បទញុះញង់ត្រូវបានគេមើលឃើញថា នៅតែជាបទចោទពេញនិយមដែលត្រូវបានស្ថាប័នអនុវត្តច្បាប់ និងតុលាការរបស់គ្រួសារហ៊ុនយកមកប្រើ ដើម្បីបំបិទមាត់មិនឱ្យសកម្មជននយោបាយ និងប្រជាពលរដ្ឋបញ្ចេញមតិនិយាយពីបញ្ហាជាតិ ជាពិសេសបញ្ហាបូរណភាពទឹកដីដែលកំពុងកើតមានវិបត្តិចាក់ស្រែះ នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលឯកបក្ស។
ជាមួយគ្នានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយការវិភាគមួយស្ដីពីផលប៉ះពាល់ផ្នែកច្បាប់លើសេរីភាពនៃការបញ្ចេញមតិក្នុងយុគសម័យឌីជីថល ដោយបានចង្អុលបង្ហាញពីមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីរបបសារព័ត៌មាន សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈជាដើម ថាត្រូវបានប្រើប្រាស់ដើម្បីរឹតដ្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ខណៈបច្ចុប្បន្នមានអ្នកប្រើប្រាស់សិទ្ធិ ៨៩នាក់ ត្រូវបានចាប់ឃុំខ្លួនដែលក្នុងចំណោមនោះ ភាគច្រើនត្រូវបានចោទប្រកាន់ពីបទញុះញង់និងបរិហារកេរ្តិ៍។
ក្នុងនោះមានសកម្មជនមួយចំនួន បានជាប់ឃុំបណ្តោះអាសន្នពីរភាគបីនៃការផ្តន្ទាទោស ពីបទ ញុះញង់រួចហើយ ខណៈតុលាការមិនទាន់បានកាត់សេចក្តីលើអង្គហេតុនៃសំណុំរឿងចោទប្រកាន់លើពួកគេនៅឡើយ។
សំណុំរឿងមួយក្នុងចំណោមសំណុំរឿងទាំងនេះ លោក ឈឿន ឈាន អាយុ៤៥ឆ្នាំ ជាអ្នកបើកបររថយន្តដឹកគ្រឿងសំណង់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះ កាលពីថ្ងៃទី៣១ខែតុលា និងបានប្រកាសសាលក្រម នៅថ្ងៃទី២៥ ខែវិច្ឆិកា សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១៨ខែ សងសំណងទៅដើមបណ្តឹង ៤០លានរៀល និងពិន័យជាប្រាក់ ៥លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ បរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈ ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គម ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២៥។ លោក ឈាន ស្ថិតក្នុងចំណោមមនុស្សចំនួន៨៩នាក់ ដែលបានជាប់ឃុំដោយការប្រើប្រាស់សិទិ្ធ។ នេះបើយោងតាមអង្គការលីកាដូ។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់វីអូឌីនៅថ្ងៃទី២៥ខែវិច្ឆិកាថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មកដល់ខែវិច្ឆិកានេះ មានសកម្មជននយោបាយ និងសកម្មជនសង្គម ១៧នាក់ហើយត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ធ្វើឱ្យចំនួនអ្នកជាប់ឃុំដោយប្រើសិទ្ធិបានកើនដល់៨៩នាក់។
ពួកគេទាំងនោះភាគច្រើន ត្រូវបានចោទប្រកាន់ពីបទញុះញង់។ អង្គការលីកាដូ កត់សម្គាល់ថា ការចាប់ខ្លួនទាំងនេះ គឺដោយសារពលរដ្ឋទាំងនោះ បានផូសការបញ្ចេញមតិ និងការចែកចាយព័ត៌មានតាមបណ្តាញសង្គមហើយ ក្នុងចំណោមនោះក៏មានអ្នកសារព័ត៌មានផងដែរ។
លោកថា បើនិយាយពីអ្នកសារព័ត៌មាន គឺត្រូវពិនិតទៅលើច្បាប់ស្តីពីរបបសារព័ត៌មាន ហើយអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានជាមុនសិន មុននឹងអនុវត្តច្បាប់ផ្សេងទៀតឬក៏ក្រមព្រហ្មទណ្ឌជាដើម។
លោកលើកឡើងថា ពលរដ្ឋខ្លះចេះប្រើបណ្តាញសង្គម ក៏ប៉ុន្តែពួកគាត់នៅមិនទាន់ចេះថ្លឹងថ្លែងថាតើព័ត៌មានណាពិត និងព័ត៌មានណាមិនពិត ហើយមិនបានធ្វើការវិភាគឬក៏មិនបានទទួលព័ត៌មានគ្រប់គ្រាន់ដូច្នេះពេលធ្វើការបញ្ចេញមតិធ្វើឱ្យមានការខុសឆ្គង។
លោកថា៖ «ប៉ុន្តែទោះយ៉ាងណា បើយើងមើលក្នុងរដ្ឋធម្មនុញ្ញ ក៏មានការធានាសេរីភាពនៃការបញ្ចេញមតិហើយបទដ្ឋានអន្តរជាតិ ក៏មានធានានូវសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជាសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស កក្តិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋសិទ្ធិនយោបាយ។ អ៊ីចឹងនៅក្នុងសង្គមប្រជាធិបតេយ្យសេរីភាពក្នុងការបញ្ចេញមតិការរិះគន់ ដើម្បីស្ថាបនាការរិះគន់ ដើម្បីធ្វើការកែលំអរ និងការបញ្ចេញមតិក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ វាជារឿងចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ។ ដូច្នេះអាជ្ញាធរនិងតុលាការលោកគួរតែពិនិតថា អ្វីជាការបញ្ចេញមតិអ្វីជាបទល្មើស ដើម្បីចៀសវាងការរិះគន់ថា សេរីភាពនៃការបញ្ចេញមតិត្រូវបានរិតដ្បិត»។
ក្នុងនាមអង្គការសង្គមស៊ីវិល លោក សំអាត នៅតែទទូចសូមឱ្យរដ្ឋាភិបាលឆាប់បញ្ចេញសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋអាចមានសិទ្ធិទទួលបានព័ត៌មាន ឬក៏អ្នកសារព័ត៌មានទទួលបាននូវព័ត៌មានពេញលេញ ដើម្បីជាការឆ្លុះបញ្ចាំងឬក៏ធ្វើការវិភាគដើម្បីធ្វើឱ្យការបញ្ចេញមតិរបស់ប្រជាពលរដ្ឋបានល្អប្រសើរនិងបានត្រឹមត្រូវផងដែរ។
សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២១ខែវិច្ឆិកា បានបើកសវនាការដោយបានសួរចម្លើយ កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ដែលជាចុងចម្លើយពីរនាក់ក្នុងចំណោមចុងចម្លើយចំនួន ៣៧នាក់ ដែលត្រូវបានចាប់ឃុំខ្លួនជាងមួយឆ្នាំមកហើយ ក្រោមការចោទប្រកាន់ពីបទញុះញង់ ដោយសារតែពួកគេបានបញ្ចេញមតិរិះគន់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) បើទោះបីជាក្រោយពីការរិះគន់គម្រោងនេះ ត្រូវបានរដ្ឋាភិបាលនិងរដ្ឋសភាសម្រេចលុបចោលហើយក្តី។
វីអូឌី មិនអាចទាក់ទងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោកប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើការអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។ ប៉ុន្តែលោក បូណា បានឆ្លើយតបពីបញ្ហានេះទៅកាន់សារព័ត៌មានថ្មីថ្មីថា នៅកម្ពុជាមិនមានការរិតដ្បិតសិទ្ធិសេរីភាពបញ្ចេញមតិឡើយ។
ប៉ុន្តែ បញ្ហាដែលកើតមានកន្លងមក គឺការបញ្ចេញមតិដោយមិនមានការទទួលខុសត្រូវ បំពានច្បាប់ ក្រមសីលធម៌ និងបំពានសិទ្ធិសេរីភាពរបស់អ្នកដទៃ។ លោកថា ការលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា អាចដំណើរការទៅបានល្អ ទាល់តែគ្រប់គ្នាយល់ច្បាប់ និងគោរពសិទ្ធិអ្នកដទៃ ក្រមសីលធម៌ ទើបសិទ្ធិបញ្ចេញមតិ ប្រព្រឹត្តទៅដោយរលូនបាន។
ប៉ុន្តែលោក យិន ម៉េងលី អ្នកនាំពាក្យសមាគសិទ្ធិមនុស្សអាដហុក បានថ្លែងថា កម្ពុជាជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយកម្ពុជាជារដ្ឋហត្ថលេខីនៃកក្តិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ លោកថា បើតាមមាត្រា១៩នៃកក្តិការសញ្ញាអន្តរជាតិនេះ និងការពន្យល់របស់អង្គការសហប្រជាជាតិ គឺបានកំណត់ឱ្យរដ្ឋជាសមាជិកធ្វើការពិចារណាឱ្យបានលិ្អតល្អន់ មុននឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើករណីអ្វីមួយ ដែលត្រង់ចំណុចនេះ មន្ត្រីអនុវត្តច្បាប់ត្រូវតែគិតវិភាគឱ្យបានល្អិតល្អន់ដើម្បីចៀសវាងការរិះគន់។
លោកថា៖ «ពាក់ព័ន្ធនឹងបទបញ្ហាបរិហារកេរ្តិ៍ ខ្ញុំចង់ឱ្យញែកឱ្យច្បាស់ ក្នុងនោះក៏បាននិយាយដែររវាងឯកជនភាព ហើយនឹងអ្នកដែលមានតួនាទីជាមន្ត្រីសាធារណៈឬជាមន្ត្រីនយោបាយ។ មន្ត្រីសាធារណៈ និងមន្ត្រីនយោបាយមិនមានការការពារដោយច្បាប់ទេ។ ប៉ុន្តែរឿងឯកជនភាពរបស់ពួកគាត់យើងការពារ បើយើងនិយាយពីរឿងក្រុមគ្រួសារគេ និយាយរឿងផ្ទាល់ខ្លួនគេអាហ្នឹងវាអត់ត្រូវទេ។ ប៉ុន្តែបើសិនជានិយាយពីការដឹកនាំរបស់មន្ត្រីសាធារណៈ និយាយពីគណបក្សនយោបាយ អ្នកនយោបាយ អាហ្នឹងមិនត្រូវការពារទេ។ អ៊ីចឹងយើងមើលឃើញថា បញ្ហាកើតមានច្រើនពាក់ព័ន្ធនឹងបញ្ហាទាំងអស់នឹង ដូចជាអ្នកដែលបញ្ចេញមតិមួយចំនួនតាមអនឡាញ តាមឌីជីថល ត្រូវបានធ្វើការចាប់ចោទ»។
ការឃាត់ខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមភាគច្រើនជាបន្តបន្ទាប់មកនេះ ត្រូវបាន លោក ម៉េងលី សង្កេតឃើញថា គឺសុទ្ធតែទាក់ទងទៅនឹងការបញ្ចេញមតិតាមប្រព័ន្ធឌីជីថល ហើយករណីដែលត្រូវបានចោទពីបទបរិហារខ្លះ មានការទាមទារសំណងរហូតដល់កន្លះលាន ឬ១លានដុល្លារ បើទោះបីជាការនិយាយនោះ សំដៅលើរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលដែលជាការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យមានការកែលម្អរបៀបរបបដឹកនាំរដ្ឋ និងរបៀបធ្វើការ ដើម្បីឱ្យប្រទេសជាតិរីកចម្រើនក្តី។
ចំណែក លោក សុក សំអឿន ទីប្រឹក្សាច្បាប់នៃក្រុមមេធាវីអមរិន្ទ បានប្រាប់វីអូឌីកាលពីថ្ងៃទី២៥ខែវិច្ឆិកាដោយបានធ្វើការកត់សម្គាល់ថា ការផ្សាយព័ត៌មានសព្វថ្ងៃនេះ មានលាយឡំទៅដោយការរាយការណ៍ពីហេតុការណ៍ និងការសម្តែងមតិរបស់អ្នកសារព័ត៌មាន។
លោកថា ការរាយការណ៍ពីហេតុការណ៍អ្វីមួយ ដែលបានកើតឡើង មិនមែនជាការញុះញង់នោះទេ ពីព្រោះប្រជាពលរដ្ឋមានសិទ្ធិទទួលព័ត៌មាន។ យ៉ាងណាក្តី ការសម្តែងមតិខ្លះជាការញុះញង់ ប្រសិនបើមតិនោះមានលក្ខណៈជាការបញ្ចុះបញ្ចូលឱ្យមនុស្សម្នាក់ ឬច្រើននាក់ប្រព្រឹត្តនូវអំពើ ឬសកម្មភាពណាមួយដែលជាបទឧក្រិដ្ឋ ឬជាការបង្កនូវភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ។ ការញុះញង់បែបនេះ គឺជាបទល្មើស ញុះញង់។
យ៉ាងណាក្តី មេធាវីចាស់វស្សារូបនេះ បានពន្យល់ថា ហេតុការណ៍ គឺជាអ្វីមួយ ឬស្ថានភាពអ្វីមួយដែលបានកើតឡើង។ មតិ គឺជាការយល់ឃើញរបស់មនុស្សម្នាក់ ដោយផ្អែកទៅលើហេតុការណ៍មួយចំនួន។ ចំណែកការញុះញង់ វាគឺជាទម្រង់នៃមតិដែរ ពោលគឺជាយោបល់ ឬមតិរបស់មនុស្សម្នាក់ តែមានចេតនាបញ្ចុះបញ្ចូលមនុស្សណាម្នាក់ ឬច្រើននាក់ឱ្យធ្វើអំពើ ឬសកម្មភាពអ្វីមួយ។
បើតាមឯកសារវិភាគផ្នែកច្បាប់របស់ CCHR ចេញថ្ងៃទី២៤ខែវិច្ឆិកា ដែលមានជិត៤០ទំព័រ គឺបានបង្ហាញពីទិដ្ឋភាពទូទៅនៃសិទ្ធិសេរីភាពបញ្ចេញមតិ ដោយផ្ដោតសំខាន់ពីមាត្រាមួយចំនួន នៅក្នុងច្បាប់ និងសេចក្តីព្រាងច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ ជាពិសេសការបញ្ចេញមតិតាមអនឡាញ។ CCHR រកឃើញថា ក្រមព្រហ្មទណ្ឌកម្ពុជា ត្រូវបានប្រើប្រាស់ច្រើនបំផុត ក្នុងការដាក់ទោសលើអ្នកបញ្ចេញមតិជំទាស់ ពិសេសសមាជិកបក្សនយោបាយប្រឆាំង អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើបណ្ដាញសង្គមកាន់តែច្រើនឡើង។
ការវិភាគ បង្ហាញពីមាត្រា៣០៥ ពាក់ព័ន្ធបទបរិហារកេរ្តិ៍ជាសាធារណៈ, មាត្រា៤៩៤ និង៤៩៥ពាក់ព័ន្ធបទញុះញង់, មាត្រា៣០៧ពាក់ព័ន្ធបទប្រមាថជាសាធារណៈ និងមាត្រា៥២៣ ពាក់ព័ន្ធបទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ជាដើម។ល។
អត្ថបទវិភាគនេះ ថែមទាំងបានកំណត់និយមន័យថា សេរីភាពខាងបញ្ចេញមតិ គឺជាសេរីភាពជាមូលដ្ឋានដែលធានាថា ប្រជាពលរដ្ឋអាចពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងជជែកវែកញែកអំពីគំនិតគ្រប់ប្រភេទ ក៏ដូចជាការទទួលព័ត៌មាននិងចែករំលែកព័ត៌មានទាំងនោះ ជាមួយអ្នកដទៃ ដោយមិនរងការត្រួតពិនិត្យឬតបត។ CCHR ថា សេរីភាពបញ្ចេញមតិមិនត្រឹមតែជាសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលបានសិទ្ធិផ្សេងៗទៀតផងដែរ។ សេរីភាពខាងការបញ្ចេញមតិ ក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់តម្លាភាព និងគណនេយ្យភាព ដែលជាលក្ខខណ្ឌចាំបាច់ ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។
យ៉ាងណាក្តី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គូសបញ្ជាក់ថា សិទ្ធិសេរីភាពខាងការបញ្ចេញមតិ មិនមែនជាសិទ្ធិដាច់ខាតនោះទេ ដូច្នេះសិទ្ធិនេះអាចរងនូវការរិតដ្បិតមួយចំនួន តែត្រូវផ្អែកទៅលើការចែងដោយច្បាប់។
ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា មានស្តង់ដា២ គឺស្ថាប័នអនុវត្តច្បាប់ និងតុលាការចាត់វិធានការច្បាប់តែទៅលើសកម្មជនគណបក្សប្រឆាំង និងសកម្មជនសង្គមឯករាជ្យតែប៉ុណ្ណោះ ចំណែកអ្នកគាំទ្ររដ្ឋាភិបាលគ្រួសារហ៊ុននៃគណបក្សប្រជាជនកម្ពុជា អាចជេរប្រមាថតិះដៀលថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង រួមទាំងពលរដ្ឋទូទៅបានតាមចិត្ត មិនដែលឃើញមានការចាត់វិធានការផ្លូវច្បាប់ឡើយ៕








