រលកតវ៉ាបិទផ្លូវនៅមុខតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃចន្ទនេះ ពីសំណាក់ជនរងគ្រោះចាញ់បោកក្រុមហ៊ុនពិភពដីមាសរបស់អតីតឧកញ៉ា ហ៊ី គឹមហុង ដើម្បីទាមទារយុត្តិធម៌ រួមទាំងការតវ៉ាជាបន្តបន្ទាប់ច្រើនករណីទៀត ជុំវិញអំពើឆបោកជំរុញឱ្យមានការលើកឡើងថា ជាការទាញសញ្ញាអាសន្នចលាចលសង្គម បើប្រព័ន្ធយុត្តិធម៌នៅតែមិនដំណើរការ។
ការលើកឡើងនេះ ក្រោយជនរងគ្រោះរាប់សិបនាក់ ចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង បានស្រែកទាមទារយុត្តិធម៌ នាថ្ងៃទី២៤ ខែវិច្ឆិកានេះ ខណៈប្រព័ន្ធច្បាប់កប់ចោលយុត្តិធម៌ពួកគេ៣ឆ្នាំទៅនេះ ធ្វើឱ្យចំនួនអ្នកស្លាប់កើនជាង៣០នាក់ក្រោមវិបត្តិបំណុល។
ប្រភពថា៖ «ហេតុតែប្រជាពលរដ្ឋលោកមានការល្ងិតល្ងង់ មិនចេះមិនដឹង ទើបជឿលង់ទៅលើក្រុមបក្សពួកទាំងអស់នេះ ដោយបង្កើតឲ្យមានការវិនិយោគទិញដីឲ្យផលចំណេញរយៈពេល២ឆ្នាំ ដោយមិនឲ្យពូមីងបងប្អូនពិបាកក្នុងការជំពាក់ធនាគារទេ។ ប៉ុន្តែទីបំផុតឧកញ៉ារូបនេះបានធ្វើឱ្យពួកខ្ញុំរស់នៅវេទនាជាងស្លាប់ មែនអត់បងប្អូន។ ចំនួនអ្នកស្លាប់កើនឡើងដល់ ៣២នាក់ហើយ ពួកខ្ញុំអយុត្តិធម៌ណាស់»។
ជាមួយគ្នានេះ ស្រ្តីជាជនរងគ្រោះម្នាក់ទៀត បានទាមទារឱ្យចាប់ខ្លួនអតីតឧកញ៉ា ហ៊ី គឹមហុងដាក់ពន្ធនាគារ និងរឹបអូសទ្រព្យសងជនរងគ្រោះវិញ។
អ្នកស្រីថា៖ «ពេលប្រជាពលរដ្ឋមកធ្វើកូដកម្មអីតិចតួចយកទាហាន យកប៉ូលីសមកដាក់។ ចុះត្រង់អា ហ៊ី គឹមហុង ម៉េចក៏មិនយកទាំងឡានយកចាប់វានៅផ្ទះវា។ មិនមែន អា ហ៊ី គឹមហុងហ្នឹង ក្បាលប៉ាន់ដែកទេ ប្រជាពលរដ្ឋមនុស្សយើងធម្មតាដូចតែគ្នាទេ ហើយប្រជាពលរដ្ឋទាំងអស់គ្នានេះមក ក៏មិនមែនយកលុយអា ហ៊ី គឹមហុង ដែរ! មកយកលុយប្រជាពលរដ្ឋគ្រប់គ្នាទេ មិនមែនមកយកលុយអា ហ៊ី គឹមហុង ទេ។ ហេតុអីក៏មិននឹកឃើញអាណិតប្រជាពលរដ្ឋ! ចុះបើឧបមាប្រជាពលរដ្ឋ ធនាគារចាប់ផ្ដើមអូសផ្ទះបន្តៗ អូនឯងគិតមើល មនុស្សរាប់ពាន់នាក់ រាប់ម៉ឺននាក់ តើរាជរដ្ឋាភិបាលរដ្ឋរកដីផ្ទះឱ្យប្រជាពលរដ្ឋនៅបានដែរអត់។ ឱ្យខ្ញុំទៅនៅឯណា ខ្ញុំចង់សំណូមពរតុលាការហ្នឹងពន្លឿនឲ្យកូនចៅ ព្រោះថាកន្លែងហ្នឹង កន្លែងក្រសួងយុត្តិធម៌!តុលាការយុត្តិធម៌ ចុះបើមកដល់កន្លែងហ្នឹង២ ទៅ៣ដងហើយ ម្តងនៅដដែល ២ដងនៅដដែល តើត្រូវធ្វើម៉េច។ ហើយកំហឹងប្រជាពលរដ្ឋវាទប់លែងបាន ដួចគេនិយាយចឹង គេថា អត់ធ្មត់មានដែនកំណត់ តែហួសពីកំណត់ លែងអត់ធ្មត់បានហើយ»។
ក្នុងអំឡុងពេលតវ៉ានេះ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ទិត សុទ្ធីបូរ៉ាឆាត ក៏បានចេញជួបក្រុមជនរងគ្រោះ ដោយអំពាវនាវឱ្យពលរដ្ឋរំសាយការតវ៉ា និងសន្យាដោះស្រាយឱ្យពលរដ្ឋក្នុងពេលឆាប់ៗ។
ជាមួយគ្នានេះ នៅថ្ងៃដដែលនេះ ក៏មានតំណាងពលរដ្ឋចំនួន១៦៨គ្រួសារ រស់នៅកោះមាសបានឡើងមកតវ៉ានៅសាលាខេត្តកណ្តាលផងដែរ ដើម្បីទាមទារបណ្ណកម្មសិទ្ធិដី ក្រោយសាលាស្រុកកៀនស្វាយបដិសេធ។
ពួកគេបង្ហាញការខកចិត្ត ដោយថាបានមករស់នៅអាស្រ័យផលលើកោះនេះលើស២០ឆ្នាំ តែអាជ្ញាធរស្រុកកៀនស្វាយ បកស្រាយថាដីនៅកោះនេះ ត្រូវបានរដ្ឋប្រគល់ឱ្យទៅក្រុមហ៊ុន ឃុន សៀ។
អ្នកស្រីថា៖ «ខ្ញុំឈ្មោះ ឡូញ សារ៉ួម ខ្ញុំប្រកបមុខរបរធ្វើចម្ការហ្នឹងជាយូរឆ្នាំហើយ ដាំបន្លែលក់ជាប្រចាំ ដើម្បីមានចំណូលចិញ្ចឹមជីវិតយូរឆ្នាំហើយ ហើយអត់ទាន់បានទទួលប្លង់កម្មសិទ្ធិកាន់កាប់សោះ។ ដល់ពេលគេមកវាស់វែងមកដល់ពេលដែលគេបិទផ្លាក ដែលចេញឈ្មោះ ប្រជាពលរដ្ឋទៅមើលអត់មានឃើញសោះ ហើយបែរប្លង់កម្មសិទ្ធិ ក៏ខ្ញុំអត់បានទាន់បានទទួលកាន់កាប់»។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា ភាពអយុត្តិធម៌នៅកម្ពុជានេះ កើតចេញពីអំពើពុករលួយ បក្សពួកនិយមដែលចាក់ឬសជ្រៅគ្រប់ស្ថាប័នជាតិ រួមទាំងតុលាការផង ទើបមិនអាចរកយុត្តិធម៌ឱ្យក្រុមជនរងគ្រោះបាន។
លោកបារម្ភថា ភាពចលាចលក្នុងសង្គម នឹងកើតមាន បើក្រុមជនរងគ្រោះកាន់តែច្រើនអត់ទ្រាំលែងបានងើបតវ៉ារួមគ្នា ដោយថា ជាគ្រោះថ្នាក់អំណាចដល់រដ្ឋាភិបាលគ្រួសារហ៊ុនផងដែរ បើនៅតែមិនអាចរកដំណោះស្រាយឱ្យម្ចាស់ឆ្នោតបាន។
លោកថា៖ «ប្រទេសកម្ពុជាយើងនឹងកើតជាវឹកវរខ្លាំងមែនទែនហើយ ព្រោះគេមិនអាចទុកឲ្យរដ្ឋាភិបាលធ្វើអ៊ីចឹងស្រេចតែចិត្តបានទេ ព្រោះគាត់អត់ដោះស្រាយ គាត់អត់មានជួយប្រជាពលរដ្ឋអីបន្តិចសោះហ្នឹង។ គាត់ការពារតែពួក! យើងនិយាយឱ្យចំជាឧក្រិដ្ឋជន ព្រោះគាត់ធ្វើបាបប្រជាពលរដ្ឋ! គាត់ឆបោកគេ! គេហៅថាជាឧក្រិដ្ឋជនហើយ។ វាមានអាឧក្រិដ្ឋជនក្រៅប្រទេសផង និងឧក្រិដ្ឋជនក្នុងប្រទេសផង សុទ្ធតែបក្សពួកតែមួយ។ ទាល់តែប្ដូររដ្ឋាភិបាលចេញបានទៅរួច! បើមិនប្ដូរទេគឺដដែលៗទេ។ គឺមួយថ្ងៃៗប្រជាពលរដ្ឋគាត់យំស្រែករាល់ថ្ងៃ មួយថ្ងៃៗអត់មានអីទេ ហើយជាប្រទេសអត់មានយុត្តិធម៌អីបន្តិចសោះហើយប្រទេសកម្ពុជាយើងនោះ»។
ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ មានសន្ទុះកើនឡើងនៃការរលកតវ៉ារបស់ពលរដ្ឋជាបន្តបន្ទាប់ដែលទាមទារឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលអន្តរាគមន៍បន្ទាន់ ដើម្បីបង្ហាញការទទួលខុសត្រូវចំពោះមុខពលរដ្ឋ។
លោកថា៖ «ទិដ្ឋភាពនេះ ក៏ខ្ញុំនឹកឃើញដែរមុនឆ្នាំ២០១២នោះ ក៏មានបាតុភាពដែលកើតឡើងអំពីប្រជាពលរដ្ឋតវ៉ាទាមទាររឿងបញ្ហាដីធ្លី រហូតទៅដល់រដ្ឋាភិបាល ជាពិសេសឃើញថាសម្ដេចនាយករដ្ឋមន្ត្រី លោកបានចេញបទបញ្ជា០០១ ដើម្បីឲ្យមានការស្វែងរកដំណោះស្រាយ និងការទប់ស្កាត់បាតុភាពផ្សេង។ ចរន្តហ្នឹង ក៏វាធ្លាក់ចុះទៅ! ចរន្តនៃការទាមទារ ការតវ៉ារបស់ពលរដ្ឋទាក់ទងនឹងរឿងដីធ្លី។ អ៊ឺចឹងចរន្តនៃការទាមទារតវ៉ារបស់ប្រជាពលរដ្ឋនៅពេលនេះ ក៏ទាមទារឲ្យមានកិច្ចអន្តរាគមន៍ និងការស្វែងរកដំណោះស្រាយណាមួយដ៏សមស្របដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងតទៅទៀត »។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រជាពលរដ្ឋបានងើបតវ៉ាជាបន្តបន្ទាប់ មានដូចជា អតិថិជនទិញផ្ទះនៅបុរីឡេង ណាវ៉ាត្រា អតិថិជនទិញបុរី ម៉ន ដានី និងអ្នកចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ជាដើម។
បើគិតពីថ្ងៃដែលលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចតាំងពីខែសីហា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានរយៈពេលជាង២ឆ្នាំហើយ ខណៈក្រោមការដឹកនាំនេះបានលេចឡើងអំពើបោកប្រាស់នូវទឹកប្រាក់រាប់រយលានដុល្លារ។
អំពើឆបោកធំៗក្រោមការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិទី៧នេះ យ៉ាងហោចណាស់មានជនរងគ្រោះ៣ម៉ឺននាក់ ចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ជា សារ៉ន ហ៊ី គឹមហុង ក្រុមហ៊ុនCIC ក្រុមហ៊ុនភូមិខ្មែរគ្រុប ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនមួយចំនួនទៀត ដែលយុត្តិធម៌ពួកគេត្រូវបានកប់ចោល។
ជាការកត់សម្គាល់ ការរាលដាននៃអំពើឆបោកនេះ ក្រោយកម្ពុជាបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចតាមបែបប្រជាធិបតេយ្យច្រើនឆ្នាំទៅនេះ។
បរិបទនេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រើដៃតុលាការរំលាយបក្សសង្រ្គោះជាតិ បិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់ខ្លួនសកម្មជនសង្គម ដែលជាកញ្ចក់សង្គម ដែលធ្វើឱ្យកម្ពុជាធ្លាក់ក្នុងការដឹកនាំបែបគ្រួសារនិយម ហើយពលរដ្ឋក្លាយជាជនរងគ្រោះនៃអំពើពុករលួយ។
របាយការណ៍វាយតម្លៃពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ រកឃើញថា ប្រទេសដែលមានប្រព័ន្ធយុត្តិធម៌ មិនអាចកាត់ទោសកំហុសរដ្ឋាភិបាលបាន វានឹងធ្វើឱ្យពលរដ្ឋរងគ្រោះ ហើយដើម្បីដោះស្រាយបញ្ហានេះ វាទាល់តែបើកលំហ សេរីភាពបញ្ចេញមតិ និងមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕









