អាជ្ញាធរមីនកម្ពុជា បានអះអាងថា ខ្លួនមានការសោកស្តាយចំពោះការចោទប្រកាន់ម្តងហើយម្តងទៀត ពីភាគីថៃលើបញ្ហាមីន ដោយចាត់ទុកថា ទង្វើជាឯកតោភាគីនេះ បានបំផ្លាញទំនុកចិត្ត បង្កឱ្យមានការយល់ច្រឡំ និងបង្កភាពស្មុគស្មាញ ដល់ការងាររបស់ក្រុមបច្ចេកទេស ដែលកំពុងអនុវត្តការងារផ្ទាល់។
អាជ្ញាធរមីន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី២៥ខែវិច្ឆិកានេះថា ខ្លួនបានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ដែលថាបានដាក់មីនថ្មី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ការចោទប្រកាន់របស់ថៃនេះ គ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះយោបល់តាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នានោះឡើយ ការណ៍នេះ កម្ពុជាបដិសេធដាច់ខាតចំពោះរាល់ការចោទប្រកាន់។
សម្រាប់កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងគ្រប់យន្តការទ្វេភាគីទាំងអស់ជាមួយថៃ។
លើសពីនេះ ការដែលថៃអះអាងពាក់ព័ន្ធនឹងការរើសបាន “ទូរស័ព្ទរបស់ទាហានកម្ពុជា” កម្ពុជា សូមសម្តែងនូវក្តីព្រួយបារម្ភចំពោះភាពពិតនៃរូបភាព ព្រោះថា ព័ត៌មាននិងភស្តុតាងដែលបានលើកឡើងដោយថៃ មិនបានបញ្ជូនមកកាន់កម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬក្រុមការងារសម្របសម្រួលចម្រុះ(JCTF) ហើយក៏មិនមានការស្នើសុំណាមួយឱ្យកម្ពុជា ផ្ទៀងផ្ទាត់រូបភាពផងដែរ។
សម្រាប់ កម្ពុជា បច្ចុប្បន្ន រូបភាពឬវីដេអូ អាចត្រូវបានកែប្រែ ដើម្បីបំភាន់ ដែលទាមទារឱ្យមានការពិនិត្យច្បាស់លាស់។ កម្ពុជាទទួលយកតែភស្តុតាងដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ និងធ្វើឡើងដោយក្រុមការងារចម្រុះតែប៉ុណ្ណោះ៕









