តុលាការក្រុងភ្នំពេញ នៅថ្ងៃសុក្រនេះ បានបន្តសវនាការសួរដេញដោលលើសំណុំរឿងញុះញង់របស់សកម្មជន២៣តុលា ពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងព្រឹត្តិការណ៍តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ខណៈសំណុំរឿងនេះ សង្គមស៊ីវិលយល់ថា តុលាការគួរពិចារណាឱ្យសកម្មជនទាំងនោះរួចផុតពីបទចោទប្រកាន់ ដោយសារការចោទនេះពុំមានព្យសនកម្ម(ការខូចខាត)ណាមួយកើតឡើងឡើយ។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ តុលាការក្រុងភ្នំពេញ បានចាប់ផ្តើមបើកសវនាការលើសំណុំរឿងរបស់សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា ដែលមានលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ព្រមទាំងជនជាប់ចោទផ្សេងទៀតជិត ៤០នាក់។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ តុលាការក្រុងភ្នំពេញ បានបន្តបើកសវនាការសួរដេញដោលទៅលើសកម្មជន២៣តុលា គឺកញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ដែលត្រូវបានចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ក្នុងសវនាការសួរដេញដោលនោះ លោកកត់សម្គាល់ឃើញថា សកម្មជន២៣តុលា ដែលជាជនជាប់ចោទក្នុងសំណុំរឿងញុះញង់នេះ ហាក់មានភាពមិនអស់ចិត្ត ដោយពួកគេចោទសួរទៅតុលាការវិញថា តើគាត់បានទៅញុះញង់អ្នកណា? ហើយនរណាជាអ្នកបង្កឱ្យមានភាពវឹកវរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម? ខណៈតាំងពីការចាប់ខ្លួនពួកគាត់រហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ឃើញមានអ្វីកើតឡើង ទៅតាមអ្វីដែលជាការបញ្ចេញមតិរបស់ពួកគាត់នៅឡើយ។
បើតាម លោក នី សុខា ពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ ដែលតុលាការតែងយកមកចោទប្រកាន់ពីបទញុះញង់នេះ វាតែងតែកើតមានបញ្ហាស្មុគស្មាញនៅពេលសវនាការនិមួយៗ ដោយសារតែគេមិនអាចរកឃើញអំពីព្យសនកម្មនៃការកើតអំពើញុះញង់ ដែលធ្វើឱ្យជនជាប់ចោទមិនអស់ចិត្ត។
ការណីនេះ លោកនិយាយថា៖ «ដូច្នេះខ្ញុំគិតថា រឿងចោទប្រកាន់ពាក់ព័ន្ធទៅនឹងបទញុះញង់ ឬក៏វាកើតឡើងដោយសារតែការបញ្ចេញមតិនេះ ខ្ញុំគិតថា គួរតែតុលាការលោកមេត្តាពិចារណា ដើម្បីធ្វើយ៉ាងណាឱ្យជនជាប់ចោទហ្នឹងមានការរួចផុតពីបទចោទ ពីព្រោះថារឿងទាំងអស់នេះវាមានការលំបាក ក្នុងការដែលយើងគិតថា វាមិនទាន់មានជាព្យសនកម្មអីកើតឡើង ដែលវាសមស្របទៅនឹងបទល្មើសព្រហ្មទណ្ឌ»។
ជាមួយគ្នានេះ មន្ត្រីសិទ្ធិមនុស្សរូបនេះ ក៏បានលើកឡើងនូវហេតុផលមួយទៀត ដែលតុលាការក៏គួរពិចារណាក្នុងការដោះលែងសកម្មជន២៣តុលាឱ្យមានសេរីភាពផងដែរ ដោយសារក្នុងច្បាប់ ការចោទប្រកាន់ពីបទញុះញង់នេះ បានកំណត់ទោសអតិប្បរមា ២ឆ្នាំ ហើយសកម្មជន២៣តុលាត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារដល់ទៅ ២ភាគ៣រួចទៅហើយ គិតចាប់តាំងពីការចាប់ខ្លួនមក។
សម្រាប់ មេធាវីការពារសិទ្ធិឱ្យសកម្មជន២៣តុលា លោក អែម ចន្ថា និងសាច់ញាតិរបស់ពួកគាត់ សុំមិនអត្ថាធិប្បាយជុំវិញសវនាការនៅព្រឹកមិញនេះទេ ខណៈសវនាការសួរដេញដោលនេះនៅមិនទាន់បញ្ចប់នៅឡើយ ហើយតុលាការក៏នៅមិនទាន់កំណត់ថ្ងៃសវនាការបន្ត នៅពេលណាទៀតនោះដែរ។
គួរបញ្ជាក់ថា មានមនុស្សប្រហែល ១០០នាក់ហើយ ត្រូវបានចាប់ខ្លួន ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៤ ហើយជាមួយគ្នានោះ មានមនុស្សជាង ៦០នាក់ ដែលត្រូវបានចោទប្រកាន់ និងដាក់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ សម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផែនការប្រមូលផ្តុំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេ អំពីការជាប់ពាក់ព័ន្ធនៅក្នុងករណីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA ។
ដីការបស់តុលាការ បានលើកឡើងថា ជនជាប់ចោទបានបង្កើតព័ត៌មាន«បំភ្លៃ»និង«ប្រឌិត» ដោយមានចេតនាទុច្ចរិត ញុះញង់ឱ្យមានការខឹងសម្បារប្រឆាំងនឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
ជាមួយគ្នានេះ សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់កម្ពុជា ទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ (CLV)។
តែយ៉ាងណា ក្រោយមករដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម៕









