តំណាងពលរដ្ឋ​កោះមាស​​ឡើង​ទៅ​​តវ៉ា​​​នៅ​​ខេត្ត​​កណ្តាល​ក្រោយ​​អាជ្ញាធរ​​ស្រុក​​បដិសេធ​​ផ្តល់​​បណ្ណ​​កម្ម​​សិទ្ធិ

តំណាង​​​ប្រជា​ពលរដ្ឋ​​នៅ​​​តំបន់​​កោះ​មាស នៅថ្ងៃ​ទី​​​២៤ ខែ​​វិច្ឆិកា​នេះ បាន​បន្ត​ដាក់​ញត្តិ​​​សុំ​​​ប្លង់​កម្ម​​សិទ្ធិ​​កាន់​កាប់​​ដី​​ធ្លី ពី​រដ្ឋ​បាល​​ខេត្ត​កណ្តាល ក្រោយ​​ពួក​គេកា​ន់​តែ​មាន​ក្តី​បារម្ភ​ពី​ការ​បាត់​បង់​ដី​ធ្លី​​​និ​ង​ផ្ទះ​សម្បែង ដោយ​​សារ​​អាជ្ញាធរ​​​ស្រុក​​កៀន​​ស្វាយ ​បដិសេធ​​ផ្តល់​​បណ្ណ​​កម្ម​សិទ្ធិ ហើយ​​​​​ប្រាប់​​ពួក​​គាត់​​​​ថា ដី​​នោះ​រដ្ឋ​​​បាន​​ប្រគល់​ទៅ​ឱ្យ​​ក្រុម​ហ៊ុន​​របស់​​ឧកញ៉ា​​មួយ​​​កាន់​កាប់​​ហើយ។

ថ្លែង​នៅ​មុខ​រដ្ឋបាល​ខេត្តកណ្តាល អំឡុង​ពេល​ប្រមូល​ផ្តុំ​តវ៉ាសុំ​ទាមទារ​ប្លង់កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី អ្នកស្រី សៅ ផាត អះ​អាង​ជាប្រជាពលរដ្ឋ​រស់នៅ​តំបន់​កោះមាស​ ក្នុង​​ស្រុក​កៀន​ស្វាយ ខេត្ត​​កណ្តាល ​​ឱ្យ​ដឹងថា ការណ៍​ដែលពួកគាត់នាំគ្នា​ទៅ​ប្រមូល​ផ្តុំ​នៅរដ្ឋបាល​ខេត្ត​នេះ ដោយ​សារ​​​តែ​​​កន្លងមកពួកគាត់ធ្លាប់ទៅសុំបណ្ណ​កម្មសិទ្ធិ​នៅ​រដ្ឋបាល​ស្រុក ប៉ុន្តែ​អាជ្ញាធរ​ប្រាប់​ថា ដីនៅតំបន់​កោះមាស​នេះ បាន​ប្រគល់​ទៅ​ឱ្យម្ចាស់ថ្មី​ហើយ។

អ្នកស្រីបន្តថា នៅពេល​ដែល​ទទួលបានចម្លើយ​បែបនេះ អ្នក​ស្រី និង​ពលរដ្ឋ​ជាង១៦០គ្រួសារ​ផ្សេង​ទៀត កាន់តែ​មានក្តីបារម្ភជាខ្លាំងពីការ​បាត់បង់ដីធ្លី និង​ផ្ទះសម្បែង​ទៅលើ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ខណៈពួកគាត់​ជា​ម្ចាស់​ស្រុក​បាន​រស់​នៅ​ និង​អាស្រ័យ​ផល​លើ​ដីនេះចាប់តាំង​ពី​ឆ្នាំ​១៩៧៩​មក ហើយដីនៅតំបន់​នោះអាជ្ញាធរ​ក៏ធ្លាប់​បានវាស់វែង​រួច​រាល់​ហើយ​ដែរ តាំងពី​ឆ្នាំ​២០២០​មក ​ប៉ុន្តែឥលូវនេះ​បែរជារដ្ឋប្រគល់ទៅឱ្យ​ឧកញ៉ាកាន់កាប់​ទៅវិញ។

អ្នកស្រីថា៖ «សាលា​ស្រុក​កៀន​ស្វាយ​ហ្នឹង គេ​តប​មកថា​ដីនេះ គេ​បានផ្ទេរ​ឱ្យ​ទៅ​អ្នក​ថ្មី​ហើយ គេ​អត់មានសិទ្ធិ​ធ្វើ​បណ្ណ​កម្ម​សិទ្ធិ​ឱ្យ​យើង​ទេ ចឹង​បានពួកខ្ញុំនាំគ្នា​ឡើង​​មក​សុំ​បណ្ណ​កម្ម​សិទ្ធិ​កាន់​កាប់​ដីធ្លី​នៅ​សាលា​ខេត្ត​។ ប្រគល់​ឱ្យគេ​ថ្នាក់លើ[ឧកញ៉ា ឃុន សៀ] ឱ្យ​ពួក​ខ្ញុំ​អ្នក​ធ្វើ​មុខ​របរ​ហ្នឹង​​តាំងពីឆ្នាំ​៧៩មក អត់​​មានសិទ្ធិ​កាន់​កាប់​ទេ ទៅគេ​អ្នក​ថ្មី​​គេ​​មាន​​សិទ្ធិ​​កាន់​​កាប់នៅ​លើ​ដីហ្នឹ​ង​វិញ​ រួច​ហើយ​​​​​ខ្ញុំ​ព្រួយ​បារម្ភ ដំណរតទៅ​កូន​ចៅទៀត​ ព្រោះ​ខ្ញុំ​ចាស់ៗអស់​ហើយ​​​ ចឹង​បានខ្ញុំមក​នេះ​​ មក​សុំ​ស្នើ​បណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​ធ្លី​របស់​ខ្ញុំ​ មក​​តវ៉ា​ហ្នឹង​សុំ​ឱ្យ​​លោក​​ជួយ បើខាង​ខេត្ត​អត់​មានការ​ជួយ​​ធ្វើ​ឱ្យ​ទេ​ មានតែខ្ញុំ​​​បន្ត​ឡើង ទៅ​ដល់​​សម្តេច​តែម្តង មានតែវិធីហ្នឹង​ទេ ​ឱ្យ​សម្តេច​លោក​ជួយ​​ ឱ្យ​​រក​យុត្តិ​ធម៌ឱ្យ​អ្នក​ដែលគ្នា​​ស្លូត​ត្រង់​នេះ»

កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ប្រមាណ ៣០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​​ ១៦៨​គ្រួសារ ​រ​ស់​​​​​​នៅ​​តំបន់​​កោះ​មាស ដែលដី​​មួយ​​ផ្នែក​​ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានីភ្នំពេញ និង​​មួយ​​ផ្នែក​​ទៀត​​នៅ​​​​ក្នុង​​ស្រុក​កៀន​​ស្វាយនិង​​ស្រុក​ល្វាឯ​ម ក្នុង​​​ខេត្ត​​​កណ្តាល បាននាំគ្នា​ដាក់​លិខិ​ត​ស្នើ​សុំ​ឱ្យ​អភិបាល​ស្រុក​កៀន​ស្វាយ​ ពន្លឿន​​ការ​​ផ្តល់បណ្ណ​កម្មសិទិ្ធដីធ្លី​ឱ្យ​ពួកគាត់​  ខណៈពួកគាត់​​បារម្ភ​ពីការ​បាត់​បង់​ដីធ្លី និង​ផ្ទះសម្បែង​​ ដោយ​សារ​កន្លង​មក ​​រដ្ឋាភិបាល​មានបំណង​ជួល​ដីនៅតំបន់​​​កោះមាស​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន ឃុន សៀ អ៊ឹមផត អិច​ផត ធ្វើការ​អភិវឌ្ឍ។

ប្រជាពលរដ្ឋ​ម្នាក់​ទៀតរស់​នៅ​តំបន់​កោះ​មាស លោក ឈឹម រី អាយុ​៧៧ឆ្នាំ បាន​ថ្លែងអះអាង​​​នៅ​មុខ​សាលា​ខេត្តកណ្តាល​ដែរថា ពួកគាត់​បាន​​រស់​នៅ​លើ​ដី​នោះតាំង​ពីឆ្នាំ​១៩៧៩មក ដោយ​​មាន​ការ​ដឹងលឺ​​ពីអាជ្ញាធរ​មូល​ដ្ឋាន ហើយកន្លង​មក អាជ្ញាធរ​​ក៏បាន​ហៅប្រជាពលរដ្ឋ​​ទៅ​បង្ហាញ​ឯកសារ​នៅ​រដ្ឋបាលឃុំ​ ដើម្បីចុះវាស់វែង​​ដីថែម​ទៀត ប៉ុន្តែក្រោយវាស់វែងដី​តាំងពីឆ្នាំ​២០២០​​មក​​​​​​ដល់​បច្ចុប្បន្ន គឺ​​ស្ងាត់​រហូត ស្រាប់​តែ​ពេល​នេះអាជ្ញាធរ​​ប្រាប់ថាដីនោះ​បាន​ប្រគល់ទៅ​លើ​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ ទៅវិញ។

ការណ៍នេះ លោកថា បានធ្វើឱ្យ​ពលរដ្ឋ​មានក្តីបារម្ភ​កាន់​តែខ្លាំង​ពីការ​បាត់​បង់ដី ទើបពួកគាត់​នាំគ្នា​មក​សុំការ​អន្តរាគមន៍ពី​ថ្នាក់​ខេត្ត ឱ្យ​ជួយ​ដោះស្រាយ​ និង​ផ្តល់​បណ្ណកម្មសិទ្ធិឱ្យ​ពួកគាត់ ដើម្បីប្រើ​ប្រាស់​ជា​ប្រយោជន៍​សម្រាប់ការ​រស់នៅ។

លោកថា៖ «​យើង​រស់​នៅ​មុន​គេ​ណុង​​ទៅទៀត ខាង​[ឧកញ៉ា​​] ឃុន សៀ មិនដឹង​ឱ្យអី ធ្វើឱ្យ​គេ​រួច​​ហើយ អត់​មាន​ធ្វើ​ឱ្យ​ខ្ញុំ​ទេ ធ្វើឱ្យ​ទៅ​គេ ទាំង​ខ្ញុំរ​ស់នៅ​ដោយ​​ស្រប​ច្បាប់​ ណេះ!​ មានអាជ្ញាធរ​​ដែន​ដី​​​​ដឹង​លឺ ហើយរស់​​តាំង​​​ពី​ក្រុង​សាមគ្គី​​បង្វាស់​​ដៃ​មក​ម្លេះ ហើយ​​មក​​ដល់​ឥលូវ​វាស់ឱ្យ​គេ​ស្រួល ហើយ​​​ប្រជា​ជន​អត់​​ឱ្យ​ ចឹងបាន​ថា​វា​ពិបាក​ដែរ[] យើង​​ខ្ញុំ​មា​ន​តែ​​មួយ​​គត់ គឺ​ចង់​បាន​ទាម​​​​ទារ​​​កម្ម​សិទ្ធិ​​បណ្ណ​​​ស្រប​​ច្បាប់ ដើម្បី​​​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​របស់​ខ្ញុំ​ ត្រូវ​​ការ​លក់ ត្រូវ​ការ​ដូរ ត្រូវ​ការ​បង្ក​បង្កើន​ផល ដើម្បី​​ជៀស​​ផុត​​ពីការ​ព្រួយ​បារម្ភ​​ដោយ​​​បាត់​ដីធ្លី​របស់​យើង​ខ្ញុំ»

​យ៉ាងណា បើ​តាមក្រុមប្រជាពលរដ្ឋ នៅក្នុង​ការ​ប្រមូលផ្តុំ​នោះ ពួកគាត់​មិនបាន​ជួប​អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន​ ទេគឺ​បាន​ជួយ​តែ​អភិបាល​រង​ខេត្តមួយ​រូប​​ ដែល​សន្យា​ថា​ នឹង​ផ្តល់​​ចម្លើយ​​ជូន​ដំណឹងប្រជាពលរដ្ឋ​វិញ​ក្នុងពេល​ឆាប់​ៗខា​ងមុខនេះ។​

ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាងថា ប្រសិន​បើ​ខា​ងអាជ្ញាធរ​ខេត្ត មិនមានដំណោះ​ស្រាយ​​ដោយ​យុត្តិធម៌​ទេ នោះពួកគាត់​នឹង​បន្ត​ការ​តវ៉ាទៅ​ថ្នាក់​ជាតិ​​បន្ត​ទៀត។

វីអូឌី មិនអាច​សុំការ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​កណ្តាល លោក ជី ស៊ីវុត្ថា និង​ប្រធាន​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី​ខេត្ត​កណ្តាល លោក សុក កាន់​ណា​រិទ្ធ បាន​ទេ នៅថ្ងៃ​ចន្ទនេះ។

លោក អំ សំអាត នាយក​​ទទួលបន្ទុកកិច្ចការ​ទូទៅនៃ​អង្គការ​ការ​ពារ​សិទ្ធិ​​មនុស្ស​​លី​កាដូ បាន​លើកឡើង​ពីទិដ្ឋភាព​ផ្លូ​វ​​ច្បាប់​ថា​ ករណីដីធ្លីនេះ ​ប្រសិន​បើ​​ប្រជា​ពលរដ្ឋ​​កាន់​​កាប់​ និង​អាស្រ័យ​ផល​​តាំង​​​ពី​​ឆ្នាំ​​១៩៧៩​ ឬ​មុន​​នៃ​​ច្បាប់​​ភូមិ​​បាល​(ឆ្នាំ​​២០០១)​​ចេញ នោះ​​​​ពួក​គាត់​​​មាន​សិទ្ធិ​​ក្លាយ​ជា​សហ​​កម្ម​សិទ្ធិ​ករ ឬ​ក៏​អាច​​​​​សុំ​​ចុះ​​បញ្ជី​ជា​​កម្ម​សិទ្ធិ​​បាន បើ​​សិន​ដី​នោះ​មិន​​មែ​ន​​ជា​​​ដី​​សាធារណៈ​របស់​​​រដ្ឋ។

តែ​​​បើសិ​ន​​​ជា​​ដី​នោះ​​​ជា​​ដី​​​សាធារ​ណៈ​​របស់​​រដ្ឋ នៅពេ​ល​​ដែល​​រដ្ឋ​ធ្វើ​អនុ​ប្បយោ​គ​ដី​នោះ ​​ទៅ​​ជា​ដី​​ឯកជន​​​របស់​​រដ្ឋ ហើយ​​ផ្តល់​​​​ទៅឱ្យ​​​​ក្រុម​ហ៊ុនឯកជន​​​ដើម្បី​ធ្វើ​​កា​រ​កាន់​​កាប់​​ វិនិយោគ​ ឬធ្វើជាកម្ម​សិទ្ធិ ឬការ​អភិវឌ្ឍ​ផ្សេង​ៗ​នោះ លោកថា ​ប្រជាពលរដ្ឋ​​​​​​ដែល​​​កាន់​កាប់​ និង​​អាស្រ័យ​ផល​លើ​​​ដី​នោះ ត្រូវ​​ទទួល​​អត្ថ​ប្រយោជន៍​មុន​​គេ បាន​​ន័យថា ប្រជាពលរដ្ឋ​​ត្រូវ​​ទទួល​​ដំណោះ​ស្រាយ​​​​​ជា​មុន មុន​នឹង​ការ​អភិវឌ្ឍ។

លោក អំ សំអាត បន្ត​​ថា៖ «ចឹង​​ករណីនេះ ខ្ញុំយល់ឃើញថា ត្រូវ​តែ​មានការ​ដោះ​​ស្រាយសម្រាប់​បង​ប្អូន​ប្រជា​​ពលរដ្ឋ​​ដោយ​​តម្លា​ភាព និង​យុត្តិធម៌សម្រាប់​ពួកគាត់​ ពីព្រោះ​យើង​ឃើញ​ហើយបញ្ហា​ដីធ្លី បើ​សិនជា​មិន​មាន​ដោះ​ស្រាយ​​ដែល​អាច​ទទួល​យក​បាន ឬក៏​តម្លាភាព​ និង​​​យុត្តិ​ធម៌​ទេ តែ​ងតែ​មាន​​បាតុភាពក្នុង​ការ​ទាមទារ ការ​តវ៉ា​ផ្សេង​ៗ​​កើតឡើង ​ដែល​វា​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ទៅលើ​ជីវភាព​​រស់​​នៅ​​របស់​​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​​បើ​សិន​ជា​ដីហ្នឹងគាត់​ធ្លាប់​អាស្រ័យ​​ផល ទទួល​​​​​ផល​​ដើម្បី​ចិញ្ចឹម​​ជីវិត​ នៅពេល​ដែល​បាត់​បង់ទៅ​ គឺ​វាប៉ះពាល់​ទៅដល់​ជីវភាព​រស់​នៅ​​របស់​ពួកគាត់​ចំណុច​​ហ្នឹង​​ហើយ​ដែល​ភាគី​ពាក់​ព័ន្ធ​​​ត្រូវ​តែ​មានការ​ដោះស្រាយ​ជូន​​ពួកគាត់ ជៀសវាង​ការ​អភិវឌ្ឍ ឬក៏ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​ទៅ​ធ្វើ​ឱ្យ​​ប៉ះពាល់ទៅ​ដល់​ពួកគាត់នោះ​»។​

កាល​ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២០​ រដ្ឋាភិបាល បានចេញ​ សជណ ដោយ​អនុញ្ញាត​ឱ្យ​​​​ក្រុមហ៊ុន​ ឃុន សៀ អ៊ីមផត អិច​ផត អាច​​ជួល​ដីលើ​កោះមាស​ក្នុងទំហំ​ប្រមាណ​ ៣៥០​ហិកតា​ ជាអចិន្ត្រៃយ៍​រយៈ​​ពេល ​៥០​ឆ្នាំ​ ហើយ​​អាច​​ជួល​​បន្ត​ជាថ្មី​​​សម្រាប់​​ការ​​វិនិយោគ​​អភិវឌ្ឍន៍​​​លើ​​កោះ​​នោះ។ ស.ជ.ណ ​ដដែល​ឲ្យដឹងទៀតថា​ ក្រុម​​ហ៊ុន​ ឃុន សៀ «ត្រូវ​ដោះស្រាយ​គោល​នយោបាយ​ជាមួយ​ប្រជា​​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅលើ​ទីតាំង​កោះមាស ​ក្នុង​តម្លៃ​ចន្លោះ​ពី ​៥ (ប្រាំ) ទៅ​ ៨ (ប្រាំបី) ដុល្លារ ​ក្នុង​មួយម៉ែត្រ​ក្រឡា»។

យ៉ាងណា កាល​ពីអំឡុង​ខែ​មីនា ឆ្នាំ​២០២៥នេះ ប្រជាពលរដ្ឋ​ជាង ១០០គ្រួសារ រស់នៅ​តំបន់​​​កោះ​​​មាសនេះ ធ្លាប់​​បាន​​ស្នើ​​ដ​ល់​​រដ្ឋាភិបាលឱ្យ​​ លុប​ចោល​​ សជណ ដែល​ជួល​ដី​​ឱ្យ​​ក្រុម​ហ៊ុន​ ឃុន សៀ នេះ​។ ​​ប្រជាពលរដ្ឋ​​​ថា ការ​ដោះស្រាយ​គោល​នយោបាយ​របស់​រដ្ឋាភិបាល ​ជូន​ប្រជាពលរដ្ឋ​​ដែលផ្តល់តម្លៃ​ដីត្រឹម ៥ទៅ៨ដុល្លារ​ក្នុង​មួយម៉ែត្រកា​រ៉េ​នេះ​ គឺ​ពួកគាត់​​​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​តម្លៃ​នេះ​ទាប​ មិន​អាចឱ្យ​ពួកគាត់​​យ​ក​ទៅ​លំនៅឋាន​ថ្មី និង​​ដោះស្រាយជីវភាព​បាន។

សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន សង្កេត​ឃើញថា​ បញ្ហា​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ នៅ​ពេល​បច្ចុប្បន្ន ហាក់មានការ​ស្ងប់ស្ងាត់​ជាង​មុន។ តែយ៉ាងណា លោកថា​ បញ្ហាដីធ្លី​​​ដែល​កើត​មាន​ឡើង​​នៅ​តំបន់​កោះ​មាស​នេះ ជារឿង​ដដែល​ៗ​មិន​ខុស​ពីរឿង​ទំនាស់​ដីធ្លី​ដែល​កើត​ឡើង​នា​ពេល​កន្លងមក​នោះទេ ដោយសារ​​តែ​​រដ្ឋាភិបាលសម្ប​ទាន​ដីឬ​ជួល​ដីទៅឱ្យ​ក្រុមហ៊ុន​ឯកជន ហើយ​មិនគិត​គូរ​ដល់​កា​ររស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅលើ​ដីនោះ​ ដែលនាំ​ឱ្យមាន​វិបត្តិដីធ្លី​។

លោកបន្ត​​ថា៖ «រឿង​អស់នេះ វា​មិនគួរ​កើត​ឡើ​ងទេ មុន​នឹង​សម្រេច​ចិត្ត​​​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ហ្នឹង ត្រូវ​តែ​សិក្សា​ឱ្យ​ច្បាស់​លាស់​​ពី​ចំនួ​ន​​ប្រជា​ពលរដ្ឋ​​ដែល​​រស់​​​នៅ​​កន្លែង​ហ្នឹង ហើយ​​តើ​រស់នៅ​ពី​ពេល​ណា​មក គួរ​ឱ្យ​​​សិទ្ធិ​ស្រប​ច្បាប់​ឬទេ ហើយ​បើ​អាជ្ញាធរ​ភូមិ​ឃុំហ្នឹង​​ទទួលស្គាល់​ ស្រុក​អី​​​​ទទួល​ស្គាល់​ហើយ​​​​ មិនអាច​​ស្ងាត់​ៗទៅ​ឱ្យទៅ​​ក្រុមហ៊ុន ​​​ដោយ​មិន​មាន​សំណង​អី​ជូន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅលើ​ហ្នឹង​ទេ មានន័យថា​ ដីបើ​ឱ្យ​ទៅ​ក្រុមហ៊ុន​កើត ហេតុ​អី​មិន​ឱ្យ​ប្រជាពលរដ្ឋ​​​កើត? ​ដូច្នេះ​បើក្រុម​ហ៊ុនហ្នឹង​​​យល់​ថា​​​ កន្លែង​ហ្នឹង​វា​ចាំ​បាច់ជាតម្រូវ​ការ​​សម្រាប់​ក្រុមហ៊ុន​​ ក្រុម​ហ៊ុន​អ្នក​ចេញ​សំណង​ឱ្យ​​ប្រជាពលរដ្ឋ​ទៅ។ ហើយ​អាជ្ញាធរ​ក៏ដូច្នេះ​ដែរ មុននឹង​សម្រេច​​ចិត្ត​​ប្រគល់ទៅឱ្យ​​ក្រុម​ហ៊ុន​ហ្នឹង​​ ត្រូវ​តែ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​ មិន​អា​ចទៅធ្វើ​បែបហ្នឹង វា​​ទៅជា​រឿង​រំលោភ​បំពាន​»

អ្នក​អភិវឌ្ឍន៍​ដីធ្លី​ដ៏​លេចធ្លោ​នៅ​កម្ពុជា លោក ឃុន សៀ បានទទួលងារ​​​ជា​អ្នកឧកញ៉ា​ កាលពី​ឆ្នាំ​​២០០៨ ហើយនៅឆ្នាំ២០២១ លោក ឃុន សៀ បានចាក់ដីលប់ច្រាំងទន្លេមេគ្គងដើម្បីសាងសង់ទីក្រុងរណប ទំហំ៧០ហិកតា នៅក្រុងអរិយក្សត្រ។ ពលរដ្ឋធ្លាប់លើកឡើងប្រាប់​សារព័ត៌មានក្នុង​ស្រុក​​ថា ក្រោមគម្រោង​អភិវឌ្ឍន៍នេះ ពួកគេមិនត្រូវបានគេជូនដំណឹង​ជាមុនទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ