ប្រទេសវៀតណាម ត្រៀមខ្លួនសម្រាប់ព្យុះដ៏ខ្លាំងក្លាមួយទៀត នៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលសហគមន៍នៅតំបន់ភាគកណ្តាលសមុទ្រចិនខាងត្បូង តស៊ូសង្រ្គោះពីទឹកជំនន់ដ៏សាហាវបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនឆ្នាំដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួនជាង ១០០នាក់ និងបាត់ខ្លួន។
សារព័ត៌មាន ដឹ ស្ត្រេត ថាមស៍ (the Straits Times) បានចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ព្យុះទីហ្វុងវើប៊ីណា(Verbena) បានចូលសមុទ្រចិនខាងត្បូង នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែវិច្ឆិកា ដោយក្រុមអ្នកព្យាករណ៍រំពឹងថា ប្រព័ន្ធទឹកភ្លៀងនឹងក្លាយជាព្យុះដ៏ខ្លាំង ខណៈដែលវាធ្វើដំណើរឆ្លងកាត់ទឹកសមុទ្របើកចំហលើតំបន់ភាគកណ្តាលសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែវិច្ឆិកា។
ព្យុះនេះ ត្រូវបានព្យាករណ៍ថា ផ្លាស់ប្តូរបន្តិចម្តងទៅកាន់ភាគខាងលិច ហើយនឹងថយចុះបន្ទាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា មុនពេលចុះខ្សោយនៅសប្តាហ៍ក្រោយ។
ទីភ្នាក់ងារឧតុនិយមជប៉ុន និងហុងកុង រំពឹងថា ព្យុះទីហ្វុងវើប៊ីណា(Verbena) នឹងកើនឡើងខ្លាំងក្នុងរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោងបន្ទាប់។
ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងត្បូងនៃប្រទេសវៀតណាម ដែលកំពុងបោសសម្អាតភក់ កំទេចកំទីនិងផ្ទះដែលបែកបាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បង្កទៅជាគ្រោះមហន្តរាយទឹកជំនន់។
គិតត្រឹមម៉ោង៥:៣០នាទីល្ងាចនៅថ្ងៃទី២៥ ខែវិច្ឆិកា ដែលយ៉ាងហោចណាស់ មានមនុស្សសរុបចំនួន ១០៨នាក់ត្រូវបានគេរាយការណ៍ថា ស្លាប់និងបាត់ខ្លួន ដោយមានមនុស្សស្លាប់ចំនួន ៩៨នាក់ និង ១០បាត់ខ្លួនដែលខេត្តដាក់ឡាក់(Dak Lak) និង ខាញ់ហ័រ(Khanh Hoa) ទទួលរងការស្លាប់និងរបួសធ្ងន់ធ្ងរ។
ផ្ទះជាងពីរសែនពីរពាន់(២០២០០០)ត្រូវជន់លិច និងជាង៤០០ខ្នង បានដួលរលំ ខណៈដែលការខាតបង់ផ្នែកសេដ្ឋកិច្ចបានកើនឡើងដល់ ១៣.០៨កោដ្ឋដុងវៀតណាម(៦៤៥លានដុល្លារសិង្ហបុរី)។
អាជ្ញាធរ បានព្រមានថា ព្យុះទីហ្វុងវើប៊ីណា(Verbena) អាចនាំមកនូវភ្លៀងធ្ងន់ធ្ងរមួយជុំទៀត ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយបង្កើនភាពភ័យខ្លាចការបាក់ដីជាថ្មី និងទឹកជំនន់នៅក្នុងតំបន់ដែលចុះខ្សោយដោយទឹកជំនន់កាលពីសប្តាហ៍មុន។ កងកម្លាំងយោធភូមិភាគ៥របស់វៀតណាម បានកោះប្រជុំបន្ទាន់នៅថ្ងៃទី២៥ ខែវិច្ឆិកាដើម្បីសម្របសម្រួលខំប្រឹងឆ្លើយតបទៅនឹងព្យុះ។
លោកវរសេនីយឯក ហ្វាន់ ដាយងា (Phan Dai Nghia) មេបញ្ជាការរងនិងជានាយសេនាធិការ បានបញ្ជាឱ្យអង្គភាពបញ្ឈប់សកម្មភាពមិនសូវសំខាន់ និងរៀបចំកងកម្លាំង និងគ្រឿងបរិក្ខាដាក់ពង្រាយឱ្យបានឆាប់។
អង្គភាពឆ្មាំព្រំដែន ត្រូវបានណែនាំឱ្យធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពនាវិក និងកប៉ាល់នៅសមុទ្រ ហើយជូនដំណឹងដល់ម្ចាស់កប៉ាល់អំពីផ្លូវរបស់ព្យុះទីហ្វុងវើប៊ីណា(Verbena) នៅពេលដែលខិតជិតមកដល់។
កងយោធភូមិភាគ៥ ក៏បានបញ្ជូនក្រុមការងារចំនួនបីទៅកាន់ហ្សាឡៃ(Gia Lai), ដាក់ឡាក់(Dak Lak) និងខាញ់ហ័រ(Khanh Hoa) ដែលជាតំបន់ចំនួន៣ រងការវាយប្រហារដោយទឹកជំនន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក និងដើម្បីគាំទ្រវិធានការបង្ការទឹកជំនន់ និងត្រៀមលក្ខណៈសម្រាប់ព្យុះបាក់ដី៕









