អ្នកមានបទពិសោធន៍កិច្ចការព្រំដែនពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន បានចោទរដ្ឋាភិបាលគ្រួសារហ៊ុនថា បោះបង់ដីខ្មែរជាង២គីឡូម៉ែត្រ ដែលថៃលួចរំកិលចូលភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមរយៈទទួលស្គាល់បង្គោលឡាក់លេខ៤២និង៤៣លើទីតាំងថ្មី។
លោក អ៊ុំ សំអាន បានបង្ហោះសារលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ដោយចោទប្រកាន់ចំៗថា លោក ហ៊ុន ម៉ាណែត កំពុងកាត់ដីខ្មែរឱ្យថៃប្រមាណជាង ២គីឡូម៉ែត្រ ទៅ៣គីឡូម៉ែត្រ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការបោះបង្គោលបណ្តោះអាសន្ននៅលើព្រំដែនថ្មី និងនៅទីតាំងថ្មីនៃបង្គោលឡាក់លេខ៤២និងបង្គោលឡាក់លេខ៤៣។
លោកសំអាងថា ថៃបានរំលោភចូលដីខ្មែរប្រមាណ៣គីឡូម៉ែត្រ បើគិតមកដល់បន្លាលួសដែលទាហានថៃបានរាយ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ លោកថា ឥឡូវនេះ កម្ពុជានិងថៃបានឯកភាពគ្នាពីទីតាំងនៃបង្គោលឡាក់លេខ៤២ និងបង្គោលឡាក់លេខ៤៣ រួចហើយ ដោយកម្ពុជាបោះបង់ចោលដីខ្មែរប្រមាណ២គីឡូម៉ែត្រកន្លះ។
បើតាម លោក អ៊ុំ សំអាន៖ «សព្វថ្ងៃនេះ រដ្ឋាភិបាលទាមទារយកតែភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលមានជម្រៅទៅក្នុងដីថៃសព្វថ្ងៃនេះ ប្រហែលជាង៥០០ម៉ែត្រ គឺមានន័យថារដ្ឋាភិបាលបោះបង់ចោលដីខ្មែរប្រមាណ ២គីឡូម៉ែត្រកន្លះ ដែលគិតពីភូមិព្រៃចាន់ និងភូមិជោគជ័យ ទៅដល់ទីតាំងចាស់នៃបង្គោលឡាក់លេខ៤២និងបង្គោលឡាក់លេខ៤៣ នៅខាងលិចប្រាសាទស្តុកកក់ធំ គឺប្រហែលជាង ២គីឡូម៉ែត្រ។ហើយបង្គោលឡាក់លេខ៤២និងបង្គោលឡាក់លេខ៤៣ ត្រូវបានថៃរំកិលមកដល់ភូមិព្រៃចាន់សព្វថ្ងៃនេះ»។
លើសពីនេះ លោកថា សព្វថ្ងៃនេះ រដ្ឋាភិបាលមិនដែលទាមទារយកប្រាសាទស្តុកកក់ធំមកវិញនោះទេ ហើយសូម្បីតែភូមិព្រៃចាន់ និងភូមិជោគជ័យ ក៏កំពុងឈានទៅរកការបាត់បង់ផងដែរ។
ប្រភពដដែលបញ្ជាក់ថា កម្ពុជានិងថៃកំពុងបោះបង្គោលរណបបណ្តោះអាសន្នពីចន្លោះបង្គោលព្រំដែនលេខ៤២ដល់លេខ៤៧ នៅភូមិជោគជ័យនិងភូមិព្រៃចាន់ ដោយបោះបង្គោលបណ្តោះអាសន្ននេះ នៅទីតាំងថ្មីនៃបង្គោលឡាក់លេខ៤២នេះ និងបង្គោលឡាក់លេខ៤៣ មិនមែនបោះបង្គោលបណ្តោះអាសន្ននេះនៅទីតាំងចាស់នៃបង្គោលឡាក់លេខ៤២នេះ និងបង្គោលឡាក់លេខ៤៣ ដែលនៅខាងលិចប្រាសាទស្តុកកក់ធំនោះឡើយ។
កាលពីថ្ងៃទី២៧ខែវិច្ឆិកានេះដែរ លោក អ៊ុំ សំអាន ក៏បានអះអាងផងដែរថា ការបោះបង្គោលព្រំដែនថ្មីនៅស្រុកកំរៀង ខេត្តបាត់ដំបង មិនបានបោះនៅទីតាំងចាស់សម័យបារាំងទេ ដោយថា តំបន់ Pong Nam Ron នេះ ជាប់ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហម ដែលលោក អៀង សារី បានកាន់កាប់ ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមស៊ីវិលនាទសវត្សរ៍ទី៨០។
មួយវិញទៀត លោកថា លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន ធ្លាប់និយាយថា «ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ» និងថាព្រំដែនចាស់សម័យបារាំង មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មី គឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរ រាប់រយម៉ែត្រនៅតំបន់នោះ។
យ៉ាងណា ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រដ្ឋាភិបាល ចាត់ទុកការលើកឡើងរបស់ លោក អ៊ុំ សំអាន ថាជាព័ត៌មានក្លែងក្លាយ និងញុះញង់។ ចំណែក លោក អ៊ី ឈាន ក៏ត្រូវបានសារព័ត៌មានរដ្ឋាភិបាលចុះផ្សាយបដិសេធ ការអះអាងរបស់ លោក អ៊ុំ សំអាន ដូចគ្នាដែរ។
លើសពីនេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក៏បានចេញការពារភាពស្អាតស្អំរបស់រដ្ឋាភិបាលរបស់លោកផងដែរ ដោយថា ការនិយាយរបស់ លោក អ៊ុំ សំអាន គ្មានជំនាញកិច្ចការព្រំដែន ទំាងបច្ចេកទេសវាស់វែង និងមើលផែនទី។
នេះបើតាមសារនៅលើហ្វេសប៊ុករបស់ លោក ហ៊ុន ម៉ាណែត ដែលបានបង្ហោះកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង លោកមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។
ក៏ប៉ុន្តែថា ពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិត ក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរដ្ឋាភិបាល។
លោកសង្កត់ធ្ងន់ថា អ្វីដែល លោក អ៊ុំ សំអាន និយាយគ្មានអ្វីច្បាស់លាស់ ទាំងមូលដ្ឋានបច្ចេកទេសផែនទី ទាំងមូលដ្ឋានច្បាប់។
ក្រៅពីនេះ លោកបានវាយបកថា បើក្រុមលោក អ៊ុំ សំអាន មិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនអាចសុំជំនួយពីរដ្ឋាភិបាលបាន។ ហើយថា រដ្ឋាភិបាល មានអ្នកជំនាញព្រំដែនពិតប្រាកដ អាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទី។
ការចោទគ្នាទៅវិញទៅមក រវាងគណបក្សប្រឆាំង និងរដ្ឋាភិបាល ជុំវិញការបោះបង្គោលព្រំដែនពេលនេះចំពេលដែលរដ្ឋាភិបាលកម្ពុជា ឯកភាពលើការបោះបង្ហោលព្រំដែនបណ្តោះអាសន្នជាមួយថៃ ទាំងថៃប្រកាសដកខ្លួនពីបទឈប់បាញ់ ដោយឯកកតោភាគី។
លើសពីនេះ ថៃក៏បានគំរាមវាយគ្រប់គ្រងប្រាសាទតាក្របី ក្រោយថៃបានចល័តទ័ពចូលមករាយបន្លាលួស ព័ទ្ធយកដីខ្មែរមួយចំនួន ដូចជា នៅប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យ តំបន់អានសេះ នៅខេត្តព្រះវិហារ ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទាំងគ្មានការតបតពីកម្ពុជា ។
លើសពីនេះថៃ គំរាមវាយយកទីតាំងចំនួន១៧កន្លែងទៀត នៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង ខណៈរដ្ឋាភិបាលកម្ពុជាអះអាងថា កម្ពុជាចង់នាំត្រឡប់មកវិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ធ្លាប់និយាយថា ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងគ្មានអ្វីត្រូវស្មុគស្មាញទេ បើរដ្ឋាភិបាលមានស្មារតីជាតិនិយមពិតប្រាកដ។
លោកសំអាងថា ព្រោះកម្ពុជាមានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលទទួលស្គាល់ជាអន្តរជាតិ និងមានកិច្ចព្រៀមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ដែលបានចែងច្បាស់ថា ដែនអធិបតេយ្យរបស់កម្ពុជាមិនអាចរំលោភបាន។
ប៉ុន្តែបញ្ហានៅត្រង់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនប្រើយន្តការទាំងនោះ ហើយចេះតែសម្របសម្រួលជាមួយបទេសដែលមានមហិច្ឆតាលេបទឹកដីខ្មែរ ក្រោមពាក្យថាកម្ពុជាចង់បានសន្តិភាព ដែលថា ទាំងអស់នេះ ជាដើមហេតុជំរុញឱ្យមានការចោទថា កាត់ដីឱ្យបរទស ដើម្បីរក្សាអំណាច ដើម្បីដូរយកសន្តិភាព៕









