មាតាធម្មជាតិ​ទាម​ទារ​យុត្តិ​ធម៌​ឱ្យ​សមាជិក​កំពុង​ជាប់​ឃុំ​ជាង​១ឆ្នាំ​ខណៈ​ព្រៃ​ឈើរ​ង​ការ​បំផ្លាញ

ថ្លែង​ចេញ​ពី​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង សមាជិក​ចលនាមា​តា​ធម្មជាតិ បាន​ទាម​ទារ​រក​យុត្តិ​ធម៌ និង​​សេ​​រីភាព ឱ្យ​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជាង​១ឆ្នាំ​មក​នេះ ខណៈ​ពួក​គេ​ស​កម្ម​​​ការ​​​ពារ​​ធន​ធាន​ធម្ម​ជាតិ ដែល​ជា​តួអង្គ​ជំរុញ​ការ​ត្រួត​ពិនិត្យ​តុល្យភាព​សង្គម​ដ៏​ស្មោះ​ត្រង់។

ក្នុងសំណេរបង្ហោះលើបង្ហាញសង្គម នៅថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ចលនា​មាតា​ធម្មជាតិ បាន​​លើ​ក​ឡើង​ថា រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​មិត្ត​ទាំង​៥​នាក់​របស់​ពួក​គេ ត្រូវ​បាន​​កាត់​​ទោស​ដា​​ក់​​ពន្ធ​នា​គារ​ដោយ​តុលាការ​កម្ពុជា ក៏​ព្រោះ​តែ​ពួក​គេ​ខិត​ខំ​ប្រឹង​ប្រែង​ការ​ពារ​សម្បត្តិ​ធន​ធាន​ធម្ម​ជាតិ និង​គាំ​​ពារ​សិទ្ធិ​របស់​សហគមន៍។

ក្នុងសំណេរដើម ពួកគេបន្តថា៖ «យើង​មិន​ដែល​ភ្លេច​សោះ​ឡើយ​អំពី​ភាព​អយុត្តិធម៌​មួយ​នេះ ហើយ​នឹ​ង​បន្ត​ប្រ​មូល​សំឡេង​គាំទ្រ​ ដើម្បី​ទាម​ទារ​ឲ្យ​ពួក​គេ​មាន​សេរីភាព​ឡើង​វិញ»។

ការទាមទារនេះ ធ្វើឡើង​ក្នុង​យុទ្ធនាការ​សរ​សេរ​ដើម្បី​សិទ្ធិ (Write for Rights) របស់​​អង្គ​កា​​រលើក​លែង​ទោស​អន្តរ​ជាតិ (Amnesty International) ដោយ​ក្រុម​មាតា​ធម្ម​ជាតិ រួម​ជា​មួយ​​សកម្ម​ជន​បរិស្ថាន​​​នៅ​​ប្រទេ​ស​បារាំង បាន​ធ្វើ​ពិធី​អុជ​ទៀន​នៅ​ក្បែរ​ប៉ម អេហ្វែល ថៅអឺ (Eiffel Tower) ដើម្បី​សេរី​ភា​​ព​សកម្ម​ជន​ទាំង​៥រូប។

សកម្មជនចលនាមាតាធម្មជាតិ អ្នកស្រី ស៊ុន រដ្ឋា ប្រាប់វីអូឌី នៅថ្ងៃ​ទី​២៧ ខែ​វិច្ឆិកាថា​ ក្នុង​យុទ្ធនាកា​រ​នេះ ចលនា​មាតា​ធម្មជាតិ នឹង​ជួប​ជាមួយ​សកម្មជន​នៅ​តា​​មបណ្ដា​ប្រទេស​នានា ​​នៅទ្វី​ប​អ៊ឺរ៉ុប ដើម្បី​ធ្វើ​ប​ទ​​ប​ង្ហាញ​​​ពីស្ថា​នភាពប​រិស្ថាន និង​សកម្ម​ជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា។

អ្នក​ស្រីបន្តថា ការ​រឹតត្បិតរបស់​រដ្ឋាភិបា​លលើ​​ការបញ្ចេញ​មតិ និង​សកម្ម​ជន កំពុង​បង្ហាញ​ថា រដ្ឋា​ភិបាល​ពុំ​មា​​នឆន្ទៈ​ក្នុង​​ការ​ការ​ពារ​បរិស្ថាន និង​ធន​ធាន​នោះ​ឡើយ។

ករណីនេះ អ្នកស្រីបន្តថា ប្រសិនបើរដ្ឋា​ភិបាលមា​នឆន្ទៈពិត​ប្រាកដ​មែន នោះ​សកម្ម​ជន​ច​លនា​មាតា​ធម្ម​​​ជាតិ និង​សហគមន៍​ការ​ពារ​បរិស្ថាន គឺ​ជា​ដៃគូ​ល្អ​បំផុត​ដែល​រដ្ឋ​ត្រូវសហការ​ជាមួយ។

អ្នកស្រី ស៊ុន រដ្ឋា និយាយ​ថា៖ «សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ជន និង​សកម្ម​ភាព​ចូល​រួម​ក្នុង​​ការ​កា​​រ​ពា​​រ​​​បរិស្ថាន​វាមិ​នមែ​ន​ជា​បទ​ឧក្រិដ្ឋ​ទេ[…]​បើ​គោលដៅ​យើង​តែ​មួយ ហេតុ​អី​យើង​មិ​ន​សហកា​រ​​ជា​មួ​យ​​គ្នា​ មិន​ធ្វើ​ជា​ដៃ​គូជាមួយ​គ្នា ក្នុងការ​​ថែទាំ​ធន​ធាន​ធម្ម​ជាតិ ក៏​ដូច​ជា​គោរព​សិទ្ធិ​​ប្រជា​ពលរដ្ឋ បើ​ក​​​សិទ្ធិ​​​សេរីភា​ពឱ្យប្រជាជន​និយាយ​​បញ្ចេញ​មតិ ហេតុ​អី​ក៏ចាំបាច់​ធ្វើ​ជា​សត្រូវ​ជាមួយ​គ្នា ដែល​ចាត់​​ទុក​មា​​តា​ធម្ម​ជាតិ​ជា​សត្រូវ រហូត​ទៅ​ដ​ល់ថ្នា​ក់​ចាប់​គ្នាដា​ក់ព​ន្ធនាគារ​ដោយ​ហិង្សា ដោយ​​ការ​បំពា​​នបែប​ហ្នឹង»។

អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលសកម្មជនចលនា​មាតា​ធម្មជាតិ​ចំនួន​៥រូប ត្រូវ​បាន​តុលា​ការ​​ក្រុង​​ភ្នំ​ពេញ កាត់​ទោស​ឱ្យជា​ប់​ពន្ធនាគារ​ក្នុង​ម្នាក់​ចន្លោះ​ពី៦ ទៅ​៨ឆ្នាំ ពី​បទ រួម​គំនិត​ក្បត់ និង​ប្រមា​ថ​អង្គ​​ព្រះ​​មហា​ក្សត្រ។

ពួកគេទាំង៥រូប រួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា និង​លោក លី ចាន់​​ដារ៉ាវុត ត្រូវ​បាន​ចាប់ខ្លួ​នភ្លា​មៗ​ក្រោយ​ប្រកាស​សាល​ក្រម នៅ​ថ្ងៃ​ទី​២ ខែ​ក​ញ្ញា ឆ្នាំ ២០២៤ និងក្រោ​យ​មក​ត្រូវ​បាន​បញ្ចូន​ទៅឃុំ​ឃាំ​ងនៅ​ពន្ធនាគារ​ផ្សេង​គ្នាៗ តាម​បណ្ដា​ខេត្ត។

ក្រៅពីសកម្មជនចលនាមាតាធម្មជាតិ ពលរដ្ឋតាមសហគមន៍ និងអ្នកសារព័ត៌មា​នរា​យ​ការណ៍​​​ពីធ​ន​​ធា​ន​​ធម្មជាតិ ក៏​រង​ការ​រឹត​ត្បិត និង​គំរាម​កំហែង​ផង​ដែរ ដែល​សកម្ម​ភាព​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើ​ល​ចាត់​ទុ​ក​ថា ជា​ការ​ចូល​រួម​ចំណែក​យ៉ាង​ធំ បើក​ដៃ​ឱ្យ​ឈ្មួញ​ទុច្ចរិត កាប់​ឈើ ជីក​រ៉ែ បំផ្លិច​​បំផ្លាញ​ធ​​នធា​​ន​ធ​ម្ម​ជា​តិ​ដោយ​សេរី។

វីអូឌី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើ​​យ​តប​បាន​​ទេ​នៅថ្ងៃ​ព្រ​ហស្បតិ៍​នេះ។ តាម​អត្ថបទ​ចុះផ្សា​យ​របស់​កាសែត​បរទេស ម៉ុង​ហ្គាបេ (Mongabay) កាល​ពី​ថ្ងៃទី​២​៧ ខែ​តុលា ឆ្នាំ​២០២៥ ឱ្យ​ដឹង​ថា ប្រហែល​៥៦​ភាគ​រយ នៃ​ព្រៃ​ឈើ​ដែល​បា​​ត់បង់​ក្នុង​ឆ្នាំ​២០​២៤ ​​គឺស្ថិ​ត​នៅ​ក្នុង​តំបន់​ការ​ពារ។

ជាក់ស្ដែង ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡ​ង់ បាន​បាត់​បង់​ព្រៃឈើចំ​នួន ជាង​ ៩ពាន់​៣រយ​ហិកតា  (៩ ៣៤៦ហិកតា​) ខណៈ​ផ្ទៃដី​ចំនួន​ជាង​៧ពាន់​២រយ​ហិកតា (៧ ២៦៨ហិកតា) ផ្សេង​ទៀត ត្រូវ​បាន​ឈូ​​សឆា​​យ​​នៅ​ក្នុ​​​ងដែន​ជម្រក​សត្វ​ព្រៃ​បឹង​ពែរ។

​ម៉ុងហ្គាបេ បានលើកឡើងនូវសម្រង់សម្ដី​របស់ លោក ម៉ាកូស ហាដឃើ (Marcus Hardtke) ស​កម្ម​​ជន​ព្រៃឈើនៅ​តំ​បន់​អាស៊ី​អាគ្នេយ៍​ថា ការ​កាប់​បំផ្លាញ​​​ព្រៃឈើ​ទ្រ​ង់ទ្រា​យ​​ធំ​នៅ​តែ​បន្ត​កើត​មា​​ន​នៅ​ក្នុង​​ប្រ​ទេ​ស​កម្ពុជា​ដោយ​ឥត​ឈប់​ឈរ ដោយ​​ក្រុម​អ្នកមា​ន​អំណាច​​បាន​​កំណត់​​គោល​ដៅ​​​ព្រៃ​​អភិរក្ស​​ដែល​​មាន​តម្លៃ​​ខ្ពស់​នៅ​​តំបន់​ដាច់​​ស្រយាល ក្រោម​ការ​ការ​ពារ​ និង​បើក​ដៃ​ពី​រដ្ឋាភិ​បាល។

ទាក់ទិនរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែន​ករុណា លើកឡើងថា វត្ត​មាន​សកម្មជន​ក្នុង​កិច្ច​ការ​ពារ​បរិស្ថាន មិន​ត្រឹម​តែ​ជា​ភ្នែក​ច្រមុះ​តាម​ដាន​ឧក្រិដ្ឋ​កម្ម និង​ការ​ពារ​ធន​​ធា​ន​ធម្ម​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​បញ្ជាក់​ថា​រដ្ឋ​នោះ​គោរព​សេរីភាព​បញ្ចេញ​មតិ និង​ផ្ដល់​សិទ្ធិ​ពេ​​ញ​លេញ​ដល់​​ពលរដ្ឋ។

លោកបន្តថា រដ្ឋាភិបាលគប្បីដោះលែងពួកគេ និង​លើក​ទឹក​ចិត្ត​សកម្ម​ភាព​ការ​ពារ​បរិស្ថាន​ ស្រប​ពេល​​ដែល​រដ្ឋ​ហាក់​គ្មាន​សមត្ថ​ភាព​ ក្នុង​ការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ ក្រោយ​បទ​ល្មើស​និង​​ការ​បំផ្លិច​​បំផ្លា​ញ​​បន្ត​​កើត​មាន។

លោក ស៊ឹង សែនករុណា ថ្លែងថា​​៖ «ឱ្យពួកគេមា​នសេ​រីភាព​ ដើម្បី​វិល​ត្រឡប់​មក​បំពេញ​តួនាទី និង​តួនាទី​​របស់​ខ្លួ​​នក្នុ​​​ងកា​រ​ការ​ពារ ធន​ធាន​ធម្មជាតិ បរិស្ថាន និង​ព្រៃ​ឈើ នេះ​ឡើង​វិញ ដើម្បី​ឱ្យ​សហគ​មន៍​​អន្តរជាតិ គេមា​ន​ជំនឿ និង​ជឿជា​ក់​ថា​រដ្ឋាភិបាល​ពិត​ជាមា​ន​ឆន្ទៈ​ ក្នុង​ការ​ការ​ពារ​បរិស្ថាន និង​ធន​ធា​​ន​ធម្ម​​ជាតិ ឬ​ក៏​ព្រៃ​ឈើ​ហ្នឹង​មែន»។

ផ្ទុយពីតុលាការកម្ពុជា សហគមន៍​អន្តរជាតិ បានថ្កោលទោស​ការ​ចោទ​ប្រកាន់​ និង​វិធាន​ចាប់​ខ្លួន​លើ​យុវជន​ចលនា​មាតា​ធម្មជាតិ​នេះ ដោយ​ចាត់​ទុក​ជា​ការ​ផ្តល់​សញ្ញា​អាសន្ន​ដល់​បរិស្ថាន និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​រដ្ឋាភិ​បាល​ចាំបាច់​ត្រូវ​ដោះ​លែង​ពួក​គេ​វិញ​ដោយ​គ្មាន​លក្ខ​ខណ្ឌ។

​សហភាព​អឺរ៉ុប បាន​និយាយ​លើ​គេហទំព័រ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៤​ថា ខ្លួន​និង​រដ្ឋ​សមាជិក​មាន បែល​ហ្ស៊ិក ដាណឺម៉ាក បារាំង ហ្វាំង​ឡង់ អាល្លឺម៉​ង់ ហូឡង់ និង​ស៊ុយអែត មាន​ការ​ព្រួយ​បារម្ភ​យ៉ា​​​ងខ្លាំង​អំពី​ការ​កើន​ឡើង​នៃ​ការ​បៀត​បៀន និង​ការ​ចាប់​ខ្លួន​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ហើយ​ថា សា​ល​ក្រមចុង​ក្រោយ​បំផុត​ស្តីពី​សកម្មជ​ន​បរិស្ថាន​ Mother Nature Cambodia គឺ​ជា​បញ្ហា​ដែល​គួ​រ​ឱ្យ​ព្រួ​​យ​បារម្ភ​ខ្លាំង។

បញ្ហានេះ សហភាពអឺរ៉ុប ជំរុញ​ឱ្យក​ម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​ស្តង់​ដារ​ប្រជា​​ធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស រួម​ទាំង​សិទ្ធិ​ទទួល​បាន​ការ​តវ៉ា​ដោយ​សន្តិ​វិធី។

ជាមួយគ្នានេះ អង្គការ Right Livelihood​ ដែល​ធ្លាប់​ផ្តល់ពា​ន់​រង្វាន់​ឱ្យ​ក្រុម​ចលនា​មាតា​ធម្មជាតិ បាន​ថ្កោល​ទោស​សាល​ក្រម​កាត់​ទោស​សកម្ម​ជន​បរិស្ថាន​ជារឿង​អយុត្តិ​ធម៌ និងទាម​ទារ​ឱ្យ​ដោះ​លែង​សកម្ម​ជន​ទាំង​នោះ​ដោយ​ឥត​លក្ខខណ្ឌ។

អង្គការ​គូសបញ្ជាក់ថា អ្នកទាំងបួននាក់ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ហិង្សា។ ចំណែក សហរដ្ឋ​អាមេរិក ក៏​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សាល​ក្រម​កាល​ពី​នៅ​ថ្ងៃទី​​២ ខែ​មិថុនា​ ដែល​ផ្តន្ទា​ទោស​សកម្ម​ជន​មាតា​ធម្ម​ជាតិ និង​បាន​បញ្ជាក់​ជំហរ​ថា ខ្លួន​នៅតែ​គាំទ្រ​​សេរី​ភាព​បញ្ចេញ​មតិ និង​ការ​ចង​ក្រង​ជា​ក្រុម​ ​ជា​សមាគម ដែលជា​ធា​តុ​ផ្សំ​សំខាន់​នៃ​អភិបាល​កិច្ច​ប្រជា​ធិប​តេយ្យ។

លើស​ពីនេះ អាមេរិកនៅតែបន្តប្តេជ្ញាចិត្តចំពោះបំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ដើម្បី​ឱ្យប្រទេស​មាន​ភា​ព​រុង​រឿង ប្រជា​ធិប​តេយ្យ និង​​ឯករាជ្យ​ជាង​នេះ​ ដែល​​ក្នុង​​នោះ សំឡេង​ទាំង​អស់​ត្រូវ​បាន​គេ​ស្តាប់ និង​គោរព។

ដោយឡែក ក្រុមអ្នកតស៊ូមតិកម្ពុជា(CAT) ចេញសេ​ចក្តី​ថ្លែ​ង​ការណ៍​នៅ​ថ្ងៃ​ទី៣ ខែ​កក្កដា ពោល​គឺ​ក្រោយ​មាន​ការ​ចាប់ខ្លួ​ន​១ថ្ងៃ បាន​ហៅ​វិធាន​ការ​ចាប់​ខ្លួន​នេះ ជា​សញ្ញា​ប្រកាស​អាសន្ន​ថ្មី​មួយ អំពី​គ្រោះម​ហន្តរាយ​ក្នុង​សង្គម​កម្ពុជា និង​ជា​សញ្ញា​ប្រកាស​អាសន្ន អំពី​ភាពធ្ងន់​ធ្ងរ​នៃ​អំពើ​អយុត្តិធម៌​សង្គម បង្ក​ឱ្យ​មហន្តរាយ​ជាតិ ហើយ​ថា ចាំបាច់​ត្រូវ​តែ​មាន​ការ​តស៊ូដោ​យ​ពលរដ្ឋ​កម្ពុជា​គ្រប់​ទិស​ទី ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ។

ដូចគ្នានេះដែរ អង្គការ Amnesty International លើក​ឡើង​ដែរ​ថា កា​រ​​កាត់​​ទោស​​សកម្មជន​យុវជន ជា​​ការ​​វាយ​ប្រហារ​​បន្ថែម​​ទៀត​​ដល់​​ចលនា​បរិស្ថាន​កម្ពុជា ​គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​​មួយ​ទៀត​​ដល់​សង្គម​ស៊ីវិល​កម្ពុជា។

ប្រភពនោះ គូសបញ្ជាក់ថា សាលក្រម​នេះ ​ជា​សញ្ញា​​មួយទៀត​ដែល​​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​​គ្មាន​ចេតនា​ការពារ​សិទ្ធិ​សេរីភាព​​ក្នុងការ​ជួបប្រជុំ​ដោយ​សន្តិវិធី​។ អាជ្ញាធរកម្ពុជាត្រូវតែ​ដោះលែងអ្នកការពារបរិស្ថានទាំងអស់នេះ​ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ