អ្នកតាមដាន និងមន្ត្រីគណបក្សប្រឆាំងមួយចំនួន បានចង្អុលបង្ហាញពីគន្លឹះប្រើច្បាប់អន្តរជាតិ ដើម្បីទប់ ទល់ទៅនឹងមហិច្ឆតាឈ្លានពាន និងសង្គ្រោះទាហានខ្មែរ១៨នាក់ និងទារជំងឺចិត្តពីថៃ ខណៈរដ្ឋាភិបាលថៃបន្តឃុំឃាំងពួកគេ ធ្វើជាចំណាប់ខ្មែរ ដើម្បីសម្រេចមហិច្ឆតាលេបទឹកដីខ្មែរ។
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយ បាននិយាយនៅលើហ្វេសប៊ុក នៅថ្ងៃទី១៩ខែវិច្ឆិកានេះថា អ្នកប្រជាធិបតេយ្យមួយណា ឬ អង្គការសិទ្ធិមនុស្សមួយណា ក៏អាចជួយយកបណ្តឹងករណីឃុំខ្លួនទាហានខ្មែរ ទៅក្រុមការងារអង្គការសហប្រជាជាតិដែរ ប្រសិនបើក្រុមគ្រួសារពួកគាត់ផ្តល់សិទ្ធិជូនដោះស្រាយ។ ប៉ុន្តែថា ១១៣ថ្ងៃកន្លងផុតទៅ រដ្ឋាភិបាលដាក់ពាក្យបណ្តឹងនោះមិនចេញ ។
កូនស្រីលោក កឹម សុខា គូសបញ្ជាក់ថា យន្តការនេះជាមូលដ្ឋានផ្លូវការមួយ ដើម្បីឱ្យមានកំណាត់ត្រា និងការវិនិច្ឆ័យជាផ្លូវច្បាប់ ដែលមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ។
បើតាមប្រភពនោះ និយាយក្នុងសំដីដើមថា៖ «បន្ទាប់ពីបានការវិនិច្ឆ័យជាផ្លូវច្បាប់ពីស្ថាប័នអង្គការសហប្រជាជាតិនេះ យើងនឹងយកវាជាមូលដ្ឋានក្នុងការតស៊ូមតិតាមប្រព័ន្ធផ្សេងៗទៀត ដើម្បីស្វែងរកសម្ពាធបន្ថែមមកដាក់លើថៃ ឱ្យមានការដោះលែង ឬយ៉ាងហោចណាស់ វាជាការស្វែងរកយុត្តិធម៌លើផ្លូវច្បាប់ជាកិត្តិយសជូនពួកគាត់។ ការវិនិច្ឆ័យជាផ្លូវច្បាប់ពីស្ថាប័នអង្គការសហប្រជាជាតិនេះ មិនត្រឹមតែអាចទាមទារឱ្យមានការដោះលែងទេ គឺអាចមានការទាមទារឱ្យប្រទេសថៃសងជំងឺចិត្តជូនគាត់ទៀត ដូចក្នុងករណីលោក កឹម សុខា (ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនបានធ្វើតាម)»។
ជុំវិញរឿងនេះដែរ The Nation Thailand បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផន ណាក់ផានិត មកចុះផ្សាយនៅថ្ងៃទី១៩ខែវិច្ឆិកានេះថា ថៃនឹងមិនដោះលែងទាហានខ្មែរទាំង១៨នាក់នោះទេ រហូតដល់អរិភាពត្រូវបានបញ្ចប់ និងបានបញ្ជាក់ជំហរថាថៃ «កំពុងធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងតាមគោលការណ៍និងច្បាប់»។
នាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ របស់លោក កឹម សុខា គឺលោក មុត ចន្ថា និយាយថា វិធានបន្តឃុំខ្លួនទាហានខ្មែរ១៨នាក់ រដ្ឋាភិបាលថៃ និងយោធារបស់ខ្លួន កំពុងរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងហ្សឺណែវលើកទីបី ដែលត្រូវបានចាប់ខ្លួនដោយខុសច្បាប់ភ្លាមៗ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
លោករំឭកថា ថ្មីៗនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ជាសាធារណៈថា រដ្ឋាភិបាលរបស់លោកនឹងមិនដោះលែងឈ្លើយសឹកកម្ពុជាចំនួន ១៨នាក់ទេ ប្រសិនបើកម្ពុជា មិនយល់ព្រមបោសសម្អាតមីន។
លោក ចន្ថា គូសបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃ បង្ហាញយ៉ាងច្បាស់ថា យោធាខ្មែរ១៨នាក់នោះ ជា “កូនអុកនយោបាយ” ដើម្បីគំរាមកំហែងកម្ពុជា ហើយថានេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវលើកទីបី ដែលបានបង្កើតជាច្បាប់មនុស្សធម៌អន្តរជាតិ។
ក្នុងន័យនេះ លោក មុត ចន្ថា ពន្យល់ថា ជាធាតុផ្សំមួយនៃការការពារឈ្លើយសឹក ពួកគេនឹងត្រូវបានដោះលែងភ្លាមៗនៅពេលបញ្ចប់សង្គ្រាម ហើយត្រូវបានប្រព្រឹត្តដោយមនុស្សធម៌ដោយសេចក្តីថ្លៃថ្នូរ។ លោកថា អនុសញ្ញាទីក្រុងហ្សឺណែវលើកទីបី ផ្តល់នូវការការពារជាច្រើនសម្រាប់ឈ្លើយសឹក។
ជាង៤ខែមកនេះ ថៃបានពង្រីកការឈ្លានពានទឹកដីខ្មែរជាបន្តបន្ទាប់ ទោះថៃបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមសាក្សី ពីប្រធានអាស៊ានប្តូរវេន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្តី។
តាមរយៈនៃការរំលោភបំពានរបស់ថៃ ថៃបានធ្វើផ្លូវ និងរាយបន្លាលួសព័ទ្ធយកដីខ្មែរនៅប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ផ្នែកខ្លះនៅខេត្តពោធិ៍សាត់ ផ្នែកខ្លះនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបើកការបាញ់ប្រហារ ទៅលើពលដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ កាលពីថ្ងៃទី១២ខែវិច្ឆិកានេះ ក្រោមភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលគ្រួសារហ៊ុន។
ក្រសួងការពារជាតិកម្ពុជាវិញ នៅថ្ងៃទី១៩ខែវិច្ឆិកានេះ បន្តបង្ហោះសារអំពាវនាវឱ្យថៃដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះ មកឱ្យកម្ពុជាវិញឱ្យបានឆាប់ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារ។
បើតាមក្រសួងការពារជាតិ «ថ្ងៃនេះជា ថ្ងៃទី១១៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ»។
កម្ពុជា អំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់វិញ។
លើសពីនេះ ក្រសួងថា រដ្ឋាភិបាលកម្ពុជា កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ គ្រប់យន្តការដោះស្រាយទាំងអស់ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
យ៉ាងណា អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត និយាយកាលពីថ្ងៃទី១៥ខែវិច្ឆិកាថា ជម្រើសពីរដែលរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែប្រឆាំងតបនឹងទង្វើឧក្រិដ្ឋ និងការឈ្លានពានរបស់ថៃ។
ក្នុងន័យនេះ លោកថា ទី១រដ្ឋាភិបាលកម្ពុជាត្រូវប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC ) ដើម្បីបង្ហាញមុខអ្នកទទួលខុសត្រូវ និងជាការផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងទី២កម្ពុជាត្រូវប្រើកម្លាំងឆ្លើយតប មិនអាចឈរមើលជីវិតទ័ព និងពលរដ្ឋស្លាប់ដូចសត្វធាតុនោះទេ។
លោកសង្កត់ធ្ងន់ថា៖ «បើទាំងពីរនេះ គ្មានការឆ្លើយតបដោយជម្រើសណាមួយសោះ មានន័យស្មើនឹងទទួលយកការឈ្លានពាន និងអំពើឧក្រិដ្ឋ»៕









