អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) ជំរុញឱ្យរដ្ឋាភិបាលថ្មីថៃដឹកនាំដោយលោក អនុធីន លើកកម្ពស់សិទ្ធិមនុស្សឡើងវិញ បញ្ឈប់ការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសដើម ដែលធ្វើឱ្យពួកគេប្រឈមការធ្វើទុក្ខបុកម្នេញ ទារុណកម្ម រួមទាំងការគំរាមកំហែងដល់អាយុជីវិត។
នេះបើតាមអង្គការឃ្លាំមើលសិទិ្ធមនុស្សដែលបាននិយាយក្នុងលិខិតមួយផ្ញើជូននាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកស្រី Elaine Pearson នាយកប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch និយាយថា៖ «នាយករដ្ឋមន្ត្រី Anutin មានឱកាសដើម្បីរៀបចំផ្លូវថ្មីមួយសម្រាប់ប្រទេសថៃ ដោយបញ្ចប់ការរំលោភសិទ្ធិមនុស្សដែលកំពុងបន្ត។ រដ្ឋាភិបាលថៃថ្មីគួរតែអនុម័តផែនការច្បាស់លាស់មួយដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ហើយអនុវត្តវា»។
ប្រភពនោះថា អាជ្ញាធរថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបំពានលើការហាមឃាត់អន្តរជាតិប្រឆាំងនឹងការបង្អត់អាហារ ការបញ្ជូនជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសដើមវិញ ធ្វើឱ្យពួកគេប្រឈមការធ្វើទុក្ខបុកម្នេញ ទារុណកម្ម ឬការធ្វើបាបធ្ងន់ធ្ងរផ្សេងទៀត រួមទាំងការគំរាមកំហែងដល់អាយុជីវិត។
អាជ្ញាធរថៃបានបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួន រួមមានដូចជា កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាមជាដើមមកវិញដោយបង្ខំ។
ជាងនេះទៀត បន្ទាប់ពីឃាតកម្មលើអតីតសមាជិកសភាគណបក្សប្រឆាំងកម្ពុជា លោក លិម គិមយ៉ា នៅទីក្រុងបាងកក កាលពីខែមករា អ្នករិះគន់រដ្ឋាភិបាលកម្ពុជាជាច្រើននាក់ដែលរស់នៅក្នុងប្រទេសថៃ បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ។
បើតាមអង្គការឃ្លាំមើលសិទិ្ធមនុស្ស ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤មក អាជ្ញាធរថៃបានដាក់កម្រិតយ៉ាងតឹងរ៉ឹងលើទស្សនៈរិះគន់រដ្ឋាភិបាល និងមតិប្រឆាំង។
មនុស្សជិត ២០០០នាក់ ត្រូវបានកាត់ទោសពាក់ព័ន្ធការប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងការជួបប្រជុំជាសាធារណៈដោយសន្តិវិធី។
ការសម្លាប់ និងការបាត់ខ្លួនដោយបង្ខំអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គមស៊ីវិលដទៃទៀត នៅតែជាបញ្ហាធ្ងន់ធ្ងរលើកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសថៃ៕









