លោកហ៊ុន សែន បានប្រៀបធៀបខ្លួនលោកទៅនឹងឪនាគ និងលោក ហ៊ុន ម៉ាណែត ជាកូននាគ ខណៈកម្ពុជាក្រោមការដឹកនាំរបស់ឪកូនទាំង២នាក់ជាង៤០ឆ្នាំមកនេះ បានធ្វើឱ្យខ្មែរមានការបែកបាក់ជាតិ។
បច្ចុប្បន្នមានខ្មែរក្នុងចំនួនដ៏ច្រើន នៅតែបន្តភៀសខ្លួនទៅស្វែងរកសិទ្ធិជ្រកកោណនៅក្រៅប្រទេស ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ និងការចាប់ដាក់ពន្ធនាគារពីសំណាក់រដ្ឋាភិបាល ទឹកដីត្រូវប្រទេសជិតខាងរំលោភបំពាន អំពើពុករលួយបក្សពួកនិយមកើតមានជាប្រព័ន្ធ អំពើអយុតិ្តធម៌សង្គម គម្លាតរវាងអ្នកមាននិងអ្នកក្រ រួមទាំងកើតមានវិបត្តិចាក់ស្រែះជាច្រើនផ្សេងទៀត។
យ៉ាងណាក្តី នៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែវិច្ឆិកាក្រៅពីគំរាមចាប់ខ្លួនដោយមិនរើសមុខទាំងព្រះសង្ឃ និងពលរដ្ឋដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលពីបញ្ហាព្រំដែន ដែលថៃបាននិងកំពុងរំលោភឈ្លានពាន លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានប្រៀបប្រដូចខ្លួនលោកថា ជាឪនាគ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាកូននាគ។
លោកថា៖ «សូមស្គាល់ហ៊ុន ម៉ាណែត ឱ្យបានច្បាស់បន្តិច បើឪនាគ មិនមែនកូនកណ្ដុរទេ ច្បាស់វាជាកូននាគដែរ។ គ្រាន់តែមុខវានឹងពេលដែលនិយាយ វាត្រូវញញឹម ព្រោះមិនញញឹមយ៉ាងម៉េច បើម៉ែវាមុខញញឹមដែរ»។
តើមេដឹកនាំគ្រួសារហ៊ុនជានាគប្រភេទណា ខណៈដឹកនាំប្រទេសធ្វើឱ្យមានការបែកបាក់ជាតិ និងកើតមានវិបត្តិចាក់ស្រែះ?
បើនិយាយពីសត្វនាគ គឺជានិមិតរូបដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ផ្នែកជំនឿ ក៏ដូចជាផ្នែកសិល្បៈស្ថាបត្យកម្មជាដើម។ នាគ គឺសំដៅដល់សត្វលូនមួយប្រភេទដែលត្រូវបានប្រសូតចេញពីទេវកថាឥណ្ឌូ-ខ្មែរ ហើយពាក់ព័ន្ធទៅនឹងការបង្កើតលោកយើងនេះដែរ។
សត្វនាគ ជានិមិត្តរូបនៃភាពអមតៈ ហើយកកើតឡើងដោយការផ្សំធាតុទឹកនិងដី។ នាគជាសត្វមានអំណាចរស់នៅក្នុងទឹក តំណាងភាពត្រជាក់ត្រជុំ។ ចម្លាក់នាគតំណាងឱ្យព្រះមហាក្សត្រខ្មែរ ដែលមានតំណវង្សពីព្រះនាងនាគ តំណាងឱ្យធាតុទឹក ដែលបានផ្តល់ភាពសម្បូររុងរឿង ត្រជាក់ត្រជុំ តំណាងឲ្យឆ្មាំការពារទេវឋាន សំណង់សាសនា ផ្ទះសម្បែងជាដើម។ នេះបើយោងតាមឯកសារមួយចំនួន។
សម្រាប់អ្នកឃ្លាំមើល បានចាត់ទុកការតាំងខ្លួនជានាគរបស់ លោក ហ៊ុន សែន ថាជាវោហាសាស្ត្រប្រជាភិថុត ដើម្បីបិទបាំងពីអសមត្ថភាពរបស់ខ្លួន និងលោក ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេសជាង៤០ឆ្នាំមកនេះធ្វើឱ្យប្រទេសបាត់បង់ទឹកដី បំផ្លាញធនធានធម្មជាតិ ជាពិសេសព្រៃឈើស្ទើរតែហិនហោចអស់ ប្រជាពលរដ្ឋជិត៥លាននាក់ ជំពាក់បំណុលធនាគារដែលមានទំហំទឹកប្រាក់ជិត៦០ពាន់លានដុល្លារជាដើម។
លោក ហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុបឱ្យឡើងកាន់អំណាច ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ គឺបន្ទាប់ពីអតីតកម្មាភិបាលខ្មែរក្រហមរូបនេះ មានស្នាដៃហ៊ានចាប់ខ្លួនលោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាចៅហ្វាយរបស់ខ្លួន ដោយសារលោកប៉ែន សុវណ្ណ ហ៊ានចេញមុខប្រឆាំងនឹងនយោបាយឈ្លានពានកម្ពុជារបស់វៀតណាម។ នេះបើតាមលោក ប៉ែន សុវណ្ណ បាននិយាយកាលពីលោកនៅមានជីវិត និងយោងតាមឯកសារមួយចំនួន។
គេនៅចាំបានថា បើទោះបីជាលោក ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលបង្កើតឡើងដោយវៀតណាម បានចាញ់ការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ក្តី ក៏លោកហ៊ុន សែនមិនព្រមចុះចេញពីអំណាចឡើយ ថែមទាំងបានទៅបង្កើតតំបន់អប្បគមន៍នៅខេត្តខាងកើតទន្លេមេគង្គដើម្បីតថ្លៃអំណាចរហូតដល់អតីតព្រះមហាក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ សម្របសម្រួលបែងចែកអំណាចឱ្យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលឈ្នះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទី២។ នៅប្រមាណជាជិត៥ឆ្នាំក្រោយមក គឺនៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចក្រុមព្រះ ពីនាយករដ្ឋមន្ត្រីទី១ និងបានសម្លាប់មេទ័ព និងមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ីនប៉ិចជិត២០០នាក់ បើទោះបីមន្ត្រីទាំងនោះបានចុះចាញ់ហើយក្តី។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា។
បន្ថែមពីនេះ នៅក្នុងពេលកាន់អំណាចប្រមាណ៤៧ឆ្នាំកន្លងមកនេះ ក្រៅពីធ្វើឱ្យអន្តរាយដល់ធនធានធម្មជាតិដ៏សម្បួរបែបរបស់កម្ពុជា លោក ហ៊ុន សែន បានបង្កើតឱ្យមានច្បាប់បំពេញបន្ថែមឆ្នាំ២០០៥ ដើម្បីធ្វើឱ្យសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨២-៨៣ និង៨៥ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនិងផ្ទៃសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រទៅវៀតណាម ក្នុងនោះក៏មានកោះត្រល់ និងចង្កោមកោះក្រចកសេះផងដែរ ខណៈសន្ធិសញ្ញាខុសច្បាប់ទាំងនេះ ត្រូវបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាននិរាករណ៍ចោលរួចទៅហើយ ឱ្យក្លាយទៅជាស្របច្បាប់ ដើម្បីបម្រើមហិច្ឆតាឈ្លានពានទឹកដីពីសំណាក់ប្រទេសវៀតណាម។
លើសពីនេះ លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បច្ចុប្បន្នបាននិងកំពុងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះមិនល្អលើឆាកអន្តរជាតិ ដោយសារតែបានបំផ្លាញនូវមូលដ្ឋានគ្រឹះនៃប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិមនុស្ស រំលាយគណបក្សប្រឆាំង បំផ្លាញប្រព័ន្ធនីតិរដ្ឋឱ្យធា្លក់ចុះដល់បាតដាល កើតមានអំពើពុករលួយ និងគ្រួសារនិយមចាក់ស្រែះជាដើម។ល។
លោក ហ៊ុន ម៉ាណែត ដែលទទួលបានការអប់រំផ្នែកយោធា និងសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីកំឡុងឆ្នាំ១៩៩៩ ឆ្នាំ២០០២ និងឆ្នាំ២០០៩នោះ ត្រូវបានលោក ហ៊ុន សែន ឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រីស្នងពីលោក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង២ឆ្នាំហើយ។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរក្នុងប្រទេសអូស្រ្តាលី ប្រាប់វីអូឌីនៅថ្ងៃទី២៤ ខែវិច្ឆិកានេះថា បើពិនិត្យពីប្រពៃណី និងប្រវត្តិសាស្ត្រកម្ពុជា ពាក្យថាជានាគនេះ ច្រើនតែតំណាងឱ្យពូជពង្សរបស់ស្តេចគ្រប់គ្រងនគរ ប៉ុន្តែការតាំងខ្លួនរបស់ លោក ហ៊ុន សែន ជានាគ ហើយកូនប្រុសជាកូននាគជាដើម មិនដឹងថា លោកមានទស្សនៈរបៀបម៉េចទៅនឹងអំណាចរបស់ត្រកូលលោកនោះទេ សូមទុកឱ្យប្រជាពលរដ្ឋជាអ្នកពិចារណា។
ប៉ុន្តែលោក ករុណា និយាយថា បើប្រៀបធៀបមក បញ្ហាចាក់ស្រែះនៅក្នុងសង្គមកម្ពុជា គឺបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនមានមេដឹកនាំដែលមានសមត្ថភាព ក្នុងការជួយទៅដល់សេដ្ឋកិច្ចប្រទេស ជួយទៅដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ឱ្យអាចរស់នៅបានដោយមានក្តីសុខ សុវត្ថិភាព ឬក៏មានសុខសន្តិភាពពិតប្រាកដនោះទេ។
លោកថា យើងឃើញទាំងអស់គ្នាហើយ សង្គមកម្ពុជាសព្វថ្ងៃពោរពេញទៅដោយអំពើឆបោក អំពើហិង្សា គ្រឿងស្រវឹង គ្រឿងញៀន និងអំពើអបាយមុខជាច្រើន។
លោកថា៖ «ចឹងបង្ហាញថា ការដឹកនាំនេះមិនបានដើរតាមគន្លងប្រជាធិបតេយ្យ បានន័យថា ការដឹកនាំតាមបែបផ្តាច់ការ បម្រើនូវផលប្រយោជន៍ខ្លួនឯង ផលប្រយោជន៍គ្រួសារ និងបក្ខពួកតែប៉ុណ្ណោះ។ បើនិយាយក្នុងន័យរឿងដឹកនាំដែលតាំងខ្លួនថា ជាបុគ្គលដែលមានអំណាចមហិទ្ធិឫទ្ធិ និងជានាគជាអីជាដើមនេះ ខ្ញុំគិតថា វាជាអំណាចមួយដ៏មហិមា ក៏ប៉ុន្តែយើងមិនចង់ឃើញថា អំណាចដែលធំធេងបែបហ្នឹង អនុវត្តអត់បានត្រឹមត្រូវ ហើយប្រើប្រាស់អំណាចក្នុងន័យគាបសង្កត់ គំរាមកំហែងទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ របស់សកម្មជនសង្គម សកម្មជននយោបាយអីទាំងអស់នោះទេ»។
ស្ថាប័នអន្តរជាតិមួយចំនួន ក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរ បានរកឃើញថា កម្ពុជាជាសម្បុកជាឋានសួគ៌ពួកមេក្លោងឧក្រិដ្ឋជនល្បែងអនឡាញ ចាប់ជម្រិត ក្នុងនោះក៏មានមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗ ដូចជា លោក លី យ៉ុងផាត់ និង លោក កុក អាន ផងដែរ។ រឿងដែលកាន់តែធ្វើឱ្យប្រជាជាតិខ្មែរអ្នកស្នេហាជាតិឈឺចាប់កាន់តែខ្លាំងថែមទៀតនោះ គឺលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត បាននៅសម្ងំស្ងៀមឈរក្រពាត់ដៃ មើលកងទ័ពសៀមចូលរាយបន្លាលួសវាទយកទឹកដីខ្មែរ បាញ់សម្លាប់ពលរដ្ឋខ្មែរ មិនត្រឹមតែប៉ុណ្ណោះ របបក្រុងភ្នំពេញថែមទាំងប្រើប្រព័ន្ធតុលាការ ធ្វើការចោទប្រកាន់ និងចាប់ឃុំខ្លួនអ្នកនយោបាយ និងពលរដ្ឋខ្មែរដែលហ៊ាននិយាយរិះគន់ពីបញ្ហាព្រំដែន ធ្វើឱ្យមានការបែកបាក់ជាតិកាន់តែខ្លាំង។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានប្រាប់វីអូឌីកាលពីថ្ងៃទី២៤ខែវិច្ឆិកាថា អ្វីដែលអតីតនាយករដ្ឋមន្ត្រីនិយាយ អាចជាការបិទបាំងការពិត ដើម្បីគេចចេញពីការទទួលខុសត្រូវ ក្រោមការដឹកនាំរបស់លោកនិងកូនរបស់លោក។ ប៉ុន្តែលោកថា ពលរដ្ឋប្រហែលជាដឹងការពិតពីសមត្ថភាពនៃមេដឹកនាំកម្ពុជា តាមរយៈនៃបញ្ហាជាតិដែលបន្សល់ទុកចាក់ស្រែះ។ ចំពោះអ្វីដែលលោក ហ៊ុន សែន លើកថា គាត់ជាឪនាគ ឯលោក ហ៊ុន ម៉ាណែត ជាកូននាគនេះ លោកគិតថា ប្រជាពលរដ្ឋទូទៅប្រហែលមិនចាប់អារម្មរណ៍ទេ ពីព្រោះនេះវាគ្រាន់តែជាវោហាសាស្ត្រនយោបាយ។
លោកថា៖ «វាគ្រាន់តែជាវោហាសាស្រ្តនយោបាយប្រជាភិថុត អាចនឹងលើកឡើងដើម្បីធ្វើម៉េចព្យាយាមគេចវេសពីបញ្ហាសង្គម ឬក៏រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជួបប្រទះ។ ប៉ុន្តែវាមិនសំខាន់ថាប្រជាពលរដ្ឋចាប់អារម្មរណ៍ ឬមិនចាប់អារម្មរណ៍នោះទេ អ្វីដែលប្រជាពលរដ្ឋចង់ឃើញនោះ គឺជីវភាពការរស់នៅមានភាពល្អប្រសើរ បញ្ហាអសកម្ម បញ្ហាអយុត្តិធម៌ក្នុងសង្គម ត្រូវកាត់បន្ថយ បញ្ហានីតិរដ្ឋប្រជាធិបតេយ្យត្រូវបានពង្រឹង សិទ្ធិសេរីភាពប្រជាពលរដ្ឋត្រូវបានគោរព កំណើនសេដ្ឋកិច្ចកើនអាចលើកកម្ពស់ជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំថ្ងៃបាន។ អាបញ្ហាទាំងអស់នេះ ដែលខ្ញុំគិតថា ប្រជាពលរដ្ឋប្រហែលជាចាប់អារម្មរណ៍ខ្លាំងជាង»។
សម្រាប់ លោក ស៊ឹង សែនករុណា ការដឹកនាំដូចដែលគ្រួសារហ៊ុន បានធ្វើនិងកំពុងតែធ្វើនាពេលបច្ចបុបន្ននេះ មិនមែនជាអ្វីដែលប្រជាពលរដ្ឋចង់បាននោះទេ ពីព្រោះការដឹកនាំបែបនេះ កុំថាឡើយប្រជាពលរដ្ឋរស់នៅមិនបានសុខ សូម្បីមេដឹកនាំខ្លួនឯងក៏រស់នៅមិនបានសុខ រស់នៅជាមួយនឹងការភ័យខ្លាចផងដែរ។
លោកថា៖ «សង្គមមួយដែលពោពេញទៅដោយបញ្ហា ថ្វីដ្បិតតែបញ្ហានឹងវាជះឥទ្ធិពលតែជាមួយការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមហ្នឹងក៏ដោយ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាក៏កើតទៅលើមេដឹកនាំប្រទេសដែរ ពីព្រោះការដឹកនាំបែបហ្នឹង មេដឹកនាំប្រទេសក៏រស់នៅក្នុងការភ័យខ្លាច អំពីការផ្តួលរំលំដែរពីព្រោះថា កាលណាប្រជាពលរដ្ឋរស់នៅក្នុងសង្គមហ្នឹងអត់មានក្តីសុខ អ៊ីចឹងប្រជាពលរដ្ឋច្បាស់ជាចិញ្ចឹមចិត្តក្នុងការផ្លាស់ប្តូរ ហើយកាលណាមានឱកាសមួយ ច្បាស់ជាធ្វើការបះបោរទម្លាក់មេដឹកនាំហ្នឹង»។
ប៉ុន្តែផ្ទុយទៅវិញ លោកថា បើសិនជាមេដឹកនាំនោះ ដឹកនាំប្រទេសធ្វើឱ្យមានក្តីសុខទាំងអស់គ្នា នាំភាពរីកចម្រើនទៅដល់ប្រទេសជាតិ នោះគ្មានប្រជាពលរដ្ឋឬក៏គ្មានបុគ្គលណាគេចង់ធ្វើការផ្លាស់ប្តូរទេ ពីព្រោះគេចង់រស់នៅឱ្យមានភាពសុខដុមរមនាទាំងអស់គ្នា។
ទាក់ទងនឹងល្បែងអនឡាញចាប់ជម្រិត ស្ថាប័នអន្តរជាតិជាច្រើន ក្នុងនោះក៏មានអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងក្រសួងរតនាគារសហរដ្ឋអាមេរិកផងដែរ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាទំនងជាមិនអាចកម្ទេច និងទប់ស្កាត់ឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាពបាននោះទេ ដោយសារតែឥស្សរជននយោបាយជាន់ខ្ពស់សំខាន់ៗរបស់រដ្ឋាភិបាល និងសមាជិកគណបក្សប្រជាជន ជាប់ពាក់ព័ន្ធដោយត្រង់ និងដោយប្រយោលជាមួយឧស្សាហកម្មកខ្វក់នេះ។
ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌វិញ គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២៤ (World Justice Project) ចាត់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី១៤១ ក្នុងចំណោម១៤២ ប្រទេសលើកង្វះនីតិរដ្ឋដោយថា នេះជាដើមចមនៃនិទណ្ឌភាព និងបង្កឲ្យមានឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយ។ ចំណែកសន្ទស្សន៍នៃអំពើពុករលួយវិញ អង្គការតម្លាភាពអន្តរជាតិ បានចាត់កម្ពុជាឱ្យស្ថិតនៅចំណាត់ថ្នាក់បាតតារាងនៅរៀងរាល់ឆ្នាំ ក្នុងរយៈពេលប្រមាណ១០ឆ្នាំមកនេះ។
តាមទឡ្ហីករណ៍ខាងលើ បងប្អូនជនរួមជាតិ អាចឆ្លើយបានដោយខ្លួនឯងថាតើមេដឹកនាំគ្រួសារហ៊ុនជានាគ ឬក៏ជាកណ្តុរ ហើយបើជានាគថាតើជានាគប្រភេទណា៕









