បទវិភាគ៖ តើការបោះ​ប​ង្គោល​​ព្រំដែន​​បណ្តោះ​អាសន្ន​ធ្វើ​តាមផែ​នទី​ចោ​រ​ឬ​ធ្វើ​តាម​ផែន​ទី​បារាំង​សៀម?

ខណៈ​​ថៃ​​​នៅ​​តែ​គឃ្លើន​​​ចូល​​មក​​រាវ​មីន​​​ធ្វើ​ផ្លូវ​​ឈូស​​រំលំ​ផ្ទះ​​ពល​រ​ដ្ឋ​​ខ្មែរ​ ឈូស​​បំផ្លាញ​​ចម្ការ​​ដំណាំ​ ស្រូវ​ស្រែ​​ប្រ​ជា​​ពលរដ្ឋ​​ខ្មែរ​​ ដណ្តើម​កាន់​​កាប់​​ប្រាសាទ​ខ្មែរ​ឥត​ឈប់​ឈរ ​ហើយ​​រដ្ឋា​​ភិបាល​ឯកប​ក្ស​គ្រួសារ​​ហ៊ុន​ នៅ​បន្ត​រក្សា​​​ភាព​ស្ងៀម​​ស្ងាត់ ​បែរ​ជា​​មាន​​ការ​បោះ​បង្គោល​​ព្រំដែន​​​បណ្តោះ​​អាសន្ន​​ទាំង​​តក់​ក្រហល់​​ រីឯ​​លោក ​ហ៊ុន  សែ​ន ​ក៏បែរ​​ជា​​ចេញ​​មក​​ស្រែក​គំរាម​​ចាប់​​ពលរដ្ឋ​​ខ្មែរ​ខ្លួន​​ឯង​ ដែល​​ហ៊ាន​និយាយ​​ពី​​​បញ្ហា​​ព្រំដែន​​ដែល​​ថៃឈ្លាន​​ពាន​​ដាក់​ពន្ធនា​គារ និង​អាច​ឈាន​ទៅ​ដក​សញ្ជាតិ​ខ្មែរ​ពីពល​រដ្ឋ​ខ្មែរ​ថែមទៀត។

នេះជាហានិភ័យ​ធំណាស់​ចំពោះ​ជោគវាសនា​​ប្រទេស​ជាតិ ​ដែល​​អាច​​នឹង​ធ្វើ​ឱ្យ​​ប្រជា​ជាតិ​​ខ្មែរ​​បាត់​បង់​ប្រ​ទេ​ស​​ទាំង​មូល​​នៅ​ក្នុង​​ពេល​​អនា​គត​ដ៏​ខ្លី​ខាង​​មុខ​ ​ក៏​ថា​បា​ន ​បើ​កម្ពុជា​​នៅ​​​តែ​គ្មាន​​គណបក្ស​​ប្រឆាំង​​ដែល​​ខ្លាំង​​ ហើ​យ​​​លោក​ ហ៊ុន សែន​ នៅ​តែអាច​ជិះសេះលែ​ង​​ដៃ​​ ធ្វើព្យុះធ្វើភ្លៀង​ ចាប់​សកម្មជន​នយោ​បាយ​សកម្មជន​សង្គម​ដាក់​ពន្ធនាគារ​តាម​អំពើ​ចិត្ត ​និង​​បំបិត​មាត់​ពលរដ្ឋ​មិន​ឱ្យ​និយាយ​ពី​បញ្ហា​ជាតិ។​

តើមាន​អ្វី​នៅពីក្រោយ​ដំណើរ​ការ​នៃការ​បោះ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ន ដែល​បាន​និង​កំពុង​ដំណើរការ​? និង​​ថា​តើការបោះបង្គោល​ព្រំដែន​​បណ្តោះអាសន្ននេះ ​ធ្វើ​ឡើង​តាមផែនទី​ចោរ ​ឬធ្វើ​តាមផែន​ទីបារាំង សៀម?

មុន​នឹងធ្វើការវិភាគ​ទៅ​លើ​ចំណុចគន្លឹះ​នេះ វីអូឌី​សូមរំលឹកពី​ហេតុការណ៍​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​នៅ​មុន​ពេល​មានការប៉ះទង្គិចគ្នាដោយអាវុធ ​កាល​ពីថ្ងៃ​ទី​​​២៤ ​​ខែ​កក្កដា ​ឆ្នាំ​​២០២៥។

នៅពេល​ដែល​បញ្ហា​ព្រំដែន​ឡើង​កំដៅ ​បន្ទាប់​ពីកងទ័ពថៃ​ បាន​លួច​ឆ្មក់​ចូល​​មក​​ក្នុង​​ទឹក​ដី​​កម្ពុជា​ ហើយ​បាន​បាញ់​​មក​លើ​កងទ័ព​កម្ពុជា​ បណ្តាល​ឱ្យ​​ពលី​ម្នាក់​នៅ​តំបន់​មុំ​បី កាលពី​ថ្ងៃ​ទី​​២៨​ ខែ​ឧសភា​ នៅ​​​ថ្ងៃ​ទី១៥ ​ខែ​មិថុនា ក្រសួង​​ការ​​បរទេស​​កម្ពុជា ​បាន​​ប្រកាស​​បញ្ជូន​ឯកសារ​មួយ​ចំនួន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិICJជា​ជំហ៊ាន ដើម្បីឈាន​ទៅ​​ដាក់​ពាក្យប្តឹងថៃ លើតំបន់​ជម្លោះ​ចំនួន​៤ ​ដែល​ថៃ​បាន​កាន់​កាប់ ​និងកំពុង​ដណ្តើម​​កាន់​កាប់ ​ដូច​ជា តំបន់មុំ​បី ប្រាសាទ​​តាមាន់តូច ប្រាសាទ​តា​មាន់ធំ និងប្រាសាទតាក្របី។

ប៉ុន្តែ​ថៃបានជំទាស់​នឹងការ​ប៉ុន​ប៉ងដាក់​ពាក្យ​ប្តឹងនេះ ដោយ​ប្រកាសថា ខ្លួន​មិន​ទទួល​ស្គាល់ការ​សម្រេចណា​​មួយ​​របស់​តុលាការ​​ ​ICJ និង​ថាខ្លួន​មិន​មែន​ជារដ្ឋ​ដែល​ជា​សមាជិក​របស់​តុលាការ​អន្តរជាតិមួយ​នេះទេ និង​​ថែម​ទាំង​ព្រមាន​ពីការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​​ទៀតផង ​បើកម្ពុជា​នៅ​តែ​ចចែស​​ដាក់​ពាក្យ​ប្តឹងទៅ​ ICJ។

​នៅ​ថ្ងៃទី​២៦ ​ខែ​មិថុនា ​ឆ្នាំ២០២៥ ក្នុង​ពេល​ចុះទៅ​ជួប​សួរសុខទុក្ខ​​កង​ទ័ពជួរមុខ​​នៅ​តំបន់​​ព្រំដែន​​មុំ​បី ​ក្នុង​ខេត្ត​​​ព្រះ​វិហារ​ លោក​ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា​ បាន​​រំឭ​កប្រា​ប់​ទៅ​​​ថៃ​​ថា សូម​​កុំ​ឱ្យ​បំ​ភ័ន្ត​ ​និង​​បំភ្លៃ​​ប្រវត្តិ​សាស្ត្រ​​ ​និង​​ត្រូវ​គោរព​​ឱ្យបា​ន​​ពេញ​លេញ​​នូវ​សន្ធិសញ្ញា​បារាំងសៀម ​ដែល​ថៃខ្លួនឯង​បាន​ទទួល​ស្គាល់​។

សម្រាប់​​លោក ​ហ៊ុន សែន ​ការចរចា​​ទ្វេ​ភាគី​ពីបញ្ហា​ព្រំដែន​​ជាមួយថៃ ទោះ​​​បីជា​ត្រូ​វ​ប្រើពេល​​១០​០​​ឆ្នាំ​ទៀត ​ក៏​មិន​​អាច​​ដោះ​​ស្រាយ​​អ្វីបាន​ដែរ ដូច្នេះមាន​តែ​ដាក់ពាក្យប្តឹង​តំបន់​ទាំង​៤ខាងលើ​ទៅ​ ICJ។

លោកថា៖ «កិច្ច​ព្រមព្រៀង​បារាំង​សៀម​អម​ដោយ​ផែនទីកាលពីឆ្នាំ១៩០៧ អ្នក​ឯ​ង​ត្រូវ​តែគោរព​ បើ​អ្នក​ឯង​មិន​គោរព​ទេ ​គឺស្មើ​នឹងចោរ​។ ​យើង​ប្រើផែនទី​ត្រឹមត្រូវរបស់​​យើង​​តាម​ច្បាប់​អន្តរជាតិ​។ អ្នកឯង​ចុះហត្ថលេខា​​ជាមួយ​បារាំងនៅពេលនោះ ​អ្នក​ឯង​ត្រូវ​តែទទួល​ស្គាល់ ​ដោយ​សារអ្នកឯងមិន​​ទទួលស្គាល់​ផែនទីនោះ ​​ហើយ​​គូសផែនទី​ខ្លួន​ឯង ​ទើបមាន​រឿង​កើត​ឡើង​​​ដូច្នេះ ​បង្ក​វិនាស​កម្ម​​សម្រាប់​​ប្រជាជ​ន​កម្ពុជា»។

បន្ទាប់​ពីមានការ​បាញ់ផ្លោង​ពាក្យសម្តីដាក់​គ្នា​រវាង​មេដឹកនាំកម្ពុជា​និង​មេដឹកនាំថៃ ​និង​បន្ទាប់​ពីលោក​ ហ៊ុន សែន បាន​​បញ្ចេញ​ឃ្លីបវីដេអូនៃកិច្ចសន្ទនាឯកជន​​ជាមួយ ​អ្នក​ស្រី ​ផែថងថាន ស៊ីណាវ៉ាត្រ ​ដែល​កាលនោះ​ជា​នា​យករដ្ឋមន្ត្រី​ថៃ ​ធ្វើឱ្យ​ជម្លោះ​ព្រំដែន​ប្រទេស​ជិតខាង​ទាំង​ពីរ​ កាន់​តែឡើង​​កំដៅខ្លាំង​ឡើង​ ឈាន​ទៅ​ដល់​ការ​​​បិទច្រកព្រំ​ដែន​​​ជាបន្តបន្ទាប់​ ហើយនៅ​​ទីបំផុត​​សង្គ្រាម​ស៊ីសាច់​ហុត​ឈាម​គ្នា​​បាន​ផ្ទុះ​ឡើង ​នៅ​ថ្ងៃទី​២៤​​ខែ​កក្កដា​។

បន្ទាប់​ពីច្បាំងគ្នា​អស់​រយៈ​ពេល​៥ថ្ងៃ៥យប់ លោក ​ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ​អា​មេ​រិក ​​តាម​រយៈ​នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី​ លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម ​ដែល​ជាប្រធាន​អាស៊ាន ​បាន​លូក​ដៃ​ចូលអន្តរាគមន៍​ឱ្យ​មាន​​​បទ​ឈប់​​បាញ់​​លើក​​ទី​១ នៅ​ថ្ងៃទី​២៨ ​ខែកក្កដា។

បើ​ទោះបី​ជា​ ភាគីកម្ពុជា​បាន​ប្រកាន់ខ្ជាប់​នូវបទ​ឈប់​​បាញ់ និង​រក្សា​ជំហរស្ងៀមស្ងាត់ក្តី​ ក៏កងទ័ព​សៀម​មិន​នៅ​ស្ងៀម​​ឡើយ។ នៅ​ថ្ងៃទី​២៩​ ខែ​កក្កដា ​​មួយ​ថ្ងៃប​ន្ទាប់​​​ពីប​ទឈ​ប់​​បាញ់​ ​កង​ទ័ពសៀ​ម​​បាន​​ចូល​​ម​ក​​ចាប់កង​ទ័ព​​កម្ពុជា​ចំនួន ​​២០​នាក់ ​​នៅ​​តំប​ន់​​ជាំ​តែ។

រហូតមក​ដល់ពេលនេះ​ នៅ​សល់១៨នាក់​ទៀត​ មិន​ទាន់​ដោះ​លែង​មក​វិញ​នៅ​ឡើយ ​បើ​ទោះ​បីជាក្នុង​សេចក្តី​​ថ្លែងការណ៍​រួម ​ស្តីពីការ​ឈប់​បាញ់លើក​ទី២ ​ដែល​នាយករដ្ឋមន្ត្រីកម្ពុជា ​និង​សមភាគីថៃ ​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​កូឡាឡំពួរ ​​ដោយ​​មាន​វត្ត​មាន ​លោក ​ត្រាំ ​​ដោយ​​ផ្ទាល់ ​និង​​ លោក ​អាន់វ៉ា អ៊ី​ប្រាហ៊ី​ម​ បាន​ចុះ​ហត្ថលេ​ខា​​ក្នុង​នាម​​​ជា​សា​ក្សី ​កាល​ពី​ថ្ងៃទី​​​២៦ខែ​​តុលា ​​ដែល​​​សេចក្តី​ថ្លែងកា​រណ៍​រួម​​នេះ ​ថៃបាន​យល់​ព្រមដោះលែង​កងទ័ពកម្ពុជា​១៨​នាក់​ដោយ​មិន​រង់​ចាំ​ក្តី​។​

សរុបជារួម ​ចាប់​តាំង​ពីមាន​បទឈប់​បាញ់​ថ្ងៃទី​២៨ខែ​​កក្កដា​មក ​កងទ័ពសៀម​បាន​ប្រើបន្លា​លួស ​និង​សម្បក​កង់​ឡាន​​​ចូល​មក​វាទ​​ដណ្តើម​​កាន់កាប់​ធ្វើផ្លូវ​លើ​ទឹកដី​ខ្មែរជា​បន្តបន្ទាប់​ នៅ​តាម​តំបន់​ជាច្រើន​ ដូច​ជាច្រក​អាន​​សេះ​​​ភ្នំ​ទ្រព្យ​ ប្រាសាទ​​​តាមាន់​ធំ ភូមិ​​ជោគ​ជ័យ​ ​ភូមិព្រៃ​ចាន់​​ ឃុំថ្មដា ខេត្ត​​ពោធិ៍សាត់ និង​តំបន់​ផ្សេងៗ​​ជាច្រើនទៀត ថែម​ទាំងថ្មីៗ​នេះ ​ទ័ព​ថៃ​បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរម្នាក់​​​​​នៅ​​ភូមិ​​ជោគ​ជ័យ​ និង​​របួស​ជាច្រើន​នាក់ ខណៈ​​រដ្ឋាភិ​បាល​​គ្រួសារ​​​ហ៊ុន ​នៅ​តែប្រកាន់ជំហរស្ងៀម​ស្ងាត់ដែល ​លោក​ ហ៊ុន ម៉ាណែត​ ប្រើពាក្យថា «ស្ងៀម​តែមិន​ស្ងាត់​»។

អ្នក​នយោបាយ​ប្រឆាំង​ និងបញ្ញវ័ន្ត​ខ្មែរ​ឯករាជ្យ ​​ជាពិសេស​ពល​រដ្ឋ​ខ្មែរ​នៅភូមិ​​ព្រៃចាន់​ និង​ភូមិ​ជោគ​ជ័យ​ដែល​​ត្រូវបាន​​ទ័ពសៀម​រំលោភ​យក​ផ្ទះ​យក​ដីស្រែ​ចម្ការ​ បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​​មកលើ​ភាពស្ងៀមស្ងាត់​អត់​ធ្មត់​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ថា ជាការ​កាត់ដី​ឱ្យ​សៀម ​ដើម្បី​ដោះ​ដូរ​យក​សន្តិភាព ​សម្រាប់​គ្រួសារ​ហ៊ុន​ដែលមានមហិ្ឆតា​​ក្រាញ​អំណាចតពូជ។

នៅ​ពេលមានការ​រិះគន់​ខ្លាំងក្លា​​បាញ់​តម្រង់​គ្រួសារ​​ហ៊ុន​​បែប​​នេះ​ លោក ​ហ៊ុន សែន ​ដែល​​ហាក់​​បាក់​ស្បាត​លែ​ង​​​សូវ​មាត់ ក ចាប់​​តាំ​ង​​ពី​សៀ​ម​​បើក​ការវ៉ៃសន្ធាប់​លើ​កម្ពុជា​មក ​បាន​ក៏ចេញ​មក​ព្រមាន​​​តាម​រយៈ​ពិធីបើកអនុសំ​វច្ឆរ​មហា​សន្និបាទ​មន្ត្រីសង្ឃទូទាំង ​កាលពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​​ថា លោក​​នឹង​មិន​​អត់​ឱន​​ដល់​​ពល​រដ្ឋ ​និងព្រះ​ស​ង្ឃ​​​ដែល​​និយាយ​រិះគន់​ពីបញ្ហា​ជម្លោះ​ព្រំដែន​នោះ​ទេ​ ពីព្រោះ​វាធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខជាតិ ​​និង​ថែម​ទាំ​ង​ចោទ​ថា ជាអំពើ​ក្បត់​ជាតិ​ទៀត​ផង។ ​ដូច្នេះលោក​ថា សូមកុំ​រពឹសដៃ​បើ​មិន​ចង់​ឱ្យមានការ​ចាប់​ខ្លួន។

ការ​ព្រមាន​និងការចាប់​ឃុំខ្លួន​ជាបន្តបន្ទាប់​ ​​ទៅលើប្រជាពលរដ្ឋ​ដែល​បញ្ចេញមតិ​ ​លើ​បញ្ហា​ជម្លោះ​ព្រំដែន​ថៃ​នេះ​ ក៏មិន​ខុស​ពីអ្វី​ដែល​ លោក ​ហ៊ុន សែន ​ធ្លាប់​បាន​ធ្វើ​កាល​ពីកំឡុង​​បោះ​​បង្គោល​ព្រំដែន​ជាមួយ​វៀត​ណាម​​នោះ​​ដែរ​ ដោយ​​​កាលនោះ​​ក្រៅពី​ចាប់​ឃុំខ្លួន​សកម្ម​ជន​នយោបាយ ​និង​សកម្ម​ជន​សង្គម​​ជាច្រើននាក់ ​ដាក់ពន្ធនា​​គារ​ លោក ​ហ៊ុន សែន រហូត​ដល់​គំរាម​រំលាយ​របប​​រាជានិយម​ចោលថែមទៀត​ផង ​​ប្រសិន​បើ​ព្រះមហា​ក្ស​ត្រ​​មិ​ន​ព្រមឡាយ​ព្រះ​ហស្ថ​លេខា​​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ​​២០០​៥ ដែល​ធ្វើឱ្យសន្ធិសញ្ញាឆ្នាំ​១៩៨២-៨៣ ​និង​៨៥ ដែល ​លោក ​ហ៊ុន សែន​ បាន​ធ្វើឡើង​នៅក្រោមការគ្រប់​គ្រង​របស់​​វៀ​ត​ណាម​​ ក្លាយ​ទៅ​​​ជា​​ស្រប​​ច្បាប់​​ទេនោះ។ នេះបើតាម​ក្រុម​អ្នកឃ្លាំមើល។

បើ​ទោះ​បីជាបច្ចុប្បន្ន​ថៃ​នៅ​តែបន្តធ្វើព្យុះ​ធ្វើ​ភ្លៀង​ឥតឈប់​ឈរ​ ចូល​មក​វាទទី​ដណ្តើ​ម​កាន់​កាប់​​ទឹកដីខ្មែរ​នៅតាម​ទីតាំង​ជាច្រើនក្តី ក៏គិត​ចាប់​ពីថ្ងៃទី៨​ដល់​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីកម្ពុជានិងភាគីថៃ បានឯកភាព​គ្នា​បោះ​​បង្គោលព្រំដែន​​បណ្តោះអាសន្ន​ ​នៅលើដីជាក់​ស្តែង​បានចំនួន ៩៤បង្គោលហើយ​។ នេះបើតាមមន្ត្រី​ជាន់ខ្ពស់​នៃ​​រដ្ឋ​លេខា​​ធិការ​ដ្ឋានកិ​ច្ច​​ការ​​ព្រំដែន​កម្ពុជា ថ្លែង​ឱ្យ​ដឹ​ង​នៅថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។

ជាមួយគ្នា​នេះ ​រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក​ ណាត់​ថាផន ណាក់​ផា​និត កាល​ពី​ថ្ងៃ​ទី​​១៩ ខែ​វិច្ឆិកា​ បាន​​ប្រ​កាស​​ថា នៅ​ពេល​ដែល​បង្គោលព្រំដែន​​បណ្តោះ​អាសន្ន​ត្រូវបាន​បោះរួច​ ​នៅ​​តាម​​ភូមិ​ព្រៃចាន់​ និង​ភូមិជោ​គជ័យ ​នៅពាក់កណ្តាល​ខែធ្នូ​ ឆ្នាំ​២០២៥ ពល​រដ្ឋ​ខ្មែរ​២០០​គ្រួសារ​ ត្រូវតែចាកចេ​ញ​​ពី​ទីនោះ​។ នេះ​បើយោ​ង​តាម​កាសែតកាវសត​របស់ថៃ។

ការព្រមាន​របស់​រដ្ឋមន្ត្រីការពារជាតិថៃរូប​នេះ ​ធ្វើ​ឡើង​ខណៈ​ការ​បោះបង្គោល​ព្រំដែន​​បណ្តោះអាសន្ន នៅ​ចន្លោះ​​​បង្គោលលេខ​​ ៤២​ដល់​៤៧ ដែល​គ្រប​ដណ្តប់​​ភូមិ​​​ព្រៃ​ចាន់​ និងភូ​មិ​​ជោគ​​ជ័យ នៅក្នុង​ឃុំ​អូរបីជាន់ ​​ជាទីដែ​​ល​​​ថៃ​​បាន​​ព័ទ្ធ​​លួស​​បន្លា​​វាទ​​យក​​ភូមិករ​ និងដីធ្លី​ពល​ដ្ឋ​ខ្មែរ​កំពុង​តែដំណើរការ។ តើមាន​អ្វី​​នៅ​ពីក្រោយ​ដំ​ណើ​រ​ការ​នៃការ​បោះ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ននេះ​ ?

ត្រង់ចំណុចនេះ ​អ្នក​ឃ្លាំមើល លើកឡើងថា លោក ​ហ៊ុន សែន ​ហាក់​ដូច​​​ជាជា​ប់​​ក្លេ​មាន​​រឿង​​អាស្រូវ​​ច្រើន​នៅ​​ក្នុង​​​កណ្តាប់​ដៃថៃ​ ជាពិសេសករណី​ការ​ជាប់​ពាក់ព័ន្ធ​របស់​គ្រួសារ​ហ៊ុន ​ក្នុង​អាជីវកម្ម​ល្បែង​អនឡាញចាប់​​ជម្រិត​​​ដែល​សហគមន៍​អន្តរជាតិ ​​ជាពិសេស​សហរដ្ឋ​អាមេរិក​​កំពុង​ផ្តោតការយកចិត្តទុកដាក់​​ ករណីការបង្ក្រា​ប​​របស់​ថៃ​មក​លើ​ឧកញ៉ាគ្រាក់ៗ​​ ដែល​មេក្លោង​ឧក្រិដ្ឋជន​ល្បែងអនឡាញ​ និង​​ជាអ្នកកាន់លុយ​​ឱ្យ​លោក​ ​ហ៊ុន សែន ​ដូចជា​ លោក​ឧកញ៉ា លី យ៉ុង​ផាត់ ​និង​​លោក ​កុក អាន ​​​រួម​ទាំង​ករណី​អំពើឃាតកម្ម​​លើអតី​ត​តំណា​ង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ​លោក លិម គិម​យ៉ា ​ក្នុង​ទីក្រុង​បាងកកផងដែរ​។

លើសពីនេះ ​លោក ​ហ៊ុន សែន ​​ដែល​លើកបន្តុប​​ដោយ​វៀត​ណាម បាន​ព្រមព្រៀង​​បោះ​បង្គោល​ព្រំដែន​​ដោយ​​ផ្អែក​តាម​ផែនទី​ដែល​គូដោយ​វៀតណាម ​មិន​បាន​ផ្អែក​តាម​ផែនទី ​និងបង្គោល​ព្រំដែន​ដែល​បោះនិងគូដោយ​បារាំងខ្នាត១លើ​២០០​ពាន់​ ដែល​មាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ឡើយ​។

ហេតុដូច្នេះហើយ​ទើប​ថៃ​ដាក់​សម្ពាធបង្ខំឱ្យ លោក ​ហ៊ុន សែន ដែល​មាន​រឿង​អាស្រូវ​​ជាច្រើន នៅក្នុង​កណ្តាប់​ដៃ​ថៃ​​ឱ្យ​ព្រម​ទទួលស្គាល់​​ការកំណត់​ព្រំដែន ​ទៅ​តាម​ផែន​ទី​ដែល​ថៃ​​បាន​គូ​ដោយ​ខ្លួន​ឯង ​បើទោះ​បីជា​លោក ​ហ៊ុន សែន ​​​បាន​ហៅ​ផែនទី​ដែល​ថៃបាន​គូនោះ​ថា​ជាផែនទីចោរក៏ដោយ។ ​នេះ​បើតាម​ក្រុម​អ្នក​ឃ្លាំមើល​។

តើការបោះបង្គោល​ព្រំដែន​បណ្តោះអាសន្ននេះ ​ធ្វើ​ឡើង​តាមផែនទី​ចោរ​ ឬធ្វើ​តាមផែន​​ទីបារាំង-សៀម?

ត្រង់ចំណុចនេះ ​គេមិន​អាច​ស្វែង​រកព័ត៌មាន​គួរ​ឱ្យជឿ​ទុកចិត្តបាន​នោះ​ទេ ខណៈ​​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន​ និង​​រដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន​​ដែល​ដឹកនាំ​ដោយ ​លោក ​ឡាំ ជា ​បាន​បិទ​ព័ត៌មាន​នេះ ​និង​ហាម​មិន​ឱ្យ​​​ពល​រដ្ឋ​ខ្មែរ​​និយាយ​ពីបញ្ហា​នេះ​ ជាមួយ​នឹងការព្រមាន​ចោទប្រកាន់​ពីបទក្បត់ជាតិ​។

ប៉ុន្តែ​បើ​តាម​សាក្សី​រស់​មួយ​ចំនួន ​ក្នុងនោះ​ក៏​មាន​​នាយឧត្តមសេនីយ៍​ផ្កាយមាស​៤ ​លោ ក​ញឹក ប៊ុន​​ឆៃ ដែល​ជា​អតី​តមេទ័ព​​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ផងដែរ ​បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​​ថា បង្គោល​ព្រំដែន​ដែល​បោះ​​ដោយ​​បារាំង​​នៅតំបន់​ភូមិជោគជ័យ ​និង​ភូមិ​ព្រៃ​ចាន់ ​ក្នុង​ឃុំ​អូរ​បីជាន់ ​​ត្រូវបាន​ថៃ​រំកិល​​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​ប្រមាណ​ជិត​៣គីឡូ​ម៉ែត្រ​​​រួច​ជាស្រេច​ទៅ​ហើយ ក្នុង​នោះ​មាន​ប្រាសាទខ្មែរ គឺប្រាសាទស្តុកកក់ ក៏ត្រូវបាន​​ថៃចូលកាន់កាប់​​កាល​ពីឆ្នាំ​១៩៩១​ផងដែរ។

ត្រង់​ចំណុចនេះ ​អ្នកឃ្លាំមើល ​ក្នុងនោះមាន​ទាំង លោក អ៊ុំ សំអាន ​អ្នក​ជំនាញ​កិច្ចការព្រំដែន​ដែល​ជាអតីតអ្នក​​តំណាងរាស្ត្រ​​គណក្ស​សង្គ្រោះជាតិ ​ដែល​ធ្លាប់​ត្រូវបាន​ លោក ​ហ៊ុន សែន ​ចាប់​​ដាក់​ពន្ធនា​គា​រ​​ដោយ​​សារ​តែ​រិះគ​ន់​​ការ​​បោះ​​​បង្គោល​​ព្រំដែន​​ជាមួយ​​វៀតណាម​ និង ​លោក ​ម៉ែន ណាត ​ប្រធា​ន​​ក្រុម​ប្រឹក្សា​​ឃ្លាំ​មើល​​កម្ពុជា​​ផង​​ដែរ បាន​​លើក​ឡើង​​ថា តំបន់​ដែល​កងទ័ព​ថៃ​បាន​ចូល​មក​រាវមីន​ធ្វើផ្លូវ ​ដូច​ជា នៅ​​ភ្នំទ្រព្យ ​​​នៅភូ​មិ​ព្រៃចាន់​ និង​ភូមិ​​ជោគ​ជ័យ ​រួម​​ទាំ​ង​​នៅ​ឃុំ​ថ្មដា ​ខេត្ត​ពោធិ៍សាត់​ជាដើម​ ដែល​រកឃើញសំណល់​គ្រាប់​ផ្លោង ​និង​គ្រាប់​មីន ​ព្រម​ទាំង​អាវុធ​កប់នៅ​ក្នុង​​ដី​​វាជាភស្តុតា​ង​ច្បាស់ណាស់​ដែល​បញ្ជាក់ថា គឺ​ជាទឹកដី​ខ្មែរ ពី​ព្រោះ​​បើ​ជាទឹ​ក​ដីសៀ​ម ​វា​​មិ​ន​មា​ន​​សំណល់​​​ពី​សង្គ្រាម​​​ទាំង​នេះ​ទេ ដោយ​សារ​​ប្រទេស​​សៀម​​មិន​​ដែល​មាន​​សង្គ្រាម​ឡើយ។

ប្រភពទាំងនេះ​ លើកឡើង​​ថា អ្វីដែល​ពលរដ្ឋ​ខ្មែរ​ត្រូវតាម​ដាន​មើល​ ប្រសិន​បើការ​បោះ​បង្គោល​ព្រំដែន​បណ្តោះ​​អាសន្ន​​​​នៅ​ភូមិ​ជោគជ័យ ​និង​ភូមិ​ព្រៃ​ចាន់ ​នាំ​ឱ្យមាន​ការ​បណ្តេញ​ពល​រដ្ឋ​ខ្មែរ​ប្រមាណ ​២០០​គ្រួសារ​ចេញ​ ​ដូចប្រមុខការពារជាតិ​ថៃលើកឡើង​មែន​​នោះ ​កម្ពុជា​បាន​បាត់​បង់​ទឹកដី​នៅ​តំបន់នេះ ​ក្នុងជម្រៅ​ជិត​៣គីឡូម៉ែត្រ​ទៅថៃ។

ក្នុងបរិបទនេះ បងប្អូនអាចឆ្លើយបានដោយខ្លួនឯងថា តើការបោះបង្គោលព្រំដែននៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់​​​​នា​ពេល​នេះ បង្គោល​​ព្រំដែន​​បណ្តោះ​​អាសន្ន​នោះ ថៃ​ព្រម​ឱ្យ​កម្ពុជា​បោះ​តាម​ការ​ចង់​បាន​របស់​ថៃ ​តាម​​ដែន​ទី​​ដែល​ ​លោក ហ៊ុន សែន ហៅ​ថាផែន​ទី​ចោរ ឬ​ថៃ​ឯកភាព​បោះ​តាម​សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ១៩០៤​ និង​១៩០៧ ​ខណៈ​​ថៃ​ធ្លាប់​បដិសេធ​ដាច់​ខាត មិន​ព្រម​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ(ICJ)​នោះ។

យោង​​តាម​​មាត្រា​៤៤០​​នៃក្រមព្រហ្មទណ្ឌកម្ពុជា​ ចែង​ថា ការ​​ប្រគល់​​ឱ្យ​​រដ្ឋ​បរទេសនូវ​ដែន​ដី​ជាតិ​ទាំងស្រុង​ឬមួយ​ផ្នែក​គឺជាអំពើក្បត់ជាតិ​ត្រូវផ្តន្ទាទោស​ដាក់ពន្ធនា​គារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ