តំណាងរាស្រ្តគណបក្សប្រឆាំង លោក សួន សូរីដា និងក្រុមការងារម្នាក់ទៀត ដែលគេដឹងថា ស្និទ្ធនឹងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលតុលាការរំលាយជាង៨ឆ្នាំនោះ បានបន្តជីវិតនយោបាយវិញ ជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន ដោយបង្ហាញក្តីរំពឹងថា ជម្រើសនេះ នឹងអាចជំរុញការកែលម្អសង្គម តាមរយៈកម្មវិធីនយោបាយ មិនយកខ្មែរណាជាសត្រូវ។
តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ កូតាមកពីគណបក្សសិទ្ធិមនុស្ស លោក សួន សូរីដា បានបង្ហោះលិខិតលើហ្វេសប៊ុកនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ ស្នើសុំចូលរួមនយោបាយជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿនដឹកនាំដោយ លោក យ៉ែម បុញ្ញឫទ្ធិ។
បើតាមប្រភពនោះ ក៏មាន លោក ទួន យក់ដា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ចាម ព្រមទាំងអតីតថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនៃគណបក្សសង្គ្រោះជាតិចំនួន៧៧នាក់ បានប្រឡូកក្នុងវិស័យនយោបាយជាមួយបក្សប្រជាធិបតេយ្យជឿនលឿនឡើងវិញ។
លោក សួន សូរីដា ប្រាប់VODបន្ថែមនៅថ្ងៃទី២៧ខែវិច្ឆិកានេះថា មូលហេតុសំខាន់ៗដែលលោកជ្រើសរើសគណបក្សប្រជាធិបតេយ្យជឿនលឿន ព្រោះបក្សនេះប្រកាន់គោលការណ៍ប្រជាធិបតេយ្យតាមបែបប្រទេសប្រជាធិបតេយ្យជឿនលឿនលើពិភពលោក គោលការណ៍អហិង្សាមិនយកខ្មែរណាជាសត្រូវ និងការកំណត់អាណត្តិនាយករដ្ឋមន្រ្តី២អាណត្តិ។
មួយវិញទៀត មានគោលនយោបាយកំណែទម្រង់នៃការដឹកនាំ កាត់បន្ថយចំនួនក្រសួង កាត់បន្ថយមន្រ្តីរដ្ឋាភិបាលមានក្បាលម៉ាស៊ីនដឹកនាំធំជាងខ្លួន ឱ្យនៅតិចតួចសម្រាប់ប្រសិទ្ធិភាពការងារ និងកាត់បន្ថយចំណាយ បង្កើនចំណូលជាតិ ឈរលើប្រយោជន៍ជាតិ និងដោះស្រាយវិបត្តិសង្គមចាក់ស្រែះ សម្រាប់ប្រយោជន៍ពលរដ្ឋម្ចាស់ប្រទេស។
លោកថា៖ «នៅក្នុងប្រទេសជាតិដែលកំពុងតែលំបាក ប្រទេសជាតិដែលកំពុងត្រូវការយើង អាហ្នឹងហើយដែលយើងជាអ្នកយោបាយ យើងត្រូវតែចេញ យើងត្រូវតែចេញធ្វើ ប៉ុន្តែអ្វីដែលយើងចេញធ្វើ ដូចខ្ញុំបានជម្រាបហើយតើយើងក្លាយទៅជាគណបក្សស្រប ឬគណបក្សរណបដូចគេនិយាយ។ ខ្ញុំគិតថា អាហ្នឹងដូចជាការនិយាយខុសហើយ ពីព្រោះពួកយើងជាគណបក្សមួយ ដែលមានឈាមជ័រជាគណបក្សសង្គ្រោះជាតិ។ ដូច្នេះក្នុងនាមយើងជាឈាមច្រើននៃអ្នកប្រជាធិបតេយ្យជាឈាមជ័រអ្នកប្រឆាំងជាមួយនឹងការដឹកនាំខុស ឬដឹកនាំអវិជ្ជមានរបស់គណបក្សកាន់អំណាចសព្វថ្ងៃ យើងនៅតែហ៊ាននិយាយ យើងនៅតែហ៊ានថា ក្នុងគោលបំណងដើម្បីជួយកែសម្រួល សម្រាប់កែតម្រូវទៅលើការដឹកនាំខុសរបស់រដ្ឋាភិបាលសព្វថ្ងៃ ដើម្បីធ្វើម៉េចបម្រើឲ្យផលប្រយោជន៍ដល់ប្រទេសជាតិនិងប្រជាពលរដ្ឋ»។
សម្រាប់ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម បុញ្ញរិទ្ធ ប្រកាសស្វាគមន៍ចំពោះការចូលរួមរបស់ក្រុមអ្នកនយោបាយប្រឆាំងជាមួយលោកនៅពេលនេះ។
លោកថា ភាពខ្លាំងរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន គឺប្រកាន់ជំហរគោលការណ៍ប្រជាធិបតេយ្យ មិនក្រាញអំណាច លើកស្ទួយសិទ្ធិមនុស្ស យុត្តិធម៌សង្គម នីតិរដ្ឋ បំបាត់អំពើពុករលួយ ធ្វើឱ្យសង្គមកម្ពុជាក្លាយជាសង្គមស្អាតស្អំ និងមិនយកខ្មែរណាជាសត្រូវទេ។
លោកថា៖ «ការសម្រេចចិត្តរបស់អតីអ្នកតំណាងរាស្ត្រ មានលោកទួន យូដា លោក សួន សូរីដា ជាដើម គឺជារឿងមួយដ៏ល្អបំផុត ក្នុងការចេញមកចូលរួមសកម្មភាពនយោបាយឡើងវិញជាមួយនឹងគណបក្សប្រជាធិបតេយ្យជឿនលឿន យើងគ្រាន់តែចង់បញ្ជាក់ថា ពេលនេះមានអតីតអ្នកតំណាងរាស្ត្រជាច្រើនរូប ដែលបានចូលរួមដឹកនាំគណបក្សប្រជាធិបតេយ្យជឿនលឿន រួមមាន លោកទួត ឃឿត លោក ង៉ោ គឹមឈាង លោកឡាក់ លីតៃ រូបខ្ញុំ លោកសួន រីដា និងលោក ទួន យក់ដា ជាដើម»។
តែយ៉ាងណា មនុស្សស្និទ្ធ លោក កឹម សុខា ម្នាក់ទៀត គឺលោក មុត ចន្ថា រិះគន់ថា ការធ្វើនយោបាយក្នុងលំហនយោបាយរួមចង្អៀត សិទ្ធិ-សេរីភាពត្រូវបានបិទ គំរាមកំហែង បំភិតបំភ័យ ចាប់ខ្លួន កាត់ទោស និងជាប់គុក ស្មើនឹងកំដរបក្សកាន់អំណាច ឬស៊ីឈ្នួលបំបែកកម្លាំងនយោបាយ និងសំឡេងឆ្នោតបង្រ្គប់បំពេញឱ្យបក្សកាន់អំណាច។ លទ្ធផលចុងក្រោយ គឺសោកស្តាយ និងសូន្យ។
ប៉ុន្តែ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម បុញ្ញរិទ្ធិ ចាត់ទុកការិះគន់បែបនេះ ហាក់មានចេតនាបន្តុចបង្អាក់ដំណើរអ្នកប្រជាធិបតេយ្យតែប៉ុណ្ណោះ។
លោកថា៖ «ការិះគន់មានជារឿងល្អ ក៏ប៉ុន្តែការធ្វើបុរេវិនិច្ឆ័យ គឺជារឿងមួយមិនល្អ ហើយយើងសួរសំណួរមួយថាតើដើម្បីទៅដល់គោលដៅ ត្រូវធ្វើដូចម្ដេច ឬមួយក៏យើងអង្គុយទើស! អង្គុយរិះគន់ឬមួយក៏យើងនាំគ្នាធ្វើសកម្មភាពបន្ត។ យើងដឹងយើងយល់ថា លំហប្រជាធិបតេយ្យនៅចង្អៀត លំហសិទ្ធិសេរីភាពនៅមានកម្រិត ការគោរពនីតិរដ្ឋ តុលាការនៅមានកម្រិត ក៏ប៉ុន្តែយើងសួរថាតើយើងតស៊ូមតិបន្តទៀត ឬមួយក៏យើងនៅស្ងៀមដោយពុំធ្វើអី។ ម្នាក់ៗសុទ្ធតែយល់ថា គ្មានអ្វីធ្លាក់ពីលើមេឃ ប្រជាធិបតេយ្យគេមិនដាក់ជើងពានឱ្យ សុទ្ធតែដឹងថាសិទ្ធិសេរីភាព បើយើងមិនទាមទារបានខិតខំ គឺនឹងមិនមាន ដូច្នេះយើងស្វាគមន៍មតិរិះគន់ តែការធ្វើបុរេវិនិច្ឆ័យ គឺជារឿងមួយដ៏អាក្រក់ជាទីបំផុត»។
រីឯ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ការបន្តជីរិតនយោបាយថ្មីនេះ ជាសិទ្ធិនយោបាយរបស់បុគ្គល ដែលគេអាចជ្រើសរើសបក្សណាមួយដែលពួកគេពេញចិត្ត។
យ៉ាងណា លោកថា ផ្នត់គំនិតអ្នកប្រជាធិបតេយ្យហាក់មិនទាន់ឯកភាពគ្នានៅឡើយ ធ្វើឱ្យពួកគេរកច្រកចេញរៀងៗខ្លួន ដើម្បីដោះស្រាយវិបិត្តសង្គមតាមទស្សនៈនយោបាយរៀងៗខ្លួន ហើយការមិនអាចរួបរួមគ្នានេះ លោកថា នឹងធ្វើឱ្យកម្លាំងអ្នកប្រជាធិបតេយ្យកាន់តែចុះខ្សោយ។
លោកថា៖ «អ្នកប្រជាធិបតេយ្យអាចនឹងបាត់សំឡេងតែម្ដង បើសិនជាមានការពន្យាពេលនៅក្នុងការបង្រួបបង្រួមកម្លាំង ដើម្បីប្រកួតប្រជែងតាមរយៈការបោះឆ្នោតមួយ នៅក្នុងពេលខាងមុខហ្នឹង»។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនជនកម្ពុជា លោក ជា ធីរិទ្ធិ ហាក់មិនចាប់អារម្មណ៍ចំពោះការចួលប្រឡូកក្នុងទីលាននយោបាយឡើងវិញ របស់ក្រុមអ្នកនយោបាយមកពីគណបក្សសង្រ្គោះជាតិនេះទេ។
លោកថា៖ «ខ្ញុំសុំឆ្លើយដោយខ្លីថា វាគ្មានការព្រួយបារម្ភអីទេ ការបង្កើតគណបក្សនយោបាយឲ្យស្របតាមច្បាប់ទៅ! អាហ្នឹងហើយដែលបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជានោះ អ៊ីចឹងចង់បង្កើតបក្សចង់ធ្វើអី ធ្វើទៅ កុំឲ្យតែខុសច្បាប់ ហើយវាគ្មានការព្រួយបារម្ភអីទេ សម្រាប់គណបក្សកាន់អំណាច គឺយើងស្វាគមន៍ចំពោះគណបក្សណាដែលបង្កើតឡើងមកហើយ ធ្វើសកម្មភាពស្របច្បាប់ទៅ វាជារឿងមួយល្អ សម្រាប់ប្រជាធិបតេយ្យ»។
រីឯ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត បញ្ចេញមតិលើហ្វេសប៊ុកលោកថា ក្នុងការដាក់ចេញផែនការតាមកម្ទេចកម្លាំងប្រឆាំង ឱ្យដាច់ជាកង់ៗ និងបំបែកបន្ថែម មិនឱ្យវិលរកគ្នាបាន ជាផែនការដែល លោក ហ៊ុន សែន តម្រូវឱ្យអនុវត្តដោយគ្មានការលើកលែង។
លោកបន្តថា ជាការឆ្លើយតបនឹងផែនការនេះ ចលនានយោបាយប្រឆាំងត្រូវចេះលេងនយោបាយ ដោយខាងក្រៅ និងខាងក្នុង បំពេញកិច្ចការតាមតួនាទី និងការទទួលខុសត្រូវរៀងៗខ្លួន និងប្រើនយោបាយប្រកបដោយសីលធម៌ជាមូលដ្ឋាន។ ការពង្រីកសេរីភាព និងរៀបចំផែនការយុទ្ធសាស្ដ្រច្បាស់លាស់ គួរកំណត់ជាអាទិភាព និងត្រូវតែមានសម្រាប់ដំណើរនយោបាយ។
សម្រាប់ លោក វ៉ន ចាន់ឡូត លោក ហ៊ុន សែន បានចាត់ទុកកម្លាំងប្រឆាំងជាសត្រូវសួរពូជ បើធៀបនឹងការឈ្លានពានថៃ ដែលលោក ហ៊ុន សែន មិនសូវព្រួយបារម្ភសោះឡើយ។ សត្រូវសួរពូជនេះ ដោយសារតែកម្លាំងប្រឆាំងអាចនឹងដណ្ដើមអំណាច។ តាមពិតការដណ្ដើមអំណាចតាមបែបផែនប្រជាធិបតេយ្យ ជាគោលការណ៍ទូទៅទៅហើយ ប៉ុន្ដែលោក ហ៊ុន សែន ដាច់ខាតមិនអាចចាញ់បានទេ។
ព្រឹត្តិការណ៍នយោបាយ ដែលគេមើលឃើញថា ដែលជិតទាញទម្លាក់កៅអីកំពូលរបស់ លោក ហ៊ុន សែន គឺបានកើតឡើងក្នុងឆ្នាំ២០១៧ ក្រោយមានការរួមគ្នារវាងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយ លោក កឹម សុខា និងគណបក្សសមរង្ស៊ី របស់លោក សម រង្ស៊ី ដែលបង្កើតបានជាគណបក្សសង្រ្គោះជាតិ។
អំឡុងពេលនោះ គណបក្សសង្គ្រោះជាតិដណ្តើមបានអាសនៈនៅឃុំ សង្កាត់ ជិតពាក់កណ្តាល ពីគណបក្សប្រជាជនកម្ពុជា ដែលបរិបទនេះ អ្នកតាមដានសង្គមចាត់ទុកថា គណបក្សប្រឆាំងបានគាស់រំលើងឫសកែវគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែក្រោយមក តុលាការកំពូល បានចេញសាលដីការំលាយគណបក្សដែលមានអ្នកគាំទ្រជិតកន្លះប្រទេសនេះ ចេញពីឆាកនយោបាយ នៅចុងឆ្នាំ២០១៧ ។
សាលក្រមរំលាយគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានលោក ឌិត មន្ទី ជាប្រធានជំនុំជម្រះ ខណៈលោក ឌិត មន្ទី ពេលនោះ ជាប្រធានតុលាការកំពូល និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមាន លោក ហ៊ុន សែន ជាប្រធាន។
នៅអាណត្តិថ្មីនេះ លោក ជីវ កេង ត្រូវបានតែងតាំងជាប្រធានតុលាការកំពូល ជំនួសលោក ឌិត មន្ទី ដែលលោក ជីវ កេង ជាចៅក្រមមួយរូបក្នុងចំណោម៩រូប បានចូលរួមកាត់ក្តីឱ្យរំលាយគណបក្សសង្គ្រោះជាតិពេលនោះដែរ ខណៈលោក ជីវ កេង ពេលនេះ ក៏ជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ក្រោមអំណាចសាលដីការរំលាយរបស់តុលាការកំពូលពេលនោះ ធ្វើឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃុំខ្លួន ដោយចោទថាឃុបឃិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល ចំណែកលោក សម រង្ស៊ី វិញបាននិរទេសខ្លួនទៅក្រៅប្រទេសរហូតមកដល់សព្វថ្ងៃនេះ។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការទីក្រុងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស ដោយឃុំខ្លួននៅក្នុងផ្ទះ ចំនួន២៧ឆ្នាំ ខណៈសមត្ថកិច្ចចាប់ខ្លួនគាត់ ទាំងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
បច្ចុប្បន្ន តុលាការនៅបន្តដកសិទ្ធិធ្វើនយោបាយ លោក កឹម សុខា និងបន្តឱ្យឃុំខ្លួននៅក្នុងផ្ទះ ទោះ សហរដ្ឋអាមេរិកចាត់ទុកដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយ ផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌កម្ពុជាក្តី៕









