រូបភាពតវ៉ាបិទផ្លូវមុខតុលាការភ្នំពេញ​ជាសារប្រាប់​ថា​យុត្តិ​ធម៌​​ជន​​រង​​គ្រោះ​​បាន​​ពី​​ការ​​លះ​​បង់

ការ​ដែល​តុលាការ​ក្រុង​ភ្នំពេញ ទទួល​យក​លក្ខ​ខណ្ឌ​ទាំង​អស់​ពី​ជន​រង​គ្រោះចា​ញ់​បោក​ក្រុម​ហ៊ុន​ពិភព​ដី​មាស ក្រោយ​ពួក​គេត​វ៉ា​បិទ​ផ្លូវ​ ដើម្បី​ទាម​ទារ​យុត្តិធ​ម៌​ដែល​គេក​ប់​ចោល​៣ឆ្នាំ​នោះជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា ក្រោម​ការ​ដឹក​នាំ​​បច្ចុប្បន្ន​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ នឹង​មិន​ទទួល​បាន​ទេ​ បើ​ពួក​គេ​មិន​ហ៊ាន​ងើប​តស៊ូ​រួម​គ្នាទេ​​នោះ។​ 

ការលើកឡើងនេះ ក្រោយជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង រាប់​សិប​នាក់​ តវ៉ា ស្ទើរ​ពេញ​មួយ​ថ្ងៃ​បិទ​ផ្លូវ​មុខ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ស្រែកទាម​ទារ​យុត្តិ​ធម៌​ ខណៈ​តុលាការ​ផ្អឹប​យុត្តិធម៌​ពួក​គេ​ប្រមាណ​៣ឆ្នាំ មិន​ចាត់​ការ​មេឧក្រិដ្ឋ​ជនឆបោក ហ៊ី គឹមហុង។

ប្រភពថា​៖ «ចុះ​បើ​ឧបមា​ប្រជា​ពលរដ្ឋ ធនាគារ​​ចា​ប់​ផ្ដើ​ម​​រឹប​អូ​ស​​ផ្ទះ​​បន្តៗ អូ​​ន​ឯង​​គិត​​មើល មនុស្ស​​រាប់​​ពាន់​​នាក់ រាប់​​ម៉ឺន​​នាក់ តើ​​រាជ​រ​ដ្ឋាភិ​​បាល​​រដ្ឋ​​រក​​​ដី​​ផ្ទះ​​ឱ្យ​​ប្រជា​ពលរដ្ឋ​​នៅ​​បាន​​ដែរ​​អត់។ ឱ្យ​ខ្ញុំ​ទៅ​នៅ​ឯណា ខ្ញុំ​ច​ង់​​សំណូម​​ពរ​តុលាការ​ហ្នឹង​ពន្លឿន​​ឲ្យ​កូន​​ចៅ ព្រោះ​ថា​​កន្លែង​ហ្នឹង​ កន្លែង​ក្រសួង​​យុត្តិ​ធម៌! ​តុលាការ​​យុត្តិ​ធម៌ ចុះ​បើ​មក​ដល់​កន្លែង​​​ហ្នឹង​​២​ទៅ​៣​ដង​ហើយ ម្តង​នៅ​ដដែល ២ដង​នៅ​ដដែល​ តើ​ត្រូវ​ធ្វើ​ម៉េច។ ហើយ​កំហឹង​ប្រជា​ពលរដ្ឋ​វា​ទប់​លែង​បាន ដួច​គេ​និយាយ​ចឹង គេ​ថា អត់​ធ្មត់​មាន​ដែន​កំណត់ តែ​ហួស​ពី​កំណត់ លែង​អត់​ធ្មត់​បាន​ហើយ»

យ៉ាងណា ក្រោយបិទផ្លូវមុខសាលា​ជម្រះក្តី ស្ទើរ​ពេញមួយថ្ងៃ ក្រុម​ជន​រង​គ្រោះ​​ព្រម​​រំ​សាយ​​ការ​ត​​វ៉ាវិញ ​បន្ទាប់​ពី​​អនុ​ប្រធាន​សាលាដំ​បូង​រាជ​ធានី​ភ្នំពេញ លោក ទិត សុទ្ធី​បូរ៉ា​ឆាត ចេញ​មក​សន្យា​ដោះ​ស្រាយ​ឱ្យ​ក្រុម​ជន​រង​គ្រោះ​គ្រប់​ទាំង​៥ចំណុច ដែល​ពួក​គេទា​មទា​រ​ មាន​ទាំង​ឱ្យ​ចាប់​​ខ្លួន​​ឧកញ៉ា ហ៊ី គឹម​ហុង បញ្ជូនទៅ​​ពន្ធនាគារ​វិញ។

ការណ៍នេះ អ្នកឃ្លាំមើល​យល់ថា យុត្តិធម៌សម្រាប់ជនរងគ្រោះ នឹង​មិន​កើត​មាន​ទេ បើ​ពួក​គេ​ មិន​ហ៊ាន​ប្រើ​សិទ្ធិ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ ដើម្បី​ប្តូរ​យក​យុត្តិធម៌​​ទេ​នោះ ខណៈ​​ប្រព័ន្ធ​តុលា​ការ​ស្ថិតក្រោ​ម​ឥទ្ធិពល​មេដឹក​នាំ។

ជុំវិញបញ្ហានេះ អតីតសមាជិក​ព្រឹទ្ធ​សភា​​គណបក្ស​​សង្រ្គោះ​ជាតិ លោក សោ ចាន់​ដេត ចាត់ទុក​លទ្ធផល​ដែល​ទទួល​បាន​នេះ កើត​ចេញ​ពី​ចរន្ត​រួ​ម​គ្នា​របស់​ពលរដ្ឋ​លះ​បង់​ដើម្បី​យុត្តិ​ធម៌។

លោកសង្កត់ធ្ងន់ថា បើ​ក្រុមជនរងគ្រោះផ្សេងទៀតស្ងៀម​ស្ថាត់ រង​ចាំ​ឱ្យ​តុលាការ​កាត់​ទោស​លើ​ក្រុម​ឧកញ៉ា​ឆបោក គឺ​គ្មាន​លទ្ធផ​ល​ទេ ព្រោះ​លោក ហ៊ុន ម៉ាណែត ធ្លា​ប់​ប្រកាស​មិន​ចាត់​ការ​ក្រុម​ឧកញ៉ា​ឆបោក គឺ​ជា​យុទ្ធ​សាស្រ្តរ​ក្សាទុ​ក​មេ​មាន់​​ដើម្បី​យក​ពង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​ជាប់​គាំង មិន​អាច​រក​យុត្តិ​ធម៌​ឱ្យ​ជន​រង​គ្រោះ​បាន។

លោកថា៖ «រឿងនោះវាផ្ទុះយូរហើយ! អ៊ីចឹងហើយ ហ៊ុន ម៉ាណែត ក៏​បាន​ឆ្លើយ​តប​ទៅ​ពលរដ្ឋ​វិញ​ថា​មិន​ចាប់ មិន​មាន​វិធាន​ការ​ចំពោះ​ឧកញ៉ា បោក​ប្រាស់​ទាំង​អស់​ហ្នឹង​ទេ! ទាំង​ ឡេង ​ណាវ៉ាត់​ត្រា ឡេង ចាន់​ណា ហ៊ី គីម​ហុង ហ្នឹង​ឯង ​គឺ​​គាត់​ប្រើ​យុទ្ធ​សាស្ត្រ​ទុក​មេមាន់​​យ​ក​ពង​ចិញ្ចឹម​យក​ពង ប៉ុន្តែ​ឥលូវ​មក​ដល់​ម៉ោង​នេះ វា​មួយ​ឆ្នាំ​ជាង ចូល​២​ឆ្នាំហើយ តាំង​ពី​ព្រឹត្តិ​ការណ៍​ឥលូវ​ ពលរដ្ឋ​ផ្ទុះ​ទៀត! ផ្ទុះទៀត​មាន​ន័យ​ថា​ម៉េច? មាន​ន័យ​ថា​អ្វី​ដែល ហ៊ុន ម៉ាណែត សន្យា​​ជាមួយ​ប្រជា​ពលរដ្ឋ​ជាង​មួយ​ឆ្នាំមុ​ន គឺ​បរាជ័យ គឺ​លោក ហ៊ុន ម៉ាណែត គឺ​បោក​ប្រាស់ គឺ​ចូល​រួម​បោសផ្ទះជា​មួយ​ឧកញ៉ា​អស់​ហ្នឹង»​។ 

យ៉ាងណា លោកថា ការងើបតវ៉ារបស់ជនរងគ្រោះ​ជាបន្តបន្ទាប់​ នៅពេលនេះ គឺ​ជា​សញ្ញា​អាសន្ន​នៃ​ភាព​ចលាចល​សង្គម បើ​ប្រព័ន្ធ​តុលាការ​នៅ​តែ​ជាឧ​បករណ៍​នយោបាយ​របស់​បក្សកាន់​អំណាច ដែល​មិន​អាច​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ទន់​ខ្សោយ​បាន។

លោកថា៖ «ចលាចលហ្នឹង វាត្រូវកើតឡើង វាមិនអាចទប់រួច ព្រោះ​អត់មាន​អី​យក​ទប់​បាន​ទេ ។ បើ​និយាយពី​​នយោ​បាយ​យើង​វា​ច្របូក​ច្របល់ វា​មាន​វិបត្តិ​ហើយ វា​ទប់​អី​កើត! ទប់​វា​មិន​កើត​ទេ។ និយាយ​សេដ្ឋ​កិច្ច​យើង​ឥលូវ​ពឹង​អី? ហ៊ុន សែន គាត់​ពឹង​អី វា​អត់​មាន​អី​ត្រូវ​ទ្រាំ​បាន​ទេ។ ពលរដ្ឋ​ទ្រាំ​លែង​បាន​ហើយ ព្រោះ​មនុស្ស​គេ​ថា ទ្រាំៗ​អាច​រស់​បាន​ចេះ​តែ​ទ្រាំ។ រស់​លែង​បាន​វិបត្តិ​សង្គ​ម​វា​ត្រូវ​កើត​ឡើង​ឯង»។

ជាមួយគ្នានេះ ប្រធាន​អង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅអូស្រ្តាលី លោក ស៊ឹង សែន​​ករុណា មើល​ឃើញ​ថា ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា​គ្មាន​ឯករាជ្យ​ភាព​ទេ ដោយ​ថា ស្ថិត​ក្រោម​ឥទ្ធិព​ល​អ្នក​មាន​អំណាច​ដែល​នឹង​ពង្រីក​អយុត្តិធម៌​សង្គម​​កាន់​តែ​ច្រើន ដែល​ទាម​ទារ​ឱ្យ​ពលរដ្ឋ​ងើប​តវ៉ា​ដោយ​ខ្លួន​ឯង ទើប​អាច​រក​យុត្តិ​ធម៌​ឱ្យ​ខ្លួន​ឯង​បាន។

លោកថា៖ «បើសិនជាប្រជាពលរដ្ឋដែលរងគ្រោះ​ រង​ផល​ប៉ះពា​ល់​ហ្នឹង​មិន​រវី​រវល់​មិន​ទាម​ទារ​តវ៉ា​ទៅ​លើ​អ្វី​ដែល​ខ្លួន​ខូច​ខាត​បាត់​បង់ ប៉ះ​ពាល់​ទាំង​អស់​ហ្នឹង អ៊ីចឹង​អ្នក​ដែល​មាន​តួនាទី​អនុ​វត្ត​ច្បាប់​ ជាពិសេស​ខាង​តុលាការ​ហ្នឹង​នឹង​មិន​អើពើ​ ហើយ​មិន​ចាត់​វិធាន​ការ​នោះ​ទេ អាហ្នឹង​យើង​មើល​ឃើញ​ជាក់​ស្តែង​ទាំង​អស់​គ្នា។ អ៊ីចឹង​បើ​សិន​ជា​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ ត្រូវ​តែ​ពិនិត្យ​មើល​នៅ​ក្នុង​នីតិវិធី​ផ្លូវ​ច្បាប់​ ថា​តើ​សំណុំរឿ​ង​របស់​ខ្លួន​នៅក្នុ​ង​ដំណាក់​កាល​ណា​ ហើយ​អ្នក​ណា​ដែល​មាន​ឥទ្ធិពល​មាន​អំណាច ក្នុង​ការ​សម្រេច​រក​យុត្តិ​ធម៌​ឲ្យ​ខ្លួន​ ត្រូវ​ទៅ​រក​អ្នក​ទាំង​អស់​ហ្នឹង ឲ្យ​គេ​ធ្វើកា​រ​ចាត់​វិធាន​ការ​លើ​សំណុំ​រឿង​របស់​ខ្លួន ដោះ​ស្រាយ​ទៅ​លើ​បញ្ហារ​បស់​ខ្លួន​ដែល​ជាប់​គាំង បើ​មិន​ចឹង​ទេ នៅ​តែ​បណ្ដែត​បណ្ដោយ​អូស​បន្លាយ​បែប​ហ្នឹង ហើយ​គ្មាន​ដំណោះ​ស្រាយ​នោះ​ទេ»។

អគ្គនាយកក្រុមហ៊ុនពិភពដីមាស អតីត​​​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​​​​​បាន​​​ចា​ប់​​ខ្លួន​​​​កាល​​​​​​ពី​​ខែ​​សីហា ឆ្នាំ​​២០២៣​ ពី​បទ ឆបោក​​​ពលរដ្ឋ តែ​​ប្រមាណ ៤ខែ​​ក្រោយ​​មក ពោល​​​គឺ​​នៅ​​ខែ​​វិច្ឆិកា ឆ្នាំ​២០២៣ តុលាការ​​ដោះ​លែង​វិញ ក្រោយ​សន្យា​រក​លុយ​សង​ជន​រង​គ្រោះ​វិញ តែ​ពេល​បា​ន​នៅ​ក្រៅ​ឃុំ លោក​​បាន​គេច​វេស​មិន​គោរព​សន្យានោះ​ទេ។

ចំពេល​យុត្តិធម៌ជាប់គាំង ជន​រង​គ្រោះ​ក៏ធ្លាប់​បាន​ទម្លាយ​​លិខិត​​២ច្បាប់ បង្ហាញ​​ថា គណៈ​​អចិន្ត្រៃយ៍​​គណៈកម្មា​ធិការ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​រាជធានី​ភ្នំពេញ ដែល​មាន លោក ឃួង ស្រេង ជា​​ប្រធាន​​ បាន​បង្កើត​សាខា​បក្ស​​នៅ​ក្រុម​ហ៊ុន​​ពិភព​ដី​មាស​ ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ឆ្នាំ​២០២៣ ជ្រើស​​តាំង​ លោក ហ៊ី គឹម​ហុង ជា​មេដឹក​នាំ។

យ៉ាងណា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រជាពលរដ្ឋ​បាន​ងើប​តវ៉ា​​ជា​ប​ន្ត​​បន្ទាប់​ មាន​​ដូច​​ជា​ អតិថិ​ជន​ទិញ​​ផ្ទះ​នៅ​​បុ​រី​​ឡេង ណា​វ៉ាត្រា អតិថិជន​​ទិញ​​បុរី ម៉ន ដានី និង​អ្នក​ចាញ់​បោក​អតីត​ឧកញ៉ា ឡេង ចាន់​ណា ជាដើម។

អំពើឆបោកធំៗក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ​នេះ មានដូចជា ​​អតីត​ឧកញ៉ា ឡេង ចាន់​ណា ជា សារ៉ន ហ៊ី គឹមហុង ក្រុម​ហ៊ុនCIC ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត ដែល​យុត្តិ​ធម៌​ពួក​គេ​ត្រូវ​បាន​កប់​ចោល។

អង្គកា​រ​​គម្រោង​​យុត្តិធម៌​ពិភពលោក បាន​ចេញ​ផ្សាយ​របាយការណ៍​​ស្ដី​ពី​​នីតិរ​ដ្ឋ​​ កាល​ពី​​​ថ្ងៃ​ទី​​២៤ ខែ​​​តុលា ឆ្នាំ​២០២៤ ដាក់​ឱ្យ​ប្រទេស​​កម្ពុជាជិតបាតតារាង ពោលគឺ​ជាប់​​ចំណាត់​ថ្នាក់​​លេខ​​រៀង​​​ទី​​១៤១ ក្នុង​ចំណោម​ប្រទេស​​ទាំង​​១៤២។

របាយ​ការណ៍​វាយ​តម្លៃ​ពី​អំពើ​ពុក​រលួយ​រប​ស់​អង្គការ​តម្លាភាព​អន្តរ​ជាតិ រក​ឃើញ​ថា ប្រទេស​ដែល​​​មាន​ប្រព័ន្ធ​យុត្តិធម៌ ​មិន​អាច​កាត់​ទោស​កំហុស​រដ្ឋាភិ​បាល​បាន វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​រ​ង​គ្រោះ ហើយ​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ វាទាល់​តែ​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ និង​មាន​ការ​​​​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ