អ្នកទោសវៀតណាម៦នាក់ និងខ្មែរម្នាក់ ដែលបានប្រើអាវុធបាញ់រះ ដើម្បីរំដោះខ្លួនគេចចេញពីសំណាញ់ច្បាប់កម្ពុជា នាពេលឆ្មាំពន្ធនាគារកម្ពុជា បញ្ជូនមកជម្រះក្តីនៅតុលាការខេត្តស្វាយរៀងនោះ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានវិញអស់ហើយ ក្រោយពួកគេព្យាយាមរត់គេច។
ស្នងការនគរបាលខេត្តស្វាយរៀង និយាយនៅថ្ងៃទី១៨ ខែវិច្ឆិកាថា ការចាប់ខ្លួន ធ្វើឡើងនៅរសៀលថ្ងៃដដែល ហើយថា ០៥នាក់ ជាប្រុស ជនជាតិវៀតណាម និងម្នាក់ជាជនជាតិខ្មែរ។
លើសពីនេះ ស្ត្រីវៀតណាមម្នាក់ ដែលជាអ្នកលាក់អាវុធខ្លី ឱ្យជនជាប់ចោទ បើកការបាញ់រះសម្លុតសមត្ថកិច្ច ក្នុងហេតុការណ៍នោះ ក៏ត្រូវបានចាប់ខ្លួនដែរ ។
បើតាមមន្ត្រី អ្នកទោសទាំង៦រូបនោះ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បង្ក្រាបកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងបទល្មើសចាប់បង្ខាំងដោយខុសច្បាប់ ឬចាប់ជំរិតទារប្រាក់ ជនជាតិវៀតណាម ប្រើប្រាស់សារធាតុញៀន និងប្រើប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តនៅក្រុងបាវិត។
បើតាមវីដេអូឃ្លីបក្នុងកាមេរ៉ាសុវត្ថិភាព ដែលគេបង្ហោះចែកចាយ ក្រោយកើតហេតុភ្លាមៗ មានរយៈពេលជាង ៦នាទីនោះ គេសង្កេតឃើញមានស្ត្រីម្នាក់ ពាក់ឈុតខ្មៅ និងស្ពាយកាបូប បានឈររងចាំនៅក្នុងបរិវេណតុលាការខេត្តស្វាយរៀងជាមុន។
ក្រោយរថយន្តឆ្មាំពន្ធនាគារខេត្តស្វាយរៀង ដឹកជនជាប់ចោទមកដល់បរិវេណតុលាការខេត្តនេះ បុរសជាអ្នកទោស បានចុះពីលើរថយន្ត ហើយយកអាវុធខ្លី ពីស្ត្រីវៀតណាមនោះ បាញ់សម្លុតសមត្ថកិច្ច ហើយរត់គេចខ្លួនតែម្តង។
យ៉ាងណា បើតាមប្រភពខាងលើ ស្រ្តីជនជាតិវៀតណាម ដែលស្គាល់ថាអ្នកផ្តល់អាវុធ ត្រូវបានចាប់ខ្លួនដូចគ្នា ហើយកំពុងសាកសួរ និងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕









