កាត់អំពើហិង្សាផ្លូវភេទ និងយេនឌ័រ ការពារស្ត្រី និងកុមារី នៅក្នុងបរិយាកាសជម្លោះ និងវិបត្តិ។
ខណៈមាត្រា៣រួមនៃអនុសញ្ញាទីក្រុងហ្សឺណែវ ចែងថា គ្រប់ភាគីនៃជម្លោះប្រដាប់អាវុធ ត្រូវតែការពារជនស៊ីវិលពីអំពើហិង្សា រួមទាំងអំពើដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន រួមទាំងកត្តិការ អនុសញ្ញា និងសិទ្ធិនានា ក៏មានចែងពីការការពារស្ត្រី និងកុមារផងដែរ។
ជាមួយគ្នានេះ សង្គមស៊ីវិលទាំងនោះ ក៏មានក្តីបារម្ភពីហានិភ័យកាន់តែច្រើនឡើង ដែលអាចកើតមានចំពោះកុមារ ក្មេងជំទង់ អនីតិជនគ្មានអ្នកអមដំណើរ និងពលករទេសន្តប្រវេសន៍វ័យក្មេង ដែលនៅតែងាយរងគ្រោះបំផុត ក្នុងអំឡុងពេលសកម្មភាពយោធាកើនឡើង និងការបិទព្រំដែន។
ការណ៍នេះ ពួកគេបានជំរុញឱ្យមានការការពារពលករទេសន្តប្រវេសន៍ និងសហគមន៍នៅតាមព្រំដែន ធានាសេរីភាពក្នុងការធ្វើដំណើរ ទប់ស្កាត់ការដាក់ទណ្ឌកម្ម រួមនិងអនុញ្ញាឱ្យមានការវិលត្រឡប់មកវិញដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលផ្លាស់ទី។
សង្គមស៊ីវិលទាំងនោះ ក៏បានជំរុញឱ្យបង្កើតការស៊ើបអង្កេតឯករាជ្យ និងមានតម្លាភាព បង្កើតយន្តការស្វែងរកការពិតរួមគ្នា ក្រោមការត្រួតពិនិត្យរបស់អាស៊ាន ទៅលើករណីអំពើហិង្សាផ្លូវភេទលើស្ត្រីខ្មែរ និងការសម្លាប់ជនស៊ីវិលពីសំណាក់ទាហានថៃ។ បន្តធានាឱ្យមានការការពារ និងការគាំទ្រដល់ជនរងគ្រោះ បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាជិតតំបន់ស៊ីវិល ស្តារបទឈប់បាញ់ឡើងវិញ និងពង្រឹងការអនុវត្តសេចក្តីប្រកាសអាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ជាដើម។
សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល បានលើកឡើងក្នុងសំណេរដើមថា៖ «សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនស៊ីវិល ជាពិសេសកុមារ ស្ត្រីនិងកុមារី និងក្រុមងាយរងគ្រោះដទៃទៀត ត្រូវតែជាស្នូលចម្បងនៃគ្រប់ការសម្រេចចិត្តផ្នែកសន្តិសុខទាំងអស់។ ឧបទ្ទវហេតុទាំងនេះ គូសបញ្ជាក់ពីតម្រូវការបន្ទាន់ឱ្យភាគីទាំងអស់ ត្រូវតែប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង លើកកម្ពស់បទដ្ឋានអន្តរជាតិ និងបទដ្ឋានថ្នាក់តំបន់ និងបង្ហាញមិនមានការអត់ឱនចំពោះនិទណ្ឌភាពឡើយ»។
ការចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺកើតឡើងក្រោយពីទាហានថៃ បានប្រើហិង្សាទៅលើពលករខ្មែរជាង១០នាក់ និងបានប្រើហិង្សាផ្លូវភេទទៅលើស្ត្រីជាពលករខ្មែរម្នាក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដោយឡែក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ក៏មានហេតុការណ៍នៃការបាញ់ប្រហាររបស់ទាហានថៃ មកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋម្នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់ទៀតបានរងរបួស៕









