គម្រោងរុញសំណុំរឿងព្រំដែនទៅតុលាការICJរបស់​រដ្ឋាភិបាល​​ក្រៅ​ប្រទេស​ក្រោម​ក្រសែភ្នែ​ក​ខ្វះ​ទំនុក​ចិត្ត

រដ្ឋាភិបាល​ក្រៅប្រ​ទេស​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ពី​គម្រោង​រុញ​សំណុំ​រឿង​ព្រំដែន​ប្តឹង​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ ICJ ដើម្បី​ទប់​ស្កាត់​មហិ្ចចតា​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង ខណៈ​រដ្ឋាភិ​បាល​គ្រួសារ​ហ៊ុន​មិន​ប្រើ​ជម្រើស​នេះ។

យ៉ាង​ណា អ្នក​ច្បាប់ និង​អ្នក​តាម​ដាន យល់​ថា ជម្រើស​របស់​រដ្ឋាភិបាល​ក្រៅ​ប្រទេស​នេះ ទំនង​ជា​មិន​អាច​ជោគ​ជ័យ​ទេ បើ​ខ្វះ​ការ​គាំទ្រ​ជាល​ក្ខណៈ​ជាតិ និង​អន្តរ​ជាតិ​​នោះ។

នៅថ្ងៃ​ពុធ ទី​១៩ ខែ​វិច្ឆិកា​នេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣​តុលា របស់​លោក សម រង្ស៊ី បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍ បង្ហាញ​ការ​សោក​ស្តាយ​ជា​ពន់​ពេក ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ មិន​បាន​យក​សំណុំ​រឿង​ជម្លោះ​ព្រំដែន​កម្ពុជា និង​​ការ​រង​គ្រោះ បាត់​បង់​ជីវិត​របស់​យុទ្ធ​ជន និង​ពលរដ្ឋ​ខ្មែរ ពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ ប្តឹង​នៅ​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ (ICJ) និងតុ​លាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ (ICC) ។

ប្រភពនិយាយថា កងទ័ពថៃបានចូលទន្ទ្រានកាន់កាប់ទឹកដី​កម្ពុជា​ជា​ច្រើន​កន្លែង តាំង​ពី​ការ​សម្លាប់​លោក​ព្រិន្ទ​បាល​ឯក សួន រោន និង​យុទ្ធជន​ខ្មែរ​នៅ​ជួរ​មុខ​ជា​ច្រើន​រូប ក្នុង​សមរភូមិ​ប្រយុទ្ធ​យ៉ាង​តិច​ចំនួន​១១​ទីតាំង រហូត​ដល់​ចូល​បាញ់​ប្រហារ​ពលរដ្ឋ​ខ្មែរ​ស្លាប់ និង​រង​របួស​ជា​ច្រើ​ននា​ក់​លើ​ទឹក​ដី​ខ្មែរ។

លោក សម រង្ស៊ី សំអាងថា ដោយស្មារតីការពារទឹកដី​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា សម្រេច​ប្តឹង​ករណី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ ដោយ​បាន​ពិភាក្សា​ជាមួយ​មេធាវី​អន្តរ​ជាតិ ក្នុង​ការ​រៀប​ចំ​ពាក្យ​បណ្តឹង​និងកា​រ​ពារ​ក្តី​នៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ។

ប្រភព​អះអាងថា សកម្មភាពទាហានថៃ គឺជាការបំពានធ្ងន់ធ្ងរ​លើ​បទដ្ឋា​ន​មនុស្សធ​ម៌អ​ន្តរ​ជាតិ ហើយ​មាន​ឥទ្ធិពល​​បង្ក​គ្រោះថ្នា​ក់​ធំធេង និង​យូរ​អង្វែង​ដល់​ជន​ស៊ីវិល​ខ្មែរ ជាពិសេស​កុមារ​ខ្មែរ ហើយ​កង​ទ័ព​ថៃ​បាន​បាញ់​កាំភ្លើង​ធុន​ធ្ងន់​លើ​ប្រាង្គ​ប្រាសាទ​ព្រះវិ​ហារ ដែល​ជា​បេតិក​ភណ្ឌ​ពិភព​លោក​បង្ក​ឱ្យ​ខូច​ខាត។

លោក​បន្ត​ថា កងទ័ពថៃបានចូលឈ្លានពាន និង​កំពុង​កាន់​កាប់​ទឹក​ដី​កម្ពុជា នៅ​ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច ភ្នំ​ទ្រព្យ ច្រក​អាន​សេះ ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ និង​តំបន់​ជាច្រើន​កន្លែង​ទៀត​ ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លាក់​បាំង​ប្រជា​ពលរដ្ឋ​ខ្មែរ។

តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បញ្ជាក់ប្រាប់VODថា ការ​ប្រកាស​ប្តឹង​ថៃ​ទៅតុ​លាការ​អន្តរ​ជាតិ​នេះ ព្រោះ​គ្មាន​សង្ឃឹម​លើ​មេដឹក​នាំ​គ្រួសារ​ហ៊ុន​ក្នុង​ការ​ការ​ពារ​ជាតិ មាតុ​ភូមិ និង​ប្រជារាស្រ្ត​ខ្មែរ។

លោកអះអាងថា រដ្ឋាភិបាលក្រៅប្រទេសនឹងព្យាយាមឱ្យអស់ពី​សមត្ថ​ភាព ដើម្បី​ជំរុញ​សំណុំ​រឿង​ព្រំ​ដែន និង​ករណី​បាញ់​សម្លាប់​យុទ្ធ​ជន និង​ពលរដ្ឋខ្មែរ​ទៅ​តុលាការ​អន្តរ​ជាតិ ដើម្បី​ការ​ពារ​ជាតិ​និង​ពលរដ្ឋ​ខ្មែរ។

លោកថា៖ «យើងសម្រេចប្តឹងទៅICJដោយសារ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អត់​ប្ដឹង​ទៅ​ICJយើង​យល់​ថា​មាន​តែតុ​លាការ​យុត្តិ​ធម៌​អន្ដរ​ជាតិ​ICJនោះ​ទេ ដែល​អាច​បញ្ចប់​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ​ហើយ​នឹង​អាច​ឲ្យ​កម្ពុជា​ទាមទារ​ទឹក​ដី ដែល​ថៃ​កំពុង​គ្រប់​គ្រង​ដែល​ជាទឹ​ក​ដី​ខ្មែរ​នោះ​ត្រឡប់​មក​វិញ​ ហើយ​យើង​ក៏​នឹង​ប្ដឹង​ទៅ​សហ​ប្រធាន​នៃ​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មាន​ប្រទេស​ឥណ្ឌូ​ណេស៊ី និង​ប្រទេស​បារាំង​ជា​សាក្សី»។

យ៉ាងណា អ្នកវិភាគភូមិសាស្ត្រនយោបាយ​នៅអាស៊ី​អាគ្នេយ៍ និង​​ជា​​នាយក​​​​ក​​ម្ម​វិធី​​​តស៊ូ​ម​​​​​តិ​​នៃ​អ​​ង្គ​​ការប្រជា​ធិបតេ​យ្យ​ខ្មែរ​​​ដែល​​មាន​​មូល​​ដ្ឋាន​​នៅ​​ប្រទេស​​​អូស្ត្រាលី លោក សេង វណ្ណលី ហាក់​គ្មាន​ជំនឿ​ថា តុលាការ​អន្តរ​ជាតិ អាច​នឹង​ទទួល​យក​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិ​បាល​ក្រៅ​ប្រទេស​នេះ​ទេ។

ក្នុងន័យនេះ លោកពន្យល់ថា តាមច្បាប់អន្តរជាតិ ទាល់តែរដ្ឋាភិបាលស្រប​ច្បាប់ មាន​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ មាន​កៅអី​ក្នុង​អង្គការ​សហ​ប្រជា​ជាតិ ទើប​មាន​សិទ្ធិ​ប្តឹង​រដ្ឋ​បរទេស រំលោភ​ឈ្លាន​ពាន​បាន។

លោកថា៖ «គោលការណ៍បទដ្ឋានរបស់តុលាការយុត្តិធម៌​អន្តរ​ជាតិ​មាន​តែ​រដ្ឋ​ទេ ដែល​ជា​ភាគី​នៃ​ជម្លោះ​ហើយ​អាច​រៀប​ចំ​ពាក្យ​បណ្ដឹង​ ប្ដឹង​ទៅតុ​លាការ​បាន​ បើ​ផ្អែក​ទៅ​លើ​មាត្រា​ទី​៣៤​នៅ​កថា​ខណ្ឌ​ទី១​ គឺ​បាន​ចែង​យ៉ាង​ច្បាស់​ថា រដ្ឋ​កម្ពុជា​អាច​ដាក់​ពាក្យ​បណ្ដឹង ឬ​អាច​ប្ដឹង​តុលាការ​ដោះស្រា​យតែ​ពាក្យ​បណ្ដឹង​របស់​អាជ្ញាធរ​ដែល​ប្រព័ន្ធ​អន្តរ​ជាតិ និង​សហគមន៍​អន្តរ​ជាតិ​ទទួល​ស្គាល់​រដ្ឋ ដែល​ទទួល​ស្គាល់​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ ឬ​ក៏ស​ហគមន៍​អន្ដរ​ជាតិ គឺ​មាន​ន័យ​ថា ស្ថាប័ន​អន្តរ​ជាតិ ដូច​ជា​ UN ទទួល​ស្គាល់​ស្ថាន​ភាព​ជា​រដ្ឋ​អធិប​តេយ្យ​របស់​កម្ពុជា​គឺ​UN​ទទួល​ស្គាល់​តំណាង​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន នៅ​ក្នុង​អង្គ​ការ​មហា​សន្និបាត​អង្គកា​រស​ហ​ប្រជាជាតិ​ដែល​យើង​ហៅ​ថា​អង្គារ»។

យ៉ាងនេះក្តី លោក សេង វណ្ណលី លើកទឹកចិត្តឱ្យរដ្ឋាភិបាលក្រៅ រក្សា​ជំហរ​បន្តរក​វិធី​សាស្រ្ត​តតាំង ប្រគួត​ប្រជែង​អំណាច​តាម​បែប​ប្រជា​ធិប​តេយ្យ ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​វិញ ទើប​ជា​ការ​ល្អ។

លោកថា៖ «អ្វីដែលអាចធ្វើបានសម្រាប់រដ្ឋាភិបាលក្រៅប្រទេស ដឹក​នាំ​លោក សម រង្ស៊ី គឺ​ទី១ ត្រូវ​លុប៊ី​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ព្យាយាម​ដាក់​សម្ពាធ​រដ្ឋាភិបាល​ភ្នំពេញ​ហ្នឹង ឲ្យ​ជំរុញ​ករ​ណី​នេះ​ប្រឆាំង​នឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ ហើយ​ព្យាយាម​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ភ្នំពេញ​បច្ចុប្បន្ន និង​ប្រាប់​អំពី​វឌ្ឍន​ភា​ព​នៃ​ដំណើរ​ការ​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​ ដែល​ខ្លួន​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​ខែ​មុន ក្រោយ​អំពី​ជម្លោះ​ទៅ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​ថៃ​ ហើយ​រដ្ឋាភិ​បាល​និរទេស​របស់​ លោក សម រង្ស៊ី ក៏​អាច​ដើរ​តួនាទី​ជា​តួអ​ង្គ​នៅ​ក្នុង​ការ​តស៊ូម​តិ​នៅ​ក្នុង​អង្គ​ការ​សហ​ប្រជា​ជាតិ ឬ​ក៏​ព្យាយាម​បញ្ចុះ​បញ្ចូល​សមាជិក​អង្គ​ការ​សហ​ប្រជា​ជាតិ​ផ្សេង​ទៀត»។

ប្រហែលគ្នា​នេះដែរ ប្រធាន​ការិយាល័យក្រុមអ្នកច្បាប់ និង​ទីប្រឹក្សា​អមរិន្ទ លោក សុខ សំអឿន និយាយ​ថា ករណី​រដ្ឋាភិបាល​ក្រៅ​ប្រទេស ២៣​តុលា ចង់​ប្តឹង​ថៃ​ទៅតុ​លាការ​អន្តរជាតិICJ ហាក់គ្មានសង្ឃឹមទេ។

ក្នុងន័យនេះ លោកបញ្ជាក់ថា ​ជាគោលការណ៍អន្តរជាតិ មានតែ​រដ្ឋ​សមាជិក​​អង្គការ​សហ​ប្រជា​ជាតិ​​ទាំង​ ១៩៣ ប៉ុណ្ណោះ​ ដែល​​អាច​ដាក់​​ពា​ក្យប​ណ្តឹង​​​​ទៅ​កាន់​​តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ ICJ បាន ព្រោះ​តុលាការ​​នេះ គ្មាន​​យុត្តាធិការ​​ក្នុង​ការ​​ជំ​នុំជ​ម្រះ​​លើ​​បណ្តឹ​ង​​របស់​​បុគ្គល ​ឬ​អង្គ​ការ​​ស្ថាប័ន​មិន​មែន​​រដ្ឋាភិ​​បាល​​​ឡើយ​។

លោកថា៖ «បើរដ្ឋាភិបាលក្រៅប្រទេសមានសុពលភាពអី មានស​មត្ថកិច្ច​អី បើ​គាត់​ប្ដឹង​ក្នុង​នាម​ជា​ពលរដ្ឋខ្មែរ​ អូខេ​​ប្រហែល​ជា​អាច​បាន តែ​ដល់​គ្រោង​បណ្ដឹង​ក្នុង​នាម​រដ្ឋាភិបាល​ អាហ្នឹង​វា​អត់​ត្រូវ ប៉ុន្តែ​ប្រហែល​ជាគា​ត់​ចង់​សាក​មើល​ថាគេ​ព្រ​ម​ទទួល​អត់ ព្រោះ​ពួក បើ​រដ្ឋាភិបាល​ក្រៅប្រ​ទេស​សួរ​ថា​វាស្រ​ប​ច្បាប់​អត់​ មាន​ច្បាប់​ណាកា​រ​ពារ មាន​ច្បាប់​ណា​គាំទ្រ»។

យ៉ាងនេះក្តី លោក សុខ សំអឿន​ បញ្ជាក់ដែរថា ក្នុងន័យនេះ លោកមិនបានបន្តុះ​បង្អាប់ ឬ​បង្អាក់​ដំណើរ​ការ​របស់​ក្រុម​ណា ឬ​ស្ថាប័ន​រដ្ឋាភិ​បាល​ណានោះ​ទេ​ ព្រោះ​វា​ជា​សិទ្ធិ​របស់​គេ។

ជុំវិញ​បញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ ប្រាប់​VOD​ថា លោក​ហាក់​មិន​ចង់ឆ្លើយ​តប​នឹង​ក្រុម​ប្រឆាំង​ទេ លោក​ថា វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ ដែល​រដ្ឋាភិ​បាល​ក្រៅ​ប្រទេស តែង​តែ​បំពុល​សង្គម និង​ធ្វើ​រឿង​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ​នោះ។

លោកថា៖ «ខ្ញុំគ្មានអ្វីទៅឆ្លើយចំពោះក្រុមក្រៅច្បាប់ទេ វា​អត់​មាន​ជា​តម្លៃ​ទេ ហើយ​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក​ បាន​ធ្វើ​ហើយ​ទៅ​លើកិ​ច្ច​ការ​ងារ​ទាំង​អស់​ហ្នឹង យើង​កំពុង​តែ​ធ្វើ​ ក៏​ប៉ុន្តែ​ដូច​ខ្ញុំបា​ន​បញ្ជាក់​ជូន​ថា​ពួកគេ​គឺ​ជាក្រុ​ម​មនុស្ស​ដែល​ដេក​មិន​លក់​ទេ​ ប៉ុន្តែ​ធ្វើ​ជាដេ​ក​លក់»។

ជុំវិញ​ជម្លោះ​ព្រំដែន​នេះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួង​ការ​បរទេ​ស​​កម្ពុជា លោក ប្រាក់ សុខុន បាន​​​ជូ​ន​​ព័ត៌​​មាន​​ទៅ​​​តុលាការ ICJ អំពី​​​បំណង​​ដាក់​​ពាក្យ​​ស្នើ​​​សុំ​តុ​​លាការ ICJ ធ្វើ​ការ​​វិនិច្ឆ័យ​វិវាទ​​ព្រំដែន​​លើ​​​តំបន់​​ទាំ​ង​​៤ តាម​លិខិត​ចុះ​ថ្ងៃ​ទី១​៥ ខែ​មិថុនា ឆ្នាំ២០២៥។

បញ្ហា​នេះ​ធ្វើ​ឱ្យ​ក្រុម​អ្នក​តាម​ដាន អះ​អាង​ថា ចាប់តាំងពីពេលនេះមក រដ្ឋាភិបាល​គ្រាន់​តែ​ជូន​ដំណឹង​ទៅ(ICJ) មិន​ទាន់​បានដាក់​ពាក្យប្តឹងនោះទេជិត៥ខែទៅនេះ។

យ៉ាងនេះក្តី បើតាម លោក សម រង្ស៊ី វិនាសកម្មចុងក្រោយរបស់កម្ពុជា​ពី​ការ​ឈ្លាន​ពាន​ គឺ​ការ​បាញ់​ប្រហារ​ដោយ​កង​ទ័ព​ថៃ​បាន​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​ម្នាក់ និង​របួស​៣នាក់ ក្នុង​ភូមិ​ព្រៃចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ កា​ល​ពីរ​សៀល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។ ហើយ​ថា «អំពើ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​ប្រទេស​កម្ពុជា ជម្រើស​ត្រូវ​តែ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ គឺ​នៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ»។

ក្រមព្រ​ហ្មទណ្ឌមា​ត្រា​៤៤០ ចែ​​ងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់មួ​យជី​វិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ