មន្ត្រីគណបក្សប្រឆាំងដែលមានបទពិសោធន៍កិច្ចការព្រំដែនគឺលោក អ៊ុំ សំអាន អះអាងថា ពេលនេះ លោកកំពុងស្វែងរកផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីយកទៅផ្សព្វផ្យាយឱ្យពលរដ្ឋខ្មែរដឹងថាក្រោមការដឹកនាំរបស់គ្រួសារហ៊ុន ពិតជាបានកាត់ទឹកដីឱ្យទៅវៀតណាម និងថៃ ដើម្បីរក្សាអំណាច។
ការណ៍នេះ លោកថា ដើម្បីកុំឱ្យគ្រួសារហ៊ុន ទម្លាក់កំហុសដាក់ពលរដ្ឋស្លូតត្រង់ ដែលស្រឡាញ់ទឹកដីរងការចោទថា ជាជនក្បត់ជាតិ រីឯអ្នកកាន់អំណាចដែលកាត់ដីឱ្យបរទេសតាំងខ្លួនថាជាអ្នកស្នេហាជាតិ ដែលជាដើមចមធ្វើឱ្យកូនខ្មែរយល់ច្រឡំ និងភ្លេចគិតពីមហិច្ឆតាបរទេសឈ្លានពាន។
តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បានឱ្យដឹងថា លោកនឹងចំណាយពេលពេញមួយសប្តាហ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិនៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដើម្បីចម្លងផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ ឱ្យកូនខ្មែរគ្រប់រូបដឹងអំពីទឹកដីរបស់កម្ពុជាពិតប្រាកដ។
ម្យ៉ាងវិញទៀត លោកបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីលាតត្រដាងពីកំហុសរបស់មេដឹកនាំគ្រួសារហ៊ុនដែលបាននិងកំពុងធ្វើឱ្យទឹកដីខ្មែរចេះតែបាត់បង់បន្តិចៗទៅប្រទេសជិតខាងទាំងថៃនិងវៀតណាម។
លោកថា៖ «គោលបំណងយើង គឺដើម្បីលាតត្រដាងពីផែនទីដែលកូនខ្មែរបានដឹង ទៅថ្ងៃក្រោយគាត់អាចសិក្សាពីផែនទីហ្នឹង ហើយអាចការពារទឹកដីខ្មែរយើងកុំឲ្យបាត់បង់ ថាដីយើងនៅកន្លែងណា បើកាលណាកូនខ្មែរយើងមិនដឹងថាទឹកដីខ្លួនឯង ព្រំដែននៅកន្លែងណា គាត់ការពារទឹកដីយ៉ាងម៉េចកើត មួយទៀតដើម្បីឲ្យខ្មែរយើងហ្នឹងដឹងទៅ កុំឱ្យត្រកូលហ៊ុនបោកប្រជាពលរដ្ឋខ្មែរនៅពេលដែលចង់កាត់ទឹកដីទៅឲ្យឡាវទៅឲ្យថៃទៅឱ្យវៀតណាមទៅ ប្រជាពលរដ្ឋអត់ដឹងថាដីនៅកន្លែងណា អ៊ីចឹងគាត់អត់ហ៊ានតវ៉ា បើសិនជាគាត់ដឹងគាត់តវ៉ា ត្រកូលហ៊ុនមិនអាចលាក់បាំងប្រជាពលរដ្ឋខ្មែរបានទេ»។
សម្រាប់លោក សំអាន ក្រោយពីសិក្សាស្រាវជ្រាវ និងថតចម្លងផែនទីឧបសម្ព័ន្ធបារាំងសៀមនេះហើយ លោកនឹងប្រមូលភស្តុតាង ឬឯកសារទាំងនេះ ដើម្បីដាក់ពាក្យប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិICJ។
លោកសង្កត់ធ្ងន់ថា ការព្យាយាមខ្នះខ្នាងរបស់លោកនិងក្រុមការងារ ដើម្បីគាស់កកាយរឿងព្រំដែននេះ ព្រោះលោកគ្មានសង្ឃឹមលើមេដឹកនាំគ្រួសារហ៊ុន យកចិត្តទុកដាក់រឿងការបាត់បង់ទឹកដីខ្មែរនោះទេ។
លោកថា៖ «វាមានសារៈសំខាន់ គឺផែនទីខ្នាត១/២០០ដែលជាផែនទីឧបសម្ព័ន្ធភ្ជាប់ ភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ ១៩០៧នេះ គឺជាមូលដ្ឋានគ្រឹះនៃការការពារទឹកដីរបស់យើង ពីការឈ្លានពានបរទេស បើសិនជាយើងអត់មានផែនទីទាំងនោះទេ យើងមិនដឹងថាព្រំដែនយើងនៅកន្លែងណា យើងទៅការពារទឹកដីយ៉ាងម៉េច យើងទៅចរចាជាមួយថៃយ៉ាងម៉េច យើងទៅបោះបង្គោលជាមួយថៃយ៉ាងម៉េច យើងប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ដោយសំអាងថាទឹកដីរបស់យើងយ៉ាងម៉េច ដូច្នេះវាជាមូលដ្ឋានគ្រឹះសម្រាប់នៃការការពារទឹកដីរបស់យើង តាមរយៈការចរចា តាមរយៈការប្រើច្បាប់អន្តរជាតិតាមរយៈការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ»។
សម្រាប់លោក អ៊ុំ សំអាន បាននិយាយថា នៅថ្ងៃទី៨ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងបានចំនួន ៩៤បង្គោល លើផែនការសរុប ១៦៦បង្គោល នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលពួកគេថា បង្គោលព្រំដែននេះ អាចធ្វើតាមការចង់បានរបស់ថៃ។
តែលោក ហ៊ុន សែន កំពុងគំរាមដកសញ្ជាតិពលរដ្ឋកុំឱ្យនិយាយរឿងនេះ ដោយចាត់ទុកថារដ្ឋាភិបាលមិនបានកាត់ដីឱ្យបរទេស ដើម្បីការពារអំណាចដូចការចោទពីបក្សប្រឆាំងទេ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ ប្រាប់VODថា វាហាក់មិនមែនជារឿងចម្លែកទេ ដែលក្រុមប្រឆាំងចូលចិត្តធ្វើរឿងចម្លែកៗ គ្មានប្រយោជន៍ ដែលគួរឱ្យអស់សំណើច។
លោកបញ្ជាក់ថា លោកមិនចង់ឆ្លើយឆ្លងនឹងក្រុមប្រឆាំងទាំងនោះទេ ព្រោះវាគ្មានបានការណ៍សម្រាប់ជាតិ និងប្រជារាស្រ្តខ្មែរ គឺពួកគេធ្វើដើម្បីតែបានលេសប្រឆាំង និងចោទប្រកាន់ថ្នាក់ដឹកនាំប៉ុណ្ណោះ។
លោកថា៖ «ខ្ញុំពេលខ្លះខ្ញុំអង្គុយសើច ខ្ញុំហួសចិត្តទៅនឹងពួកគេចេះលើកឡើងទៅរួច រកពាក្យវាយប្រហារលើរដ្ឋាភិបាលឲ្យតែរួចពីមាត់ ឲ្យតែគិតថាបានចំណេញសម្រាប់ខ្លួនឯង ចឹងហើយខ្ញុំគិតថាទង្វើសកម្មភាពរបស់ក្រុមទាំងអស់នេះ វាអត់មានប្រយោជន៍ស្អីទេ ធ្វើអីធ្វើទៅកុំចាប់អារម្មណ៍»។
យ៉ាងណា លោក ហ៊ុន សែន ធ្លាប់ប្រើពេលជាង៥ម៉ោងនៅក្នុងសភា អំឡុងឆ្នាំ២០១២ បកស្រាយបញ្ហានេះ ដោយបញ្ជាក់ថា បញ្ហាកោះត្រល់ បានបាត់បង់តាំងពីសម័យមុនលោក ឡើងកាន់អំណាច ហើយថា ក្រោមការគ្រប់គ្រងរបស់លោក មិនធ្វើឱ្យបាត់ទឹកដីទៅប្រទេសជិតខាងទេ។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត គាំទ្របេសសកម្មលោក អ៊ុំ សំអាន ដើម្បីលាតត្រដាង នឹងបង្ហាញភស្តុតាងឯកសារផែនទីទឹកដីខ្មែរ ដែលកំពុងប្រឈមការបាត់បង់នេះ។
លោកអះអាងដែរថា ការសិក្សាស្រាវជ្រាវ ឬការបង្ហាញផែនទីឧបសម្ព័ន្ធបារាំងសៀមឆ្នាំ១៩០៤-១៩០៧ នេះ ដើម្បីបញ្ជាក់ថាព្រំប្រទល់ទឹកដីកម្ពុជានៅត្រង់ចំនុចណា និងដើម្បីឱ្យដឹងថា បាត់បង់ទៅណាខ្លះ។
លោកថា៖ «អ្វីដែលលោក អ៊ុំ សំអាន គាត់ធ្វើហ្នឹងមានន័យថា គាត់មានស្មារតីជាតិ ហើយគាត់មានស្មារតីជាតិ ហើយគាត់បារម្ភពីបញ្ហាជាតិហើយ អ៊ីចឹងអ្វីដែលគាត់កំពុងគិតកំពុងខ្វល់កំពុងតែចុះទៅស្រាវជ្រាវហ្នឹង បងប្អូនយើងលើកទឹកចិត្តគាត់ផងទៅៗ ហើយរដ្ឋាភិបាលកម្ពុជាហ្នឹងកុំមានៈពេក ស្តាប់បងប្អូនយើងដែលមានចិត្តស្រឡាញ់ជាតិ និងអាចយកស្មារតីនៃអ្នកស្រឡាញ់ជាតិយកទៅដាក់នៅក្នុងខ្លួន ដើម្បីដោះស្រាយបញ្ហាយុត្តិធម៌សម្រាប់កម្ពុជាទៅ អាហ្នឹងបានអាចការពារបូរណភាពទឹកដីកម្ពុជាបាន ពីការរំលោភឈ្លានពានរបស់ប្រទេសជិតខាងនោះ»។
សម្រាប់ លោក ម៉ែន ណាត ដែលជាអ្នកមានបទពិសោធន៍កិច្ចការព្រំដែនមួយរូបដែរនោះ បានបញ្ជាក់ថា សន្ធិសញ្ញាបារាំងសៀម ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ឱ្យកូនខ្មែរយល់ដឹងពីទឹកដីរបស់ខ្លួន។
លោករៀបរាប់ថា សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៥-១៩០៧ បារាំងជាអាណាព្យាបាលរបស់កម្ពុជាបានបោះបង្គោលព្រំដែនខ្មែរ-ថៃ ចំនួន ៧៣បង្គោល និងរក្សាផែនទីដើមទុក ដើម្បីជៀសវាងមេដឹកនាំខ្មែរខិលខូចលួចកាត់ទឹកដីខ្មែរឱ្យបរទេសជិតខាង ដើម្បីអំណាច។
លោកថា៖ «ផែនទីភ្ជាប់សន្ធិសញ្ញាបារាំងសៀមហ្នឹង ហើយផែនទីបារាំងដទៃទៀតៗ ដែលពាក់ព័ន្ធផែនទីអាណានិគមរបស់បារាំងហ្នឹង គឺមានសារៈសំខាន់ទាំងអស់ មិនថាចំពោះផែនទីភ្ជាប់សន្ធិសញ្ញាបារាំងសៀមប៉ុណ្ណឹងទេ ផែនទីណាក៏អាចយកមកសិក្សាបានដែរ ម៉េចហៅថាពាក្យសិក្សាប្អូន ពាក្យសិក្សាស្រាវជ្រាវគឺផែនទីខ្លះយកមកប្រើប្រាស់ សម្រាប់កំណត់ដែនអធិបតេយ្យកម្ពុជា ផែនទីខ្លះអាចយកមកសិក្សាស្រាវជ្រាវ ដើម្បីរៀនសូត្រចែកគ្នារៀនសូត្រ និងវាមានសារៈសំខាន់គ្រប់បែបយ៉ាងទាំងអស់»។
បញ្ហាព្រំដែននាសម័យទំនើបនេះ វាបានកក្រើកឡើងវិញអំឡុងឆ្នាំ២០០៥ ដែលពេលនោះ លោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញចោល បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែម ដែលរងការរិះគន់ថា ធ្វើតាមការចង់បានរបស់មេដឹកនាំវៀតណាម។
ជាក់ស្តែងនៅឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់គំរាមរំលាយស្ថាប័នព្រះមហាក្សត្រ ដើម្បីសម្រេចមហិច្ឆតាវៀតណាមលេបទឹកដី បើព្រះអង្គមិនឡាយព្រះហស្តលេខា លើសន្ធិសញ្ញាព្រំដែនខុសច្បាប់ដែលគូរវាសដោយវៀតណាម ឆ្នាំ១៩៨២ ៨៣ និង៨៥ ឱ្យរស់ឡើងវិញទេនោះ។
បន្ថែមពីនេះ លោក ហ៊ុន សែន តែងតែចោទមេដឹកនាំគណបក្សប្រឆាំងថា ជាជនក្បត់ជាតិ ខណៈពួកគេជាញឹកញាប់បានប្រើយន្តការសភា និយាយលាតត្រដាងពីមហិច្ឆតាវៀតណាមលេបទឹកដីខ្មែរនេះ។
លើសពីនេះ គណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំងធំជាងគេ ត្រូវបាន លោក ហ៊ុន សែន ប្រើតុលាការរំលាយចេញពីឆាកនយោបាយនៅចុងឆ្នាំ២០១៧ និងបន្តសម្លាប់ជីវិតនយោបាយមេដឹកនាំ រហូតបច្ចុប្បន្ន ក្នុងនោះរួមទាំង លោក កឹម សុខា ផងដែរ។
កម្តៅព្រំដែននេះ ត្រូវបានគេមើលឃើញថា ជាដើមចមធ្វើឱ្យ លោក ហ៊ុន សែន ជាប់អន្ទាក់ប្រទេសជិតខាង ហើយបន្តប្រើគ្រប់មធ្យោបាយ ដើម្បីកម្ចាត់ខ្មែរគ្នាឯង ដែលហ៊ានលាតត្រដាងមហិច្ឆតាវៀតណាមឈ្លានពានទឹកដីខ្មែរ ។
វិធាននេះក្រោយ លោក ហ៊ុន សែន ធ្វើឱ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់ រស់នៅឡើងវិញនៅឆ្នាំ២០០៥ ការចង់បានរបស់វៀតណាម ដែលក្រុមប្រឆាំងអះអាងថា ធ្វើឱ្យកម្ពុជាបាត់បង់ដែនដីគោកមួយផ្នែកទៀត រួមប្រជុំកោះនិងដែនសមុទ្រ។
ទង្វើនេះ ត្រូវបានគេមើលឃើញថា មេដឹកនាំគ្រួសារហ៊ុន បានដើរផ្ទុយទៅនឹងមាត្រា៥២ និងមាត្រា៥៥នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









