ក្រសួងមហាផ្ទៃ ច្រានចោលបទអត្ថាធិប្បាយរបស់គេហទំព័រ CNA ដែលបានលើកឡើងថា អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច ដោយថា ការលើកឡើងបែបនេះ មិនឆ្លុះបញ្ចាំងពីការពិត និងការខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការទប់ស្កាត់បញ្ហាជាសកលនេះ។
ថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជាមិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច» និងថា «ប្រតិបត្តិការនេះ គ្រាន់តែចង់បង្ហាញថាសមត្ថកិច្ចកំពុងធ្វើការយ៉ាងសកម្មប៉ុណ្ណោះ»។ នេះបើតាមសេចក្តីច្រានចោលបទអត្ថាធិប្បាយរបស់គេហទំព័រ CNA របស់ក្រសួងមហាផ្ទៃកម្ពុជា ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជុំវិញការលើកឡើងនេះ ក្រសួងមហាផ្ទៃ បានបំភ្លឺថា ការធ្វើអត្ថាធិប្បាយនេះ ជាការធ្វើមូលវិចារដោយមិនឆ្លុះបញ្ចាំងពីការពិត និងការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចអន្តរជាតិដែលបាននិងកំពុងដោះស្រាយនិងបង្ក្រាបបទល្មើសប្រភេទនេះ ត្បិតកម្ពុជាក៏ជាប្រទេសរងគ្រោះមួយដែរ។
ក្រសួងចាត់ទុកការអត្ថាធិប្បាយនេះ ថាមិនត្រឹមតែប៉ះពាល់ដល់កម្ពុជាទេ ប៉ុន្តែប៉ះពាល់ដល់ក្រុមការងារនៃប្រទេសជាដៃគូថែមទៀត ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ។
បើតាមក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៣ មានជនបរទេសសរុបចំនួន ២៨៣នាក់ ត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា ខណៈក្នុងឆ្នាំ២០២៤ មានជនបរទេសសរុប ២ ៩៨២នាក់ ត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា ហើយនៅឆ្នាំ២០២៥នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ២៤លើក ឃាត់ខ្លួនជនបរទេសចំនួន ១ ៨៥៩នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១១ករណី ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោងនិងមុខសញ្ញាដែលងាយនឹងប្រព្រឹត្តបទល្មើសចំនួន ១៤៨នាក់។
ក្រសួងបានបញ្ជាក់ពីការប្តេជ្ញាចិត្តដែរថា នឹងបន្តកិច្ចប្រតិបត្តិការរបស់ខ្លួនជាប់ជាប្រចាំ និងចាត់ទុកការងារនេះជាអាទិភាព ដើម្បីសុខសុវត្ថិភាពរបស់សង្គមជាតិ និងសម្រាប់ប្រជាពលរដ្ឋរងគ្រោះនៃបណ្តាប្រទេសអន្តរជាតិជាមិត្ត។
តែយ៉ាងណា វិទ្យាស្ថាន Humanity Research Consultancy កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញផ្សាយពីការសិក្សាស្រាវជ្រាវមួយ ដោយរកឃើញថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងឧកញ៉ាគ្រាក់ៗ ចំនួន២៨នាក់ ក្នុងនោះក៏មាន ឧកញ៉ាជំនិតរបស់គ្រួសារហ៊ុន គឺលោក លី យ៉ុងផាត់ និងលោក ទ្រី ភាព គឺជាមេបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា ហើយមានអ្នកបម្រើការងារ ក្នុងឧក្រិដ្ឋកម្មអនឡាញនេះ រហូតដល់ជាង១៥ម៉ឺននាក់ ។
ប្រភពដដែលបន្តថា បណ្តាញឧក្រិដ្ឋកម្មនៅកម្ពុជាទាំងនោះ គាំពារដោយអំណាចគ្រួសារហ៊ុន កំពុងគំរាមកំហែងសន្តិភាពពិភពលោក។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលបានដើរតួនាទីជាអ្នកការពារបណ្តាញឧក្រិដ្ឋកម្មបរទេសដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមអំណាច បានប្រមូលលុយពីឧក្រិដ្ឋកម្មប្រមាណពី ១២,៥ពាន់លាន ទៅ ១៩ពាន់លានដុល្លារ នៅក្នុង១ឆ្នាំ ។
មុខរបរសំខាន់ៗរបស់ពួកគេ ដែលកាងការពារដោយគណបក្សប្រជាជនកម្ពុជា នៃលោក ហ៊ុន សែន ដូចជាបទល្មើសលាងលុយកខ្វក់ ការបោកប្រាស់តាមអនឡាញ ល្បែងអនឡាញ និងការជួញដូរមនុស្សឆ្លងដែន ជាដើម។
ការរកឃើញថ្មីនេះ ហាក់ស៊ីគ្នាទៅនឹងការរកឃើញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋកម្ម (UNODC) ដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដែលរកឃើញថា កម្ពុជា ជាមជ្ឈមណ្ឌលឆបោកអនឡាញធំជាងគេនៅតំបន់អាស៊ាន ប្រព្រឹត្តិបទឧក្រិដ្ឋជួញដូរមនុស្ស និងលាងលុយ បង្កការគំរាមកំហែងដល់ប្រទេសក្នុងតំបន់ និងពិភពលោក។
ប្រភពនោះ បញ្ជាក់ថា មជ្ឈមណ្ឌលឆបោកទាំងនោះ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ បាវិត ប៉ោយប៉ែត កោះកុង និងខេត្តពោធិ៍សាត់ ហើយពួកឧក្រិដ្ឋជនធ្វើសកម្មភាពឆ្លងដែនទៅប្រទេសឡាវ ភូមា និងហ្វីលីពីន ជាដើម៕









