អ្នកធ្វើការលើវិស័យសារព័ត៌មាន និងអ្នកនយោបាយ ដែលមិនចំណុះឱ្យរដ្ឋាភិបាល ហៅការដែលក្រសួងព័ត៌មាន ចេញប្រកាសកំណត់លក្ខខណ្ឌ លើអ្នកសារព័ត៌មាន ក្រោមហេតុផលថា ដើម្បីតម្រង់ទិសវិជ្ជាជីវៈសារព័ត៌មាន គ្រាន់តែជាលេស ដើម្បីបិទបាំងកំហុសអ្នកនយោបាយ ដែលមិនហ៊ានប្រកួតអំណាចតាមយន្តការប្រជាធិបតេយ្យប៉ុណ្ណោះ។
ការលើកឡើងនេះ ក៏ស៊ីគ្នាទៅនឹងការសិក្សាថ្មីៗ រកឃើញថា ច្បាប់មួយចំនួនដែលបានបង្កើតច្បាប់ ជាឧបករណ៍បម្រើផលប្រយោជន៍បុគ្គល ឬផលប្រយោជន៍នយោបាយ គំរាមកំហែងដល់សេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយគណបក្សមិនចំណុះឱ្យរដ្ឋាភិបាល។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រសួងព័ត៌មាន បានប្រកាសស្តីពីលក្ខខណ្ឌគុណវុឌ្ឍ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្រោមហេតុផលថា ដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សម្រាប់សាធារណជន។
លក្ខខណ្ឌនោះ «នាយកការផ្សាយ និងនិពន្ធនាយក» គឺត្រូវមានអាយុចាប់ពី២៥ឆ្នាំឡើង មានគុណវុឌ្ឍិ និងមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ។
ហើយមុខតំណែង«ចាងហ្វាងការផ្សាយ/នាយកការផ្សាយ និងនិពន្ធនាយក» នេះ ក៏ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពីក្រសួងព័ត៌មានឬស្ថាប័នដែលមានការទទួលស្គាល់ពីក្រសួងព័ត៌មាន និង/ឬត្រូវឆ្លងកាត់ការវាយតម្លៃកម្រិតចំណេះដឹងពីក្រសួងព័ត៌មាន។
ជុំវិញបញ្ហានេះ នាយកប្រតិបត្តិវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី លោក ប៉ា ងួនទៀង ចាត់ទុកការប្រកាសរបស់ក្រសួងព័ត៌មាន ជាចេតនាទុច្ចរិត ដើម្បីរិតត្បិតសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា។
លោកអះអាងថា ការធ្វើបែបនេះ ច្បាស់ណាស់ជាចេតនាគំរាមគំហែងដល់អ្នកសារព័ត៌មានឯករាជ្យ មិនឱ្យហ៊ានលាតត្រដាង ឬនិយាយការពិតពីសង្គមកម្ពុជា គឺដើម្បីជួយបិទបាំងទង្វើទុច្ចរិតរបស់មេដឹកនាំ។
លោកថា៖ «យើងមើលទៅលើទិដ្ឋភាពនៃការបង្ក្រាបរបស់រដ្ឋាភិបាល ទិដ្ឋភាពចំណាត់ការផ្លូវច្បាប់រដ្ឋាភិបាល ឧទាហរណ៍ដូចក្រសួងព័ត៌មាននេះ ចេញមកឯកសារអ៊ីចឹងៗ មានភាពស្របច្បាប់អីណា គឺសូម្បីច្បាប់បានហាមឃាត់ក៏ដោយ ហើយច្បាប់មិនតម្រូវឲ្យអ្នកសារព័ត៌មានមានសញ្ញាបត្របរិញ្ញាបត្រអីខ្លះ ក្រសួងព័ត៌មានចេញអីស្រេចចិត្តហ្នឹង ហើយវាធ្វើការនិងវិធានការ និងការបង្ក្រាបហ្នឹង យើងឃើញជាក់ស្តែងគឺសេរីភាពសារព័ត៌មាននៃប្រទេសកម្ពុជា កំពុងតែដុនដាប ហើយធ្លាក់ចុះជាបន្តបន្ទាប់ហើយចំណុចមួយទៀត ដែលច្បាស់លាស់គឺយុន្តការនៃការការពារអ្នកសារព័ត៌មានយើង ឧទាហរណ៍តុលាការមិនឯករាជ្យគ្មានប្រព័ន្ធការពារអ្នកសារព័ត៌មានដោយឯករាជ្យ»។
ប្រហែលគ្នានេះដែរ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី បារម្ភថា លក្ខខណ្ឌតម្រូវការច្រើនរបស់ក្រសួង នឹងធ្វើឱ្យវិស័យព័ត៌មានឯករាជ្យកាន់រួមតូចចង្អៀតខ្លាំង។
លោកថា ការតម្រូវឱ្យអ្នកសារព័ត៌មាន និពន្ធនាយក មានកំរិតវប្បធម៌ខ្ពស់ សញ្ញាបត្រខ្ពស់ជារឿងល្អ ប៉ុន្តែមិនអាចកំណត់ឬដាក់លក្ខខណ្ឌថាគ្រប់អ្នកសារព័ត៌មាន និពន្ធនាយក ត្រូវតែមានសញ្ញាបត្រនោះទេ។
លោកថា៖ «លក្ខខណ្ឌតម្រូវដើម្បីឲ្យមានគុណវុឌ្ឍគ្រប់គ្រាន់ នៅក្នុងការអនុវត្តការងារនៅក្នុងវិស័យសារព័ត៌មាននេះ វានឹងរុញឱ្យមានផលប៉ះពាល់ជាអវិជ្ជមានច្រើន ទៅដល់អ្នកដែលកំពុងតែប្រកបវិជ្ជាជីវៈសារព័ត៌មានផង ទៅលើអ្នកដែលល្អជាអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ហើយអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមផងដែរ ដោយសារតែលក្ខខណ្ឌចាំបាច់ដែលបានតម្រូវនៅក្នុងប្រកាសនេះ គឺថាសម្រាប់ខ្ញុំគឺធ្ងន់ធ្ងរបាទ ធ្ងន់ធ្ងរហើយមានការតម្រូវនិងទាមទារច្រើន»។
ចំណែក អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆៃ និយាយថា តាមការអង្កេតរបស់លោក សេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិត្រូវបានរឹតបន្តឹង និងរិតត្បិតក្រោយរំលាយបក្សប្រឆាំងឆ្នាំ២០១៧។
លោកបារម្ភថា ការបន្តយាយីសេរីភាពសារព័ត៌មាន ឬការរិតត្បិតសិទ្ធិសេរីភាពព័ត៌មាននឹងធ្វើឱ្យសង្គមជាតិកាន់តែប្រឈមគ្រោះថ្នាក់ បាត់បង់ទំនុកចិត្តដែលពលរដ្ឋមិនទទួលបានព័ត៌មានពិតពីសង្គមផ្ទាល់។
លោកថា៖ «ខ្ញុំចង់ឃើញអ្នកដឹកនាំប្រទេសគោរពរដ្ឋធម្មនុញ្ញដែលយើងមាន ព្រោះរដ្ឋធម្មនុញ្ញគេបានបញ្ជាក់ណាស់ អំពីសិទ្ធិនៃការបញ្ចេញមតិសិទ្ធិសារព័ត៌មានអីជាដើម គេត្រូវគោរពអ្វីដែលជាមូលដ្ឋានច្បាប់កំពូលរបស់ប្រទេសនេះ ហើយទីពីរត្រូវយល់ថា វាមានប្រយោជន៍ដល់សង្គម ព័ត៌មានដែលផ្សាយវាមានប្រយោជន៍ដល់សង្គម វាជួយឆ្លុះបញ្ចាំងលើការទទួលខុសត្រូវ នឹងស្ថានភាពពិតប្រាកដ ដើម្បីឲ្យអ្នកដឹកនាំនឹងងាយនឹងដោះស្រាយបញ្ហា»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា កំឡុងពេលប្រទេសជាតិកំពុងជួបវិបត្តិឈ្លានពានទឹកដី និងអំពើឧក្រិដ្ឋកម្មឆបោកបែបនេះ ថ្នាក់ដឹកនាំគួរបើកលំហរសេរីភាពព័ត៌មាន។
លោកបន្តថា កំឡុងពេលប្រទេសជាតិកំពុងជួបវិបត្តិចាក់ស្រែះបែបនេះ ថ្នាក់ដឹកនាំមិនគួររឹតបន្តឹង ឬដាក់សម្ពាធសារព័ត៌មានឯករាជ្យឱ្យតម្រូវមានលក្ខខណ្ឌច្រើនពេកទេ ដែលបង្កការលំបាកដល់ពួកគេ។
លោកថា៖ «យើងគ្រាន់តែចង់ឃើញរដ្ឋាភិបាលបើកលំហសារព័ត៌មាន សេរីភាពសារព័ត៌មានឲ្យបានទូលំទូលាយ ពីព្រោះថាការបើកនូវលំហសេរីភាពសារព័ត៌មានទូលំទូលាយ វាមិនមែនជារឿងមួយដែលខាតប្រយោជន៍សង្គមទេ ពីព្រោះថាវាអាចទទួលបាននូវអត្ថប្រយោជន៍ច្រើន ពីព្រោះថាសូម្បីតែរដ្ឋាភិបាលក៏ត្រូវការព័ត៌មានដែលត្រឹមត្រូវ ព័ត៌មានដែលឯករាជ្យដែរ ដើម្បីយកមកធ្វើការឆ្លុះបញ្ចាំង ដែលគេថាជាកញ្ចក់មួយ សម្រាប់ឆ្លុះបញ្ចាំង ប៉ុន្តែបើសិនជាមិនមានសារព័ត៌មានឯករាជ្យ ហើយនិងរឹតត្បិតទៅលើសេរីភាពអ្នកសារព័ត៌មានឯករាជ្យ ហើយយើងទទួលយកតែព័ត៌មានណាដែលល្អ ព័ត៌មានបញ្ចើចបញ្ជើរ»។
ថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិល និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានវិភាគឃើញថា បទបញ្ញតិ្តច្បាប់ និងសេចក្តីព្រាងច្បាប់មួយចំនួន នៅមានកង្វះភាពជាក់លាក់ក្នុងមាត្រាខ្លះ ដែលធ្វើឱ្យច្បាប់ងាយនឹងត្រូវបានអនុវត្តដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្នុងគោលបំណងនយោបាយ និងប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ក្នុងយុគ្គសម័យឌីជីថល។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញផ្សាយនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ជុំវិញការវិភាគច្បាប់ស្តីពី «ផលប៉ះពាល់ផ្នែកច្បាប់លើសេរីភាពនៃការបញ្ចេញមតិក្នុងយុគ្គសម័យឌីជីថល» បានលើកឡើងថា ការវាយតម្លៃទៅលើបញ្ញតិច្បាប់ជាធរមាន បានគូសបញ្ជាក់ថា ទាំងការតាក់តែង និងការអនុវត្តបញ្ញត្តិច្បាប់ បានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ក្នុងយុគ្គសម័យឌីជីថល។
បទបញ្ញត្តិច្បាប់ដែលប៉ះពាល់ដល់ការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនោះ រួមមាន ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពីទូរគមនាគមន៍ ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រនិងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិត ធម្មនុញ្ញសម្រាប់វិជ្ជាជីវៈសារព័ត៌មាន និងអនុក្រឹត្យស្តីពីការបង្កើតច្រកចេញចូលអ៊ីនធឺណិតជាតិ។
ឯកសារវិភាគរបស់(CCHR) ក៏បានលើកឡើងដែរថា ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាច្បាប់ដែលត្រូវបានយកមកប្រើប្រាស់ច្រើនបំផុត ក្នុងការដាក់ទោសព្រហ្មទណ្ឌទៅលើអ្នកបញ្ចេញមតិជំទាស់ ជាពិសេសសមាជិកនៃគណបក្សនយោបាយជំទាស់ អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែច្រើនឡើងៗ។ ជាពិសេសមាត្រា មាត្រា៤៩៤ និង៤៩៥ (បទញុះញង់) ។
លើសពីនេះការសិក្សានានារកឃើញថា រហូតដល់ចុងឆ្នាំ ២០២៥នេះ កម្ពុជានៅតែជារដ្ឋមួយដែលគ្រប់គ្រងដោយអំណាចនៃគ្រួសារតែមួយ ដោយស្ថាប័នសំខាន់ៗរបស់រដ្ឋ គួរតែជាស្ថាប័នធ្វើតុល្យភាពអំណាច ប្រែទៅជាឧបករណ៍បម្រើនយោបាយរបស់គ្រួសារអ្នកកាន់អំណាចជំនួសវិញ។
របាយការណ៍ចុងក្រោយបំផុតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរៀបរាប់យ៉ាងច្បាស់ថា កម្ពុជា “នៅតែជារដ្ឋឯកបក្ស គណបក្សប្រជាជនកម្ពុជា ក្តោបក្តាប់អំណាច និងគ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់ រួមទាំងប្រព័ន្ធតុលាការផងដែរ” ដែលធ្វើឱ្យអ្នករិះគន់នៅតែបន្តប្រឈមមុខនឹងការយាយី និងរងការចោទប្រកាន់ទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ សភាបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអាចដកហូតសញ្ជាតិពីពលរដ្ឋដែលត្រូវបានកាត់ទោសពីបទក្បត់ជាតិ ឬ «គប់គិត» ជាមួយមហាអំណាចបរទេស។
សារព័ត៌មាន Reuters បានពិពណ៌នាអំពីការអនុម័តប្រើប្រាស់ច្បាប់នេះដោយត្រង់ៗថា មានចេតនាប្រើប្រាស់សំដៅក្រុមប្រឆាំងនឹងរដ្ឋាភិបាល ជាជាងចាត់វិធានការលើឧក្រិដ្ឋជន។
ដោយឡែក ស្ថាប័នយុត្តិធម៌ ដែលជាស្ថាប័នធ្វើតុល្យការអំណាច ក៏ត្រូវបានប្រើប្រាស់ជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា។
ស្ថាប័នជំនាញអន្តរជាតិ បង្ហាញថា តុលាការកម្ពុជាមិនអាចរារាំង ឫទប់ស្កាត់ការរំលោភអំណាចរបស់គណបក្សកាន់អំណាចបានឡើយ។
សម្រាប់ សន្ទស្សន៍នីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោកបានដាក់ចំណាត់ថ្នាក់កម្ពុជាលេខ ១៤១ ក្នុងចំណោមប្រទេសចំនួន១៤២ ក្នុងឆ្នាំ២០២៤ និងស្ថិតនៅលំដាប់ចុងក្រោយគេបង្អស់នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
សន្ទស្សន៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីកម្សោយនៃប្រព័ន្ធយុត្តិធម៌ ដោយការអនុវត្តច្បាប់ពឹងផ្អែកលើការសម្រេចចិត្តផ្នែកនយោបាយ ជាជាងផ្អែកលើគោលការណ៍ និងបទដ្ឋានដែលមានចែងក្នុងច្បាប់៕









