អតិថិជនខ្លះដែលខ្ចីលុយពីធនាគារព្រីនស៍ គំរាមសម្លាប់ខ្លួនទាំងគ្រួសារដោយសំអាងពីវិបត្តិជីវភាពធ្ងន់ធ្ងរ ដោយថាធនាគារនេះដាក់សម្ពាធបង្ខំឱ្យលក់ផ្ទះដោះបំណុល រួមទាំងតម្លើងប្រាក់ពិន័យ២៤ភាគរយ និងមានបន្ថែម១៨ភាគរយផ្សេងទៀត បើអតិថិជនបង់យឺតយ៉ាវធ្វើឱ្យបំណុលកើនទ្វេដង។
ការដាក់សម្ភាធលើអតិថិជននេះចំពេល ឧកញ៉ា ចេន ហ្ស៊ី ម្ចាស់ក្រុមហ៊ុនព្រីនស៍គ្រុបរងទណ្ឌកម្មពីមហាអំណាចសហរដ្ឋអាមេរិក និងចក្រអង់គ្លេស រួមទាំងប្រទេសមួយចំនួនទៀត រឿងបទឧក្រិដ្ឋឆបោក និងលាងលុយកខ្វក់ខ្នាតអន្តរជាតិ។
អតិថិជនធនាគាព្រីនស៍ អ្នកស្រី ម៉ម កាដែត ប្រាប់VODនៅថ្ងៃទី២០ ខែវិច្ឆិកាថា អ្នកស្រីបានខ្ចីលុយធនាគារព្រីនស៍សរុបចំនួន ១៦ម៉ឺនដុល្លារ កាលពីឆ្នាំ២០១៨ ដោយបញ្ជាំប្លង់ផ្ទះនៅធនាគារ។
ប្រភពថា លុយនោះយកមកប្រកបបើកអាជីវកម្មសាលារៀន តែក្រោយមកក៏មានវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យអាជីវកម្មជាប់គាំងលែងទទួលបានចំណូល ខណៈគាត់ត្រូវសងវិញ ១៥០០ដុល្លារក្នុងមួយខែ។
បើតាមអ្នកស្រី ការដែល១ឆ្នាំដំបូងគាត់បង់មិនដែលលើសទេ តែដោយសារវិបត្តិសេដ្ឋកិច្ច ទើបគាត់បង់តាមលទ្ធភាព តែធនាគារបង្ខំឱ្យគាត់លក់ផ្ទះដោះបំណុល និងបានប្តឹងទៅតុលាការរួចហើយដែរ ធ្វើឱ្យគាត់ប្រឈមវិបត្តិផ្លូវចិត្តរហូតចង់ធ្វើអត្តឃាត។
អ្នកស្រីថា៖ «ក្រោយមកក៏ខ្ញុំដាក់ផ្ទះហ្នឹងជួលក្នុងអំឡុងឆ្នាំ២០២៤ ក៏ខ្ញុំជួលទៅដាច់ក្នុងមួយខែបាន ៧០០(ដុល្លារ)។ ខ្ញុំជូនទៅធនាគារបាន៧០០ខែ ខ្ញុំសងបានតែ ៦០០ ទុក១០០សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ព្រោះអីកូនក្នុងបន្ទុក រៀនទាំងអស់តែក្រោយមកក៏អ្នកជួលហ្នឹងគាត់ជួលអគារខ្ញុំទៅ អត់ដំណើរការក៏គាត់ផ្អាកឈប់ជួល។ កាលខ្ញុំបានផ្ទះជួលក្នុងមួយខែ៧០០ហ្នឹង ខ្ញុំជូនគាត់៦០០ទៅធនាគារហ្នឹង ក៏គាត់ធ្វើបាបផ្លូវចិត្តខ្ញុំដែរ អូន តេរឿងប្តីខ្ញុំទៅរករឿងខ្ញុំរហូតតាមតេឡេក្រាមផ្ញើមករករឿងផ្លូវចិត្តអត់ឲ្យយើងសប្បាយចិត្តទេ។ ថ្ងៃមួយខ្ញុំពិបាកចិត្តពេក ខ្ញុំថាបើខាងលោកគ្រូអត់យល់អ៊ឺចឹង! ខ្ញុំសុខចិត្តមួយគ្រួសារខ្ញុំសម្លាប់ខ្លួនទាំងអស់ ហើយផ្ទះហ្នឹងខ្ញុំទុកចោលម៉ងឲ្យទៅជាផ្ទះមួយអាសារបង់»។
ជាមួយគ្នានេះ ក៏មានអតិថិជនព្រីនស៍ធ្លាប់ប្រាប់VODថា ពេលបង់សងទៅធនាគារយឺតយ៉ាវ ធនាគារបានពិន័យចំនួនលុយដែលបង់យឺត រួមជាមួយការប្រាក់ពី៨ភាគរយទៅ៩ភាគរយ និងបូកបញ្ចូលប្រាក់ដើមថែមទៀត។
ហើយចំពេលឧកញ៉ា ចេន ហ្ស៊ី ផ្ទុះរឿងរកស៊ីបទឧក្រិដ្ឋឆបោក ភាគីធនាគារក៏បានបង្កើនអត្រាការប្រាក់ដល់១៨ភាគរយក្នុងមួយឆ្នាំតែម្តង បើអតិថិជននៅតែបង់សងយឺតចាប់ពី១ខែឡើងទៅ និងពិន័យ២៤ភាគរយផ្សេងទៀត។
ប្រភពថា៖ «មិនថាបញ្ហាសេដ្ឋកិច្ចកូវីដអីអ៊ីចឹង រហូតមកដល់បច្ចុប្បន្ននេះ គឺប្រជាជនពិបាករកលុយណាស់បងអើយ រកលុយបង់អត់ទាន់ទេ។ ពេលគេដំឡើងការប្រាក់យើងពីធម្មតាទៅ១៨ភាគរយហ្នឹង ហើយគឺមាន២៤ភាគរយផាកពិន័យពីលើទៀត ដែលយើងអត់ទាន់មានលុយបង់។ ទោះបីយើងសូមព្យាយាមចរចាសម្រួលអីយ៉ាងណា ក៏អត់បានដែរ អត់បានទេ ហើយពិបាកណាស់បងអើយ ពិបាករស់នៅខ្លាំងមែនទែន។ ពួកខ្ញុំម្នាក់ៗអត់ត្រូវដឹងថាត្រូវដោះស្រាយបែបណា តើយើងត្រូវតែនៅប្រឹងរកលុយបង់ឲ្យគេទៀតឬក៏យ៉ាងម៉េច»។
ជុំវិញរឿងនេះVODមិនទាន់អាចសុំការឆ្លើយតបពីធនាគាព្រីនស៍បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា លោក សុខ ចាន់ ពន្យល់ថា ការគំរាមគំហែងឱ្យអតិថិជនលក់ទ្រព្យ ឬប្រើពាក្យសម្តីមិនសមរម្យលើអតិថិជន គឺប្រាសចាកពីក្រមសីលធម៌របស់មន្រ្តីឥណទាន។
ចំពោះអត្រាការប្រាក់វិញ លោក សុខ ចាន់ បញ្ជាក់ថា តាមច្បាប់ពិតជាមិនឱ្យពីលើស១៨ភាគរយមែន តែបើធនាគារបង្កើនការប្រាក់ខុសពីកិច្ចសន្យា ត្រូវជូនដំណឹងទៅអតិថិជនខ្លួន ក្នុងរយៈពេលសមស្របមួយ ដើម្បីទុកពេលឱ្យអតិថិជនមានសិទ្ធិតវ៉ាលើករណីនេះ។
ដោយឡែក ការពិន័យ២៤ភាគរយវិញ លោកថា គឺជាការសំណងការខូចខាតចំពោះការសងយឺតយ៉ាវ ដែលមានចែងក្នុងច្បាប់រដ្ឋប្បវេនីដែលតម្រូវមិនឱ្យលើសពី២៧ភាគរយ។
ទោះជាបែបណា លោកជំរុញឱ្យភាគីទាំងសងខាងជជែកគ្នា តែបើអតិថិជនមិនពេញចិត្តចំពោះធនាគារ អតិថិជនអាចដាក់ពាក្យបណ្តឹងទៅកាន់មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដើម្បីជួយរកដំណោះស្រាយវិញ។
លោកថា៖«ប្រសិនបើអតិថិជនគាត់មានការចរចា គាត់មានការជជែកជាមួយនឹងគ្រឹះស្ថានហើយមិនត្រូវគ្នា ដែលគាត់មិនពេញចិត្តជាមួយនឹងលក្ខខណ្ឌដែលបានផ្តល់ឲ្យពីគ្រឹះស្ថានដូច្នេះគឺអតិថិជនគាត់អាចប្ដឹងមកពីមជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលមានលេខទូរសព្ទ ០១៥ ៣៦៥ ២២២ ដែលមជ្ឈមណ្ឌល គាត់នឹងទទួលដោះស្រាយវិវាទរបស់អតិថិជនក្នុងវិស័យធនាគារ។ អ៊ីចឹងទៅជន គឺគាត់មានជម្រើសក្នុងករណីដែលគាត់មិនពេញចិត្តជាមួយដំណោះស្រាយ ជាមួយធនាគារ អ៊ីចឹងគាត់អាចធ្វើការទាក់ទងមកកាន់មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ នឹងមានក្រុមការងារជួយសម្របសម្រួលជាមួយគាត់ និងគ្រឹះស្ថានធនាគារដែលគាត់ប្រើប្រាស់សេវា»។
សម្រាប់ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា បើមានករណីបង្កើនការប្រាក់ដូចធនាគារព្រីសន៍មែន គឺផ្ទុយពីគោលការណ៍រដ្ឋាភិបាល ដែលធ្លាប់ប្រកាសពីការជួយសម្រួសបន្ទុកអតិថិជនដែលជួបវិបត្តិសេដ្ឋកិច្ច។
លោកថា៖ «ពេលដែលបងប្អូនប្រជាពលរដ្ឋជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ ទាក់ទងនឹងកម្ចីឥណទានអីជាដើម គឺត្រូវមានដំណោះស្រាយ ដូចជាការរៀបចំកម្ចីឡើងវិញ ឬក៏យន្ដការផ្សេងទៀតដើម្បីធ្វើការសម្រួលសម្រាប់ពួកគាត់ ដោយមិនមានជាការដាក់បន្ទុកបន្ថែមសម្រាប់ពួកគាត់នោះទេ ប៉ុន្តែក្នុងករណីនេះ ខ្ញុំមិនច្បាស់ថាតើករណីហ្នឹងវាយ៉ាងម៉េចឲ្យប្រាកដ ក៏ប៉ុន្តែបើសិនជាដូចជាការលើកឡើងអ៊ីចឹង គឺវាផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិ»។
កន្លងទៅ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត អំឡុងខែសីហា ឆ្នាំ២០២៤ ក៏ធ្លាប់ប្រកាសដាក់ចេញវិធានការឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនដែលជួបបញ្ហាសេដ្ឋកិច្ច។
លោកថា៖ «គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ នឹងពិនិត្យឲ្យអស់លទ្ធភាព ក្នុងការរៀបចំឥណទានឡើងវិញ តាមការស្នើសុំរបស់អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យបានទូលំទូលាយ ដើម្បីជួយសម្រាលបន្ទុកអតិថិជនដែលមានបំណងស្នើសុំឥណទានរៀបចំឡើងវិញ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ នឹងធ្វើការរៀបចំឥណទានឡើងវិញ ដោយឈរលើគោលការណ៍បន្ធូរបន្ថយប្រាក់ពិន័យ ឬឈានទៅដល់ការលុបចោលប្រាក់ពិន័យមិនយកកម្រៃសេវាផ្សេងៗ មិនបញ្ចូលការប្រាក់យឺតយ៉ាវដែលអតិថិជន មិនទាន់បានសងទៅជាប្រាក់ដើមប៉ុន្តែអតិថិជននៅមានកាតព្វកិច្ចសងការប្រាក់ ដែលជំពាក់ទៅតាមវិធានការនៃការរៀបចំឥណទានឡើងវិញ»។
ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី១៤ ខែតុលា ប្រកាសថា អាមេរិកបានបង្កកទ្រព្យសម្បត្តិ ១៥ពាន់លានដុល្លាររបស់ឧកញ៉ា ចេន ហ្ស៊ី ម្ចាស់ក្រុមហ៊ុនព្រីនស៍ ព្រមទាំងចេញដីកាចោទប្រកាន់ ជុំវិញការបើកមជ្ឈមណ្ឌលឆបោកតាមអនឡាញ លាងលុយកខ្វក់ និងបង្ខាំងមនុស្សខុសច្បាប់។
បើតាមក្រសួងយុត្តិធម៌អាមេរិក រដ្ឋអាជ្ញាតុលាការសហព័ន្ធសហរដ្ឋអាមេរិកក្រុងញ៉ូវយ៉ក បានចោទប្រកាន់ លោក ចេន ហ្ស៊ី ជុំវិញបទឧក្រិដ្ឋឆបោក និងលាងលុយ ដែលអាចប្រឈមជាប់ពន្ធនាគារ៤០ឆ្នាំ។
ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បញ្ជាក់ថា លោក ចេន ហ្ស៊ី (Chen Zhi) បានធ្វើឱ្យក្រុមហ៊ុន Prince Group ក្លាយជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន៣០នៅលើពិភពលោក៕









