មន្ត្រីរដ្ឋាភិបាលកម្ពុជា ប្រាប់ទៅសមាជិកអង្គទូត និងតំណាងអង្គការអន្តរជាតិប្រចាំនៅរាជធានីភ្នំពេញ ពីលទ្ធផលស៊ើបអង្កេតបឋមថា កងកម្លាំងថៃ បានបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់និងរបួសនោះ ធ្វើឡើងដោយគ្មានការបង្កហេតុញុះញង់ និងពុំមានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក្រោយការបាញ់ប្រហារនោះឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យដឹងថា កាលពីថ្ងៃអង្គារ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា បានដឹកនាំការធ្វើបទបង្ហាញជូនសមាជិកនៃអង្គទូត និងតំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំនៅរាជធានីភ្នំពេញ ស្តីអំពីលទ្ធផលនៃការស៊ើបអង្កេតបឋមលើការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភដដែលបន្តថា ក្នុងការធ្វើបទបង្ហាញ និងយោងតាមលទ្ធផលនៃការស៊ើបអង្កេតបឋម បានបញ្ជាក់ថា កងកម្លាំងថៃបានការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយគ្មានការបង្កហេតុញុះញង់ ហើយបានបណ្តាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយក៏ពុំមានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយពេលដែលកងកម្លាំងថៃបាញ់ប្រហារចូលទៅក្នុងភូមិនេះទេ។
ក្រសួងការបរទេសបន្តថា ការស៊ើបអង្កេតនេះ ធ្វើឡើងនៅទីតាំងកើតហេតុក្នុងភូមិព្រៃចាន់ ដែលអនុវត្តដោយនគរបាលជាតិកម្ពុជា មួយថ្ងៃបន្ទាប់ពីកើតហេតុ ដោយមានការចូលរួមពីក្រុមសង្កេតការណ៍អាស៊ាន (AOT)។
ជាមួយគ្នានោះ លោកស្រី អ៊ាត សោភា ក៏បានបញ្ជាក់ប្រាប់អង្គទុតដែរថា កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ក្រៅពីនោះ កម្ពុជា ក៏បង្ហាញការសោកស្តាយដែលថៃសម្រេចចតិតផ្អាកការអនុវត្តសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ បន្ទាប់ពីឧប្ទវហេតុទាហានថៃជាន់មីន កាលពីថ្ងៃទី១០ខែវិច្ឆិកា ក្នុងពេលដែលពួកគេចូលទៅតំបន់ចំការមីនចាស់ក្នុងដែនដីកម្ពុជា យោងតាមផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ដែលតុលាការយុត្តិធម៌អន្តរជាតិបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣។
យ៉ាងណា លិខិតនោះ មិនបានបញ្ជាក់ថា កម្ពុជានឹងប្តឹងយោធាថៃ ទៅស្ថាប័នអន្តរជាតិ នៅពេលណាពិតប្រាកដ ដើម្បីស្វែងរកយុត្តិធម៌ ជូនជនស៊ីវិលកម្ពុជា ដែលរងការបាញ់សម្លាប់ពីយោធាថៃនោះទេ៕









