មន្ត្រីគណបក្សដំណើរ​ឆ្ពោះ​ទៅ​មុខ​ស្នើ​​ឱ្យ​​ដោះលែ​ង​​លោក ឃុន ថងឌី ដែល​រង​​ការ​​​ចោទ​ពីប​ទ​ញុះ​ញង់

សកម្មជ​ន​​គណបក្ស​នយោបាយ​ និ​​ងស​ង្គម​​ស៊ីវិល ស្នើ​​តុលាការ​​ក្រុង​​ភ្នំពេញ ពិចារណា​​ក្នុង​ការ​​ដោះ​លែង​ប្រធាន​​គណបក្ស​​​ដំណើរ​​ឆ្ពោះទៅ​​​មុខ លោក ឃុន ថងឌី ដែលត្រូវ​បាន​ចោទ​ពីបទ ញុះញង់ ដោយថាការ​អត្ថាធិ​ប្បាយ​​ពីបញ្ហា​ព្រំដែនកម្ពុជា-ថៃ​របស់មេដឹកនាំ​បក្ស​​រូប​នេះ គ្រាន់តែជាចែករំលែកព័ត៌មាន​ និង​មិនមាន​​​ចេតនាញុះញង់ដូចការចោទប្រកាន់។

តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា​​នេះ បាន​បើក​សវនាការ​លើសំណុំរឿង​របស់ លោក ឃុន ថងឌី ដែល​ត្រូវ​បាន​ចោទពីបទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»។ មេដឹកនាំគណបក្ស​ដំណើរ​​ឆ្ពោះ​ទៅ​មុខ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន កាលពីថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រោយ​លោក​បាន​ចេញ​វីដេអូ​និយាយ​ពីការ​ឈ្លាន​ពាន​ថៃ​លើ​បូរណភាពទឹក​ដី​កម្ពុជា ដែល​​រដ្ឋាភិបាល​ថាបានធ្វើឱ្យ​ប៉ះពាល់ដល់​សន្តិសុខ​​​​​ជាតិ។​

សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​​ដំណើរ​ឆ្ពោះ​ទៅ​មុខ លោក ឆាន ណុល បាន​ថ្លែង​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅថ្ងៃសុក្រ​នេះ​ថា លោក ថងឌី ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន និង​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ ​នាំ​ខ្លួ​ន​ទៅ​បំភ្លឺ​​ដោយ​មិន​មាន​ដីកា ហើយបើតាម​ដឹង រូបគាត់​ត្រូវ​បាន​សាក​សួរ​ពាក់ព័ន្ធ​នឹង​រឿង​និយាយ​ប៉ះពាល់​ដល់​ការ​ទូត​ អំឡុង​ជម្លោះ​ព្រំដែនជា​មួយ​ថៃ។

យ៉ាងណា លោកថា ការ​ថ្លែង​របស់​មេដឹកនាំ​គណបក្ស លោក ថងឌី មិន​មាន​ចេតនាញុះញង់ណា​មួយ​ទេ ខណៈ​សកម្ម​ភាព​របស់​គាត់​កន្លងមក ធ្វើឡើង​ដើម្បី​សង្គម​ជាតិតែ​ប៉ុណ្ណោះ។

បើទោះជា លោក ឆាន ណុល យល់ថា ការ​ចាប់​ខ្លួន​លោក ថងឌី ជា​រឿង​នយោបាយ ប៉ុន្តែ​លោក​​បាន​​ស្នើ​​​​ថា៖ «ខ្ញុំសូម​​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល ក៏ដូច​ជាអង្គការ​សង្គមស៊ី​វិល ក៏​ដូច​ជា​​តុលាការ​ សុំអធ្យាស្រ័យនិង​លើកលែង​​ទោ​ស​​ទៅ​​ដល់​លោក​​ប្រធាន ឃុន ថង​ឌី ផង​ ពីព្រោះ​ចេត​នា​របស់​គាត់​ធ្វើ​នេះ​ គឺ​ជា​ចេតនា​មួយ​​ក្នុង​ការ​ជួយ​ទៅ​ដល់​សង្គមជាតិ​យើង​ទេ មិន​មាន​ចេតនា​​ណាផ្សេង​​​ ដើម្បីបន្តុច​បង្អាក់​ដល់​ដំណើរ​ការ​​របស់​រដ្ឋាភិបាល​នោះទេ»។

បើតាម​លោក ឆាន ណុល តុលាការ​ក្រុង​ភ្នំពេញ គ្រោង​ប្រកាសសាលក្រម​លើ​សំណុំរឿង​របស់​ លោក ឃុន ថងឌី នៅថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥​។

មន្ត្រីអង្កេត​ជាន់ខ្ពស់​នៃសមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដ​ហុក លោក យី សុខ​សាន្ត ដែល​តាម​ដាន​​សវនាការ​នេះ បាន​​ថ្លែង​ថា សំណុំរឿង​របស់​​ ​លោក ថង ឃុនឌី ដែលជា​អតីត​អ្នកសារព័ត៌មាន​​មួយ​រូប​ផង​នោះ​​ តាមការ​សង្កេត​របស់​លោក និង​ការ​លើ​កឡើង​របស់​មេធាវី គឺ​គាត់​​​គ្រាន់តែ​​​ធ្វើការ​ចែករំលែក​ព័ត៌មានពីបញ្ហា​ព្រំដែន​​​ដែលបាន​មក​ពី​មិត្ត​ភ័ក្ត ទៅតាម​សភាព​ការណ៍​ជាក់ស្តែង និង​បាន​បញ្ចេញ​មតិ​ខ្លះៗនៅលើ​បណ្តាញ​សង្គម​ ដែលនាំ​ឱ្យ​មានការ​ចោទ​ប្រកាន់​ទៅ​លើ​រូប​គាត់​ថា បាន​ធ្វើឱ្យ​ប៉ះពាល់ដល់សន្តិសុខជាតិ។

យ៉ាងណា លោកថា ក្នុង​សវនាការ មេធាវី​ការ​ពារ​ក្តីឱ្យ​លោក ឃុន ថងឌី បាន​បញ្ជាក់ប្រាប់​តុលាការ​ដែរថា សកម្ម​ភាព​​របស់​​លោក ថងឌី ពុំ​មាន​ចេតនាណាមួយ​ញុះញង់​ ហើ​យសកម្ម​ភាព​របស់​គាត់​ក៏ធ្វើ​ឡើង​ដើម្បីសង្គមជាតិប៉ុណ្ណោះ ព្រោះ​មុនពេល​ចាប់ខ្លួនគាត់ក៏​​បាន​​ផ្តល់​​ជា​​ជំនួយ​​​​ដល់​​ជន​​ភៀស​​សឹកក្នុងជម្លោះព្រំដែន​កម្ពុជា​-ថៃ​ផងដែរ។

លោក យី សុខសាន្ត បានថ្លែង​បន្ត​ថា៖ «​ការ​កត់សម្គាល់​របស់​អង្គការសង្គម​ស៊ីវិល យល់ថា ស្នើ​​​សុំ​ដោយ​ទទូចទៅរ​ដ្ឋាភិ​បាល​ ក៏ដូចជា​សមត្ថកិច្ច​ដែរ​ ពាក់ព័ន្ធ​ទៅនឹង​សេរីភាពក្នុង​ការ​​​បញ្ចេញ​​​មតិ គួរតែ​មេត្តា​​កុំ​ដាក់​ទោស​ទណ្ឌ​​ដល់​អ្នកដែល​​ហ៊ាន​និយាយ​ហ៊ានថា ពេល​ខ្លះ​កាល​​ដែលយើង​​ហ៊ាន​និយា​យ​ហ៊ានថាហ្នឹង ដែល​​ធ្វើ​ឱ្យ គេ​ហៅ​ថា ​ជា​សារមួយ​ជូន​​ទៅ​រដ្ឋាភិបាល​​ ដើម្បី​ឱ្យ​មានការ​កែប្រែ[…]​ពាក់ព័ន្ធ​នឹ​ង​សេរីភាព​បញ្ចេញ ​ស្នើ​សុំឱ្យ​ដោះលែងពួកគាត់ ឬមួយ​ក៏ណែនាំ​​គាត់ វា​ល្អ​ជាងការ​ដាក់ទោសទណ្ឌ»។

វីអូឌី មិន​អាចសុំការ​អត្ថាជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលា​ដំបូង​រាជធានីភ្នំពេញ លោក ប្លង់ សុផល បាន​ទេ​នៅថ្ងៃ​សុក្រ​នេះ។

កាលពីថ្ងៃទី​០៥ ខែ​វិច្ឆិកា ​អង្គ​​ការ​​ឃ្លាំមើ​ល​​សិទ្ធិ​​មនុស្ស​​អន្តរ​​ជាតិ (Human Rights Watch) បានចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ដោយ​​​លើក​ឡើង​​​​​ថា រដ្ឋាភិបាល​​​លោក ហ៊ុន ម៉ាណែត បាន​យក​​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ធ្វើ​ជា​ឱកាស​​យាយី​ជា​ប្រព័​ន្ធ​លើ​អ្ន​ក​រិះ​គន់​រដ្ឋាភិ​បាល ដោយ​ប្រើ​ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា​៤៩៤ និង​៤៩៥ ចោទ​ប្រកាន់​តាម​ចិត្ត ផ្ទុយ​ទៅ​នឹង​គោល​ការ​ណ៍​សិទ្ធិ​មនុស្ស ។

ប្រភពដដែល​បន្តថា ក្នុង​ខែ​កក្កដា និង​សីហា ឆ្នាំ​២០២៥​ រដ្ឋាភិ​បាល​​កម្ពុជា​ បាន​ចាប់​ខ្លួន និង​ចោទ​​ប្រកាន់​​មនុស្ស​​យ៉ាង​តិច ១៦​នាក់ តាម​អំពើ​ចិត្ត​ តាម​រយៈ​ការ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ អំពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ហើយ​​អ្នក​ទាំង​​នោះ​ ភាគ​​ច្រើន​​ត្រូវ​​អាជ្ញាធរ​​​​​​ចោ​​ទប្រកាន់​​​​ពី​​បទ​​​​ញុះ​ញង់ ​តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​​ក្រម​​ព្រហ្ម​ទណ្ឌ​កម្ពុជា ដែល​ត្រូវ​​ផ្តន្ទាទោស​​ដាក់​​ពន្ធនា​គារ​​រហូត​​ដល់ ២​ឆ្នាំ​។ យ៉ាង​ហោច​ណាស់ មនុស្ស ៣​នាក់ ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​​ពី​បទ​ក្បត់​ជាតិ​ ហើយ​អាច​ទទួល​ទោស​ពី ៥ ទៅ១៥​ឆ្នាំ។

លើស​ពី​នេះ សេច​ក្តី​ថ្លែងការណ៍នេះ បាន​ដក​ស្រង់​សម្តី អ្នក​ស្រី Bryony Lau នាយក​រង​នៃអង្គ​ការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី​ថា៖ «អាជ្ញាធរ​កម្ពុជា​កំពុង​ប្រើ​ប្រាស់​ជម្លោះ​ព្រំដែន​ថៃ​នា​ពេល​ថ្មីៗ​នេះ ជា​លេស​ដើម្បី​បំភិត​បំភ័​យ​មនុស្ស​ដែល​បញ្ចេញ​ទស្សនៈ​រប​ស់​ពួក​គេ ដោយ​សេរី​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម និង​ដើម្បី​យាយី​អ្នក​រិះគ​ន់​រដ្ឋាភិ​បាល។ ការ​​ឃុំខ្លួន​ដោយ​ខុស​ឆ្គង និង​ការ​ប្រើ​ខុស​លើ​បទ​ញុះ​ញង់ និ​ង​ការ​ចោទ​ប្រកាន់​ក្បត់​ជាតិ បង្ហាញ​ពីការ​មិន​យក​ចិត្ត​ទុក​​ដាក់​របស់​រដ្ឋាភិបាល​កម្ពុជា​ ចំពោះ​សេរីភាព​បញ្ចេញ​មតិ និង​សេរី​ភាព​សារ​ព័ត៌​មាន»

សម្រាប់​ អ្នក​ស្រី Bryony Lau ប្រជាជន​កម្ពុជា​ទាំង​អស់​ មាន​សិទ្ធិ​បញ្ចេញ​មតិ​ទាំង​តាម​អ៊ីន​ធឺ​ណិត និង​ក្រៅ​បណ្តាញ ហើយ​មិន​គួរ​ត្រូវ​បាន​ឃុំ​ខ្លួន​ និង​ចោទ​ប្រកាន់​ដោយ​គ្រាន់​តែ​បញ្ចេញ​មតិ​រិះគន់​នោះ​ទេ។

ប្រភពដដែលបន្តថា៖«រដ្ឋាភិបាល​បរទេស​ដែល​មាន​ការ​ព្រួយ​បារម្ភ​ ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​ទាំង​នេះ ហើយ​ដោះ​លែង​បុគ្គល​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់»។

ការលើកឡើងរបស់ Human Rights Watch នេះ ប្រហាក់​ប្រហែល​គ្នា​ទៅនឹ​ងការ​ចេ​ញ​ផ្សាយ​របស់​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ កាល​ពី​ថ្ងៃទី​៣១​ខែ​តុលាដែ​រ ដែល​អង្គ​ការ​នោះ​ថា រយៈ​ពេល​៣ខែ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ មនុស្ស​យ៉ាង​តិច​១៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​តែ​ពួក​គេ​និយាយ​រឿង​ជម្លោះ​ព្រំដែន ដែល​ថៃ​ឈ្លាន​ពាន​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ