កូរ៉េដាក់ទណ្ឌកម្មឧកញ៉ា ហ៊ុន តូ​ និងក្រុ​ម​ហ៊ុន​ជាង​១៣០​ទៀត​ជុំវិញ​បទ​ឧក្រិដ្ឋ​ឆបោក​ឆ្លង​ដែន

ប្រទេស​កូរ៉េខា​ង​ត្បួង ថ្មីៗ​នេះ​បន្ត​ដាក់​ទណ្ឌ​កម្ម​លើ​ឧកញ៉ា ហ៊ុន តូ រួម​ទាំង​បណ្តាញ​ទីផ្សារ​ងងឹត​ពាក់​ព័ន្ធ​ឧស្សាហ​កម្ម​ឆបោក​អន​ឡាញ​ចំនួន​១៣២​ស្ថាប័ន​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​មាន​ចំណាត់​ការ​លើ​មេឧក្រិដ្ឋ​ជន​ធំៗ ដែល​អន្តរ​ជាតិ​រក​ឃើញ​នៅ​ជុំវិ​ញ​មេដឹក​នាំគ្រួសារ​ហ៊ុន។

ការណ៍​នេះ អ្នកឃ្លាំមើលថា ការ​បង្រ្កាបបទ​ឧក្រិដ្ឋ​ឆបោក​នៅ​កម្ពុជា​មិន​ជោគ​ជ័យ​ទេ ហើយ​វានឹង​បង្ក​ផល​ប៉ះពា​ល់​ដល់​ជីវភាព​ពលរដ្ឋ​ខ្មែរ​ទូទាំង​​ប្រទេស បើ​មេខ្លោង​ឧក្រិដ្ឋ​ជន​ធំៗ​ទាំង​​នោះបន្ត​រស់​នៅក្រៅ​​សំណាញ់​ច្បាប់។

ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បត្តិ៍ បាន​ដាក់ទ​ណ្ឌក​ម្មលើ​ក្រុ​ម​ហ៊ុន Prince Group របស់​ឧកញ៉ា ចេន ហ្ស៊ី  និង​ក្រុម​ហ៊ុន Huione Group របស់​លោក​ឧកញ៉ា ហ៊ុន តូ រួម​ទាំង​បណ្តាញ​ទីផ្សារ​ងងឹត​ពាក់​ព័ន្ធ​ឧស្សាហ​កម្ម​ឆបោក​អន​ឡាញ​ជាច្រើន​ទៀត។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង The Korea herald នៅថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា បាន​រាយ​ការណ៍​ថា រដ្ឋាភិបាល​កូរ៉េខា​ង​ត្បូង​បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​លើ​បុគ្គល​១៥​រូប និង​​ស្ថាប័ន​ចំនួន ១៣២​ទៀត​នៅ​កម្ពុជា ពាក់​ព័ន្ធ​នឹង​ឧហ្សាហ​កម្ម​ឆបោក​អន​ឡាញ។

ជុំវិញ​រឿង​នេះ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែល​បច្ចុប្បន្ន​ចូល​រួម​នយោ​បាយជាមួយ​គណបក្ស​ប្រជាធិ​បតេយ្យ​ជឿន​លឿន លោក សួន សូរីដា យល់​ថា ការ​ដាក់​ទណ្ឌ​កម្ម​នេះ ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែស្អុ​យ​ឈ្មោះ​​លើ​ឆាក​អន្តរ​ជាតិ ប៉ះ​ពាល់​ដល់​វិស័យ​ទេស​ចរណ៍ និង​សេដ្ឋ​កិច្ច​ថែម​ទៀត។

លោកថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ននេះ ដង្ហើមសេដ្ឋកិច្ចនៅកម្ពុជា គឺ​ពឹ​ងផ្អែក​មួយ​ភាគ​ធំ​ទៅ​លើ​វិស័យទេ​ស​ចរណ៍។ ចឹង​បើ​សិន​ជាភ្ញៀ​វទេ​សចរ​មិន​ចូល​មក​លេង​កម្សាន្ត ដើម្បី​នាំយ​ក​លុយ​មក​ចាយ​នៅ​ស្រុក​ខ្មែរ​ទេ សេដ្ឋ​កិច្ច​នៅក​ម្ពុជា​ គឺ​មិនអា​ច​ស្ដារ​ឲ្យរួ​ចពី​វិ​បត្តិ​សេដ្ឋកិ​ច្ច​ នៅ​កម្ពុជា​សព្វថ្ងៃនេះ​​ទេ។ រឿង​ទី២ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ដែល​ប្រឡូក​ប្រឡាក់​ទៅ​នឹង​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​មនុស្ស និង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ច្រើន វា​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​នឹង​មិន​បោះ​ទុន​រក​ស៊ីនៅ​ស្រុក​ខ្មែរ​ទេ។ កាល​ណាមិ​ន​បណ្ដាក់​ទុន​រក​ស៊ី​នៅ​ស្រុក​ខ្មែរ! វិស័​យកា​រ​ងារ​ក៏​អត់ ​ដូច្នេះ​ប្រជាពលរដ្ឋ​នឹង​មាន​ជីវភាព​កាន់​តែ​ធ្លា​ក់​ចុះ​មួយ​កម្រិត​ គួប​ផ្សំនឹ​ងវិ​បត្តិ​បំណុល​ថែម​ទៀត ខ្ញុំ​គិត​ថា កម្រិត​​ជីវភាព​របស់​ប្រជា​ព​លរដ្ឋ​នឹង​ធ្ងន់​ទៅៗ»។

លោកបន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវបើកការស៊ើបអង្កេត​​លើបុគ្គលដែល​អន្តរ​ជាតិ​ជាតិ​ រក​ឃើញ​ទាំង​នោះ ដើម្បី​កុំឱ្យ​រ​ងកា​រ​សង្ស័យ​ពី​ពលរដ្ឋ​ខ្មែរ​ផង និង​អន្តរ​ជាតិ​ផង​​ថា រដ្ឋាភិបាល​កម្ពុជា​នៅពី​ក្រោយ​ឧហ្សាហ​កម្ម​ឆបោក​ទាំង​នោះ។​

ជាងនេះទៀត លោកថា រឿងឧក្រិដ្ឋកម្មជួញដូរមនុស្ស​ឆបោក​តាម​អន​ឡាញ​នេះ គឺ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រទេស​នានា​លើ​ពិភព​លោក ដែល​សហគមន៍​អន្តរ​ជាតិ​នឹង​បន្ត​មាន​វិធាន​ការ​ថែម​ទៀត​លើ​កម្ពុជា បើ​មិន​អាច​បោស​សម្អាត​បទ​ឧក្រិដ្ឋ​ឆបោក​នេះ​បាន។

លោកថា៖ «បើសិនជាយើងចង់ដោះស្រាយបញ្ហាហ្នឹងឲ្យត្រូវ! ឱ្យវាមាន​ប្រសិទ្ធ​ភាព​ ចាំបាច់ណាស់​ត្រូវ​តែរ​ក​អ្នក​ណា​ដែ​ល​ជា​មេគំនិត​ដូច​ខ្មែរ​យើង​ថា បើ​សិន​ជាវា​យព​ស់!​ គេ​វា​យឱ្យ​​ចំក្បាល​ពស់ គេ​អត់​ចាប់​ខ្នង ឬ​ចាប់​កន្ទុយ​ទេ អាហ្នឹង​វាអត់មា​នប្រ​សិទ្ធ​​ភាព​ក្នុង​ការ​ចាប់​ពស់​នោះ​ទេ អ៊ីចឹង​គេត្រូ​វធ្វើ​ម៉េច​ចាប់​ក្បាល​ពស់ ដូចគ្នា​អ៊ីចឹង​គេច​ង្អុល​បង្ហាញ​​ចំៗ​ម៉ង​ទៅ​លើ​បុគ្គល​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ហ្នឹង។ ដូច្នេះ​ប្រសិន​បើយើង​គ្រាន់​តែ​ចាប់​បុគ្គលិ​ក​ ឬក៏​អ្ន​ក​ដែលបា​ន​បម្រើ​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​ហ្នឹង! មិន​អាច​លុប​បំបាត់​ ឬក៏​ធ្វើ​ឲ្យឧ​ក្រិដ្ឋក​ម្មជួ​ញដូ​រ​មនុស្ស​ឆបោក​នៅប្រទេស​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​នេះ​បាន​ទេ»។

ដោយឡែក ថ្មីៗនេះ កាសែត CNA ​បាន​ចុះ​ផ្សាយ​ការ​អត្ថាធិប្បាយ​​​មួយ ​ក្រោម​​ចំណង​​ជើង​​ថា «អំពើ​ឆបោក​​នៅ​​កម្ពុជា​​មិន​ទៅ​ណា​​​ឆ្ងាយ​ទេ ដោយសារ​​ប្រតិ​បត្តិ​ការ​របស់​សមត្ថកិច្ច​​បង្ក្រាប​បាន​តែ​បុគ្គល​តូច​តាច» និង​ថា «ប្រតិ​បត្តិ​​ការ​​​នេះ គ្រាន់​តែ​ចង់​បង្ហាញ​ថា សមត្ថកិច្ច​​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ប៉ុណ្ណោះ»។

ជុំវិញកា​រលើកឡើ​ងនេះ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី​២៦ ខែវិច្ឆិកា ចាត់​ទុក​ការ​​ធ្វើ​អ​ត្ថា​ធិប្បាយ​​នេះ ​មិ​នបា​ន​​ឆ្លុះ​បញ្ចាំង​​​​ពី​ការ​​ពិត​ និង​ការ​ខិត​ខំប្រឹងប្រែង​របស់​សមត្ថកិច្ច​កម្ពុជា និង​សមត្ថ​កិច្ច​​អន្ត​រ​ជាតិ ដែលបាន​និង​​​​កំពុង​ដោះស្រាយ​​និងបង្ក្រាប​បទល្មើស​​ប្រភេទនេះ​​ ត្បិតកម្ពុជា​​​ក៏ជា​ប្រទេស​​រ​ងគ្រោះ​មួយ​ដែរ។

ក្រសួង​ថា ការចុះផ្សាយនេះ ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កម្ពុជា​​ទេ ប៉ុន្តែ​​ប៉ះពា​ល់​​ដល់​​​ក្រុម​ការ​​ងារ​នៃ​​ប្រទេស​​ជា​​ដៃ​​គូថែ​ម​ទៀត ដែល​​បាន​​ផ្តល់​​កិច្ច​​សហ​ប្រតិបត្តិ​​ការ​យ៉ាង​​សកម្ម ​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ឧក្រិដ្ឋ​កម្មឆ្លង​ដែន​នេះ។​

ទោះជាបែបណា សម្រាប់ អ្នក​តាម​ដាន​ភូមិ​សា​ស្ត្រនយោបាយ​នៅ​​តំបន់​​អាស៊ី ​និ​ងប៉ា​ស៊ីហ្វិក លោក សេង វណ្ណលី យល់​ថា ការ​ដាក់​ទណ្ឌ​កម្ម​ជា​ថ្មី​ទៀត​របស់​កូរ៉េ​លើ​ក្រុម​ហ៊ុន លោក ចេនហ្ស៊ី និង​ឧកញ៉ា ហ៊ុន តូ ក្មួ​យលោ​ក ហ៊ុន សែន នេះ ជា​ភស្តុតាង​បង្ហាញ​ថា វិធាន​ការ​បង្រ្កាប​ក្រុម​ឧក្រិដ្ឋ​ជន​របស់​រដ្ឋាភិ​បាល​កម្ពុជា ហាក់​គ្មាន​ប្រសិទ្ធិ​ភាព​ទេ។

លោកថា ចំណាត់ការបង្រ្កាបរបស់រដ្ឋាភិបាលកម្ពុជា​នាពេល​កន្លង​ទៅ ហាក់​ធ្វើឡើ​ងគ្រាន់​តែ បំភ័ន្ត​មតិ​ជាតិ និង​អន្តរ​ជាតិ​តែ​ប៉ុណ្ណោះ។

លោកថា៖ «វាជារឿងដែលគួរអាម៉ាស់បំផុត ដែល​រដ្ឋាភិបាល​មិន​អាច​ចាត់​វិធាន​ការ​ទៅ​លើ​បុគ្គល​ ដែល​មាន​ឈ្មោះ ដែ​​លរដ្ឋប​រទេ​ស​គេ​បាន​រក​ឃើញ​ភ័ស្តុតា​ង​ ផ្តល់​ជា​បញ្ជី​ហើយ​រហូត​ដល់​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ រឹប​អូស​លុយ​ដែល​ផ្ញើ​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ រហូត​ដល់​បិទ​ប្រតិ​បត្តិ​ការ​របស់​ក្រុម​ហ៊ុន​មួយ​ចំនួន! ហើយ​យើង​ឃើញ​ហើយ​ថា​កូរ៉េ​ខាង​ត្បូង​ថ្មីៗ​នេះ គឺ​ជា​ភ័ស្តុ​តាង​មួយ​បន្ថែម​ទៀត​ ច្បាស់​ថា ប្រតិបត្តិក​រ​ឬក៏​ជន​ឆបោក ឬបុ​គ្គល​ដែល​នៅ​ពី​ក្រោយ​កា​រ​ឆបោក ​ដែ​លបើ​ក​ក្រុម​ហ៊ុន​រក​ស៊ី​ពី​បញ្ហា​ឆបោក​នេះ នៅតែ​ប​ន្តរួ​ច​ខ្លួន​ហើយ​អត់​ទាន់​មាន​ចំណាត់​ការ​ណាមួ​យដែ​ល​មាន​ប្រសិទ្ធ​ភាព ពីរ​ដ្ឋាភិបាល​ភ្នំពេញ​នៅ​ឡើយ​ទេ»។

សម្រាប់ លោក សេង វណ្ណលី សហគមន៍អន្តរជាតិនឹងបន្តដាក់ទណ្ឌកម្មបន្ថែម និង​​ដាក់​សម្ពាធកាន់​​តែ​ខ្លាំង​លើកម្ពុជា បើ​មេខ្លោង​​ធំៗ​​ដែ​លគេ​រ​ក​ឃើញ​នោះ បន្ត​រ​ស់​នៅ​ក្រៅ​សំណាញ់​ច្បាប់។

លោក​ថា៖ «ហើយខ្ញុំគិតថា បើសិនជានឹងបន្តរបៀបនេះកម្ពុជា នឹង​បាត់​បង់​ទំនុក​ចិត្ត​នៅ​ក្នុង​ចំណោម​អ្នក​វិនិយោគ​​មិន​ទាន់​ត្រឹម​តែ​​នៅក្នុ​ង​ស្រុក​ទេ! សូម្បី​តែ​បរទេស​ដែល​មាន​គោល​បំណង​ក្នុង​ការ​ចង់​រក​ស៊ី​នៅ​ស្រុក​ខ្មែរ ក៏អា​ចខ្លា​ច​រអាអំ​ពី​ក្រុម​ហ៊ុន​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រក​ស៊ីតា​ម​អន​ឡាញ និង​ការ​លាង​លុយ​កខ្វក់​ផង​ដែរ»។

មនុសុ្សជំនិតៗនៅជុំវិញលោក ហ៊ុន សែន រួម​មាន ឧកញ៉ា ចេន ហ្ស៊ី ឧកញ៉ា លី យ៉ុង​ផាត់ ឧកញ៉ា កុក អាន និង​ឧកញ៉ា​ទ្រី ភាព ជាដើម សុទ្ធ​តែ​ជាប់​ឈ្មោះ​​ក្នុង​​ទណ្ឌ​កម្ម ឬ​បញ្ជី​ខ្មៅ​អាមេ​រិក ជុំវិញ​បទ​ឧក្រិដ្ឋ​ឆបោក និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ជុំវិញបញ្ហានេះ ស្ថាប័នអន្តរជាតិជាច្រើន បានលើកឡើងថា រដ្ឋាភិបាល​​កម្ពុជា ទំនង​​​ជា​​មិន​​អាច​កម្ទេច​ និង​ទប់​ស្កាត់​ឧស្សាហក​ម្ម​ឆបោក​តាម​អ៊ីន​ធឺណិត ​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​បាន​នោះ​ទេ ដោយ​សារ​តែ​​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់​សំខាន់ៗ​​របស់​រដ្ឋាភិ​បាល និង​គណ​បក្ស​ប្រជាជន​ជាប់​​ពាក់​ព័ន្ធ​ដោយ​ត្រង់​ និង​ដោយ​ប្រយោល​ជាមួយ​ឧស្សាហ​កម្ម​កខ្វក់​នេះ។

របាយការណ៍ «ស្តីពីការជួញដូរមនុស្ស ឆ្នាំ២០២៥ (TIP)» ចុះផ្សាយនៅថ្ងៃ​ទី​៣០ ខែ​​កញ្ញា ឆ្នាំ​២០២៥ ​រក​​ឃើញ​​​ថា “មន្ត្រី​​ជាន់​​ខ្ពស់ និង​​ទីប្រឹក្សា​​រដ្ឋាភិ​បាល​​ទទួល​​បាន​​អត្ថ​​ប្រយោជន៍​​ផ្នែក​ហិរញ្ញ​​វត្ថុ​​ពី​ឧក្រិដ្ឋ​​កម្ម​​ជួញ​ដូរ​មនុស្ស និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ រួម​ទាំង​ជាម្ចា​ស់​កម្ម​សិទ្ធិ​នៃ​ទីតាំង​ប្រតិ​បត្តិ​​ការ​ឆបោក​ទាំង​នោះ។ ការ​គប់គិត​​គ្នាជា​ផ្លូវ​ការ​នៅ​គ្រប់​កម្រិត​រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់ បាន​រារាំង​សកម្ម​ភាព​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​មនុស្ស ដែល​នៅ​តែ​រីក​រាល​ដាល​នៅ​ឆ្នាំ​នេះ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ