លោកប្រធានាធិបតី ឡៃ ឈីងតឺ បាននិយាយនៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា តៃវ៉ាន់នឹងបង្ហាញកញ្ចប់ថវិកាការពារជាតិបន្ថែមចំនួន ៤០ពាន់លានដុល្លារ ដើម្បីបញ្ជាក់អំពីការប្តេជ្ញាក្នុងការការពារខ្លួន នៅពេលប្រឈមនឹងការគំរាមកំហែងដែលកើនឡើងពីសំណាក់ប្រទេសចិន។
សារព័ត៌មានស៊ីអ៊ែនអេ(CNA) បានចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ប្រទេសចិនដែលចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះដើម្បីអះអាងការទាមទាររបស់ខ្លួន ដែលក្រុងតៃប៉ិបដិសេធយ៉ាងដាច់អហង្កា។
ប្រភពបន្តថា ខណៈកោះតៃវ៉ាន់ប្រឈមនឹងការអំពាវនាវពីទីក្រុងវ៉ាស៊ីនតោន(Washington) ឱ្យចំណាយបន្ថែមទៀតលើការការពារខ្លួន ដោយឆ្លុះបញ្ចាំងអំពីសម្ពាធសហរដ្ឋអាមេរិកមកលើអឺរ៉ុប លោក ឡៃ បាននិយាយនៅក្នុងខែសីហាថា លោកសង្ឃឹមថា នឹងមានការបង្កើនការចំណាយក្នុងវិស័យការពារជាតិរហូតដល់ ៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០៣០។
លោករដ្ឋមន្ត្រីការបរទេស វែលលីងថុន កូ(Wellington Koo) បាននិយាយថា កញ្ចប់ថវិកាដែលនឹងដំណើរការពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៣ នឹងគ្របដណ្តប់លើកាំជ្រួច(missiles) និងយន្តហោះគ្មានមនុស្សបើក(drones) ព្រមទាំងប្រព័ន្ធការពារដែនអាកាសថ្មីធីដូម‘‘T-Dome’’។
លោក ឡៃ ដែលបានប្រកាសជាលើកដំបូងអំពីផែនការចំណាយថ្មីក្នុងកាសែត វ៉ាស៊ីនតោន ផុស(Washington Post) នៅថ្ងៃអង្គារ បាននិយាយថា តៃវ៉ាន់កំពុងបង្ហាញការប្តេជ្ញាចិត្តក្នុងការការពារខ្លួន។
លោកបន្ថែមថា ‘‘វាគឺជាការតស៊ូរវាងការការពារប្រជាធិបតេយ្យតៃវ៉ាន់ និងការបដិសេធមិនព្រមចុះចូល ដើម្បីក្លាយជា ‘តៃវ៉ាន់របស់ចិន’ ជាជាងគ្រាន់តែតស៊ូជាមួយមនោគមន៍វិជ្ជាឬជម្លោះលើការបង្រួបបង្រួមនឹងឯករាជ្យភាព’’។
តៃវ៉ាន់ កំពុងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីជំរុញយុទ្ធសាស្រ្ត‘‘ភាពមិនស៊ីសង្វាក់’’ ទៅនឹងសង្រ្គាមដើម្បីធ្វើឱ្យកងកម្លាំងរបស់ខ្លួន ដែលមានទំហំតូចជាងចិន មានភាពរហ័សរហួន អាចវាយប្រហារបានខ្លាំង និងមានគោលដៅច្បាស់លាស់។
ការប្រកាសរបស់ លោក ឡៃ កើតឡើងនៅពេលប្រទេសចិន និងជប៉ុន ដែលកំពុងជាប់ពាក់ព័ន្ធនឹងជម្លោះដ៏ល្វីងជូរចត់ អំពីតៃវ៉ាន់ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន សាណាអេ តាកាអ៊ីឈិ បាននិយាយថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់អាចបង្កឱ្យមានសកម្មភាពយោធាជប៉ុន៕









