នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លូកដៃមកបញ្ឈប់សង្គ្រាមឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា និងសម្រេចដកបម្រាមលក់អាវុធឱ្យកម្ពុជា ព្រមទាំងបើកឱ្យមានការធ្វើសមយុទ្ធយោធារវាងកងទ័ពប្រទេសទាំងពីរឡើងវិញ អ្នកតាមដានខ្លះថា វាជាការចាប់ផ្តើមដែលអាមេរិកសាកល្បងហែកកម្ពុជាឱ្យចេញពីក្រញ៉ាំចិន ដើម្បីបម្រើភូមិសាស្ត្រនយោបាយរបស់ខ្លួន ខណៈបញ្ហាសមុទ្រចិនខាងត្បូង និងដែនកោះតៃវ៉ាន់ កំពុងឡើងកម្តៅ។
ត្រង់ចំណុចនេះ មានការចោទសួរថា តើកម្ពុជាជាប្រទេសដែលអាចជាដៃគូភូមិសាស្ត្រនយោបាយ ឬក៏គ្រាន់តែជាឈ្នាន់សម្រាប់គេប្រើក្នុងភូមិសាស្រ្តនយោបាយ?
មុននឹងធ្វើការវិភាគទៅលើចំណុចគន្លឹះនេះ វីអូឌីសូមរំឭកពីការធ្លាក់ចុះខ្លាំងនៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងយុគថ្មីនេះ គឺនៅពេលលោក ហ៊ុន សែន ដែលមានមហាអំណាចចិន និងវៀតណាម ធ្វើជាខ្នងបង្អែក បានប្រើតុលាការរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ លោក កឹម សុខា ប្រធានគណបក្សនេះឃុំខ្លួនកាលពីចុងឆ្នាំ២០១៧ ដោយចោទសហរដ្ឋអាមេរិកថា នៅពីក្រោយគណបក្សសង្គ្រោះជាតិមានបំណងផ្តួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែសហរដ្ឋអាមេរិក ក្នុងនោះក៏មានលោក ដូណាល់ ត្រាំ ផងដែរ បានច្រានចោលការចោទប្រកាន់នេះ។ មិនមែនមានតែសហរដ្ឋអាមេរិកមួយទេ សហភាពអឺរ៉ុប រួមទាំងអង្គការសហប្រជាជាតិផងដែរ គឺបានចាត់ទុកការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ឃុំខ្លួន លោក កឹម សុខា ដែលមានពលរដ្ឋគាំទ្រជិតកន្លះប្រទេសថា ជាល្បែងនយោបាយរបស់លោក ហ៊ុន សែន ដើម្បីបានក្រាញអំណាចតពូជ នៅពេលដែលគណបក្សសង្គ្រោះជាតិ បានហក់ឡើងប្រជាប្រិយភាពយ៉ាងខ្លាំង។
នៅពេលក្រោយមក សហរដ្ឋអាមេរិក បានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធGSP បញ្ឈប់ការលក់អាវុធឱ្យកម្ពុជា និងក៏បញ្ឈប់ការធ្វើសមយុទ្ធយោធាជាមួយកងទ័ពកម្ពុជាផងដែរ ដែលការណ៍នេះបានធ្វើឱ្យលោក ហ៊ុន សែន ខឹងសម្បារយ៉ាងខ្លាំងរហូតដល់ប្រមូលអាវុធចាស់ៗ ដែលផលិតនៅអាមេរិក ដុតចោលថែមទៀតផង។ កាលនោះ លោក ហ៊ុន សែន ក៏បោះពាក្យបោះសម្តីដាក់សហរដ្ឋអាមេរិកមិនខុសពី លោក Anutin Charnvirakul នាយកដ្ឋមន្ត្រីថៃបច្ចុប្បន្ននោះទេថា បើគ្មានទីផ្សារសហរដ្ឋអាមេរិក ក៏កម្ពុជាមិនស្លាប់ដែរ គឺកម្ពុជាអាចរកទីផ្សារផ្សេងទៀត ជាពិសេសគឺទីផ្សារចិន។
ប៉ុន្តែនៅពេលមានការផ្ទុះសង្គ្រាមស៊ីសាច់ហុតឈាមគ្នា ដែលចាប់ផ្តើមពីកងទ័ពថៃបើកការបាញ់ផ្លោង និងប្រើយន្តហោះF-16របស់អាមេរិកទម្លាក់គ្រាប់បែកចង្កោម ស្រោចដូចទឹកភ្លៀងមកលើកងទ័ពកម្ពុជាអស់រយៈពេល៥យប់៥ថ្ងៃ មហាមិត្តចិន និងវៀតណាម ដែលជាមិត្តដែកថែប និងជាមិត្តម៉ឺនឆ្នាំរបស់លោក ហ៊ុន សែន បែរជានៅសម្ងំស្ងៀម សូម្បីតែថ្កោលទោសថៃមួយម៉ាត់ក៏គ្មានដែរ។
ប៉ុន្តែលោក ដូណាល់ ត្រាំ តាមរយៈលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានលូកដៃអន្តរាគមន៍ឱ្យមានបទឈប់បាញ់លើកទី១ កាលពីថ្ងៃទី២៨ខែកក្កដា និងលើកទី២ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ខែតុលា ដោយមានវត្តមាន លោក ដូណាល់ ត្រាំ មកចុះហត្ថលេខាធ្វើជាសាក្សីលើសេចក្តីថ្លែងការណ៍រួម ស្តីពីបទឈប់បាញ់ជាថ្មីទៀតដោយផ្ទាល់។
នៅក្នុងពិធីមួយកាលពីថ្ងៃទី១៧ខែវិច្ឆិកា លោក ហ៊ុន សែន បានហៅពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីបទឈប់បាញ់រវាងកម្ពុជានិងថៃថា ធ្វើឡើងនៅប្រទេសម៉ាឡេស៊ីពិតប្រាកដមែន ប៉ុន្តែបន្ទាប់ពីចុះហត្ថលេខាត្រូវបានរៀបចំឡើងតាមបែបអាមេរិកហើយ លោកបានសរសើរថា សហរដ្ឋអាមេរិកមានភាពច្បាស់លាស់ណាស់លើបញ្ហាពិធីការនិងសន្តិសុខ។
ក្នុងរបត់នៃភូមិសាស្ត្រនយោបាយនេះ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ប្រាប់វីអូឌីថា ជាទូទៅកាលណាប្រទេសមហាអំណាច ប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នា នៅក្នុងតំបន់ក្តី នៅក្នុងពិភពលោកក្តី ប្រទេសតូចៗតែងតែរងនូវសម្ពាធមិនខាននោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺប្រទេសតូច ដូចជាកម្ពុជាត្រូវចេះបត់បែន ពីព្រោះក្នុងបរិបទនេះមិនខុសអ្វីពីការដើរក្រោមជើងដំរីនោះឡើយ បើសិនជាភ្លាត់ គឺត្រូវដំរីជាន់មិនខាន។ នៅក្នុងប្រវត្តិសាស្ត្រមានការដណ្តើមភូមិសាស្ត្រ និងឥទ្ធិពលមនោគមន៍វិជ្ជានយោបាយរវាងមហាអំណាចសេរី និងមហាអំណាចកុម្មុយនីស្ត ហើយកម្ពុជាបានធ្លាក់ទៅក្នុងល្បែងមនោគមន៍វិជ្ជាកុម្មុយនីស្ត គឺបានធ្វើឱ្យកម្ពុជារងគ្រោះអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
សម្រាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ អ្វីដែលជាជម្រើសល្អសម្រាប់កម្ពុជានៅពេលនេះ គឺត្រូវពង្រឹងជំហរអព្យាក្រឹត្យពិតប្រាកដរបស់ខ្លួន ពីព្រោះប្រសិនបើកម្ពុជាមានជំហរឃ្លីងឃ្លោងទៅខាងណាមួយ ប្រាសចាកពីរដ្ឋធម្មនុញ្ញនោះ នឹងធ្វើឱ្យមហាអំណាចណាមួយដែលប្រកួតប្រជែង ច្បាស់ជាមិនសប្បាយចិត្តជាមួយកម្ពុជាមិនខាន។
លោកថា៖ «សម្រាប់សហរដ្ឋអាមេរិក យើងស្តារទំនាក់ទំនងល្អឡើងវិញទៅ ហើយអនុវត្តទៅតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មានចែកក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹង វាស្របទៅនឹងអ្វីដែលអាមេរិកចង់បានហើយ រឿងប្រជាធិបតេយ្យ រឿងគោរពសិទ្ធិមនុស្ស ទីផ្សារសេរី លុបបំបាត់អំពើពុករលួយ លាងលុយកខ្វក់ ល្បែងអនឡាញ គ្រឿងញៀន ការជួញដូរមនុស្សអីជាដើម អាហ្នឹងសុទ្ធតែជាអ្វីដែលអាមេរិកចង់ឃើញ ប្រសិនបើយើងអនុវត្តបានធ្វើបាន អាហ្នឹងជាមួយអាមេរិកមិនពិបាកពេកទេ ហើយយើងអាចចាប់ជាដៃគូពាណិជ្ជកម្មជាមួយអាមេរិកឱ្យបានប្រសើរទៅ ខ្ញុំគិតថា ទំនាក់ទំនងជាមួយអាមេរិកហ្នឹង វានឹងបានប្រសើរឡើងវិញហើយ»។
អ្នកឃ្លាំមើលមួយចំនួន កត់សម្គាល់ថា នាពេលចុងក្រោយនេះ អាមេរិកហាក់ដូចជាមានឆន្ទៈក្នុងការស្តារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ តាមរយៈការដកបម្រាមលក់អាវុធបើកឱ្យមានការធ្វើសមយុទ្ធយោធារួម និងការពង្រឹងសន្តិសុខក្នុងតំបន់ជាដើម ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏យល់ព្រមសហការជាមួយភ្នាក់ងារស៊ើបអង្កេតFBIរបស់អាមេរិក លើការបង្ក្រាបឧក្រិដ្ឋកម្មល្បែងអនឡាញជាដើម ដែលនេះវាជារឿងមួយដែលល្អសម្រាប់កម្ពុជា។
កាសែតចិន សាវ ឆាយណា ម៉នីង ផូស (South China Morning Post) បានចេញផ្សាយអត្ថបទវិភាគកាលពីពេលថ្មីៗនេះថា តើការដែលអាមេរិកបញ្ចប់ការដាក់ទណ្ឌកម្មលក់អាវុធឱ្យប្រទេសកម្ពុជា នឹងអាចទាក់ទាញប្រទេសកម្ពុជា ឱ្យចាកចេញឆ្ងាយពីទីក្រុងប៉េកាំងដែរឬទេ នៅលើវិស័យការពារជាតិ? ។
តាមរយៈការលើកលែងទណ្ឌកម្មអាវុធមកលើប្រទេសកម្ពុជា គឺលោក ត្រាំ មានគោលបំណងទាក់ទាញកម្ពុជាឱ្យចាកចេញពីចិន ជាចំណាត់ការមួយដែលអ្នកជំនាញព្រមានថា ប្រហែលជាពិបាកនឹងសម្រេចបាន។ លោកស្រី លីសាឡែត អ៊ុតហ្គាត អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានផាតសុន ក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបានកាសែតនេះស្រង់សម្តីថា ការដកការហាមឃាត់ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់សហរដ្ឋអាមេរិក ដើម្បីវាយលុកចូលលើដែនឥទ្ធិពលរបស់ចិន មកលើកម្ពុជា។ លោកស្រីលើកឡើងថា គោលនយោបាយអាស៊ានរបស់អតីតប្រធានាធិបតី ចូ បៃឌិន គឺផ្តោតលើបទដ្ឋានប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងការដាក់កំហិតលើការផ្ទេរអាវុធទៅឱ្យរបប ដែលមានទំនោរផ្តាច់ការ។ ផ្ទុយទៅវិញ រដ្ឋបាល លោក ត្រាំ មានលក្ខណៈជាក់ស្តែង និងមានប្រតិបត្តិការរៀបជាការដោះដូរជាក់ស្តែង ដោយផ្តល់អាទិភាពជាការទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិន ជាជាងបញ្ហាអភិបាលកិច្ច។
ជាមួយគ្នានេះ អ្នកកាសែតជប៉ុន នីគី អេស៊ា (NIKKEI ASIA) បានសួរទៅរដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីថ្ងៃទី១៣ខែវិច្ឆិកាថា តើគោលនយោបាយអាមេរិកមានចក្ខុវិស័យបែបណា ចំពោះប្រទេសកម្ពុជាក្រោមការដឹកនាំថ្មីរបស់ លោក ហ៊ុន ម៉ាណែត។ លោករដ្ឋមន្ត្រីឆ្លើយតបថា សហរដ្ឋអាមេរិក កំពុងសំឡឹងឃើញសក្តដានុពល ក្រោមការដឹកនាំថ្មីរបស់ លោក ហ៊ុន ម៉ាណែត ដើម្បីសហការគ្នាក្នុងការបំផ្លាញសម្បុកឧក្រិដ្ឋជនឆបោកអនឡាញ។
ក្នុងបរិបទនេះ តើកម្ពុជាអាចទាញផលបែបណាពីមហាអំណាច បើមានការបង្រួបបង្រួមជាតិ?។
ត្រង់ចំណុចនេះ លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគនយោបាយ លើកឡើងក្នុងលក្ខណៈទូទៅថា ប្រទេសដែលជាប្រទេសមហាអំណាច ជាពិសេសសហរដ្ឋអាមេរិកភ្ជាប់ខ្លួនជាដៃគូភូមិសាស្ត្រនយោបាយ គឺជាប្រទេសស្ថិតនៅតំបន់ដែលជាច្រកយុទ្ធសាស្ត្រពាណិជ្ជកម្ម សម្បូរធនធានធម្មជាតិ មានសក្កដានុពលសេដ្ឋកិច្ចខ្លាំង មានការគ្រប់គ្រងនយោបាយប្រកបដោយស្ថិរភាពខ្ពស់ មានសមត្ថភាពខ្លាំងខាងការផលិតបច្ចេកវិទ្យា មានឥទ្ធិពលក្នុងតំបន់ ជាប្រទេសមានស្ថិរភាពនយោបាយល្អយូរអង្វែងមិនមានវិបត្តិផ្ទៃក្នុង និងអាចប្រើធ្វើជាដៃគូសហការផ្នែកសន្តិសុខ និងយោធានៅពេលមានតម្រូវការចាំបាច់ជាដើម។
ប៉ុន្តែសម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញថា តាំងពីដើមមកដល់បច្ចុប្បន្ន កម្ពុជាក៏ជាប្រទេសដែលជាចំណុចយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ និងយោធារបស់ប្រទេសមហាអំណាចពិភពលោក ដណ្តើមឥទ្ធិពលគ្នាដែរ ថែមទាំងបច្ចុប្បន្នកម្ពុជាជាសមាជិកអាស៊ាន និងវៀតណាមដែលនៅជាប់នឹងចិនផ្អៀងទៅសហរដ្ឋអាមេរិកក៏ដោយ។
លោកថា៖«ហើយការដែលថាតើយើងអាចក្លាយទៅជាកូនជឹង ដែលគេប្រើប្រាស់ហើយបោះបង់ចោល ឬក៏បានត្រឹមតែគេប្រើប្រាស់ អាហ្នឹងវាអាស្រ័យទៅលើយើងទេ បើយើងច្បាស់លាស់មានភាពបត់បែនបានល្អហើយឈ្លាសវៃ អាហ្នឹងយើងអាចចៀសផុតពីការរងគ្រោះ ដោយការប្រកួតប្រជែងនឹងហើយ ទទួលបានផលប្រយោជន៍ ពីព្រោះប្រទេសកាលណាមានទំនាក់ទំនងគ្នា វាតែងតែផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ទោះជាផលប្រយោជន៍អ្វីក៏ដោយ ទាំងសេដ្ឋកិច្ច ទាំងនយោបាយ ទាំងឥទ្ធិពលក៏ដោយ គឺប្រទេសមួយៗ តែងតែទទួលបានផលប្រយោជន៍»។
យ៉ាងណាក្តី សម្រាប់លោកបណ្ឌិត មាស នី វាមានភាពខុសគ្នារវាងប្រទេសដៃគូភូមិសាស្ត្រនយោបាយ និងប្រទេសដែលគេគ្រាន់តែប្រើជាឈ្នាន់ភូមិសាស្ត្រនយោបាយ។ លោកលើកឡើងតាមរយៈការធ្វើបទបង្ហាញរបស់លោក ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះថា បើគេចង់ឱ្យប្រទេសណាមួយក្លាយជាភូមិសាស្រ្តនយោបាយ គឺមិនមែនគ្រាន់តែប្រទេសនោះបន្ទន់តាមគេ ធ្វើអ្វីៗតាមគេនោះទេ វាទាល់តែប្រទេសនោះត្រូវខ្លាំងដោយខ្លួនឯងជាមុនសិន មុននឹងទៅចាប់យកមហាអំណាចណាមួយ ឬក៏មហាអំណាចណាមួយមកចាប់យកធ្វើជាទីតាំងភូមិសាស្រ្តនយោបាយ។
លោកថា៖ «សម្រាប់ប្រទេសដែលគេប្រើជាឈ្នាន់សម្រាប់ភូមិសាស្ត្រនយោបាយនេះ គឺមានគ្រោះច្រើន គ្រោះដោយសារអី? នៅពេលណាបើសិនជាមានវិបត្តិពិភពលោកណាមួយកើតឡើង បើសិនជាប្រទេសនោះនៅខាងអ្នកឈ្នះ ឬនៅខាងអ្នកចាញ់ បើសិនជានៅខាងអ្នកចាញ់អាចធ្វើឱ្យមានហានិភ័យទៅលើការបាត់បង់ទឹកដី ឬក៏ត្រូវគេកាត់ចែកគ្នាដោយប្រការណាមួយ។ អ៊ីចឹងជាទូទៅប្រទេសដែលស្ថិតនៅក្នុងតំបន់ដែលមានភូមិសាស្ត្រនយោបាយអាចជាឱកាស ប្រសិនបើប្រទេសនោះ អាចពង្រឹងខ្លួនឯងខ្លាំង ដើម្បីចាប់ជាដៃគូជាមួយមហាអំណាច ប៉ុន្តែអាចរងគ្រោះប្រសិនបើប្រទេសនឹងមិនបានពង្រឹងខ្លួនឯងទេ ហើយចាំពឹងតែឱ្យគេជួយពឹងឱ្យគេសង្គ្រោះនៅពេលណាចាំបាច់។ ចឹងជារឿងពីរដែលខុសគ្នា»។
ប៉ុន្តែទោះយ៉ាងណា លោក ច័ន្ទរ័ត្ន ថា ប្រសិនបើកម្ពុជាមិនអាចបត់បែនបានទៅទាន់សភាពការណ៍ដោយមានជម្លោះផ្ទៃក្នុង ដណ្តើមអំណាចផ្ទៃក្នុងជាមួយខ្មែរគ្នាឯងដូចកាលពីសម័យមុនៗ នោះកម្ពុជានឹងរងគ្រោះថែមទៀត។ និយាយឱ្យខ្លី បើសិនជាកម្ពុជាមានមាគ៌ានយោបាយបង្រួបបង្រួមជាតិច្បាស់លាស់ មិនមានការបែកបាក់ផ្ទៃក្នុងជាតិ លោកជឿថា នឹងអាចចៀសផុតពីការរងគ្រោះក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចផង នឹងថែមទាំងអាចធ្វើឱ្យកម្ពុជារីកចម្រើនបានលឿនទៀតផង៕









