បទវិភាគ៖ ភាព​ជា​បង​ប្អូន​រវាង​លោក​ហ៊ុន សែន និង​លោក​ថាក់ ស៊ីន ក្លាយ​ជា​ភ្លើង​សង្គ្រាម​តាម​ព្រំដែន​ពាក់​ព័ន្ធ​ក្រុម​ហ៊ុន​បាង​ចាក​(Bangchak)​ដូច​ម្តេច?

នៅក្នុង​ជម្លោះ​ព្រំដែន​រវាងកម្ពុជា-​ថៃ ចំណង​ជើង​ព័ត៌​មាន​ភាគ​ច្រើន​ផ្តោត​សំខាន់​លើ​ការ​សម្ញែង​កាំភ្លើង​ធំ និង​ឧបទ្ទវ​ហេតុ​ជាន់​មីន​នៅ​តាម​បន្ទាត់​ព្រំដែន ប៉ុន្តែមិ​ន​សូវ​ជា​បាន​រាយ​ការណ៍​ពី​មូល​ហេតុ​នៃ​​​ជម្លោះ​ពិតប្រាកដ​នោះ​ទេ។ នៅពីក្រោយជម្លោះប្រដាប់អាវុធ មានការប្រយុទ្ធគ្នាមួយទៀត​ដែល​ស្ងាត់​ជាង ប៉ុន្តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ដូចគ្នា វា​គឺ​ជា​ការ​អួត​គ្នា​អំពី​ទ្រព្យ​សម្បត្តិ និង​អំណាច។

ចំណុច​ស្នូល​នៃ​បញ្ហា​នេះ​ គឺ​ការ​ប្រជែង​យក​ភាគ​ហ៊ុន​របស់ Bangchak Energy ដែល​ជា​ក្រុម​ហ៊ុន​ថាមពល​សំខាន់​បំផុត​មួយ​របស់​ថៃ និង​សំណួរ​ថា​តើ​អ្នក​ណា​ពិត​ជា​អ្នក​អាច​គ្រប់​គ្រង​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​នេះ​ភាគ​ច្រើន។ ការ​តស៊ូ​នេះ បាន​រីក​រាល​ដាល​ដល់​រង្វង់​គ្រួសារ​ដែល​ធ្លាប់​មាន​ចំណង​មិត្ត​ភាព​យ៉ាង​ជិត​ស្និទ្ធ ជា​ពិសេស​រវាង​គ្រួសារ​ត្រកូល ហ៊ុន និង​គ្រួសារ ស៊ីណា​វ៉ាត្រា។

ការស៊ើបអង្កេតដ៏លម្អិតដោយ​លោក Tom Wright ដែលមា​ន​ចំណងជើង​​ថា​ Whale Hunting បាន​រក​ឃើញ​ថា ប្រាក់​រាប់​រយ​លាន​ដុល្លារ​បាន​ផ្លាស់​ប្តូរ​ពី​ឥស្សរជន​នយោបាយ​របស់​កម្ពុជា តាម​រយៈ​អន្តរ​ការី​ដែល​មាន​ប្រវត្តិ​មិន​ច្បាស់​លាស់ និង​កំពុង​កាន់​កាប់​ភាគ​ហ៊ុន​ប្រហែល ២០​ភាគ​រយ​នៅក្នុង​សាជីវ​កម្ម Bangchak។

របាយ​ការណ៍​នេះ ផ្តោត​លើ​អ្នក​ជំនួញ​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​ឈ្មោះ Ben Smith និង​មហា​សេដ្ឋី​កម្ពុជា​ម្នាក់​ឈ្មោះ យឹម លាត ដែល​ត្រូវ​ជាប្អូ​ន​ថ្លៃ​របស់​លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​របស់​លោក ហ៊ុន សែន។

លោក Wright អះអាងថា អ្នកទាំងពីរនេះ បាន​បង្កើត​កញ្ចប់​ថវិកា​មួយ​ដោយ​ស្ងាត់ៗ ដែល​ធំ​ល្មម​អាច​ប្រកួត​ប្រជែង​​ជាមួយ​ភាគ​ហ៊ុន​ដ៏​ធំ​របស់​រដ្ឋ​ថៃ​ នៅក្នុ​ង​សាជីវ​កម្ម Bangchak។ នេះ​បង្កើត​បាន​ជា​សំណួរ​អំពី​ប្រភព​នៃ​ទ្រព្យ​ទាំង​នោះថា​ បាន​មក​ពី​ណា? ហើយតើ​ពួ​ក​គេ​ចង់​បាន​អ្វី​ពិត​ប្រាកដ ក្រៅ​តែ​ពី​ការ​ចង់​បាន​ប្រាក់​ចំណេញ​ធម្មតា​ពី​សាជីវកម្ម​នេះ។

រឿងនេះសំ​ខាន់​ណាស់ ពីព្រោះមា​ន​គេជឿថា​ ទ្រព្យ​ទាំង​នោះ បាន​មក​ពី​ប្រភព​មិន​ស្អាត​ស្អំនោះ​ទេ​។ របាយ​ការណ៍​ដូច​គ្នា រួម​ជាមួយ​នឹង​ការ​ងារ​ពាក់​ព័ន្ធ​ផ្សេង​ទៀត ភ្ជាប់​ប្រភព​រប​ស់វា​​ទៅ​នឹង​ការ​ឆបោក​តាម​អ៊ីន​ធឺណិត ការ​បង្ខិ​ត​បង្ខំ និង​ការ​ក្លែង​បន្លំ​ទ្រង់​ទ្រាយ​ធំ ដែល​មាន​ការ​គប់គិត​​រវាង​ឧក្រិដ្ឋ​ជន​ជន​ជាតិ​ចិន និង​កម្ពុជា។ មជ្ឈមណ្ឌលឆបោកទាំងនេះ បាន​ធ្វើឱ្យផ្នែ​ក​ខ្លះ​នៃ​ប្រទេស​កម្ពុជា​ក្លាយ​ជា​មូល​ដ្ឋាន​ដ៏​សំខាន់​សម្រាប់​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន។ នៅ​​ន័យ​នេះ សាជីវកម្ម Bangchak មិន​មែន​គ្រាន់​តែ​ជាកា​រវិ​និយោគ​ធម្មតានោះ​​ទេ វា​ជា​កន្លែង​សម្រាប់​រក្សា​ទុក “ប្រាក់​កខ្វក់​របស់​កម្ពុជា” នៅ​ក្នុង​ក្រុម​ហ៊ុន​ថៃ ដើម្បី​ឱ្យ​វាមើ​ល​ទៅស្រ​ប​ច្បាប់។

មន្ត្រីកម្ពុជា​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ជាពិ​សេស​នៅ​ពេល​ដែល​រឿង​នេះ​ប៉ះ​ពាល់​ដល់​លោក​ ហ៊ុន សែន ផ្ទាល់។ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែ​ល​និរទេស​ខ្លួន ក៏​បាន​អះ​អាង​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា លោក ហ៊ុន សែន បាន​ព្យាយាម​ជួយ​ទិញ​ភាគ​ហ៊ុន​ជិត ២៤​ភាគ​រយ នៃ​សាជីវក​ម្ម Bangchak តាម​រយៈ​អន្តរការី​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង កាន់​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​របបក្រុ​ង​​​​ភ្នំពេញ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

នៅដើមខែកញ្ញា រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដូច​ជា Khmer Times និង​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប៊ុល​ហ្គារី ដោយ​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​មិន​ពិត។ ពួក​គេ​បាន​រៀប​រាប់​ថា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង​ក្រុមគ្រួ​សារ​របស់​ពួក​គេ​មិន​មាន​ទំនាក់​ទំន​ង​អាជីវកម្មជា​មួយ​ក្រុម​ហ៊ុន Bangchak ទេ។

វាជាការសំខាន់ណាស់​ដែល​គេគួរមានការប្រុងប្រយ័ត្ន អំពី​ការ​ចោទ​ប្រកាន់​នានា​ជុំវិ​ញប​ញ្ហា​នេះ ព្រោះ​ឯកសារ​ផ្លូវ​ការ​របស់​សាជីវ​កម្ម Bangchak និង​កំណត់​ត្រា​ផ្សារ​ហ៊ុន​ថៃ​ បាន​រាយ​បញ្ជី​ភាគ​ទុនិក​ធំៗ​ ដូច​ជា​ ក្រុមហ៊ុន Alpha Chartered Energy, Vayupak Fund និង Social Security Office ដោយ​មិន​មាន​ឈ្មោះ​លោក ហ៊ុន សែន ទេ។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​បញ្ជី​ភាគ​ទុនិក​សាធារណៈ​ណាមួ​យ ដែល​បង្ហាញ​​ឈ្មោះ​របស់​លោក​ដោយ​ផ្ទាល់​នោះ​ទេ។

យ៉ាងណាក្តី សំណួរនៅត្រង់ថា តើនរណាជាម្ចាស់កម្មសិទ្ធិ និង​មាន​ឥទ្ធិពល​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ការ​ព្យាយាម​ទិញ​ភាគ​ហ៊ុន​ទាំង​នោះ? តើអា​ច​ទេ​ដែល​ទ្រព្យ​ទាំង​នោះ ជា​របស់​មនុស្ស​ជិត​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ដែល​លោក ហ៊ុន សែន ផ្ទាល់​ព្យាយាម​ជួយ​ក្តោប​ក្តាប់​ភាគ​ហ៊ុន​ក្នុង​វិស័យ​ថាម​ពល​របស់​ថៃ ពី​ក្រោយឆាក។ សម្រាប់​ថៃ កា​រគ្រប់​គ្រង​ក្រុម​ហ៊ុន​ថាមពល​ធំ​លំដាប់​ទី​ពី​រ​នេះ មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​ច្បាប់​របស់​ក្រុម​ហ៊ុន​នោះ​ទេ វា​បង្ហាញ​ឲ្យ​ឃើញ​ពីឥ​ទ្ធិពលន​យោបាយ​ក្នុង​ប្រទេស​ផង​ដែរ ពោល​គឺ​វា​អាច​ប៉ះពា​ល់​ដល់​តម្លៃ​ប្រេង​ឥន្ធនៈ កិច្ច​សន្យា​សំខាន់ៗ និង​គម្រោង​​ថាមពល​នៅ​ឯនាយ​សមុទ្រ។

អ្នកតាក់​តែង​ច្បាប់ និងមន្ត្រីសន្តិសុខថៃ មានការព្រួយ​បារម្ភអំ​ពី​គំនិត​ដែល​ថា​ផ្នែក​មួយ​នៃ​អំណាច​នេះ​ អាច​ត្រូវ​បាន​កាន់​កាប់​ដោយ​បណ្តាញ​នយោបាយ​បរទេស ដែល​ប្រភព​ហិរញ្ញ​ប្បទាន​បាន​មក​ពី​ឧក្រិដ្ឋ​កម្ម និង​ភ្ជាប់​ទៅ​នឹង​បុរស​ខ្លាំង​នៅ​កម្ពុជា។

មូលហេតុនេះហើយ​ដែលធ្វើឲ្យសាជីវកម្ម Bangchak បានក្លាយជា​បញ្ហាធំ​មួយ​នៅក្នុ​ង​សភា​ថៃ ហើយ​ក៏​ជា​មូល​ហេតុ​ដែល​ឈ្មោះ​ លោក ហ៊ុន សែន ត្រូវ​បាន​គេ​លើក​យក​ជា​ប្រធាន​​បទ​ដេញ​ដោល​ក្នុង​សភា​ថៃ​ជា​ញឹក​ញាប់ ទោះ​បី​ជាគ្មា​ន​ភស្តុតាង​ផ្លូវ​ច្បាប់​ដោយ​ផ្ទាល់​ថា​ លោក​ជា​ម្ចាស់​ភាគ​ហ៊ុន​ក៏​ដោយ។

សម្រាប់កម្ពុជា រឿង Bangchak ចង្អុលប​ង្ហាញ​ពីបញ្ហាជាតិ​ដ៏​ជ្រៅ​ជាង​នេះ។ ខណៈពេ​ល​ដែល​ឥស្សរ​ជន​តូច​មួយ​អាច​ទិញ​ទ្រព្យ​សម្បត្តិ​បរទេស និង​បង្អួត​យន្ត​ហោះ​ឯកជន ទូក​កម្សាន្ត និង​រថយន្ត​ទំនើបៗ ខណៈ​ប្រជាជន​កម្ពុជា​ជា​ច្រើន​រស់​នៅ​ជាមួយ​ប្រាក់​ឈ្នួល​ទាប សេវា​សាធារណៈ​ខ្សោយ និង​កេរ្តិ៍​ឈ្មោះ​អសោច​​នៅបរទេស។ កេរ្តិ៍​ឈ្មោះនោះ​កា​ន់​តែ​អាក្រក់​ទៅៗ ដោយ​សារ​ការ​ឆបោក និង​រឿង​អាស្រូវ​លាង​លុយ​កខ្វក់។

នៅពេលដែលអ្នកកាសែតបរទេសពិពណ៌នាអំពី “បណ្តាញ​លុយ​កខ្វក់​របស់​កម្ពុជា” បាន​និង​កំពុង​វិនិ​យោគ​ក្នុង​ប្រទេស​ថៃ ពួក​គេ​មិន​ត្រឹម​តែ​និយាយ​អំពី​ការ​វិនិយោគ​បែប​ទូទៅ​នោះ​ទេ ពួក​គេ​កំពុង​បង្ហាញ​ថា​ប្រព័ន្ធ​គ្រប់​គ្រង​របស់​កម្ពុ​ជាបា​ន​លាយ​ឡំ​ជាមួយ​ឧក្រិដ្ឋ​កម្ម​ដែល​បាន​រៀប​ចំ​ទុក​ជា​ប្រព័ន្ធ។

រឿង​អាស្រូវ Bangchak ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការបែកបាក់ផ្ទាល់ខ្លួនរវាង​លោក ហ៊ុន សែន និងគ្រួសារ​លោក ថាក់​ស៊ីន ផ​ងដែ​រ។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ លោក ហ៊ុន សែន និង​លោក ថាក់​ស៊ីន បាន​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “ប​ង​ប្អូន”។

លោក ហ៊ុន សែន បានស្វាគមន៍លោក ថាក់ស៊ីន និងលោកស្រី យីង​ឡាក់ នៅ​ពេល​ដែល​ពួក​គេ​រស់​នៅ​និរទេស​ខ្លួន។ ភាព​ស្និទ្ធ​ស្នាល​នេះ បាន​បង្កើត​បណ្តាញ​នយោបាយ​ឯកជន​មួយ ដែល​បង្ហាញ​កាន់​តែ​ច្បាស់​នៅ​ពេល​លោក​ស្រី ផែថង​ថាន ហៅ​លោក ហ៊ុន សែន ថា “ពូ”។

ភាតរភាព​នេះ បាន​ដួល​រលំបន្ទាប់ពីការហៅទូរសព្ទរយៈ​ពេល ១៧​នាទី រវាង​លោក​ស្រី  ផែថង​ថាន និងលោក ហ៊ុន សែន ដែល​ត្រូវ​បាន​លួច​ថត ហើយ​បន្ទាប់​មក​បាន​ចេញ​ផ្សាយ​ដោយ​លោក ហ៊ុន សែន នៅ​លើ​ហ្វេស​ប៊ុក។ ព័ត៌​មាន Reuters និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត បាន​រាយ​ការណ៍​ថា លោក​ស្រី ផែថង​ថាន ស្តាប់​ទៅ​គួ​រ​ឱ្យ​គោរព​ណាស់ បាន​ប្រាប់​លោក ហ៊ុន សែន ថា កុំ​ឱ្យស្តា​ប់​ឧត្តមសេនីយ៍​ថៃ ហើយ​បាន​សុំ​ការ​អាណិត​អាសូរ​ពី “ពូ” រប​ស់​លោក​ស្រី។

នៅក្នុងប្រទេសថៃ ជាពិសេសក្នុងចំណោមយោធា ចាត់​ទុក​បញ្ហា​នេះ​ថា រឿង​អាម៉ាស់ និង​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ប្រទេស​ថៃ។

ការលេចធ្លាយនេះ បានបង្កឱ្យមានការតវ៉ាទាមទារឱ្យលោកស្រីលាលែង​ពីតំណែង និង​ទីបំផុ​ត​លោក​ស្រី  ផែថង​ថាន ក៏​បាន​ធ្លាក់​ចេញ​ពី​អំណាច ដោយ​បាន​ចាត់​ទុក​ការ​ហៅ​ទូរ​សព្ទ​នោះ​បាន​រំលោភ​លើ​ក្រម​សីលធម៌ និង​ប៉ះពា​ល់​ដល់​ផល​ប្រយោជន៍​ជាតិ។

របាយការណ៍នៅក្នុងបណ្តាញសារព័ត៌មាន The Guardian, Al Jazeera, Reuters និង AP បង្ហាញ​ពី​របៀ​ប​ដែល​ទំនាក់​ទំនង​គ្រួសារ​ឯកជន​ជាមួយ​លោក ហ៊ុន សែន បាន​ប្រែ​ក្លាយ​ទៅ​ជា​រឿង​អាស្រូវ​នយោ​​បា​យ​ដែល​បាន​ផ្តួល​រំលំ​នាយករដ្ឋ​មន្ត្រី​របស់​ត្រកូល ស៊ីណា​វាត្រា ម្នាក់​ទៀត។

ក្រោយម​ក លោក ថាក់ស៊ីន បានប្រកាសជាសាធារណៈថា «ភាតរ​ភាព» របស់​គាត់​ជាមួយ​លោក ហ៊ុន សែន បាន​ចប់​ជា​ស្ថាពរ។ លោក​បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន ក្នុង​ការទ​ម្លាយ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ និង​វាយ​ប្រហារ​កូន​ស្រី​របស់​លោក គឺ​ជា​ទង្វើ​ក្បត់។

ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលក្រុងភ្នំពេញ ក៏បានចាត់ទុកការអះ​អាង​របស់​ លោក សម រង្ស៊ី ជុំវិញ​ករណី​សាជីវ​កម្ម Bangchak ថា​ជាកា​រ​កុហក​ក្បត់​ជាតិ ខណៈ​ដែល​សម្ពាធ​យោធា​ថៃ​បាន​កើន​ឡើង​​នៅតាម​ព្រំដែន។ ទំនាក់ទំនង​ផ្ទាល់ខ្លួនដែលធ្លាប់ជួយគ្រប់គ្រងភាពតានតឹង​ បាន​ក្លាយ​ជា​ជម្លោះ​បើក​ចំហ ដែល​បង្កើន​ការ​មិន​ទុក​ចិត្ត​ថ្មី​ដល់​ទំនាក់​ទំនង​ដែល​ផុយ​ស្រួយ​រួច​​ទៅ​ហើយ រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។

អ្នកអត្ថាធិប្បាយថៃមួយចំនួន បានលើកឡើងថា ទំនាស់​ជុំវិញ​កិ​ច្ច​ព្រ​ម​ព្រៀង​ថាម​ពល និង​ភាគ​ហ៊ុន​ Bangchak ក៏​បាន​ដើរ​តួនាទី​ក្នុង​ការ​ដួល​រលំនៃ​ទំនាក់​ទំន​ង​នៃ​គ្រួសារ​ទាំង​ពីរ​ផង​ដែរ។

កិច្ចខិតខំព្យាយាមក្នុងការពង្រីកឥទ្ធិពលរបស់ឥស្សរជនកម្ពុជា នៅ​ក្នុង​សាជីវកម្ម Bangchak ដែល​ត្រូវ​បាន​រារាំង​ដោយ​មូល​និធិស​ន្តិសុខ​សង្គម​របស់​ថៃ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខឹង​សម្បារ ដែល​ក្រោយ​មក​បាន​ប្រើ​ប្រាស់​វោហារ​​សាស្ត្រ​ជាតិ​និយម និង​មោទន​ភាព​ជាតិ ជា​ឧបករណ៍​សង​សឹក។

ជារួម រហូតមកដល់ពេលនេះ ការអះអាងទាំងនេះនៅតែត្រូវបាន​ជជែ​កវែ​ក​ញែក ហើយ​ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា ទ្រព្យ​សម្បត្តិ លុយ​កខ្វក់ និង​នយោបាយ​ផ្ទាល់​ខ្លួន ជា​មូល​ហេតុ​ចម្បង​នៃ​ជម្លោះ​ព្រំដែន​ថ្មីៗនេះ។ តើ​អាជ្ញាធរ​ថៃ និង​កម្ពុជា គួរ​ធ្វើ​អ្វី​បន្ទាប់ ដើម្បី​ឆ្លើយ​តប​នឹង​រឿង​រ៉ាវ​អាស្រូវ​នេះ?

ទីមួយ អាជ្ញាធរថៃត្រូវបង្ហាញម្ចាស់ភាគហ៊ុនពិតប្រាកដជា​ចំហ។ វា​ជា​រឿង​គ្រោះ​ថ្នាក់​សម្រាប់​ថៃ​ដែល​ម្ចាស់​ភាគ​ហ៊ុន ២០​ភាគរយ នៅ​ក្នុង​ក្រុមហ៊ុន​ថាមពល​យុទ្ធ​សាស្ត្រ​មួយ​របស់​ខ្លួន ត្រូវ​បាន​កាន់​កាប់​ដោយ​មនុស្ស​និរនាម​នៅ​ពី​ក្រោយ។ ប្រសិនបើភាគហ៊ុនណាមួយ ត្រូវបានរកឃើញថា​បាន​មក​ពីអា​ជីវកម្ម​កខ្វក់ និង​ឧក្រិដ្ឋ​កម្ម​ឆបោក ថៃ​គួរ​បក​អាក្រាត​​ជា​សាធារណៈ។ នេះ​មិន​មែន​ជា​ការ​ប្រឆាំង​នឹង​ការ​វិនិយោគ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​ការ​ពារ​ជាតិ​ជា​មូល​ដ្ឋាន និង​បង្ហាញ​ពី​សុច្ចរិត​ភាព​ក្នុង​ការ​វិនិយោគ។

ទីពីរ មេដឹកនាំកម្ពុជាគួរតែចាត់ទុករឿងអាស្រូវភាគហ៊ុន Bangchak ជា​បញ្ហា​អភិបាល​កិច្ច មិន​មែន​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​ផ្ទាល់​ខ្លួន​លើ​លោក ហ៊ុន សែន នោះទេ។

ប្រសិនបើមនុស្សជិតស្និទ្ធនឹងគ្រួសារដែល​កំពុង​កាន់​អំណាច មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​បរទេស​ដែល​មាន​ហានិ​ភ័យ ពួក​គេ​គួរ​តែ​ប្រឈម​មុខ​នឹ​ងកា​រ​ប្រកាស​ទ្រព្យ​សម្បត្តិ​ច្បាស់​លាស់ ច្បាប់​ជម្លោះ​ផល​ប្រយោជន៍ និង​ការ​ត្រួត​ពិនិត្យ​ជា​ឯករាជ្យ។

ដរាបណាទ្រព្យអាចផ្លាស់ទីដោយស្ងាត់ៗ​ពីបរិវេ​ណឆ​បោក​នៅ​ក្រុង​ព្រះសី​ហនុ ហូរ​ចូល​ទៅ​ក្នុង​ភាគ​ហ៊ុន​ថាម​​ពល​ថៃ ប្រជាជ​ន​កម្ពុជា​ធម្មតា​នឹង​រង​ផល​ប៉ះ​ពាល់ ជាពិសេស ច្បាប់​ធនាគារ​កាន់​តែ​តឹង​រ៉ឹង​ជាង​មុន ការ​សង្ស័យ​កើន​ឡើង​ពី​ប្រទេស​ជិត​ខាង និង​ឱកាស​តិ​ចជាង​សម្រាប់​អាជីវ​កម្ម​ស្អាត​ស្អំ​វិនិយោគ​ក្នុង​ស្រុក និង​ពីបរទេស។ ទីបី ដៃ​គូអ​ន្តរជាតិ​គួរ​តែ​ផ្តោត​លើ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ដែល​បាន​មក​ពី​ប្រតិបត្តិ​ការ​ឧក្រិដ្ឋ​កម្ម ជាជាង​វោហារ​សាស្ត្រ​ជាតិ​និយម​របស់​លោ​ក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

ប្រសិនបើសម្រេចដាក់ទណ្ឌកម្ម ពួកគេគួរតែកំណត់គោលដៅ​បុគ្គល និង​ក្រុម​ហ៊ុន​ជាក់​លាក់​ដែល​ដឹង​ច្បាស់​ពី​ការ​ផ្លាស់​ប្តូរ​ប្រាក់​ពី​អាជីវ​កម្ម​កខ្វក់ ដូច​ជា ការ​បង្ខិ​ត​បង្ខំ ឆបោក និង​ការ​ក្លែង​បន្លំ មិន​គួរ​សំដៅ​លើ​ប្រជា​ជន​ទាំង​មូល​ទេ។

អ្នកផ្តល់ជំនួយ និងធនាគារអភិវឌ្ឍន៍ ក៏គួរតែទាមទារតម្លាភាពអំពីភាពជា​ម្ចាស់​ពិត​ប្រាកដ និង​សកម្ម​ភាព​ប្រឆាំង​នឹង​ការ​ឆបោក ដែល​ជាផ្នែ​ក​មួយ​នៃកិ​ច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​ពួក​គេ​ជាមួយ​ប្រទេស​ទាំង​ពីរ។

ចុងក្រោយ រឿងរ៉ាវសាជីវកម្ម Bangchak គឺជាការធ្វើតេស្តសម្រាប់សេដ្ឋកិច្ច​នយោបាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល។ តើ​ឧស្សាហក​ម្ម​យុទ្ធ​សាស្ត្រ និង​នយោបាយ​ព្រំដែន នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ដោ​យ​ច្បាប់​ និង​យន្ត​ការ​សន្តិ​វិធី ឬ​ដោយ​បណ្តាញ​ឯកជន និង​ការ​ដោះ​ស្រាយ​ផ្អែក​លើ​ផល​ប្រយោជ​ន៍រ​បស់​គ្រួសារ​អ្នក​នយោ​បាយ? កម្ពុជា និង​ថៃ គួរ​តែ​ជាដៃ​គូ​ធម្មជាតិ​ក្នុង​វិស័យ​ថាមពល ពាណិជ្ជ​កម្ម និង​ការ​អភិវ​ឌ្ឍ​ព្រំដែន ​ប៉ុន្តែ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទាំង​អស់​នោះ ត្រូវ​តែ​ផ្អែក​លើ​ច្បាប់​សាធារណៈ មិន​មែន​ជាកិ​ច្ច​ព្រម​ព្រៀង​សម្ងាត់​ដែល​គាំ​ទ្រ​ដោយ​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​នោះ​ទេ។

ប្រសិន​បើ​រឿងរ៉ាវនៃការដួលរលំនៃ “ភាតរភាព” របស់លោក ហ៊ុន សែន និង​លោក​​ ថាក់​ស៊ីន កើត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ផ្ទាល់​ខ្លួន វា​នឹង​បង្ក​ហានិភ័យ​ដល់​ប្រជា​ជាតិ​ទាំង​ពីរ ព្រោះ​នៅ​ពេល​កិច្ច​ព្រម​ព្រៀង​បរាជ័យ​ ជន​រង​គ្រោះធំ​បំ​ផុត មិន​មែន​ជា​គ្រួសារ​អ្នក​មាន​អំណាច​នោះ​ទេ ជន​រង​គ្រោះដោយ​ផ្ទាល់ ​គឺ​ជា​ប្រជា​ពលរដ្ឋរស់​នៅ​តាម​ព្រំដែន​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន ពលរ​ដ្ឋ​ដែល​ជាប់​នៅ​ក្នុង​បរិវេណ​ឆបោក និង​ប្រជាជ​នដែ​ល​ប្រាក់​របស់​ពួក​គេ​ត្រូវ​បាន​បោក​ប្រាស់ រួច​យក​ទៅ​កសាង​គ្រឹះស្ថា​ន​ស្គឹម​ស្គៃ ទិញ​សម្ភារៈ​ថ្លៃៗ ទូក​កម្សាន្ត យន្ត​ហោះ និង​រថយន្ត​ទំនើបៗ របស់​សមាជិក​ក្រុម​គ្រួសារ​ឥស្សរ​ជន។ ជំហាន​ដំបូង​ដ៏​សាមញ្ញ​បំផុត​ក្នុង​ការ​ឆ្លើយ​តប​នឹង​រឿង​រ៉ា​វនៃ​កា​រ​ក្តោប​ក្តាប់​ភាគ​ហ៊ុន ២០ភាគរយ នៃ​សាជីវ​កម្ម Bangchak គឺ​ការ​បង្ហាញ​ប្រភ​ពថវិកា និង​ការ​វែក​មុខ​អ្នក​នៅ​ពីក្រោយ​ពិត​ប្រាកដ។ បើ​មិន​ដូច្នេះ​ទេ ជម្លោះព្រំដែន​នៅតែ​​ត្រូវ​គេ​ជឿថា​ ជា​ទំនាស់​ផល​ប្រយោជន៍​រវាង​គ្រួ​សារ ហ៊ុន និង​គ្រួសារ ស៊ីន​ណាវា​ត្រា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ