កម្ពុជាឯកភាព​បោះបង្គោល​ព្រំដែន​លើ​ទីតាំង​ដែល​ថៃ​លួច​រំកិល​ចូល​ដី​ខ្មែរ​ជិត​៣គីឡូ​ម៉ែត្រ

អ្នកជំនាញ​កិច្ច​ការ​ព្រំដែន ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិ​បាល បាន​និយាយ​ថា ការ​បោះ​បង្គោល​ព្រំដែ​ន​នៅ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគ​ជ័យ ខេត្ត​បន្ទាយ​មាន​ជ័យ នា​ពេល​នេះ ត្រង់​បង្គោល​៤៣ ដែល​ថា ជា​ទីតាំង​ដែល​ថៃ​លួច​រំកិល​ចូល​ដី​ខ្មែរ​ជិត​៣គីឡូ​ម៉ែត្រ បើ​ធៀប​នឹង​បង្គោល​ចាស់​នាទសវត្ស​រ៍​៨០ ។

អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បា​នចុះ​ផ្សាយ​នៅថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​នេះថា ក្រុម​វាស់​វែង​ចម្រុះ​នៃ​ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​បន្ត​អនុវត្ត​ការ​ងារ​ថត​រូប​ពី​លើអា​កាស​ដោយ​ប្រើ​ដ្រូន​ ដើម្បី​បង្កើត​ផែន​ទី​រូប​ថត មុន​នឹង​បោះ​បង្គោល​បណ្តោះ​អាសន្ន​នៅ​លើ​ដី​ជាក់​ស្តែង។

ប្រភពនោះ បញ្ជាក់​ថា ការកំណាត់ខ្សែព្រំដែនចន្លោះ ធ្វើឡើងនៅបង្គោល​លេខ ៤២ ដល់ ៤៧ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ប្រទេស​កម្ពុជា និង​ស្រុក​គោក​ស៊ូង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ។

លើសពីនេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ក្រុម​វា​ស់វែ​ង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ​បាន​ចុះ​អនុវត្ត​ការ​ងារ​ថត​រូប​ពី​លើ​អាកាស​ដោយ​ប្រើ​ដ្រូន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤២-៤៣ ដោយសម្រេច​បាន​ប្រវែង​ប្រមាណ ៥,៣ គ.ម ស្មើនឹ​ង​ប្រមាណ ៧៦%។

ប្រភពពីរដ្ឋាភិបាលនេះ បានគូសបញ្ជាក់ថា ក្រោយការបញ្ចប់ការងារបោះប​ង្គោល​បណ្តោះ​អាសន្ន នៅ​កំ​ណាត់​​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ ៤២-៤៣ ក្រុមកា​រងា​រ​នឹង​បន្ត​កិច្ច​ការ​របស់​ខ្លួន​នៅ​កំណាត់​ខ្សែ​ព្រំដែ​​ន​ចន្លោះ​បង្គោល​លេខ ៤៣-៤៧។ ហើយថា ការ​បោះប​ង្គោល​នេះ ធ្វើ​ឡើង​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​គណៈ​កម្ម​កា​​រច​ម្រុះ​ខណ្ឌ​សីមា​ព្រំដែន​(JBC) កម្ពុជា-ថៃ កាល​ពី​ថ្ងៃទី​២​១-២២ ខែ​តុលា ឆ្នាំ​២០២៥ កន្លងទៅ»។

លើសពីនេះ នៅថ្ងៃទី២៥ ខែ​វិច្ឆិកា​នេះ នាយរដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​ហ្វេសប៊ុក​លោក​ថា បញ្ហា​ព្រំដែន គឺ​ជា​បញ្ហា​ស្មុគ​ស្មាញ ដែល​បាន​បន្សល់​ទុក​រាប់​រយ​ឆ្នាំ​មក​ហើយ ដែល​ត្រូវ​រួមគ្នា​ដោះ​ស្រាយ ដើម្បី​ប្រជា​ពលរ​ដ្ឋ​​នៃ​ប្រទេស​ទាំង​ពីរ អាច​រស់​នៅ​ជាមួយ​គ្នា​តាម​បណ្ដោយ​ព្រំដែន​ដោយ​សុខ​សាន្ត ក្នុង​រយៈ​ពេល​វែង​ទៅ​ខាង​មុខ។

លោកបន្តថា រដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយមួយ​ដែល​ត្រឹម​ត្រូវ​សម្រាប់​រយៈ​ពេល​វែង និង​ជួយ​ឱ្យ​បញ្ហា​ដូច​ដែល​បាន​កើត​ឡើង​នៅ​ភូមិ​ជោគ​ជ័យ​និ​ង​ព្រៃ​ចាន់ អាច​ដោះ​ស្រាយ​បញ្ចប់​បាន ហើយ​ប្រជាពលរ​ដ្ឋ​អាច​រស់​នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិ​ត​ជាប្រ​ក្រតី​ឡើង​វិញ​បាន ជៀសវាង​អូស​បន្លាយ​បញ្ហា​ឱ្យ​បន្ត​នៅ​រ៉ាំរ៉ៃ​រយៈ​ពេល​វែង​ទៅ​មុខ។

សម្រាប់ លោក ហ៊ុន ម៉ាណែត​ ការវាស់វែង​និងបោះបង្គោលព្រំដែនបណ្តោះ​អាសន្ន​ នៅ​ចន្លោះ​បង្គោល​ព្រំដែន​ខាង​លើ​មិន​មែន​ជា​ការ​ងារ​ដែល​ចាប់​ផ្ដើម​ថ្មី​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​វា​ជាកា​រ​ងារ​បច្ចេក​ទេស​ដែល​បន្ត​ពី​អ្វី​ដែល​ក្រុម​ការងា​រ​បច្ចេកទេស​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​រួម​គ្នា​ធ្វើ​ជិត ២០​ឆ្នាំ​មក​ហើយ។

យ៉ាងណា អតីត​មេទ័ព​ខ្មែរ​តស៊ូ​តាម​ព្រំដែន​ថៃ របស់​គណបក្ស​ហ្វ៊ុន​​ស៊ិន​​ប៉ិច លោក ញឹក ប៊ុនឆៃ ធ្លាប់បញ្ជាក់​ថា កាល​ពី​សង្រ្គាម​ស៊ីវិល​នាទសវត្សរ៍​​​ទី៨​០ គាត់​​និ​ង​​ទាហាន​​របស់​​គា​​ត់​​បោះ​ទី​តាំ​ង​នៅ​ប្រាសាទ​ស្តុក​​កក់​ធំ ហើយ​បង្គោល​ឡាក់​លេខ​៤២ គឺស្ថិតនៅ​ខាង​លិច​ប្រាសាទ​ស្តុក​កក់​ធំជាង២គីឡូម៉ែត្រ។

លោកបន្តថា ចំណែក បង្គោល​ឡាក់​លេខ​៤៣ លោកទើបតែដឹងថា ត្រូវបាន​ថៃលួច​រំកិល ប្រមាណ​ជាង​២​គីឡូ​ម៉ែត្រ ស្ថិត​នៅ​​ជិត​​​ភូមិ​ព្រៃ​ចាន់ ​និ​ង​ភូមិ​ជោគ​ជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនេះ។

លោកថា៖ «ប្រាសាទស្តុកកក់ធំ​ ថៃវា​យ​ក​មក​ដល់​ខាង​មុខ​ស្រះ​ទឹក​ហ្នឹង​ទៀត ខ្ញុំ​ទើប​នឹង​ដឹង​ថ្មីៗ​នេះ​ដែរ​ទេព្រោះ​កាល​​ពី​ខ្ញុំ​ដំបូង​ហ្នឹង គឺ​ខ្ញុំ​ចេញ​ពី​ជំរុំ​ចាស់​ក្បែរ​បង្គោល​ឡាក់​លេខ​៤៣ ហើយ​បង្គោល​ឡាក់​លេខ​៤៣ហ្នឹង​នៅ​មុខ​ភូមិ​ណង​ម៉ាក់​ម៊ុន ដែល​ខ្ញុំ​ចេញ​ទៅ​បង្កើត​ជំរុំ​ថ្មីហ្នឹ​ង គឺ​ខ្ញុំ​នៅ​ខាង​ក្រោយ​ប្រាសាទ​ស្តុក​កក់​ហ្នឹង​ប្រហែល​២គីឡូ​ម៉ែត្រ​ទៀត នៅ​ខាង​ក្រោយ​ហ្នឹង​ទៀត គេ​ថា​ដី​ថៃ តាម​ពិត​ដី​ខ្មែរ​យើង​ទេ»។

បើតាមការបញ្ជាក់របស់លោក ញឹក ប៊ុនឆៃ បើរដ្ឋាភិបាលកម្ពុជាឯកភាព​ជាមួយ​ថៃ​ថា ទីតាំង​បង្គោល​ព្រំ​ដែន​លេខ ៤២ និង​៤៣ ជា​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ពិត​មែន នោះ​បញ្ជាក់​ថា កម្ពុជា​ពិត​ជា​បាត់​ដី​ជាង​២គីឡូ​ម៉ែត្រ​ដែល​ថៃ​បាន​លួច​រំកិល​បង្គោល​ព្រំដែន​នេះ។

ប្រហែលគ្នានេះដែរ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បានប​ញ្ជាក់​ថា ការ​បោះ​បង្គោល​ព្រំ​ដែន​ថ្មី​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ថៃ​បន្ថែម​ទៀត​ ពី ៣​ទៅ​៤គីឡូ​ម៉ែត្រ។

លោក​អះអាងថា បង្គោល​ឡាក់​លេខ៤២-​៤៣ ដែលជាបង្គោល​ចាស់ ត្រូវ​បាន​​​ថៃ​លួច​​រំកិលចូ​ល​​​ដី​​ខ្មែរ​ប្រមាណ​២​​គីឡូ​​ម៉ែត្រ​​​កន្លះ ហើយ​ថៃ​បាន​រំលោភ​យក​ប្រាសាទ​បុរាណ​ខ្មែរ ស្តុក​កក់​ធំ នៅ​ឆ្នាំ​១៩៩១។តែ​មក​ដល់​ពេល​នេះ មេដឹក​នាំ​ខ្មែរ​មិន​តវ៉ា​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​នេះ​ទេ។

លោកថា៖ «ការបោះបង្គោលបណ្ដោះអាសន្ននៅភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់​ហ្នឹង ចូល​ដី​ខ្មែរ​យើង​ចន្លោះ​ពី​ពីរ​គីឡូ​​ម៉ែត្រ​កន្លះ​ទៅ​បី​គីឡូ​ម៉ែត្រ បើ​តាម​ប្រជា​ពលរដ្ឋ​ដែល​រ​ស់នៅ​​ភូមិ​ព្រៃ​ចាន់ និង​លោក ញឹក ប៊ុន​ឆៃ បញ្ជាក់​ថា បង្គោល​លេខ​៤២-៤៣ កាល​ពី​ទសវត្សរ៍​ទី​៨០ នៅ​ខាង​លិច​ប្រាសាទ​ស្តុក​កក់​ធំ សព្វ​ថ្ងៃ​ថៃ​បាន​រំកិល​មក​ដល់​ភូមិ​ព្រៃ​ចាន់ បង្គោល​ហ្នឹង​រំកិល​ចូល​ប្រហែល​២គីឡូ​ម៉ែត្រ​កន្លះ បើគិ​ត​ដល់​បន្លាលួស​ជិត​៣គីឡូ​ម៉ែត្រ ដូច្នេះ​នៅ​ពេល​ដែល​បោះ​បង្គោល​បណ្ដោះ​អាសន្ន គឺ​បោះ​នៅ​ទីតាំង​ថ្មី បង្គោល​៤២​និង​៤៣​ហ្នឹង អត់​យក​ទៅ​ដាក់​នៅ​ទីតាំង​ចាស់​ទេ»។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ​ម៉ែន ណាត ហៅការលើកឡើង​របស់ លោក ហ៊ុន ម៉ាណែត ដែល​ថា​ បញ្ហា​ព្រំដែន​កម្ពុជា​មាន​ភាព​ស្មុគ​ស្មាញ ព្រោះគា​ត់​គ្មាន​បទ​ពិសោធន៍​រឿង​ព្រំដែន បាន​កាន់អំណាច​ដោយ​សារ​ឪពុក។

លោក​ពន្យល់ថា ព្រំដែនកម្ពុជា​​មិន​មាន​ភាព​ស្មុគស្មា​ញ​ទេ​ ព្រោះ​បាន​កំណត់​ក្នុង​ផែន​ទី ភ្ជាប់​នឹង​សន្ធិសញ្ញា​បារំាង​សៀម​រួច​ហើយ។ ហើយថា ការ​លើក​ឡើង​របស់​ លោក ហ៊ុន ម៉ាណែត ឆ្លុះ​បញ្ចាំង​ពី​កង្វះ​ឆន្ទៈ​ការ​ពារ​បូរណ​ភាព​ទឹក​ដី។

លោកបញ្ជាក់ថា កម្ពុជាមា​នស​ន្ធិស​ញ្ញាបា​រាំង​១៩០៤-០៧ មាន​​អនុ​សញ្ញា​​អន្តរ​ជាតិ រួម​​ទាំង​​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស​​២៣​​តុលា ដើម្បី​​ការ​​ពារ​​ទឹក​​​ដី និង​​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា។

លោកថា៖ «បច្ចេកទេសប្រវត្តិការបោះបង្គោល​ព្រំដែន​ គេមិន​ដែល​គួស​ព្រំដែន​ខ្សែ​បណ្ដោយ​ព្រំដែន​នៅកណ្ដាល​ភូមិ​អ្នក​ស្រុក​ទេ អត់​ដែល​មាន​ទេ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ការ​កំណត់​គូស​ផែន​ទី​ព្រំដែន គឺ​គេ​មិន​ដែល​ទៅ​​គូស​​ក្នុង​ភូមិ​អ្នក​ស្រុក​​ទេស​ អ៊ីចឹង​បញ្ហា​ព្រំដែន​គេ​គូស​ខ្សែប​ន្ទាត់​ព្រំដែន​ ក្នុង​ប្រវត្តិ​តាំង​ពី​សម័យ​បារាំង គឺ​យើង​ធ្លាប់​រៀន​ហើយ​ច្បាស់​លាស់​ ហើយ​ថាខ្សែ​​បន្ទាត់​ព្រំដែន គឺ​គេកំ​ណត់​វា​អាច​មាន​បឹង​ធម្ម​ជាតិ​ វា​អាច​មាន​នៅ​ស្ទឹង​ធម្ម​ជាតិ វា​អាច​មាន​លើ​ទន្លេ​ធម្មជាតិ​អ៊ីចឹង​ទៅ ឬ​ក៏​បើមាន​ភ្នំ​ គឺ​កំពូល​ភ្នំ​ដែល​តំបន់​​ចែក​ទឹក​ថា​នៅ​តំបន់​វាល​ទំនាប គឺ​គេ​កំណត់​ព្រំដែន​តាម​ស្ទឹង ឬ​ទន្លេ​ អ៊ីចឹង​អាហ្នឹង​ហើយ​គេ​មិន​ដែល​ទៅ​ធ្វើ​គំនូស​ខ្សែ​បន្ទាត់​ព្រំដែន​នៅក​ណ្ដាល​ភូមិ​អ៊ីចឹង​ទេ»។

ចំណែក អ្នកច្បាប់ និងជាអ្នកវិភាគ​ឯករាជ្យ លោក វ៉ន ចាន់ឡូត បាន​បង្ហាញ​ការ​មន្ទិល​ក្នុង​សម្តី​ដើម​ថា « ២០​ឆ្នាំ គ្មាន​វឌ្ឍនៈ​ភាព បែរ​មក​សម្រេច​យ៉ាង​លឿន​ត្រឹ​មរយៈ​ប៉ុ​ន្មាន​សប្ដាហ៍ ទាំង​ដែល​ភាគី​ថៃ​ដាក់​សម្ពាធ​គ្រប់​បែប​យ៉ាង និង​ចុង​ក្រោយ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ដូច​សត្វ​ធាតុ មិន​ហ៊ាន​សូម្បី​តែ​ប្ដឹង»។

លោក​ចោទជាសំណួរថា តើអាចនិយាយថា ការ​បោះបង្គោល​អនុលោម​តាម​ផែន​ទី​បារាំង-សៀម ឬ​តាម​ផែន​ទី​ចោរ? បើ​ថៃ​មាន​បំណង​គោរព​តាម​ផែន​ទី​បារាំង-សៀម ហេតុ​អ្វី​ប្រើ​កម្លាំង​យោធា​មក​ឈ្លាន​ពាន​យក​ទឹ​ក​ដី​មួយ​ផ្នែក និង​ប្រើ​ប្រាស់​គ្រប់​កល​ល្បិច​ដាក់​សម្ពាធ​លើ លោក ហ៊ុន ម៉ាណែត? សម្ពាធ​ដែល​មាន​ឥទ្ធិពល​បំផុត​របស់​ថៃ ​គឺវា​យ​ចំ​ផល​ប្រយោជន៍​ក្រុម​អ្នក​កាន់​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ