អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល​បង្ហាញ​មធ្យោបាយ​ទាម​ទារ​ទឹក​ដី​ជាជាង​បិទ​បាំង​ដើម្បី​តែ​អំណាច

អ្នក​ឃ្លាំមើល​ និយាយ​ថា រដ្ឋាភិ​បាល​គួ​រ​តែ​បង្ហាញ​មធ្យោបាយ​ទាម​ទារ​ត្រឡប់​មក​វិញ នូវ​ទឹក​ដី​កម្ពុជា​ដែល​បរទេស​បាន​ឈ្លាន​ពាន ដើម្បី​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជា​ជាតិ​ខ្មែរ ជា​ជាង​បិទ​បាំង​ក៏​ព្រោះ​ខ្លាច​បាត់​បង់​អំណាច បណ្តោយ​ឱ្យ​បរទេស​លេប​ទឹក​ដី បង្ក​ឱ្យ​កូន​ខ្មែរ​រង​គ្រោះ​តជំនាន់។

ការជំរុញ​នេះ ខណៈ​កម្ពុជា និង​ថៃ​បាន​ឯកភាព​គ្នា បោះ​បង្គោល​បណ្តោះ​អាសន្ន​នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ស្ថិត​ក្នុង​ឃុំ​អូរបី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​គេមើល​ឃើញ​ថា ធ្វើ​ឡើង​ទាំង​ចម្រូង​ចម្រាស​ក្រោយ​ថៃ​ពង្រីក​ការ​ឈ្លាន​នៅ​តែ​តាម​ព្រំដែន ក្រោយ​ផ្ទុះអា​វុធ​ទ្រង់​ទ្រាយ​ធំ​រយៈ​ពេល​៥ថ្ងៃ​កាល​ពី​ខែកក្កដា​ឆ្នាំ​២០២៥។

ជុំវិញបញ្ហានេះ អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​​ទីស្តី​​ការ​​គណៈ​​រដ្ឋ​​មន្ត្រី​ បា​​នចុះ​ផ្សាយ​​នៅថ្ងៃ​​​ទី​២៥ ខែ​​វិច្ឆិកា​​នេះ​ថា ក្រុម​​វាស់​​វែង​​​ចម្រុះ​​​នៃ​​ភាគី​​កម្ពុជា-​ភាគី​​ថៃ បាន​​បន្ត​​អនុវត្ត​ការ​ងារ​​ថត​​រូប​ពី​​លើ​អា​កាស​​ដោយ​​ប្រើ​ដ្រូន​ ដើម្បី​​បង្កើត​ផែន​​ទី​​​រូប​ថត មុន​​បោះ​បង្គោល​បណ្តោះ​អាសន្ន​នៅ​លើ​ដី​ជាក់​ស្តែង។

ប្រភពនោះបញ្ជាក់​ថា ការកំណាត់ខ្សែព្រំដែនចន្លោះ ធ្វើឡើងនៅបង្គោល​​លេខ ៤២ ដល់ ៤៧ ក្នុង​​ភូមិ​​សាស្ត្រ​​ភូមិ​​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ប្រទេស​កម្ពុជា និង​ស្រុក​គោក​ស៊ូង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ។

ប្រភពពីរដ្ឋាភិបាលនេះ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ក្រុម​​វា​ស់វែ​ង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ​បាន​ចុះ​អនុវត្ត​ការ​ងារ​ថត​រូប​ពី​លើ​អាកាស​ដោយ​ប្រើ​ដ្រូន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤២-៤៣ ដោយសម្រេច​បាន​ប្រវែង​ប្រមាណ ៥,៣ គ.ម ស្មើនឹ​ង​ប្រមាណ ៧៦%។

លើសពីនេះ នៅថ្ងៃទី២៥ ខែ​វិច្ឆិកា​នេះ នាយរដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​ហ្វេសប៊ុក​លោក​ថា បញ្ហា​ព្រំដែន គឺ​ជា​បញ្ហា​ស្មុគ​ស្មាញ ដែល​បាន​បន្សល់​ទុក​រាប់​រយ​ឆ្នាំ​មក​ហើយ ដែល​ត្រូវ​រួមគ្នា​ដោះ​ស្រាយ ដើម្បី​ប្រជា​ពលរ​ដ្ឋ​​នៃ​ប្រទេស​ទាំង​ពីរ អាច​រស់​នៅ​ជាមួយ​គ្នា​តាម​បណ្ដោយ​ព្រំដែន​ដោយ​សុខ​សាន្ត ក្នុង​រយៈ​ពេល​វែង​ទៅ​ខាង​មុខ។

លោកបន្តថា រដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយមួយ​ដែល​ត្រឹម​ត្រូវ​សម្រាប់​រយៈ​ពេល​វែង និង​ជួយ​ឱ្យ​បញ្ហា​ដូច​ដែល​បាន​កើត​ឡើង​នៅ​ភូមិ​ជោគ​ជ័យ​និ​ង​ព្រៃ​ចាន់ អាច​ដោះ​ស្រាយ​បញ្ចប់​បាន ហើយ​ប្រជាពលរ​ដ្ឋ​អាច​រស់​នៅ​ប្រកប​របរ​ចិញ្ចឹម​​ជីវិ​ត​ជាប្រ​ក្រតី​ឡើង​​វិញ​បាន ជៀសវាង​អូស​បន្លាយ​បញ្ហា​ឱ្យ​បន្ត​នៅ​រ៉ាំរ៉ៃ​រយៈ​ពេល​វែង​ទៅ​មុខ។

លោក ហ៊ុន ម៉ាណែត និយាយថា «កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​មិន​រំលោភ​បំពាន​លើ​ដែន​អធិប​​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​ប្រទេស​ជិត​ខាង​នោះ​ទេ ប៉ុន្តែ​កម្ពុជា​ក៏​មិន​យល់​ព្រម​ឱ្យ​មាន​ការ​រំលោភ​បំពាន​លើ​ដែន​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា​នោះ​ដែរ»។

យ៉ាងណា តំណាងរាស្រ្តបក្សប្រឆាំងដែលមានបទពិសោធន៍កិច្ចការព្រំដែន គឺ លោក អ៊ុំ សំអាន ចាត់​​ទុក​សារ​​របស់​លោក ហ៊ុន ម៉ាណែត នេះ​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទេ បើ​ធៀប​នឹង​បង្គោល​ដែល​បាន​បោះ​នៅ​លើ​ដី​ជាក់​ស្តែង​ថ្មី​ៗ​នេះ នៅ​ឃុំអូរបីជាន់ ។

លោករំឭកថា ក្រោយផ្ទុះអាវុធ ៥ថ្ងៃ​ និង​មាន​បទ​ឈប់​បាញ់ សៀម​បាន​ដណ្តើម​កាន់​កាប់​ភ្នំ​ទ្រព្យ​ ប្រាសាទ​តាមាន់​តូច​ តាមាន់​ធំ ច្រក​អាន​សេះ និង​ផ្នែក​ខ្លះ នៃ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់។ ហើយ​ថា ការ​បោះប​ង្គោល​នេះ បាន​ធ្វើ​ឡើង​តាម​យន្ត​ការ​ចរចា​ទ្វេភាគី ដែល​ថៃ​ចង់​បាន និង​ថា​បាន​គំរាម​ជា​ញឹក​ញាប់។

លោកថា៖ «សាររបស់លោក ហ៊ុន ម៉ាណែត គឺជាសារធ្វើនយោបាយប្រជាភិថុតិ​បោក​ប្រាស់​ប្រជា​ពលរដ្ឋ កុំ​ឲ្យ​ប្រជា​ពលរ​ដ្ឋខឹង​សម្បារ​ទៅ​នឹង​គាត់​ ដែល​ដឹក​នាំ​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ថៃ​ហ្នឹង អ៊ីចឹង​គាត់​កុហក​ប្រជា​ពលរដ្ឋ​ទៅ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ចាញ់​បោក​គាត់ ក៏​ជឿ​គាត់ ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ដែល​យល់​ដឹង​ពី​បញ្ហា​សង្គ​ម​បញ្ហា​ទឹក​ដី​ហ្នឹង គេ​មិន​ចាញ់​បោក​គាត់​នោះ​ទេ សម័​យ​នេះ​ហើ​យ​មិន​ចេះ​តែ​បោក​ដូច​សម័យ លោក ហ៊ុន សែន កាត់​ដី​ឲ្យ​វៀត​ណាម​ទេ ដូច្នេះ​ទោះ​បី​ជា​ លោក ហ៊ុន ម៉ាណែត ខំ​បោក​ប្រជាពលរដ្ឋ​លាក់​ប្រជា​ពលរដ្ឋ ក៏មិ​ន​ជិត​ដែរ នូវ​អ្វី​ដែល​គេ​ហៅ​ថា​ទង្វើ​ក្បត់​ជាតិ​របស់​គាត់ កាត់​ទឹក​ដី​ឲ្យ​ប្រទេស​ថៃ ដើម្បី​ដូរ​យក​សន្តិភាព​និង​អំណាច»។

យ៉ាងណា លោកថា ដើម្បីបង្ហាញពីឆន្ទៈការពារទឹកដីពិតប្រាកដ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​រុញ​សំណុំ​រឿ​ងព្រំ​ដែន​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ និង​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ ICC ករណី​ទាហា​ន​ថៃ​បើក​ការ​បាញ់ស​ម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ ។

លោកថា៖ «ឆ្លុះបញ្ចាំងថា លោក ហ៊ុន ម៉ាណែត គឺ​ជាមេដឹក​នាំ​កំសាក​ញី មេដឹក​នាំ​អសមត្ថ​ភាព​មេដឹក​នាំដែល​មិន​ការ​ពារ​ទឹក​ដី​ បណ្ដោយ​ឲ្យ​ថៃ​មក​រាយ​បន្លា​លួស​យក​ដី​ខ្មែរ​យើង​ស្រេច​ចិត្ត ​នៅ​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ ប្រាសាទ​តាមាន់​ធំ ច្រក​អាន​សេះ និង​តំបន់​ដទៃ​ទៀត​ ដូច្នេះ​ខ្ញុំ​យល់​ថា លោក ហ៊ុន ម៉ាណែត គួរ​តែ​មាន​ភាព​អៀន​ខ្មាស់​ ហើយ​គួរ​តែ​លាលែង​ពី​តំណែង​នាយករដ្ឋ​មន្ត្រី ហើយ​ទុក​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​ទៅ​ដឹក​នាំ​រដ្ឋាភិបាល ដើម្បី​ការ​ពារ​ទឹក​ដីរ​បស់​យើង បើមិ​ន​អ៊ីចឹង​ទេ គឺ​ថា​ត្រកូល​ហ៊ុន​​ហ្នឹង​ខ្លាច​ថៃ​ខ្លាំង​ពេក ខ្លាច​ថៃ​ទម្លាក់​ត្រកូល​ហ៊ុន​ពី​អំណាច​ហ្នឹង ក្លាយ​ទៅ​ជាមាន់​សម្ល​ទាំង​អស់​ទាំង​ឪនិ​ង​កូន»។

បញ្ហានេះ លោក ហ៊ុន សែន ធ្លាប់អះអាងថា ការចរចាទ្វេភាគីជាមួយថៃ​ជាង​២០​ឆ្នាំ​ហើយ​រក​ច្រក​ចេញ​មិន​រួច​​ទេ ហើយ​ថា​យន្ត​នេះ​ចរចា​១០០​​ឆ្នាំ​ទៀត​ក៏​មិន​ចេញ​ដូច​គ្នា ដោយ​លោក​ថា ថៃ​បាន​យក​ផែន​ទី​ដែល​ថៃ​គូរ​ដោយ​ឯកតោ​ភាគី មក​កំណត់​ខ្សែ​បន្ទាប់​ព្រំដែន ដែល​លោក​ហៅ​ថា ជា​ផែន​ទីចោរ។ តែក្រោយ​ការ​ផ្ទុះ​អាវុធ កម្ពុជា​បាន​ព្រម​ព្រៀង​បោះប​ង្គោល​ជាមួយ​ថៃ តាម​យន្ត​ការ​ទ្វេភា​គី ហើយ​បាន​អះ​អាងថា កម្ពុជា​មិន​មាន​ការ​បាត់​បង់​ដី​ទៅ​ភាគី​ថៃ​នោះ​ទេ។

ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ​ និយាយថា​ មេដឹក​នាំ​ដែល​និយាយ​ថា បញ្ហា​ព្រំដែន​​ស្មុ​គ​ស្មាញ​​​ខ្លាំង បញ្ជាក់​​ពី​កង្វះ​ឆន្ទៈ​ការ​ពារ​ទឹក​ដី​រួច​ស្រេច​ទៅ​ហើយ លោក​​ថា ការណ៍​នេះ មេដឹក​នាំ​គួរ​​​តែ​​ចុះ​ចេ​ញ​​​ពី​​អំណាច ដើម្បីឱ្យ​មាន​សមត្ថភា​ពឡើង​មក​ដឹក​នាំ​វិញ។

ម្យ៉ាងវិញទៀត លោក ម៉ែន ណាត ថា ទឹកដីខ្មែរមួយនេះ មិនមែនជាកម្មសិទ្ធិ​ផ្តាច់​មុខ​របស់​គ្រួសារ​ហ៊ុន​ទេ ដូច្នេះ​ត្រូវ​តែ​បង្ហាញ​តម្លា​ភាព​ថា​​តើ​តំបន់​ណា​ខ្លះ​បាន​បាត់​បង់ ដើម្បី​ស្វែង​រក​មធ្យោ​បាយ​ទាម​ទារ​មក​វិញ។

លោកថា៖ «លោក ហ៊ុន ម៉ាណែត ចេញ​អះអា​ង​ថា កុំ​ឲ្យ​តវ៉ា​រឿង​បាត់​បង់​ទឹក​ដី ព្រោះ​កម្ពុជា​ក៏​មិន​ឈ្លាន​ពាន​នរណា​ ហើយ​​ក៏​មិន​ចង់​ឲ្យ​នរណា​មក​ឈ្លានពា​ន ហើយ​ការ​ពារ​តែ​អ្វីដែ​ល​កម្ពុជា​មាន​អ៊ីចឹង ហើយ​ដល់​ភូមិ​ព្រៃ​ចាន់ កំពុង​តែ​សៀម​មក​ចូល​បោះប​ង្គោល​បណ្ដោះ​អាសន្ន ហើយ​មាន​អាជ្ញាធរ​ខ្មែរ​ទៅ​ជួយ​មើល​ជួយ​ដឹង​ឮ​ទៀត ហើយ​តើ​ការ​អះអា​ង​របស់​ លោក ហ៊ុន ម៉ាណែត ហ្នឹង​តើ​វា​ត្រឹម​ត្រូវ​ជាក់​ស្តែង​នៅ​លើ​ដី​ភូមិ​កអ្នក​ស្រុក​នោះ​ទេ ថា​អត់​ទេ បើ​អត់​អ៊ីចឹង​ដី​ហ្នឹង វា​ជា​ដីរ​បស់​ លោក ហ៊ុន ម៉ាណែត ឬ​ដី​របស់​អ្នក​ស្រុក​ ​បើ​ថា​ដី​ លោក ហ៊ុន ម៉ាណែត ដែល​លោក ហ៊ុន ម៉ាណែត កោង​កាង​ទីម៉ា​ប្រទេស​កម្ពុជា​ឬយ៉ា​ង​ម៉េច»។

ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ សុំមិ​ន​ឆ្លើយ​សំណួរ​នេះ​ ដោយលោក​ជំរុញ​ឱ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល លោក ប៉ែន បូណា ជំនួស​វិញ ដោយ​លោក​ថា បញ្ហា​នេះ លើស​ដែន​សមត្ថកិច្ច​របស់​លោក។

ដោយឡែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់ថា ​សារ​លោក ហ៊ុន ម៉ាណែត​ ដែល​អួត​ថា កម្ពុជា​មិន​បណ្តោយ​ឱ្យ​បរទេ​សឈ្លា​ន​ពាន គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ដី​ជាក់​ស្តែង​នោះ​ទេ។

ក្នុងន័យនេះ លោកពន្យល់ថា ថៃបានរំលោភបំពានដែនធិបតេយ្យកម្ពុជា ដោយ​រាយ​លួស​បន្លា​ព័ទ្ធ​យកប្រាសាទ​បុរាណ​ខ្មែរ រួម​ទាំង​ដី​ខ្មែរ​មួយ​ចំនួន​ទៀត​នៅ​តំបន់​ភ្នំ​ទ្រព្យ ច្រក​អាន​សេះ ភូមិ​ជោគ​ជ័យ និង​ភូមិព្រៃចាន់​ជាដើម។

យ៉ាងនេះក្តី លោក ចាន់ឡូត ថា អធិបតេយ្យ និង​បូរណ​ភាព​ទឹក​ដីខ្មែ​រ ដែល​ត្រូវ​បាន​បរទេស​ជិត​ខាង​រំលោភ​បំពាន មេដឹក​នាំគួ​រ​បញ្ជាក់​និង​បង្ហាញ​ពី​មធ្យោបា​យ​ ដើម្បី​ដណ្ដើម​យក​មក​វិញ​នូវ​ទឹក​ដី​របស់​ខ្មែរ។

លោកថា៖ «ទី១ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ពាក់​ព័ន្ធ​ដែល​ថា​កម្ពុជា​មិន​យល់​ព្រម​ឲ្យ​មាន​ការ​រំលោភ​លើ​អធិប​តេយ្យ​របស់​កម្ពុជា​ នោះគឺ​មិន​ស្ដែង​ពី​ការ​ពិត​នៃ​ស្ថាន​ភាព​អធិប​តេយ្យ និង​បូរណ​ភាព​របស់​កម្ពុ​ជានោះ​ទេ ព្រោះយើ​ង​ដឹង​ហើយ​ថា​អធិប​តេយ្យ​និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា កំពុ​ង​ត្រូវ​បាន​រំលោភ​បំពាន​ ហើយ​ទឹក​ដី​មួយ​ចំនួន ​​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បរទេស ក្នុង​នោះ​គឺ​ប្រទេស​ថៃ​ដែល​កំពុង​តែ​ប្រើ​កម្លាំង​យោធា​ឈ្លាន​​ពាន​ទាំង​កំរោល​មក​លើ​កម្ពុជា​[…] ក៏ប៉ុន្តែ​អ្វី​ដែល​ លោក ហ៊ុន ម៉ាណែ​ត​ គួរ​ធ្វើ​គឺ​គួរ​តែ​ក្លាហាន​បើក​បង្ហាញ​អំពី​ស្ថាន​ភាព​ទឹក​ដីរ​បស់​កម្ពុជា ដែល​ត្រូវ​បាន​ឈ្លាន​ពាន​នៅ​ទីណា​ខ្លះ​ បាត់​បង់​​អ្វី​ខ្លះ ហើយ​ក៏​គួរ​ក្លាហាន​បង្ហា​ញ​ថា តើ​ក្រោម​ការ​គ្រប់​គ្រង​របស់ លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ប្រើ​ប្រាស់​មធ្យោបាយ​ណា ដើម្បី​ទាម​ទារ​យក​ទឹក​ដី​ទាំង​អស់​នោះ​មក»។

បើតាម មាត្រា​៥២​​​​នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​ឯករាជ្យ អធិប​​តេយ្យ​ បូរណ​​ភាព​ទឹក​​ដី អនុ​​​វ​​​ត្ត​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ