សាលាឧទ្ធរណ៍នឹងបន្តបើកការជម្រះសំណុំរឿងប្តឹង​ទាស់ លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៨​ធ្នូ​ខាង​មុខ

សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​របស់ លោក កឹម​ សុខា ប្រធាន​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលតុ​លាការរំលាយ នឹង​ត្រូវ​សាលា​ឧទ្ធរណ៍ភ្នំពេញ​ លើក​យក​មក​ជម្រះ​ឡើង​វិញ នៅ​ថ្ងៃទី​​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ដែល​មាន​លោក អ៊ឹម វណ្ណៈ ជា​ប្រធា​នក្រុម​ប្រឹក្សា​ជំនុំ​ជម្រៈ។

នេះបើ​តាម​ដីកា​កោះ​រប​ស់​អគ្គ​ព្រះ​រាជ​អាជ្ញារង លោក អ៊ឹម សុផាន ចុះ​ថ្ងៃ​ទី​​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ។បើតាម​ដីកា​កោះ​នោះ លោក អ៊ឹម សុផាន ជា​អគ្គ​ព្រះរាជ​អាជ្ញារង​នៃ​មហាអ​យ្យការ​អម​សាលា​ឧទ្ធរណ៍​ភ្នំពេញ បាន​បង្គាប់​មក​ឈ្មោះ កឹម សុខា ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៣ សញ្ជាតិ​ខ្មែរ មាន​អា​សយ​ដ្ឋាន​បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​លេខ​៣១៣ ភូមិ​៧ សង្កាត់​បឹងកក់​ទី២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ឱ្យ​ចូល​មក​កាន់​សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​បន្ទប់​សវនាការ​ទី១ ជា​កំណត់​ នៅ​ថ្ងៃ​ទី១​៨ ខែ​ធ្នូ ឆ្នាំ​២០២៥ វេលាម៉ោង​ ៨:៣០​នាទី​ព្រឹក ដើម្បី​ជំនុំជម្រះ​លើ​សំណុំ​រឿង សន្និដ្ឋិភាព​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីក​ន្លែង​ផ្សេង​ទៀត កាល​ពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​ជា​បទ​ល្មើសព្រហ្ម​ទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

សហមេធាវី​ការពារក្តីឱ្យ លោក កឹម សុខា គឺ​លោក ផែង ហេង បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២​៨​ខែ​វិច្ឆិកា​នេះ​ថា តុលាការ​បាន​បញ្ជូន​លិខិត​នោះ​ដល់​ផ្ទះកូ​ន​ក្តី​លោក​ហើយ។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាកា​​រទី​ក្រុ​ង​ភ្នំពេញ ចេញ​សាល​ក្រម​ចុះ​ថ្ងៃ​ទី៣ ខែ​មិនា ឆ្នាំ​២០២៣ ផ្តន្ទា​ទោស​ ដោ​យ​ឃុំខ្លួន​នៅ​ក្នុ​​ងផ្ទះ​​ចំ​នួ​​​ន២៧ឆ្នាំ ខណៈ​ស​មត្ថ​កិ​ច្ចចា​ប់​ខ្លួន​គាត់​ទាំង​ពាក់​ក​ណ្តាល​អា​ធ្រា​ត្រ​​ ឆ្លង​ចូល​​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោកត្រូវបា​នតុលាការចោទប្រកាន់ ​ពីប​ទ​​ក្ប​​ត់ជាតិ ពាក់ព័ន្ធ​នឹងសំណុំរឿង​ដ៏​ចម្រូង​ចម្រាស ដែល​ចោទ​ថាគ​ប់​​​គិត​ជាមួយ​សហរដ្ឋ​អាមេរិក ចង់​ផ្តួល​រំលំ​រដ្ឋាភិ​បាល​ដែល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន។

យ៉ាងណា សហរដ្ឋអាមេរិក តាម​រយៈ​ស្ថាន​ទូត​ប្រចាំ​កម្ពុជា ច្រាន​ចោល​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​នេះ ដោយ​ចាត់​ទុក​ថា ការ​ផ្តន្ទា​ទោស និង​ដំណើរ​ការ​ច្រើន​ឆ្នាំ ដើម្បី​បំបិទ​សំឡេង​ លោក កឹម សុខា ដោយ​ផ្អែក​លើ​បទ​សម​គំនិត ប្រឌិត គឺ​ជា​បរាជ័យ​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា។

អាមេរិក អំពាវនាវឲ្យអាជ្ញាធរអនុញ្ញាត​ឲ្យ​ប្រជាជនកម្ពុ​ជា​ទាំង​អស់ ប្រើ​ប្រាស់​សិទ្ធិ​មនុស្ស​ជា​សាកល​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិ​វិធី និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ព្រម​ទាំង​ការ​ចូល​រួម​កសាង​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​មួយ។

យ៉ាងណា​ សំណុំរឿងចោទប្រកាន់នេះ លោក កឹម សុខា បានប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ ប្រឆាំង​នឹង​បទចោទ​ប្រកាន់​​របស់​សាលា​ដំបូង។ ប៉ុន្តែ​បើក​សវនាការ​ច្រើន​ដង សាលា​ឧទ្ធរណ៍​បាន​លើក​ពេល​សវនាការ​ជាបន្ត​បន្ទាប់​រហូត​បច្ចុប្បន្ន ខណៈ​សិទ្ធិ​ធ្វើន​យោបាយ​របស់​មេបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ដក​ហូត​ជាង​៨ឆ្នាំ​មក​នេះ ក្រោម​ក្រសែភ្នែ​កជា​តិ​និង​អន្តរ​ជាតិ​ដែល​មើល​ឃើញ​ថា ជា​សំណុំ​រឿង​នយោ​បាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ