អ្នកឃ្លាំមើល និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានវិភាគឃើញថា បទបញ្ញតិ្តច្បាប់ និងសេចក្តីព្រាងច្បាប់មួយចំនួន នៅមានកង្វះភាពជាក់លាក់ក្នុងមាត្រាខ្លះ ដែលធ្វើឱ្យច្បាប់ងាយនឹងត្រូវបានអនុវត្តដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្នុងគោលបំណងនយោបាយ និងប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ក្នុងយុគ្គសម័យឌីជីថល។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញផ្សាយនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ជុំវិញការវិភាគច្បាប់ស្តីពី «ផលប៉ះពាល់ផ្នែកច្បាប់លើសេរីភាពនៃការបញ្ចេញមតិក្នុងយុគ្គសម័យឌីជីថល» បានលើកឡើងថា ការវាយតម្លៃទៅលើបញ្ញតិច្បាប់ជាធរមាន បានគូសបញ្ជាក់ថា ទាំងការតាក់តែង និងការអនុវត្តបញ្ញត្តិច្បាប់ បានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ក្នុងយុគ្គសម័យឌីជីថល។
បទបញ្ញត្តិច្បាប់ដែលប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនោះ រួមមាន ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពីទូរគមនាគមន៍ ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រនិងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិត ធម្មនុញ្ញសម្រាប់វិជ្ជាជីវៈសារព័ត៌មាន និងអនុក្រឹត្យស្តីពីការបង្កើតច្រកចេញចូលអ៊ីនធឺណិតជាតិ។
ឯកសារវិភាគច្បាប់របស់ CCHR ក៏បានលើកឡើងដែរថា ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាច្បាប់ដែលត្រូវបានយកមកប្រើប្រាស់ច្រើនបំផុត ក្នុងការដាក់ទោសព្រហ្មទណ្ឌទៅលើអ្នកបញ្ចេញមតិជំទាស់ ជាពិសេសសមាជិកនៃគណបក្សនយោបាយជំទាស់ អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែច្រើនឡើងៗ។ ជាពិសេសមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ ដូចជា មាត្រា៣០៥ (បទបរិហាកេរ្តិ៍ជាសាធារណៈ) មាត្រា៤៩៤ និង៤៩៥ (បទញុះញង់) មាត្រា៥០២(បទប្រមាថ)។
ចំណែក ច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មានលក្ខណៈរឹតត្បិតជាជាងសម្រួល ហើយថែមទាំងបើកផ្លូវយ៉ាងទូលាយក្នុងការបកស្រាយ ដោយសារតែប្រើពាក្យពេចន៍មិនច្បាស់លាស់ ហើយជាលទ្ធផលបានធ្វើឱ្យមានការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន និងនាំឱ្យពួកគេមានការលំបាកក្នុងការអនុវត្តការងារ។
ចំណែក ការវិភាគលើសេចក្តីព្រាងច្បាប់មួយចំនួនវិញ CCHR ក៏បង្ហាញពីក្តីបារម្ភស្រដៀងគ្នា ដែលពាក់ព័ន្ធនឹងកង្វះភាពជាក់លាក់ក្នុងមាត្រាមួយចំនួន ដែលធ្វើឱ្យច្បាប់ងាយនឹងត្រូវបានអនុវត្តដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្នុងគោលបំណងនយោបាយ។
សេចក្តីព្រាងច្បាប់ដែលនៅមានកង្វះភាពជាក់លាក់នោះ មានដូចជា សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។
លោក សេង សុវឌ្ឍនា នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា បច្ចុប្បន្ន បច្ចេកវិទ្យា និងវេទិកាឌីជីថល ជាមធ្យោបាយទំនាក់ទំនងដ៏សំខាន់ និងជាឧបករណ៍ផ្លាស់ប្តូរសម្រាប់សហគមន៍ដែលទន់ខ្សោយ រួមទាំងជនជាតិដើមភាគតិច ពលរដ្ឋអ្នកសារព័ត៌មាន យុវជន និងប្រជាពលរដ្ឋកម្ពុជា ដើម្បីចែករំលែកព័ត៌មាន និងតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ។
លោកបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាបែបនេះ ជៀសមិនផុតពីការប្រឈមហានិភ័យ ដូច្នេះហើយទើបតម្រូវឱ្យមានច្បាប់ និងគោលនយោបាយគ្រប់ជ្រុងជ្រោយ ដែលផ្អែកលើសិទ្ធិមនុស្ស ដើម្បីធានាថា សកត្តានុពលបច្ចេកវិទ្យាអាចត្រូវបានប្រើប្រាស់ឱ្យអស់លទ្ធភាព។
តែយ៉ាងណា លោកថា៖ «ការវិភាគបង្ហាញពីក្របខ័ណ្ឌច្បាប់ ដែលរឹតត្បិតសេរីភាពលើប្រព័ន្ធអនឡាញ។ បទប្បញ្ញត្តិច្បាប់ជាធរមានមានភាពមិនច្បាស់លាស់ ហើយត្រូវបានអនុវត្តជាញឹកញាប់ ដើម្បីរឹតត្បិតសេរីភាពខាងការបញ្ចេញមតិ ខណៈពេលសេចក្តីព្រាងច្បាប់ដែលកំពុងដំណើរការ បានបង្កហានិភ័យដល់ការរឹតត្បិតសិទ្ធិនេះបន្ថែមទៀត»។
សម្រាប់ CCHR អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ធ្វើការពិគ្រោះជាមួយអ្នកជំនាញ និងអង្គការសិទ្ធិមនុស្សដែលមានជំនាញអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលព័ត៌មាន និងការការពារទិន្នន័យ ដើម្បីធានាបាននូវការប្រើពាក្យពេចន៍ជាក់លាក់ក្នុងសេចក្តីព្រាងច្បាប់ទាំងនោះ ដើម្បីឱ្យប្រជាពលរដ្ឋយល់ ហើយធ្វើសកម្មភាពស្របតាមច្បាប់។
CCHR ក៏បានផ្តល់អនុសាសន៍ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើវិសោធនកម្ម និងកែសម្រួលច្បាប់ដែលមានស្រាប់ និងសេចក្តីព្រាងច្បាប់នានា ដែលផ្ទុយនឹងកាតព្វកិច្ចរបស់កម្ពុជា ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
លោក យិន ម៉េងលី អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក គាំទ្រចំពោះការវិភាគបញ្ញត្តិច្បាប់ និងសេចក្តីព្រាងច្បាប់របស់ CCHR ដោយលោកសង្កេតឃើញថា មាត្រានៃច្បាប់និងសេចក្តីព្រាងច្បាប់មួយចំនួន បានបង្កឱ្យមានការប៉ះពាល់ទៅលើការប្រើប្រាស់សិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។
លោកថា៖ «បញ្ហាកើតមានច្រើន ពាក់ព័ន្ធទៅនឹងបញ្ហាទាំងអស់ហ្នឹង ដូចជាអ្នកដែលបញ្ចេញមតិមួយចំនួនទៅតាមអនឡាញ ទៅតាមឌីជីថល ត្រូវបានធ្វើការចាប់ចោទ ហើយបញ្ហាល្មើសដែលភាគច្រើនដែលយើងសង្កេតឃើញហ្នឹង គឺសុទ្ធតែបទល្មើសដែលទាក់ទងនឹងការបញ្ចេញមតិនេះឯងតាមប្រព័ន្ធឌីជីថលហ្នឹង ហើយយើងឃើញមានបទបរិហាខ្លះរហូតទៅដល់ទាមទារសំណងកន្លះលាន មួយលានអីចឹងទៅ ទោះបីជាការនិយាយហ្នឹងប៉ះពាល់ហ្នឹងក្នុងនាមប៉ះពាល់រដ្ឋាភិបាល ឬអ្នកដឹកនាំដែលយើងចង់ឱ្យបានធ្វើការរិះគន់ដើម្បីកែលម្អហ្នឹង ក៏រងនូវការប្តឹងទាមទារសំណងដែរ»។
លោកបន្តថា ការដែលរដ្ឋាភិបាលប្រើច្បាប់ក្រមព្រហ្មទណ្ឌ ចោទពីបទបរិហាកេរ្តិ៍លើសេរីភាពបញ្ចេញមតិ ជាការបំពានច្បាប់អន្តរជាតិ ដែលគេចែងថា មន្ត្រីសាធារណៈ និងអ្នកនយោបាយជាកម្មវត្ថុនៃការរិះគន់ និងតិះទៀនលើសកម្មភាពការងារ និងការដឹកនាំ។
សិទ្ធិសេរីភាពខាងការបញ្ចេញមតិ ត្រូវបានធានាក្រោមមាត្រា១៩ នៃកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩២ និងមាត្រាដូចគ្នានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
មាត្រា១៩នោះ ចែងថា «មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ដែលសិទ្ធិនេះ រួមទាំង សេរីភាពស្វែងរក ទទួល និងចែករំលែកព័ត៌មាន និងគំនិតគ្រប់ប្រភេទដោយមិនគិតពីព្រំដែន ទាំងផ្ទាល់មាត់ ជាលាយលក្ខណ៍អក្សរ ឬបោះពុម្ភ ជាទម្រង់សិល្បៈ ឬតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតតាមជម្រើសរបស់ខ្លួន»។
អ្នកសារព័ត៌មានមួយរូបដែលធ្លាប់រងនូវការចោទប្រកាន់នៅតុលាការ លោក សឿ សុជា ក៏យល់ឃើញស្រដៀងគ្នាដែរ មាត្រានៃច្បាប់មួយចំនួន ពិតជាមានផលប៉ះពាល់ដល់សេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងការចែកចាយព័ត៌មានរបស់អ្នកសារព័ត៌មាន តាមប្រព័ន្ធឌីជីថល ស្របពេលដែលថ្មីៗនេះ កម្ពុជាបានអនុម័តច្បាប់ដកសញ្ជាតិសម្រាប់ពលរដ្ឋណាដែលហ៊ានរិះគន់ និងត្រូវបានចោទប្រកាន់រឿងក្បត់ជាតិជាដើម។
លោកថា៖ «អីចឹងច្បាប់មួយចំនួន យើងឃើញហើយថាមានការរឹតត្បិតសិទ្ធិខ្លាំងមែនទែន វាធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន គាត់រាល់ថ្ងៃហ្នឹងសូម្បីតែការ Share ចែករំលែកនូវបញ្ហាការរិះគន់រាជរដ្ឋាភិបាលមួយចំនួន ក៏គាត់មិនហ៊ានShare អ្នកខ្លះសូម្បីតែLike ក៏មិនហ៊ាន Like ផង ខ្លាចគេកំណត់ដឹងថាពួកគាត់ហ្នឹងមាននិន្នាការទៅខាងណាមួយ នេះវាបង្ហាញពីការរឹតត្បិតសេរីភាព។ ហើយយើងឃើញថា សូម្បីតែបងប្អូនអ្នកសារព័ត៌មានមួយចំនួនហ្នឹង រឿងដែលរសើបខ្លាំង រឿងដែលវាមានហានិភ័យចំពោះពួកគាត់ បញ្ហាពាក់ព័ន្ធទៅនឹងនយោបាយ ពាក់ព័ន្ធទៅនឹងរឿងអីមួយចំនួនដែលរសើបហ្នឹង គាត់អត់ហ៊ានសរសេរអត់ហ៊ានធ្វើការផ្សព្វផ្សាយទេ ខ្លាចមានបញ្ហាដល់ខ្លួន ខ្លាចមានការដកអាជ្ញាប័ណ្ណអីផ្សេងៗចឹងទៅ»។
ចំណែក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា យល់ថា ការតាក់តែងច្បាប់ក្នុងការធានានូវសណ្តាប់ធ្នាប់សង្គម ក្នុងយុគសម័យឌីជីថលនេះ ពិតជាមានភាពសារសំខាន់ និងចាំបាច់ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺអ្នកអនុវត្តច្បាប់ទៅវិញទេ ដែលបកស្រាយខ្លឹមសារ និងអនុវត្តច្បាប់ខុស ធ្វើការចោទប្រកាន់ និងដាក់ទោសទណ្ឌខុស ដែលធ្វើឱ្យគុណភាពនៃច្បាប់ធ្លាក់ចុះ ហើយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
លោកបន្តថា សម្រាប់ប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យ និងបណ្តាប្រទេសជឿនលឿន គេតែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋបញ្ចេញមតិ លើកលែងតែប្រទេសកុម្មុយនីស្តទេ ដែលបង្កើតច្បាប់សម្រាប់រឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនោះ។
ដូច្នេះលោកយល់ថា បើរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ គួរតែបើកលំហរសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដោយមិនត្រូវប្រើច្បាប់ចោទប្រកាន់ និងដាក់ទោសទណ្ឌទៅលើពលរដ្ឋដែលហ៊ាននិយាយនិងហ៊ានរិះគន់នោះទេ ខណៈក្នុងរដ្ឋសភាបច្ចុប្បន្ន ក៏មានតែតំណាងរាស្ត្រភាគច្រើនលើសលុបមកពីបក្សកាន់អំណាច មិនមានតំណាងរាស្ត្របក្សប្រឆាំង ដែលធ្វើឱ្យពលរដ្ឋមួយចំនួនសម្រេចចិត្តបញ្ចេញមតិរបស់ខ្លួននៅលើបណ្តាញសង្គម។
មន្ត្រីគណបក្សប្រឆាំងរូបនេះ បញ្ជាក់ថា៖ «នៅពេលណាដែលរដ្ឋាភិបាលបង្កើតច្បាប់នៅក្នុងការរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្លាំងក្លាពេក វាធ្វើឱ្យពលរដ្ឋក្នុងសង្គមនោះ ទៅជាពលរដ្ឋបាត់បង់ គេហៅថាគុណភាព ទៅជាពលរដ្ឋអសកម្មវិញ នៅពេលសង្គមមួយដែលមានពលរដ្ឋអសកម្មហើយ គឺពលរដ្ឋហ្នឹងខ្លាចមិនហ៊ាននិយាយនូវរឿងរ៉ាវដែលកើតឡើងនៅជុំវិញខ្លួនគាត់ទេ ដូច្នេះខ្ញុំគិតថា រដ្ឋាភិបាលទៅវិញទេដែលជាអ្នករងនូវបញ្ហាកាន់តែកើនឡើងៗ ព្រោះពលរដ្ឋនិមួយៗហ្នឹងហើយចាត់ទុកជាភ្នែកជាត្រចៀកជាច្រមុះសម្រាប់ឱ្យរដ្ឋាភិបាលនៅក្នុងការដឹកនាំរបស់ខ្លួន […] អីចឹងហើយ បានខ្ញុំគិតថា សេរីភាពនៃការបញ្ចេញមតិ គួរតែផ្តល់ឱ្យទៅតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានចែង»។
វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។
ការសិក្សានានារកឃើញថា រហូតដល់ចុងឆ្នាំ ២០២៥នេះ កម្ពុជានៅតែជារដ្ឋមួយដែលគ្រប់គ្រងដោយអំណាចនៃគ្រួសារតែមួយ ដោយស្ថាប័នសំខាន់ៗរបស់រដ្ឋ គួរតែជាស្ថាប័នធ្វើតុល្យភាពអំណាច ប្រែទៅជាឧបករណ៍បម្រើនយោបាយរបស់គ្រួសារអ្នកកាន់អំណាចជំនួសវិញ។
របាយការណ៍ចុងក្រោយបំផុតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរៀបរាប់យ៉ាងច្បាស់ថា កម្ពុជា “នៅតែជារដ្ឋឯកបក្ស គណបក្សប្រជាជនកម្ពុជា ក្តោបក្តាប់អំណាច និងគ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់ រួមទាំងប្រព័ន្ធតុលាការផងដែរ” ដែលធ្វើឱ្យអ្នករិះគន់នៅតែបន្តប្រឈមមុខនឹងការយាយី និងរងការចោទប្រកាន់ទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ សភាបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអាចដកហូតសញ្ជាតិពីពលរដ្ឋដែលត្រូវបានកាត់ទោសពីបទក្បត់ជាតិ ឬ «គប់គិត» ជាមួយមហាអំណាចបរទេស។
សារព័ត៌មាន Reuters បានពិពណ៌នាអំពីការអនុម័តប្រើប្រាស់ច្បាប់នេះដោយត្រង់ៗថា មានចេតនាប្រើប្រាស់សំដៅក្រុមប្រឆាំងនឹងរដ្ឋាភិបាល ជាជាងចាត់វិធានការលើឧក្រិដ្ឋជន។
ដោយឡែក ស្ថាប័នយុត្តិធម៌ ដែលជាស្ថាប័នធ្វើតុល្យការអំណាច ក៏ត្រូវបានប្រើប្រាស់ជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា។
ស្ថាប័នជំនាញអន្តរជាតិ បង្ហាញថា តុលាការកម្ពុជាមិនអាចរារាំង ឫទប់ស្កាត់ការរំលោភអំណាចរបស់គណបក្សកាន់អំណាចបានឡើយ។
សម្រាប់ សន្ទស្សន៍នីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោកបានដាក់ចំណាត់ថ្នាក់កម្ពុជាលេខ ១៤១ ក្នុងចំណោមប្រទេសចំនួន១៤២ ក្នុងឆ្នាំ២០២៤ និងស្ថិតនៅលំដាប់ចុងក្រោយគេបង្អស់នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
សន្ទស្សន៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីកម្សោយនៃប្រព័ន្ធយុត្តិធម៌ ដោយការអនុវត្តច្បាប់ពឹងផ្អែកលើការសម្រេចចិត្តផ្នែកនយោបាយ ជាជាងផ្អែកលើគោលការណ៍ និងបទដ្ឋានដែលមានចែងក្នុងច្បាប់៕









