ព័ត៌មានបឋម ឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ និងជាង ២០នាក់ទៀតរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលមកពីរថយន្តក្រុង២ជាន់ដឹកអ្នកដំណើរមួយគ្រឿង បានបើកបុកស្ពានអូរប្រាសាទ ធ្លាក់ចូលក្នុងទឹក នៅស្រុកសន្ទុក ខេត្តកំពង់ធំ។
សេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកនានា ឱ្យដឹងថា នៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបង្កដោយរថយន្តក្រុង២ជាន់ ដឹកអ្នកដំណើរក្នុងទិសដៅសៀមរាប-ភ្នំពេញ បានបុកស្ពានអូរប្រាសាទធ្លាក់ចូលក្នុងទឹក នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពទាំងនោះ បន្តថា ហេតុការណ៍នោះ បានបណ្តាលឱ្យមនុស្សចំនួន ២៣នាក់ រងរបួសធ្ងន់និងស្រាល និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ខណៈមនុស្សជាង ១០នាក់ទៀត បានបាត់ខ្លួននៅក្នុងទឹក។
យ៉ាងណា អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍នៅស្រុកសន្ទុក ខេត្តកំពង់ធំ លោក ស៊ីវ សុវណ្ណា បានប្រាប់សារព័ត៌មានថ្មីៗថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យមនុស្សស្លាប់ ១៣នាក់ និងរបួសច្រើននាក់។ ចំពោះមូលហេតុលម្អិតនៃគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងដោះស្រាយ។
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងឆមាសទី១ នៃឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ទៅទូទាំងប្រទេស បានកើតមានចំនួន ១ ០៦៦លើក ក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់ជិត៧០០នាក់ (៦៩៤នាក់) និងរបួសជាង ១ ៤០០នាក់ (១៤៧៦នាក់)។
ប្រភពដដែលបន្តថា មូលហេតុបង្កគ្រោះថ្នាក់ភាគច្រើន ដោយសារបើកបរល្មើសល្បឿន (៥០%) មិនគោរពសិទ្ធិ(២១%) មិនប្រកាន់ស្តាំ(១១%) ប្រជែងគ្រោះថ្នាក់(៧%) ស្រវឹង(៥%) បត់(២%) កត្តាយានយន្ត(២%) ងងុយ(១%) និងសញ្ញាចរាចរណ៍(១%)៕









