ការដែលថៃបន្តរំលោភបំពានដីខ្មែរ រហូតចូលបាញ់ប្រហារសម្លាប់ពលរដ្ឋ ទាំងមិនព្រមប្តឹងថៃផងនោះ ជំរុញឱ្យមានការលើកឡើងថា មេដឹកនាំគ្រួសារហ៊ុន បានបាត់បង់សមត្ថភាពស្ទើរទាំងស្រុង ក្នុងការការពារអាយុជីវិតពលរដ្ឋ និងទឹកដី ហើយងាកមកបង្ក្រាបពលរដ្ឋដើម្បីបំបិទមាត់ ដែលការណ៍នេះ បានរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ។
តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បាននិយាយថា នៅថ្ងៃទី១៩ ខែវិច្ឆិកា យោធាថៃបានធ្វើសកម្មភាពដោះមីនជាឯកតោភាគីនៅភូមិជោគជ័យ ដោយរកឃើញគ្រឿងផ្ទុះចាស់ៗ សល់ពីសម័យសង្រ្គាមស៊ីវិលរបស់កម្ពុជា នាទសវត្សរ៍ទី៨០។
លោកអះអាងថា តំបន់ដែលយោធាថៃកំពុងដោះមីននោះ គឺស្ថិតនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលទាហានហ៊្វុនស៊ីនប៉ិចរបស់លោក ញឹក ប៊ុនឆៃ ធ្លាប់គ្រប់គ្រងតាំងពីឆ្នាំ១៩៧៩ដល់១៩៨៣ ហើយក្រោយឆ្នាំ១៩៨៣ ទាហានរបស់លោកតា សឺន សាន បានគ្រប់គ្រងនៅតំបន់នោះបន្តមកទៀត។
លោកគូសបញ្ជាក់ថា ការបន្តបណ្តោយឱ្យថៃចូលដោះមីនលើដីខ្មែរតាមទំនើងចិត្ត ឆ្លុះបញ្ចាំងថា មេដឹកនាំគ្រួសារហ៊ុនបាត់បង់សមត្ថភាព ទប់ទល់ទៅនឹងសត្រូវឈ្លានពាន ។
សម្រាប់ លោក អ៊ុំ សំអាន អសមត្ថភាពរបស់មដឹកនាំនេះ គឺគ្មានទំនួលខុសត្រូវ ចំពោះជោគវាសនាជាតិ មាតុភូមិ និងប្រជារាស្រ្ត ហើយថា ដើម្បីបិទបាំងកម្សោយនេះ មានតែប្រឌិតរឿងទម្លាក់កំហុសដាក់ពលរដ្ឋដែលនិយាយការពិត ដោយចោទថាជាជនក្បត់ជាតិ ។
លើសពីនេះ លោកថា ជាមួយសត្រូវឈ្លានពានទាំងថៃនិងវៀតណាម រដ្ឋាភិបាលគ្រួសារហ៊ុនខ្លាចគេមិនហ៊ានតបត សូម្បីតែប្រើសិទ្ធិស្វ័យការពារខ្លួន ពោលគឺខ្លាំងបានតែជាមួយខ្មែរគ្មានឯង ដៃទទេ។
លោកថា៖ «នៅពេលដែលថៃមកដោះមីននៅលើដីខ្មែរស្រេចចិត្តអ៊ីចឹង អត់មានការទប់ស្កាត់ឲ្យមានការរារាំង យើងព្រួយបារម្ភថា ទឹកដីខ្មែរតាមព្រំដែនហ្នឹង នឹងត្រូវបានថៃយកអស់ហើយ ដោយសារតែត្រកូលហ៊ុន ខ្លាចថៃពេក ខ្លាចផ្ទុះអាវុធម្តងទៀត ថៃទម្លាក់ត្រកូលហ៊ុនពីអំណាច អ៊ីចឹងថៃនឹងចូលមកដោះមីននៅតាមព្រំដែនហ្នឹង ហើយនឹងយកទឹកដីខ្មែរយើងជាបន្តបន្ទាប់ទៀត អាចនឹងមកដោះមីននៅប្រាសាទតាក្របី ប្រាសាទខ្នារ ហើយយកប្រាសាទទាំងពីរហ្នឹងទៀត រួមទាំងតំបន់ដទៃទៀតមិនខាន»។
រដ្ឋធម្មនុញ្ញមាត្រា៥២ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
តែផ្ទុយពីនេះ មេដឹកនាំគ្រួសារហ៊ុន បានបំពានរដ្ឋធម្មនុញ្ញកម្ពុជា ទាំងមាត្រា៥២ និងមាត្រា៤១ ចែងពីសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ រួមទាំងមាត្រា៣៥ស្តីពីកាតព្វកិច្ចពលរដ្ឋចូលរួមសកម្មពីបញ្ហាសង្គម។
លោកថា៖ «រដ្ឋធម្មនុញ្ញគឺបានតម្រូវឲ្យរដ្ឋាភិបាលការពារបូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានទឹកដីអ៊ីចឹងទៅ ក៏ប៉ុន្តែយើងឃើញថាមេដឹកនាំក្រុមគ្រួសារត្រកូលហ៊ុននេះ គឺមិនបានគោរពទៅតាមរដ្ឋធម្មនុញ្ញមិនបានការពារទឹកដីនោះទេ ដូច្នេះយើងអាចចាត់ទុកថា គាត់បានរំលោភលើរដ្ឋធម្មនុញ្ញ ហើយចាត់ទុករដ្ឋធម្មនុញ្ញគ្រាន់ជាឧបករណ៍របស់ខ្លួន ដើម្បីបង្ក្រាបប្រជារាស្ត្រខ្មែរ»។
VOD មិនទាន់អាចទាក់ទង មេភូមិជោគជ័យ លោក ប៉ែន ឫទ្ធី និងអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ ដើម្បីសុំការបញ្ជាក់រឿងនេះ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
ចំណែក ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នាថ្ងៃទី១៧ ខែវិច្ឆិកានេះ ទទួលស្គាល់ថា ថៃព្យាយាមដោះមីនជាឯកតោភាគី ហើយរាយលួសបន្លាព័ទ្ធយកដីខ្មែរទៀត។
លោកថា៖ «ហើយអាដោះមីននេះ វាត្រូវដោះរួមគ្នា មិនអាចដើរដោះម្នាក់ឯងៗ ហើយដោះហើយមករាយបន្លាលួសយកនោះទេ អត់ទេ ប្រធានាធិបតី ត្រាំ ជាមួយនឹង ម៉ាណែត បាននិយាយគ្នាពីរឿងហ្នឹង តែខាងនោះចង់ដើរតាមចិត្ត ចង់ដើរដោះតាមចិត្ត អត់ទេ ត្រូវមានថាដោះកន្លែងណា ត្រូវដោះរួមគ្នា បើមិនអីចឹងដើរទៅទីងណាត់ទីងណែង»។
យ៉ាងនេះក្តី លោក ហ៊ុន សែន ក៏បានព្រមានដកសញ្ជាតិពលរដ្ឋខ្មែររួមទាំងព្រះសង្ឃផង បើហ៊ានបញ្ចេញមតិលើបណ្តាញសង្គមចោទរដ្ឋាភិបាលថា បានកាត់ដីឱ្យបរទេសដើម្បីដោះដូរយកសន្តិភាព។
លោកថា៖ «ផ្ដាំផ្ញើទៅម៉ងមិនថាព្រះសង្ឃ ឬក្រហស្តទេ សុំកុំរពិសដៃចូលទៅComment ហើយតិចថាទាល់Page របស់ ហ៊ុន សែន បានស្រាវជ្រាវអត់ទេ! Page ណាក៏ដោយដែលបង្ហោះហើយឯងចូលទៅcomment នៅក្រៅស្រុក រួចខ្លួន! នៅក្នុងស្រុកអត់រួចខ្លួនទេ ប្រាប់ឱ្យហើយទៅ។ នេះមិនមែនជាអំពើផ្ដាច់ការទេ ព្រោះអ្នកឯងចូលមកជេរ អ្នកឯងចូលមកបំបាក់ទឹកចិត្តកងទ័ព អ៊ីចឹងអំពើញុះញង់អំពើខ្លះជាអំពើក្បត់ជាតិតែម្តង»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ការបន្តសកម្មភាពដោះមីនលើដីខ្មែររបស់យោធាថៃនេះ ជាចេតនាឈ្លានពានយ៉ាងគឃ្លើន ដោយដឹងច្បាស់ថា មេដឹកនាំគ្រួសារហ៊ុន ប្រាដកជាមិនហ៊ានរារាំង ឬទប់ស្កាត់មហិច្ចតារបស់ថៃនោះទេ។
លោកហាក់ស្តីបន្ទោសដែរថា ការបន្តបណ្តោយឱ្យសត្រូវសៀមមើលងាយជាតិសាសន៍ខ្មែរ និងរំលោភបំពានដីខ្មែរបែបនេះ ឆ្លុះបញ្ចាំងថា មេដឹកនាំគ្រួសារហ៊ុន បានបាត់បង់សមត្ថភាពការពារទឹកដីខ្មែរ។
លោកថា៖ «វាឆ្លុះបញ្ចាំងពីការដឹកនាំរបស់ក្រុមគ្រួសារគាត់ហ្នឹង គឺខ្សោយបាត់បង់ការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំជាតិ ដែលមេដឹកនាំជាតិឡើងកាន់អំណាចដឹកនាំប្រទេសហ្នឹង គេឲ្យការពារស្មារតីរដ្ឋធម្មនុញ្ញរបស់កម្ពុជាអាហ្នឹងទី១។ ហើយទី២ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ប្រទេសជិតខាង ត្រូវយកស្មារតីនៃច្បាប់អន្តរជាតិ ដូចជាកិច្ចព្រមព្រៀងក្រុងប៉ារីស ដូចជាសន្ធិសញ្ញាបារាំងសៀម ដូចជាលិខិតូបរណ៍អន្តរជាតិដទៃទៀត រួមទាំងលក្ខន្តិកៈអង្គការសហប្រជាជាតិផង យកអាស្មារតីច្បាប់អន្តរជាតិហ្នឹងយកមកទប់ស្កាត់ការពារមហិច្ឆតារបស់បរទេសឈ្លានពាន»។
ក្រោយផ្ទុះអាវុធរយៈពេល៥ថ្ងៃ រវាងយោធាថៃនិងកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមានបទឈប់បាញ់នៅថ្ងៃទី២៨ខែកក្កដា ថៃមិនគោរពបទឈប់បាញ់ទេ ហើយថែមទាំងធ្វើផ្លូវ និងរាយបន្លាលួសព័ទ្ធយកដីខ្មែរច្រើនកន្លែង គ្មានការរារាំង និងទប់ស្កាត់ពីរដ្ឋាភិបាលកម្ពុជានោះទេ។
រហូតនៅថ្ងៃទី១២ ខែវិច្ឆិកា យោធាថៃបានបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យម្នាក់ស្លាប់ និង៣នាក់រងរបួស ក៏កម្ពុជាមិនតបតដែរ ដោយគ្រាន់តែចេញលិខិតថ្កោលទោស ដោយចាត់ទុកថាជាទង្វើឃោរឃៅ។
បើតាមក្រមព្រហ្មទណ្ឌអ្នកដែលធ្វើឱ្យបាត់បង់ទឹកដី មានទោសក្បត់ជាតិ មិនមែនអ្នកនិយាយរឿងបញ្ហាទឹកដី ត្រូវជាប់ទោសក្បត់ជាតិនោះទេ។
ឧទាហរណ៍ជាក់ស្តែង ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









