ការគំរាមបំបិទមាត់មិនឱ្យពលរដ្ឋនិយាយពីបញ្ហាព្រំដែន ត្រូវបានគេមើលឃើញថា ជាបន្ទាត់នយោបាយបម្រើមហិច្ចតាបរទេសឈ្លានពាន ទាំងប៉ែកខាងលិចនិងខាងកើត ដែលបក្សកាន់អំណាច ចាំបាច់ត្រូវបង្ហាញតម្លាភាព ដើម្បីកុំឱ្យបញ្ហានេះ ក្លាយជាជម្លោះជាតិសាសន៍តជំនាន់ កើតចេញពីគំរូអាក្រក់របស់អ្នកនយោបាយ ដែលមិនចេះបង្រួបបង្រួមជាតិ ដើម្បីការពារទឹកដី។
ការលើកឡើងនេះ ចំពេលដែលរដ្ឋាភិបាលកម្ពុជាអះអាង ពីកាឯកភាពគ្នាលើកការបោះបង្គោលព្រំដែនបណ្តោះអាសន្នជាមួយថៃ ចន្លោះបង្គោលព្រំដែនលេខ ៤២ដល់លេខ៤៧ ស្ថិតក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយយោធាថៃគំរាមឱ្យកម្ពុជាជម្លៀសពលរដ្ឋនៅតំបន់នេះចេញ និងបើការបាញ់ប្រហាររហូតស្លាប់ម្នាក់ និងរបួស៣នាក់ទាំងកម្ពុជាមិនព្រមប្តឹងថៃ ដែលមេដឹកនាំបក្សកាន់អំណាចកម្ពុជាអះអាងថា ការមិនតបតនៃទង្វើថៃឈ្លានពាននេះ ព្រោះចង់នាំយកសន្តិភាពត្រឡប់មកវិញសម្រាប់ប្រទេសទាំងពីរ។
លើសពីនេះ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នាថ្ងៃទី១៧ ខែវិច្ឆិកា ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ក៏បានគំរាមចាត់វិធានការ ដកសញ្ជាតិពលរដ្ឋខ្មែរ រួមទាំងព្រះសង្ឃ បើហ៊ានបញ្ចេញមតិថា រដ្ឋាភិបាលកម្ពុជាដោះដូរដី ដើម្បីរក្សាអំណាចក្រោមពាក្យសន្តិភាព ដូចក្រុមអ្នកឃ្លាំមើលបានលើកឡើងនោះ ។
យ៉ាងណា លោកទទួលស្គាល់ថា ពលរដ្ឋខ្មែរជាជនរងគ្រោះច្រើនទសវត្សរ៍ រហូតបច្ចុប្បន្ន បើទោះបីខ្មែរសុំតែសុខ ក៏រងការចោទពីប្រទេសជិតខាងដែរ ទំនងជាសំដៅទៅលើប្រទេសថៃ ខណៈយោធាថៃបានបើកការបាញ់ប្រហារពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យម្នាក់ស្លាប់ និង៣នាក់រងរបួស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោយរាយបន្លាលួសព័ទ្ធយកដីខ្មែរច្រើនកន្លែងទៀត រំលោភលើបទឈប់បាញ់។
លោកថា៖ «យើងសុំតែសុខទេ យើងមិនត្រូវការឈ្លានពានអ្នកណាទេ គេបានចោទយើងថាយើងចង់យកដីគេ ខ្មែរបាត់ដីអស់ច្រើនណាស់ទៅហើយ អស់ច្រើនណាស់ទៅហើយ នៅសល់ប៉ុណ្ណឹងការពារប៉ុណ្ណឹងទៅបានហើយយើងមិនមានតម្រូវការចង់បានអ្វីពីអ្នកណាគេ»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅសារគំរាមរបស់មេដឹកនាំ គ្រួសារហ៊ុននេះថា បន្ទាត់នយោបាយ បម្រើមហិច្ចតាបរទេសឈ្លានពាន។
លោកសង្កត់ធ្ងន់ថា ការគំរាមបំបិទមាត់ពីទង្វើថៃឈ្លានពាន អំឡុងនៃការបោះបង្គោលព្រំដែនជាមួយថៃនៅពេលនេះ ពីសំណាក់មេដឹកនាំគ្រួសារហ៊ុន ហាក់មិនខុសគ្នាទៅនឹងអ្វីដែល លោក ហ៊ុន សែន ធ្លាប់អនុវត្តកន្លងមក ពេលបោះបង្គោលព្រំដែន ដើម្បីសម្រេចមហិច្ឆតាវៀតណាមលេបទឹកដីខ្មែរដែរ ក្រោយវៀតណាមលើកបន្តុបគាត់ឱ្យឡើងកាន់អំណាចចាប់ពីឆ្នាំ១៩៧៩មក។
លោកថា៖ «រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះ កំពុងបម្រើមហិច្ឆតាឈ្លានពានរបស់ថៃ ដូចដែលលោក ហ៊ុន សែន ធ្លាប់បម្រើមហិច្ឆតាឈ្លានពានរបស់វៀតណាមអីចឹងឯង គឺលោក ហ៊ុន សែន កាត់ទឹកដីឲ្យវៀតណាមដើម្បីឲ្យវៀតណាម ជួយការពារអំណាចរបស់គាត់ហើយដែលសងគុណវៀតណាម ដែលវៀតណាមបានលើកបន្តុបឱ្យកាន់តំណែងតាំងពីទសវត្សរ៍ទី៨០ ករណីនេះ លោក ហ៊ុន ម៉ាណែត ធ្វើដូចគ្នាគឺកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពនឹងអំណាច ដូច្នេះត្រកូលហ៊ុនអត់ខ្វល់រឿងទឹកដីរឿងអីទេ ឲ្យតែបានរក្សាអំណាច»។
សម្រាប់ លោក សំអាន បន្ទាត់នយោបាយបែបនេះ ច្បាស់ណាស់កំពុងបិទបាំងទង្វើកាត់ដីឱ្យបរទេសជិតខាងទាំងថៃនិងវៀតណាម ដើម្បីចង់រក្សាអំណាចតពូជរបស់គ្រួសារខ្លួន។ ហើយថា ការបោះបង្គោលបណ្តោះអាសន្នជាមួយថៃ ក៏ហាក់មិនខុសគ្នាជាមួយវៀតណាមដែរ គឺលទ្ធផលចុងក្រោយ កម្ពុជារងការបាត់បង់ដីតាមបន្ទាត់ព្រំដែនជាច្រើន ដូចករណីបាត់ផ្ទះលោក ហេង សំរិន អតីតប្រធានរដ្ឋសភា។
លោកថា៖ «ឆ្លុះបញ្ចាំងថា គាត់នោះបម្រើឲ្យមហិច្ឆតាឈ្លានពានរបស់វៀតណាមរបស់ថៃ ហើយដើរគំរាមគេចាប់គេដាក់គុក ពេលណាពួកគេគ្រាន់តែបញ្ចេញមតិពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ដូច្នេះបង្ហាញថាត្រកូលហ៊ុនហ្នឹងធ្វើនយោបាយបម្រើទាំងវៀតណាមទាំងថៃហ្នឹង សុខចិត្តកាត់ទឹកដីឱ្យវៀតណាមឲ្យថៃដើម្បីរក្សាអំណាចរបស់ត្រកូលហ៊ុន ដោយអត់ខ្វល់ពីការការពារទេ»។
ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ការបោះបង្គោលព្រំដែន ក្រោមសារគំរាមពលរដ្ឋ ដោយមិនព្យាយាមបង្ហាញពីតម្លាភាព វានឹងជំរុញឱ្យមានមន្ទិលកាន់តែខ្លាំងពីជម្រើសកាត់ដីឱ្យប្រទេសជិតខាង ដើម្បីរក្សាអំណាច ឬសុំសុខពីសត្រូវ ដូចដែលគេធ្លាប់ចោទថា ដោះដូរដី ដើម្បីរក្សាអំណាច ជ្រកក្រោមពាក្យស្រឡាញ់សន្តិភាព។
លោកគូសបញ្ជាក់ថា គ្មានសត្រូវឈ្លានពានណាឱ្យខ្មែរសុខ ដោយមិនទទួលបានប្រយោជន៍ពីខ្មែរ ចំពេលមេដឹកនាំខ្មែរ មិនប្រើសិទ្ធិការពារខ្លួន ដើម្បីបុព្វហេតុទឹកដី ដូចបច្ចុប្បន្នទេ។
សម្រាប់ លោក ម៉ែន ណាត ដើម្បីជម្រះមន្ទិលការចោទប្រកាន់ពីការចោទថា កាត់ដីឱ្យបរទេស ដើម្បីការពារអំណាច ឬសុំតែសុខ មេដឹកនាំបក្សកាន់អំណាច គ្មានជម្រើសអ្វីក្រៅពីប្តឹងថៃ ទៅតុលាការអន្តរជាតិ ICJ នោះទេ ។
លោកសំអាងថា បើតុលាការ ICJ កាត់សេចក្តីហើយ គ្មានពលរដ្ឋខ្មែរណា ហ៊ានចោទរដ្ឋាភិបាលគ្រួសារលោកថា ជាអ្នកកាត់ទឹកដីឱ្យបរទេស ដើម្បីសុំសេចក្តីសុខពីសត្រូវនោះទៀតទេ។
លោកថា៖ «ពាក្យបណ្ដោះអាសន្នដូចរឿងបណ្ដោះអាសន្នជាមួយវៀតណាម នរណាជឿលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត រឿងបោះបង្គោលបណ្ដោះអាសន្នជាមួយវៀតណាមកន្លងទៅហ្នឹង ដីសូម្បីតែភូមិកំណើតលោកតា ហេង សំរិន ក៏របេះទៅយួនដែរ ហើយចុះឡើងៗដោះដូរភូមិលោកតា ហេង សំរិន ដោះដូរឲ្យវៀតណាម ហើយឥឡូវហ្នឹងទៀតហើយ ថៃអ៊ីចឹងដូចគ្នា ចាប់ផ្ដើមបោះបង្គោលព្រំដែនគេចាប់ផ្ដើមគំរាមពលរដ្ឋខ្មែរមិនឲ្យផ្សាយមិនឲ្យតវ៉ាមិនឲ្យអី ហើយព្រមានចាប់ដាក់គុកបន្ថែមអ៊ីចឹង អាហ្នឹងវាអយុត្តិធម៌សម្រាប់ពលរដ្ឋខ្លួនឯង ហើយចុះអាច្បាប់អន្តរជាតិច្បាប់អីដទៃៗទៀត ដែលកម្ពុជាសន្យាជាមួយពលរដ្ឋថានឹងប្តឹងថៃនោះនៅឯណា»។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ ហាក់បន្ទោរតាមលោក ហ៊ុន សែន ដែរថា ឱ្យតែនរណាហ៊ានបញ្ចេញមតិ ផ្ទុយពីច្បាប់ ឬរិះគន់បែបញុះញង់ ត្រូវតែចាប់ខ្លួន។
លោកថា៖ «អ្នកឯងអាងអី មានសិទ្ធិបញ្ចេញមតិ សេរីភាពបញ្ចេញមតិ ក៏ប៉ុន្តែច្បាប់បានចែងថា រដ្ឋធម្មនុញ្ញបានបញ្ជាក់ហើយថា សេរីភាពនៃការបញ្ចេញមតិទៅ ស្ថិតនៅក្រោមច្បាប់ មិនមែនចេះតែនិយាយប៉ាតណាប៉ាតណីមួលបង្កាច់ ជាពិសេសបរិហារកេរ្តិ៍ ឬក៏មួលបង្កាច់លាបពណ៌ប្រឌិតរឿងព្រំដែនឲ្យមានការយល់ច្រឡំ អានោះមិនមែនសេរីភាពបញ្ចេញមតិទេ»។
អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់ថា ការបិទបាំងព័ត៌មានថៃឈ្លានពាន ការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ហើយពន្លឿនបោះបង្គោលបណ្តោះអាសន្នថ្មីៗនេះជាមួយថៃ ឆ្លុះបញ្ចាំងថា មេដឹកនាំកម្ពុជាកំពុងធ្វើនយោបាយចាញ់ប្រៀបថៃទាំងស្រុង។
លោកអះអាងថា ការធ្វើនយោបាយមប្រើមហិច្ចតាបរទេសឈ្លានពានបែបនេះ នឹងធ្វើឱ្យទឹកដីកម្ពុជាបន្តបាត់បន្ថែមទៀតទៅប្រទេសជិតខាង ទាំងថៃ និងវៀតណាម បើមិនព្រមប្រើយន្តការអន្តរជាតិទេនោះ។
លោកថា៖ «ការប្រញាប់ប្រញាល់បោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោល ៤២ ដល់៤៧ ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិជោគជ័យ និងព្រៃចាន់ គឺស្ថិតនៅក្នុងស្ថានភាពមួយដែលកម្ពុជាកំពុងចាញ់ប្រៀបភាគីថៃចាញ់ប្រៀបទី១ ដោយភាគីថៃបានប្រើប្រាស់សម្ពាធកម្លាំងយោធារបស់ខ្លួន ដោយបានរំលោភបំពានមួយផ្នែកនៃទឹកដីនៃភូមិទាំងពីរនេះ និងបានបង្កការរំខានតាមរយៈសកម្មភាពផ្សេងៗ រួមទាំងចុងក្រោយនៃការបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់បង្កឲ្យរងរបួស និងបាត់បង់ជីវិត»។
ក្រោយផ្ទុះអាវុធរយៈពេល៥ថ្ងៃ រវាងយោធាថៃនិងកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមានបទឈប់បាញ់នៅថ្ងៃទី២៨ខែកក្កដា ថៃមិនគោរពបទឈប់បាញ់ទេ ហើយថែមទាំងធ្វើផ្លូវ និងរាយបន្លាលួសព័ទ្ធយកដីខ្មែរច្រើនកន្លែង គ្មានការរារាំង និងទប់ស្កាត់ពីរដ្ឋាភិបាលកម្ពុជានោះទេ។
រហូតនៅថ្ងៃទី១២ ខែវិច្ឆិកា យោធាថៃបានបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យម្នាក់ស្លាប់ និង៣នាក់រងរបួស ក៏កម្ពុជាមិនតបតដែរ ដោយគ្រាន់តែចេញលិខិតថ្កោលទោស ដោយចាត់ទុកថាជាទង្វើឃោរឃៅ។
បើតាមក្រមព្រហ្មទណ្ឌអ្នកដែលធ្វើឱ្យបាត់បង់ទឹកដី មានទោសក្បត់ជាតិ មិនមែនអ្នកនិយាយរឿងបញ្ហាទឹកដី ត្រូវជាប់ទោសក្បត់ជាតិនោះទេ។
ឧទាហរណ៍ជាក់ស្តែង ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









