លោក ស សុខា ថា​ឧក្រិដ្ឋជនឆបោកតាមអនឡាញកំពុង​រាល​ដាល​ដល់​«ខ្មែ​រ​បោក​ខ្មែរ»

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស សុខា បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា បទ​ឧក្រិដ្ឋ​ឆបោក​តាម​​ប្រ​ព័ន្ធ​​ផ្ទេរ​​បា្រក់ ឬ​អន​ឡាញ កំពុងរា​ល​ដាល​«ដល់​ខ្មែរ​បោក​ខ្មែរ» ដោយ​លោក​ថា ត្រឹម​២ខែ​ចុង​ក្រោយ​នេះ មាន​ជន​រង​គ្រោះ ប្តឹ​​​​ង​​មក​​ស្ថាប័ន​ជំនាញ​២០០​បណ្តឹង ប្រាក់​ជាង​៨០​ម៉ឺន​ដុល្លារ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ឧក្រិដ្ឋ​ជន​ឆបោក។

លោក​ថា៖ «អញ្ចឹងមកដល់ម៉ោងនេះលើ២០០​ពាក្យ​បណ្តឹង​នេះ ទូទំាង​ប្រទេស​ដែល​យើង​ទទួល​បាន​នេះ មាន​ប្រមាណ​ជា​ជាង​៨០​ម៉ឺន​ដុល្លារ​ត្រូវ​បាន​បាត់​ពី​ក្នុង​(Account)គណនី​ធនាគារ​សមី​ដើម។

ការថ្លែងរបស់លោក ស សុខា នេះ ធ្វើឡើងក្នុង​ពិធី​បិទ​សិក្ខា​សាលា​ពិគ្រោះយោ​បល់​ថ្នាក់​ជាតិ លើ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​ ស្តីពី​អត្ត​សញ្ញាណ​កម្ម​ដំណាក់​កាល​ទី២​(២០២៦-២០៣៥) នៅ​ថ្ងៃ​ទី២៤​ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ នៅ​រាជធានី​ភ្នំពេញ។

លោកគូសបញ្ជាក់ថា ជនឆបោកបន្លំខ្លួនធ្វើជាមន្ត្រីធនាគារ ជាអ្ន​ក​ផ្តល់​សេវា​ជាដើ​ម ដែល​បញ្ហា​នេះ លោក​ជំរុញ​ឱ្យ​សមត្ថ​កិច្ច​បង្កើនកិ​ច្ច​សហការ​ជាមួយ​មន្ត្រី​ធនាគារ ដើម្បី​ទប់​ស្កាត់ ។

លោកថា៖ «នេះសម្រាប់អ្នកដែលបានដាក់ពាក្យបណ្តឹងចុះ​សម្រាប់​អត់​បាន​ដាក់​ពាក្យ​បណ្តឹង មានប៉ុន្មាន បាទ! មក​ដល់ម៉ោ​ងនេះ​ត្រឹ​ម​តែ​២​ខែ​យើង​អស់​ជាង​៨០​ម៉ឺន។ អ៊ីចឹង​បើ​យើង​ព្រលែង​តទៅ​ទៀត​អនាគត​អាច​ធំ​ជាង​នេះ ហើយ​អំពើ​ឆបោក​នេះ​ពី​មុន​យើង​ឃើញ​ថា តែង​តែកើ​តឡើ​ង​រវាង​ជន​បរទេស ឬនៅ​ក្រៅ​ប្រទេស ប៉ុន្តែ​ឥឡូវ​នេះ ឈាន​ដល់​ហៅ​ថានិ​យ​ាយ​ភាសាអា​​ក្រក់​បន្តិច​ថា​ខ្មែរ​បោក​ខ្មែរ»។

សម្រាប់ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មើល​ឃើញថា​ ការ​បោក​ប្រាស់​​​ជា​​ទឹក​​ប្រាក់​ពី​ក្រុម​ខិល​ខូច​មួយ​ចំនួន ហាក់​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គា​​ល់​នៅ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ដូច​ជា តេ​ឡេ​ក្រាម និង​តាម​រយៈ​ប្រព័ន្ធ​សារ​ជា​ដើម។

លោកថា កត្តាដែលនាំឱ្យកើតមាននូវបញ្ហានេះ គឺដោយសារតែពួកគេ​ខ្វះ​នូវ​ការ​​យ​ល់​ដឹង​​ផ្នែក​​បច្ចេក​វិទ្យា ​ខ​ណៈ​​​ការផ្ស​ព្វ​ផ្សាយ​ពី​វិធាន​បង្ការ ឬ​ទប់​ស្កាត់​នៅ​មាន​កម្រិត និង​ការ​អនុវត្ត​ច្បាប់​នៅ​ធូរ​លុង ដែល​ទា​ម​ទារ​​ឱ្យ​​​មានការ​រិត​បន្តឹង​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ។

លោកថា៖ «វិស័យមីក្រូហិរញ្ញវត្ថុ​ឬធនាគារ​ហ្នឹង ក៏​គួរតែ​មាន​លក្ខ​ខណ្ឌ​ ឬ​ក៏​ជា​មធ្យោបាយ​ដើម្បី​ជួយ​ទប់​ស្កាត់​ដល់​អ្នក​ដែល​ចាញ់​បោក​នោះ កុំ​មាន​បន្ត​ការ​ចាញ់​បោក​ដក​លុយ​ចេញ​ពី​គណនី​របស់​ខ្លួន ដោយ​មិន​បាន​ដឹង គួរ​តែ​មាន​ការ​ផ្សាយ​ណែនាំ​ពី​វិធី​ទប់​ស្កាត់​ឲ្យ​បាន​ទូលំ​ទូលាយ ហើយ​បើ​សិន​ជា​មន្ត្រី​យើង​មិន​ទាន់​មាន​សមត្ថភាព​មាន​លទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ការ​ចាត់​វិធាន​ការ​ឬ​ក៏​ទប់​ស្កាត់​យើង​អាច​បញ្ជូន​ទៅសិក្សា​ជំនាញ​អស់​ហ្នឹង ឬ​ក៏​ដក​យក​បទ​ពី​ប្រទេស​ផ្សេង​ៗ​ដែល​គេ​ឆ្លង​កាត់​មុន»។

ជាមួយគ្នានេះដែរ នាយក​​ទទួលបន្ទុកកិច្ចការ​ទូទៅនៃ​អង្គការ​ការ​ពារ​​សិទ្ធិ​​​មនុស្ស​​លី​កាដូ លោក អំ សំអាត ស​ង្កេត​ឃើញ​ថា បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​បច្ចេក​វិទ្យា​ជា​បញ្ហា​សក​ល​មួយ ដែល​កំ​ពុ​ង​បង្ក​ជា​ហា​និ​ភ័​យខ្លាំង សម្រាប់​ពិភព​លោក​នាពេល​បច្ចុប្បន្ន ពិសេស​កម្ពុជា ដែល​កំពុង​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរ​ជា​តិ ​ពី​បញ្ហា​ទាំង​នេះ​ផង​ដែរ។

យ៉ាងណា លោក សំអាត យល់ថា បញ្ហាឆបោកតាមបែប​បច្ចេក​វិទ្យា ពាក់​ព័ន្ធ​ការ​បាត់​ប្រាក់​​ក្នុ​ង​ធនា​គារ​ក​ម្ពុជា​​នេះ ជា​បញ្ហា​ធំ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​ជន​រង​គ្រោះ សុវត្ថិ​ភាព​ក្នុង​កា​​រ​រក្សា​ទុក​សា​ច់​ប្រាក់ ដែល​អាច​បង្ក​ជា​អសន្តិសុខ​​សង្គម​ផង​ដែរ។

លោកផ្តល់ជាយោបល់ថា រដ្ឋាភិបាលត្រូវពង្រឹងប្រសិទ្ធភាពច្បាប់ លុបបំបា​ត់អំ​ពើពុករលួយ និងបង្កើ​ន​ការជំនាញដល់មន្រ្តីទទួលបន្ទុកអនុវត្តច្បាប់ ទើបអាចទប់ស្កាត់បាន ។

លោកថា៖ «រាជរដ្ឋាភិបាលលោកត្រូវតែចាត់វិធានកា​រ​ ទី១​ពង្រឹង​ប្រសិទ្ធ​ភាព​ គឺ​ដាក់​ឲ្យអ​នុវត្ត​វិធាន​ការ​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង និង​ការ​ទប់​ស្កាត់​ការ​បង្ក្រាប​លើប​ទ​ល្មើស ទី២​លុប​បំបាត់​អំពើ​ពុក​រលួយ ទី៣​ត្រូវ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ គឺ​ទាំង​អាជ្ញាធរ​ក្នុង​ស្រុក​ ក៏​ដូច​ជា​សហការ​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង​ក្នុងតំបន់ ក៏​ដូច​ជា​អន្តរ​ជាតិ ដើម្បី​ទប់​ស្កាត់​នូវ​បទ​ឧក្រិដ្ឋ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​មួយ​ទៀតគឺ​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​ សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​នូវ​ជំនាញ​វិជ្ជា​ជីវៈ​បន្ថែម​ទៀត ព្រោះ​បទ​ល្មើស ជាបទ​ល្មើស​ទំនើប​កម្ម​ និ​ងជា​ប​ទល្មើ​ស​បច្ចេក​វិទ្យា»។

ជុំវិញបញ្ហានេះ ស្ថាប័នអន្តរជាតិជាច្រើន បានលើកឡើងថា រដ្ឋាភិបាល​កម្ពុជា ទំនង​ជា​មិន​អាច​កម្ទេច​ និង​ទប់​ស្កាត់​ឧស្សាហក​ម្ម​ឆបោក​តាម​អ៊ីន​ធឺណិត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​បាន​នោះ​ទេ ដោយ​សារ​តែ​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​សំខាន់ៗ​របស់​រដ្ឋាភិ​បាល និង​គណ​បក្ស​ប្រជាជន​ជាប់​ពាក់​ព័ន្ធ​ដោយ​ត្រង់​ និង​ដោយ​ប្រយោល​ជាមួយ​ឧស្សាហ​កម្ម​កខ្វក់​នេះ។

របាយការណ៍ «ស្តីពីការជួញដូរមនុស្ស ឆ្នាំ២០២៥ (TIP)» ចុះផ្សាយនៅថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥​រក​ឃើញ​ថា “មន្ត្រី​ជាន់​ខ្ពស់ និង​ទីប្រឹក្សា​រដ្ឋាភិ​បាល​ទទួល​បាន​អត្ថ​ប្រយោជន៍​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​មនុស្ស និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ រួម​ទាំង​ជាម្ចា​ស់​កម្ម​សិទ្ធិ​នៃ​ទីតាំង​ប្រតិ​បត្តិ​ការ​ឆបោក​ទាំង​នោះ។ ការ​គប់គិត​​គ្នាជា​ផ្លូវ​ការ​នៅ​គ្រប់​កម្រិត​រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់ បាន​រារាំង​សកម្ម​ភាព​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​មនុស្ស ដែល​នៅ​តែ​រីក​រាល​ដាល​នៅ​ឆ្នាំ​នេះ”។

ដោយឡែក របាយការណ៍របស់គណៈកម្មការពិនិត្យឡើងវិញអំពីសេដ្ឋ​កិច្ច និង​សន្តិ​សុខ អាមេរិក-ចិន នៃសភា​ខុន​ក្រែស​របស់​សហរដ្ឋ​អាមេរិក ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៥ លើក​ឡើង​ថា “យោង​តាម​របាយ​ការណ៍​ថ្មីៗ​នេះ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មាន​ទំនាក់​ទំនង​យ៉ាង​ជ្រាល​ជ្រៅ​ជាមួយ​បណ្តាញ​ឧក្រិដ្ឋ​ជន​ចិន​ ដែល​កំពុង​ប្រតិ​បត្តិ​ការ​មជ្ឈ​មណ្ឌល​ឆបោក​នៅ​ក្នុង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ