បទល្មើសព្រៃឈើ​នៅ​តែ​កើត​ឡើង​​អនាធិប​តេយ្យ​ខណៈ​​អ្នក​​ការ​ពារ​ព្រៃ​ឈើ​​រង​​ការ​​ធ្វើទុ​ក្ខ​​បុក​​ម្នេញ​

បទល្មើស​ព្រៃឈើ​​​នៅ​តែ​បន្ត​​កើត​ឡើង​​យ៉ាង​អនា​ធិប​តេយ្យ​ ខណៈ​​មន្ត្រី​​តែង​​​តែ​ធ្វើទុ​ក្ខ​​បុក​​ម្នេញ​​​ទៅ​​លើ​សកម្ម​ជន​ការ​​ពារ​​​​ព្រៃ​ឈើ​ ប៉ុន្តែ​​ជន​​ល្មើស​រក​​ស៊ី​ឈើ​បែរ​ជារួច​ខ្លួន ដែល​ធ្វើឱ្យ​មាន​ការ​ចោទប្រកាន់ជាយូរមកហើយ​ថា មន្ត្រីមួយ​ចំនួន​​គប់គិត​ជាមួយ​ឈ្មួញ​រកស៊ីឈើ​។

បទល្មើសធនធាន​ធម្មជាតិ​នៅ​កម្ពុជា ​ត្រូវបាន​គេរកឃើញថា មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​​ជាមួយឧកញ៉ា ​និង​មន្ត្រី​​គ្រាក់ៗ​​ដែល​ស្និទ្ធនឹងគ្រួសារ​​ហ៊ុន ហេតុដូច្នេះ​ហើយ​ទើប​សកម្មជន​ការពារ​ព្រៃឈើ​​ តែង​តែ​ទទួល​រងការ​​ធ្វើទុក្ខបុកម្នេញ រហូត​ដល់​មានការ​បាញ់សម្លាប់ ​ដូចជា​ លោក ​ឈុត វុទ្ធី និង​​ចាប់​​ដាក់​ពន្ធនាគារ​ និងគំរាម​​សម្លាប់​​​ទៅ​លើ​សកម្ម​​ជន​មួយ​​ចំនួន​ ខណៈ​មេឈ្មួញ​រកស៊ីឈើ​និង​ឈ្មួញ​ធ្វើ​អាជីវកម្មរ៉ែ ដូច​ជា​លោក​ឧកញ៉ា ទ្រី ភាព ​និងលោក​​ឧកញ៉ា​ លី យ៉ុង​ផាត់ ​ជាដើម ​ដែល​​ជា​ម​នុស្ស​​ជំនិ​ត​​របស់​លោក​ ​ហ៊ុន សែន ​មិន​ត្រឹម​​តែ​មិន​ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ផ្តន្ទាទោស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រូវបាន​លើកតម្កើង​ដោយ​ផ្តល់តួនាទី​និង​គោ​រម្យ​ងារ​ខ្ពង់ខ្ពស់​ថែមទៀតផង។

លោក​តាន់ គឹមសួរ​​ ប្រធាន​សមាគមយុវជន​ស្រឡាញ់ធម្មជាតិ​ ដែល​ធ្លាប់​បាន​ផូសបង្ហាញ​រូប​ថត​ពីការ​ជួប​សំណេះ​សំណាល​ផ្ទាល់​ជាមួយ​​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​និង​សមាជិក​​នៃគ្រួសារ​ហ៊ុន​ដទៃទៀត​ ត្រូវ​បាន​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ ​ចុះទៅ​សួរ​រក​លិខិត​បេសកកម្ម​ ​នៅ​ពេល​ដែល​លោក​​បាន​​ទៅស្ទាក់​​ឃាត់​​រថយន្ត​​ដឹកឈើ​​ជា​បន្ត​បន្ទាប់ ​នៅ​ក្នុង​ស្រុក​សំបូរ ​កាលពីថ្ងៃទី២៦ ខែ​​​វិច្ឆិកា ​ឆ្នាំ​២០២៥។

នៅ​ពេល​លោក ​គឹមសួរ ​​បាន​​ឃាត់​​រថយន្ត​ដឹក​ឈើមួ​យ​​គ្រឿង ​និ​ង​​បាន​​ទាក់​​ទង​​ទៅ​ស្ថា​ប័ន​​មាន​​សមត្ថ​កិច្ច​ពាក់​​ព័ន្ធ​​ឱ្យ​​ចុះ​​មក​​ជួយ​​អន្តរាគមន៍ មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ក្រចេះ ​លោក​ សាក់ សារាំង​ ដែល​ជាសមាជិក​​នៃគណៈ​កម្ម​ការ​​ទប់​ស្កាត់ ​​និង​បង្ក្រាបបទល្មើសព្រៃ​ឈើ​​ មិន​​ត្រឹម​តែ​​មិន​​បញ្ជូន​កង​​កម្លាំង​​​ឱ្យ​ទៅ​​ជួយ​​អន្តរា​គមន៍​​ឃាត់​​ម្ចាស់​​រថ​យន្ត​​ដឹកឈើ​នោះ​ទេ បែរ​ជាប្រើកងកម្លាំង​ឱ្យ​ទៅ​សួរ​រក​លិខិតបេសកកម្ម​​របស់​លោក ​ដែល​ជាអ្នក​ឃាត់​រថយ​ន្ត​ល្មើស​ដឹកឈើទៅ​វិញ។

នៅក្នុង​ឃ្លីបវីដេអូ​ដែល​ត្រូវបាន​បង្ហោះ​លើបណ្តាញ​សង្គម ​កាលពីថ្ងៃទី​២៦ខែ​​​វិច្ឆិកា ​សកម្ម​ជន​​​ព្រៃឈើ​​រូបនេះ​ ​​​បាន​​ប្រាប់​​ទៅ​​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​សួរ​រក​លិខិត​បេសកកម្ម​របស់​​លោក​ថា សូម​លោក​ប្រាប់​ទៅលោក​ សាក់ សារាំង ​វិញ​ថា រូប​លោក​​ជា​ប្រជា​ពលរដ្ឋ​​ធម្ម​តា​ មិន​​មាន​​​តួនាទី​អ្វីទេ ​ប៉ុន្តែ​លោក​ក៏ជាម្ចាស់ធន​ធាន​​ធម្ម​​ជាតិ​ ម្ចាស់​​​ព្រៃ​​ឈើ​​ដែរ​ ហើយ​​នៅ​ពេល​​មាន​​អ្នក​​បំផ្លាញ​​ព្រៃ​ឈើ​ គឺ​​លោក​​មាន​​សិទ្ធិ​​​​ធ្វើ​ជា​​សេនា​ធិការឱ្យ​មន្ត្រី​​មាន​​សមត្ថ​កិច្ច​​ផង​ដែរ​ ពីព្រោះ​​​ខណៈ​​មាន​​​បទ​ល្មើសធ​ន​​ធាន​ធម្មជាតិ​ ​អត់​​ឃើញ​​មាន​​វត្ត​​មាន​មន្ត្រី​​សមត្ថ​កិច្ច​​​ទេ។

លោក​ គឹមសួរ ​បាន​​លើក​ឡើង​ និង​​ចោទ​សួរ​​មន្ត្រី​​រូ​ប​នោះ​ថា ប្រសិន​​បើ​​​មិន​​មាន​​ពួក​លោក​​ជួយ​​ទេ គឺ​មិន​​អាច​​ឃាត់​​ឡាន​​ដឹក​ឈើ​នេះ​បាន​ទេ ឬ​មួយ​​​ក៏​​ប្រជា​ពល​រ​ដ្ឋ​​​មិន​អាច​​ចូល​​រួ​ម​​ជាមួយ​​រដ្ឋាភិបា​ល ​ដើម្បី​ការ​ពារ​​ធន​ធាន​​ធម្ម​ជាតិ​​បាន​​​ទេ​ឬ​ក៏​យ៉ាង​ណា?

លោកថា៖«ចង់​សួរនាំដើម្បីអី? ឬប្រជាពលរដ្ឋ​​ធម្មតា​​ដែល​ជា​ម្ចាស់​ប្រទេស​​ជាមួយ​គ្នា ​អត់​មាន​សិទ្ធិ​​ឈឺ​​ឆ្អាល​ទេ ទាល់​​​តែមា​ន​លិខិត​បេសកកម្ម​ ​ឬ​មាន​​​អី​​ម៉ោ​ធ្វើ​​បាន​​អាច​​ធ្វើកើ​ត​​ឬ​យ៉ាង​ម៉េច​? ឬ​ក៏​ត្រូវ​​បណ្តែត​បណ្តោយ​​ឱ្យ​​បទ​ល្មើសធ​ន​ធាន​ធម្មជាតិ​​បន្ត​ចរាចរណ៍​​រាប់​​​ឆ្នាំ​នៅ​ទី​នេះ​ទៀត ​តាម​​អំពើ​ចិត្ត​​​ឬយ៉ា​ង​ម៉េច? មក​​សួរ​​នាំ​នេះគឺ​ច​ង់​​រក​អីម​ក​​ដា​ក់ប​ន្ទុក​ហើយ​​នៀក​សង្ស័យ?​​»

នៅពេលលោក ​គឹមសួរ ​និយាយ​​ដល់​​ត្រង់​ចំណុច​នេះ ​ម​ន្ត្រី​​កង​រាជអា​វុធ​ហត្ថ​ដែល​​ឈរ​នៅ​​ទល់​​មុខ​លោក​​​បាន​​និយាយ​​ថា លោក​​មិន​​ចង់​​មក​​សួរ​​​ទេ ​តែ​មេ​​បញ្ជាគាត់​ឱ្យសួរ។

លោក​ គឹមសួរ ​និយាយ​បន្តទៀតថា ហេតុដូច្នេះ​ហើយ​ទើប​លោក​ចង់​សួរ​ទៅមេ​​​បញ្ជាការ ​សាក់ សារាំង វិញ​​ ថា​តើ​ប្រជា​ពលរដ្ឋ​​មា​ន​​សិទ្ធិ​​​ចូ​ល​​រួម​​ការ​ពារ​​ព្រៃ​ឈើ​​ ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ដែរឬ​អត់?

លោកថា៖ «មាន​សិទ្ធិចូលរួម​ជាមួយ​រដ្ឋាភិបាល​អត់?​ បើថា​អត់មានសិទ្ធិ​ទេ បងប្រាប់​មក​ថា​ អត់មានសិទ្ធិ​ទេ ទុក​ឱ្យបទល្មើស​នឹងចរាចរណ៍​ទៅ គាត់មិនខ្ចីមើល​​ឬម៉េច? មិន​មែន​តិច​​ករណី​ទេ​បង ​បើ​​គាត់​ចេះខ្វា​យ​ខ្វល់​​រឿង​ប៉េ ​រឿង​​អ្នក​ណាធ្វើ​មិ​ន​​បាច់​មក​​សួរ​​នាំ​ខ្ញុំ​ទេ ទៅ​​សួរ​នាំម្ចា​ស់​​ឡាន​ដឹក​​ឈើ​នៀក យក​​ពេល​​ទៅ​រ​កមុ​ខអាឈ្មួញ​ឈើ ​​​មិន​​មែន​​ត្រូវ​មក​​រក​សួរ​នាំ​​ពួក​ខ្ញុំ​ដូច្នេះ​ចឹង​ទេ ខំ​ចំណាយ​ពេល​​វេលា​​ម​ក​​ចុះធ្វើ​កិ​ច្ចកា​រ​ងារ​នេះ​អត់​ងងុយ​ទាំង​​យប់​​ទាំង​ថ្ងៃ​ ប្រឈម​សុវត្ថិ​ភាព​​ផ្ទាល់​ខ្លួន​ទៀត​។ ចឹង​ការ​សួរ​នាំ​នេះ​​ចង់​មា​ន​​ន័យ​​ថា​ម៉េច?»។

នៅពេល​កំពុង​និយាយ​ជាមួយ​មន្ត្រី​អាវុធហត្ថ​ លោក ​គឹមសួរ ​ក៏​បាន​​ទទួល​​ទូរសព្ទ​ ​ពី​​លោក ​អេង ហ៊ី ​អ្នក​នាំពាក្យ​​កង​រាជ​អាវុធ​ហត្ថ​លើ​​​ផ្ទៃ​​ប្រទេស ហើយ​លោក​​បា​ន​​ណែ​នាំ​ខ្លួន​​ថា ​«ប្អូន​ឈ្មោះ​ តាន់ គឹម​សួរ ប្អូន​​ទាក់​ទង​​​ទៅ​​បង​ជាប្រ​ចាំ» និង​​បាន​​រៀប​រាប់​​ប្រាប់ ​លោក ​អេង ហ៊ី ថា លោ​ក​​បាន​​ចុះ​មក​​ឃ្លាំ​មើល​​បទ​​ល្មើសធន​ធាន​​ធម្មជាតិ​​​នៅ​​​ស្រុក​សំបូរ ​ខេត្ត​​​ក្រចេះ​ ជា​ច្រើន​ថ្ងៃ​​មក​​ហើយ ​ឃើញ​​មាន​​ការ​​ដឹក​​ជញ្ជូន​ឈើ​អ​នាធិប​តេយ្យ​ច្រើន​​នៅ​ទី​នេះ។

ទាក់​ទង​នឹងបទល្មើស​ព្រៃ​ឈើ​​ដែល​នៅ​តែបន្តកើតមាន​អនាធិប​តេយ្យ​​នៅ​​ខេត្ត​ក្រចេះ​នេះ​ ​លោក ​តាន់ គឹម​សួរ ​បាន​​​សរ​សេរ​​បង្ហោះ​​​​លើ​​បណ្តាញ​​សង្គម ​នៅ​​ថ្ងៃ​ទី​​២៧​ខែ​វិច្ឆិកា​នេះ​ថា លោក​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) យូរហើ​យអំ​ពី​ករណី​អន្ត​រា​គមន៍​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​របស់​លោក​ឧត្ដម​សេនីយ៍​ត្រី សាក់ សារ៉ាង ភ្ជាប់ជា​​​មួយ​​ទាំ​ង​​ភស្តុតាង​តែ ACU នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​​នៅ​ឡើយ។

នៅ​ក្នុង​ពាក្យ​បណ្តឹង​ចុះថ្ងៃទី​២៦ ​ខែឧសភា ​ឆ្នាំ​​២០២៥ លោក ​គឹមសួរ ​បាន​​ស្នើ​​​ឱ្យ​ ​​លោក ​ឱម យ៉ិន​​ទៀង​ប្រធាន​ ACU បើក​ការ​ស៊ើប​អង្កេត​លើ​​លោក ​សាក់ សារ៉ាង ​​​ដែល​​លោក​អះ​អាង​ថា មេ​បញ្ជាការ​​កង​រាជ​អាវុធហត្ថ​ខេត្ត​​ក្រចេះ​​រូប​នេះ មាន​ទំនាក់​​ទំនង​​ជាមួយ​​មេឈ្មួញ​​ឈើ​​​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​ ​ឈ្មោះ​ ហាច ​ស្ថិត​​​នៅ​​ឃុំហាន​​ជ័យ ស្រុក​ឆ្លូង ក្នុង​ការ​ចរាចរ​​ឈើ​​​ខុស​ច្បាប់ ​និង​ឈាន​ឆ្ពោះទៅ​មាន​វិធានការ​តាម​ផ្លូវច្បាប់។​

 វីអូឌី ​មិន​អាច​ទាក់ទង​ លោក ​សាក់ សារាំង ​និង​លោក​ អេង ហ៊ី ដើម្បី​​ស្នើ​​សុំធ្វើ​កា​រ​​ពន្យល់​​លើ​​ការ​នៅ​​តែ​កើតមាន​​បទ​ល្មើស​ព្រៃឈើ​​អនា​ធិប​តេយ្យ​ ​នៅ​ក្នុង​​ខេត្ត​ក្រចេះ​ បាន​​​ទេ​នៅ​​ថ្ងៃទី​​២៧ខែ​​វិច្ឆិកា​នេះ។

ប៉ុន្តែ​ឧត្តមសេនីយ៍ត្រី អេង ហ៊ី​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​​របស់​​លោក ​កាល​​ពី​ថ្ងៃ​ទី​​២៦ខែ​វិច្ឆិកា​​ថា ករណី​មន្ត្រីក​ងរា​ជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ បានទៅ​សួ​រនាំ​​ លោក តាន់ គីម​​សួរ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ លោក​​​ក៏​បាន​ទទួល​​ព័ត៌​​មាន​ភ្លាមៗ​ពី ​លោក ​គឹមសួរ ហើយ​នាយឧ​ត្តម​សេនីយ៍ លោ​ក ​សៅ សុខា ​បាន​ណែនាំ​ដល់​ លោក សារាំង រួ​ច​​ហើយ។ ជាមួយ​គ្នា​នេះ កម្លាំង​ជំនាញ​​ព័ត៌​មាន​​សន្តិ​សុខ​នៃក​ង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​​ប្រទេស បាន​និង​កំពុង​​ចុះ​ទៅ​សហការ ដើម្បី​ទប់​​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​​​នៅ​​តំបន់​នោះ​​ផង​​ដែរ។

លោក ​តាន់​ គឹមសួរ ​កាល​ពីដើម​ខែ​វិច្ឆិកានេះ ​ក៏​បាន​បង្ហោះ​រូប​ថត​និងវីដេអូ​នៃ​​បទ​ល្មើស​​ព្រៃ​​ឈើ​​ដែល​​កំពុង​កើ​ត​មាន​​ពេញ​បន្ទុក​នៅ​​ក្នុង​​ដែន​ជម្រក​សត្វព្រៃ​​ស្រុកឱរ៉ាល់ ​ខេត្ត​កំពង់​ស្ពឺ ​ហើយ​​មន្ត្រី​មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​​មិន​បាន​ធ្វើការ​បង្ក្រាបផងដែរ។

សូមបញ្ជាក់ថា អតីតនាយក​ដ្ឋមន្ត្រីលោក ​ហ៊ុន សែន​ ដែល​ធ្លាប់​បាន​ប្រកាសយ៉ាង​​ឱឡារិក​ជា​សាធារណៈ​ថា បើ​​​រដ្ឋាភិ​បាល​របស់​លោក​បង្ក្រាប​​បទល្មើសព្រៃឈើ​មិន​បាន​ទេ លោក​សុខ​ចិត្ត​កាត់កខ្លួនឯងនោះ កាលពី​ថ្ងៃទី១៩ ​ខែមករា ​ឆ្នាំ​២០១៦​ បាន​​បង្កើត​​គណៈ​កម្ម​ការ​​ទប់​ស្កាត់ និង​​បង្ក្រាប​​បទល្មើស​​ព្រៃ​ឈើ​ ដែល​​មាន​លោក​សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស ជាប្រធាន​។

គេ​នៅ​ចាំបាន​ថា ​កាល​នោះលោក ​ហ៊ុន សែន ​ថែម​ទាំង​ប្រាប់​ឱ្យ​ ​លោក​​ សៅ សុខា ប្រើ​ឧទ្ធម្ភាគចក្រ ​​និង​កងកម្លាំង​ពិសេស​​ប្រើ​អាវុធ​​បាញ់​ឈ្មួញ​​​ដែល​កាប់ ​​និង​រកស៊ី​ដឹកជញ្ជូនឈើ​ថែមទៀតផង។

ប៉ុន្តែ​យ៉ាងណាក្តី ​​ចាប់​តាំងពីពេលនោះ ​រហូម​មក​ដល់​ពេលនេះ​ ​​បទល្មើស​ព្រៃ​ឈើ​នៅ​តែកើត​មាន​យ៉ាង​អនា​ធិប​តេយ្យ​ លើ​ក​លែង​តែតំបន់​ដែល​អស់​ឈើ​​កាប់​​ប៉ុណ្ណោះ​ ហើយ​​ឈ្មួញ​​ឈើ​ដែល​អាច​រក​ស៊ីឈើបាន​ គឺលោក​ឧកញ៉ា ទ្រី ភាព​ និង​​ឧកញ៉ា​​ផ្សេង​ទៀត​​ដែល​ជាមនុស្ស​​ជំនិត​ ​របស់​​លោក​ហ៊ុន សែន។

 សកម្ម​ជន​ព្រៃឈើ​ជាច្រើន ​ធ្លាប់​បាន​អះ​អាង​ថា មន្ត្រី​បរិស្ថាន​ មន្រ្តី​​រដ្ឋបាល​ព្រៃ​ឈើ​ និង​​មន្ត្រី​​កង​​រាជ​អាវុធហត្ថ​ ​រួម​​ទាំ​ង​​អាជ្ញា​ធរ​មូល​ដ្ឋាន​​​នៅ​​តាម​​តំបន់​​ដែល​​មាន​​ព្រៃ​ឈើ​ ហ៊ាន​ធ្វើ​ការ​បង្ក្រាបបទល្មើសព្រៃឈើ​តែ​ទៅលើ​​ប្រជាពល​រដ្ឋមូលដ្ឋាន​ដែល​កាប់​ឈើ​តិចតួច​ប៉ុណ្ណោះ។

ប៉ុន្តែ​មិន​ហ៊ាន​បង្ក្រាបមេឈ្មួញ​រក​ស៊ីឈើ ​ដែល​មាន​មន្ត្រីជាន់​ខ្ពស់​ធ្វើ​​ជា​ខ្នង​បង្អែកនោះ​ទេ ខណៈ​មន្ត្រី​ជំនាញ​​មួយ​​ចំនួន ​ក៏គប់គិត​រកស៊ីឈើ​ផងដែរ​​។

លោក​ ហេង ស្រស់ សកម្មជន​បរិស្ថាន​​ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង ​ធ្វើ​ការ​ព្រមាន​ដោយ​សារ​តែ​​លោក​​មាន​ភាពសកម្ម​ក្នុង​ការ​​ចុះល្បាតព្រៃ ​បាន​ប្រាប់​វីអូឌី​​នៅថ្ងៃទី​២៧ខែ​​វិច្ឆិកានេះថា ករណី​របស់​លោក​ ​គឹមសួរ ​​មិន​​មែន​ជា​រឿង​​​ថ្មី​ទេ ​ដែល​​រដ្ឋាភិបាល​​នៅ​តែ​​មិន​​មាន​​ការបើកចំហរ​ឱ្យប្រជាជន ចូល​រួម​ទប់​ស្កាត់​​បទល្មើស​ព្រៃ​ឈើ​​ដែល​នៅ​តែបន្ត​កើតឡើង​។

លោកថា៖ «អាជ្ញាធរ​ហាក់បីដូចមិន​​បាន​សហការ​ជាមួយ​​អ្នក​ដែល​ស្រឡាញ់​​ធន​ធាន​ធម្ម​ជាតិ​ពិត​​ប្រាកដ​ អាជ្ញាធរ​បែរ​ជា​ទៅ​សហការជាមួយ​អ្នក​​រកស៊ីកាប់​បំផ្លាញ​ព្រៃឈើ​​ទៅ​វិញ ចឹង​​មាន​​ន័យ​​ថា ​អ្នក​​ដែល​​ជួយការ​ពារ​​ព្រៃ​ឈើ​​ អ្នក​​ដែល​​គិត​ពីផ​ល​ប្រយោជន៍​​ជាតិ​​ អ្នក​​​ដែល​​គិត​​ពី​ធ​នធា​ន​​ធម្ម​ជាតិ​​ គិត​ពីទ្រ​ព្យ​​សម្បត្តិ​ជាតិ​​បែរ​ជាអា​ជ្ញាធរ​ចាត់​ទុក​ថា​ជា​សត្រូវ ​ប៉ុន្តែ​អាជ្ញាធរ​​បែរ​ជា​ទៅ​​យក​​ជ​ន​​ល្មើស​​​​ទៅ​​យក​ឧក្រិដ្ឋជន​ទៅ​ធ្វើជា​ប​ក្ខ​ពួក​ទៅ ធ្វើ​ជាសា​ច់ញា​តិ​​​ទៅ​​វិញ។ អ៊ីចឹង​​យើង​​មើល​​ឃើញ​ថា សព្វ​ថ្ងៃព្រៃ​ឈើ​​វា​មិន​អាច​ទប់​​ស្កាត់​​បាន​ទេ ដោយ​សារ​​តែ​មន្ត្រី​ទាំង​​អស់​ហ្នឹង ​គឺ​ជាអ្ន​ក​​ជួយ​កាង​​ជួយ​ជ្រោមជ្រែ​ង​ជួយ​​ទៅ​​ដល់​​ឧក្រិដ្ឋ​ជន ក៏ដូ​ច​​ជន​​ល្មើស​ទាំង​អស់​នឹង»

សកម្ម​ជន​ព្រៃឈើ​៣នាក់​ ម្នាក់​នៅ​ខេត្ត​ក្រចេះ ម្នាក់​​​នៅខេ​ត្ត​មណ្ឌល​គិរី និង​ម្នាក់​ទៀត​នៅ​ខេត្ត​រតនគិរី​ បាន​ប្រាប់​វីអូឌី​កាល​ពី​​ថ្ងៃទី​១៨​ខែ​វិច្ឆិកា​​​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ព្រៃ​ឈើ​ដែល​នៅ​សេស​សល់​នៅ​ក្នុង​ខេត្ត​​ទាំង​៣នេះ ​​ក៏​​កំពុង​ត្រូវបាន​មន្ត្រីខិលខូចគប់​គិត​​ជាមួយ​​ឈ្មួញ​​ កាប់​​បំផ្លា​ញ​​ដឹក​​ចេញ​​ជារៀង​រាល់​ថ្ងៃផងដែរ ខណៈ​​បច្ចុប្បន្ន​​សកម្ម​​​ជន​​ព្រៃឈើ​​ដូច​​ពួក​​លោក ​ត្រូវ​បាន​​មន្ត្រី​​គំរាម​​មិន​​ឱ្យ​​ចុះ​ល្បាត​​ព្រៃ​​ និង​​ហាម​មិន​​ឱ្យ​និយាយ​​ពី​បទ​ល្មើសព្រៃ​ឈើ​​​ទៀត​​ឡើយ​ ហើយ​​ក៏​គ្មាន​​ស្ថាប័ន​ព័ត៌មា​ន​​ក្នុង​​ស្រុក​​ណា​ ​ហ៊ាន​ថត​បទ​ល្មើស​​ព្រៃ​ឈើ​​​​​ចុះ​​ផ្សាយ​​ទៀត​នោះ​​ដែរ ពីព្រោះ​ខ្លាច​​ជាប់​ពន្ធនាគារ​។

យោងតាមរបាយការណ៍របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា ODC គម្របព្រៃឈើ​របស់​កម្ពុជាបើគិតជារួម​បានថយចុះពី៤៣,២១%​ ក្នុងឆ្នាំ២០១៥ ម​ក​ត្រឹម៣​៩,៧៥%​នៅ​​ក្នុង​​ឆ្នាំ​២០២៣។ ជាមួយគ្នា​នេះ​បើ​តាមទិន្នន័យស្រាវ​ជ្រាវ​​របស់​សកលវិទ្យាល័យ Maryland ក្នុង​ឆ្នាំ​​២០២៣ កម្ពុជា​បាត់ប​ង់​ព្រៃឈើ​ប្រមាណជា​ង​​ ១២ម៉ឺន​​ហិក​តាប​ន្ថែម​​ទៀត​ ក្នុង​នោះ​​ពាក់​​កណ្តាល​​​​នៃព្រៃ​ឈើដែ​លបាន​បាត់ប​ង់​គឺ​ស្ថិត​ក្នុង​តំបន់​ការ​ពារ​​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ