៦០០​ថ្ងៃ​បាត់​បង់​សេរីភាព សង្គម​ស៊ីវិល​និ​ង​គ្រួសារ​បន្ត​ស្នើ​តុលាការ​​ដោះ​លែង​លោក កើត សារ៉ាយ

គិតមកទល់ពេលនេះ មាន​រយៈ​ពេល ៦០៦​ថ្ងៃ​ហើយ ដែល​អ្នក​ការ​ពារ​សិទ្ធិ​​មនុស្ស​លោក កើត សារ៉ាយ ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយ​សារ​សកម្ម​ភាព​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​ការ​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​ម​​តិ​របស់​លោ​ក។

នៅថ្ងៃទី១ ខែធ្នូ​នេះ មជ្ឈ​មណ្ឌលសិ​ទ្ធិមនុស្ស​កម្ពុជា បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ ស្នើ​សុំ​សារ​​ជាថ្មី​​​ឱ្យ​មាន​ការ​ដោះ​លែង និង​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​ លោក កើត សារ៉ាយ ដូច​ដែល​ស្ថាប័ន​នេះ និង​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​៥៥ ផ្សេង​ទៀត​ធ្លាប់​ធ្វើ​កន្លង​មក។

បើតាម​មជ្ឈ​មណ្ឌល​សិទ្ធិម​នុស្ស​កម្ពុជា ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​សរ​សេ​​រលិខិត​ទៅ​កាន់​រដ្ឋាភិបាល​ចំនួន​ពីរ​ដង​មក​ហើយ ជុំវិញ​ករណី​នេះ ដោយ​លើក​ឡើងពី​ក្ដី​​កង្វល់​របស់​ពួក​គេ​ ចំពោះការ​ផ្ដន្ទាទោ​ស​លើ​លោក សារ៉ាយ។

​ប្រធាន​​សមាគម​​សម្ព័ន្ធ​​និស្សិត​​បញ្ញវន្ត​​ខ្មែរ​ (KSILA) លោក កើត សារ៉ាយ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាត់​ទោស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ឱ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល ៤ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២លាន​រៀល បទ​ចោទ «ញុះ​ញង់» និង​ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទា​ទោស​បទ​មជ្ឈិម»។

ចំណាត់ការច្បាប់លើ លោក កើត សារ៉ាយ ធ្វើ​ឡើង​ក្រោយ​លោក​ចុះ​ទៅ​តាម​ដាន​បញ្ហា​ដីធ្លី​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​វិហារ និង​បាន​ផ្ដល់​ការ​អត្ថាធិប្បាយ​បញ្ហា​នោះ​ ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​ដែល​គណៈ​​វិនិច្ឆ័យ​​យល់​​ថា ទង្វើ​នេះ​​​គឺ​​ជា​​ការ​​បញ្ឆេះ​​កំហឹង ញុះ​ញង់​ ឱ្យ​​ប្រជា​​ពល​រដ្ឋ​មាន​ការ​​យល់​​ច្រឡំ​​​លើ​អាជ្ញាធរ ​​និ​ង​​រដ្ឋា​​ភិបាល ​និង​​នាំ​ឱ្យ​មាន​​ការ​បែកបាក់​សង្គម​ជាតិ។

ម្ដាយលោក កើត សារ៉ាយ គឺអ្នកស្រី ចាប យ៉េន ប្រាប់វីអូឌី​ថា ស្ថាន​ភាព​ លោក កើត សារ៉ាយ ក្នុង​ពន្ធនា​គារ​បច្ចុប្បន្ន​​ពុំ​មាន​បញ្ហា​អ្វី​ចោទ​ធ្ងន់ធ្ងរ​ឡើយ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​កាស​ច្រើន ដើម្បី​ទៅ​សួរ​សុខទុ​ក្ខ និ​ង​ទិញ​ម្ហូប​អាហារ​ក្នុង​ពន្ធនាគារ។ យ៉ាងណា អ្នក​ស្រី​នៅ​តែ​បន្ត​ទទូច​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះ​លែង​កូន​ប្រុស​ឱ្យ​មាន​សេរីភាព​វិញ ដ្បិត​អ្នក​ស្រីវ័​យកា​ន់​តែ​ចាស់ ត្រូវ​ការ​កូន​មើល​ថែ។

អ្នកស្រី ចាប យ៉េន និយាយ​ថា​៖ «ចង់​ឱ្យមា​ន​កា​រ​ដោះ​លែង​គាត់ ឱ្យ​មាន​សិទ្ធិ​សេរីភាព​វិញ។ ចង់​និយាយ​ថា គាត់​មិន​មាន​កំហុស​អី នឹង​ត្រូវ​ចាប់​គាត់​ដាក់​ពន្ធនា​គារ»។

សំណើសុំនៅក្រៅឃុំចុងក្រោយរបស់​លោក កើត សារ៉ាយ ត្រូវ​បាន​តុលាការ​កំពូល​ បដិសេធ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៥។ ជាមួយ​គ្នា​នោះ ក្រោយ​សាលា​ដំបូង​ប្រកាស​សាល​ក្រម​កាល​ពី​ឆ្នាំ​២០២៤ លោក កើត សារ៉ាយ បាន​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​ផង​ដែរ​  តែ​មក​ទល់​ពេល​នេះ សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​មិន​ទាន់​កំណត់​ពេល​សម្រាប់​សវនាការ​នៅ​ឡើយ​ទេ។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានី​ភ្នំពេញ លោក ឃុន លាង​ម៉េង បាន​ទេ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់​ឃើញ​ថា ការ​ពន្យារ​ពេល​បើក​សវនា​ការ​បណ្ដឹង​ឧទ្ធរណ៍​ នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ជន​ជាប់​ចោទ ដោយ​សារ​ពួក​គេ​រង់​ចាំ​នីតិវិ​ធី​នេះ ដើម្បី​ជំនុំ​ជម្រះ​រក​ភាព​ស្អាត​ស្អំ។ លោក​ជំរុញ​ឱ្យ​សាលាឧ​ទ្ធរណ៍​ពន្លឿន​ការ​ដាក់​កាល​បរិច្ឆេទ​សវនាការ​ជំនុំ​ជម្រះ​ករ​ណី​នេះ​ឱ្យ​បាន​ឆាប់។

លោក អំ សំអាត និយាយ​ថា​៖ «ព្រោះ​គាត់​ប្ដឹង​ឧទ្ធរណ៍​ ​​គឺ​គាត់​ចង់​ដឹង​អំពី​រឿង​របស់​គាត់​ ព្រោះ​គាត់​កើត​ទុក្ខ​មិន​សុខ​​ចិត្ត​​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង អ៊ីចឹង​គាត់​ផ្ដល់​ក្ដី​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​សម្រាប់​គាត់។ អ៊ីចឹង​​ការ​អូស​បន្លាយ​ ទីមួយ​វា​ធ្វើ​ឱ្យ​ការ​រង់​ចាំ​របស់​គាត់​យូរ ទីពីរ សិទ្ធិ​របស់​គាត់​ត្រូវ​បាន​ប៉ះ​ពាល់ ព្រោះ​នៅ​ក្នុង​ពន្ធនាគារ​មិន​មែន​ជា​កន្លែង​មួយ​ស្រួល​ដូ​ច​នៅខា​ង​ក្រៅ​ទេ»។

កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ធ្លាប់​ត្រូវ​បាន​តុលាការ​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ ២០​ខែ​ម្ដង​រួច​មក​ហើយ ពី​បទ​ញុះ​ញង់​ ចំពោះ​ការ​ចូល​រួម​ក្នុង​បាតុកម្ម​ដោយ​សន្តិវិធី​របស់​លោក ទាម​ទារ​ឱ្យ​ដោះ​លែង លោក រ៉ុង ឈុន អតីត​មេដឹកនាំ​សហជីព។ ការ​ចោទ​ប្រកាន់​លោក​ជា​ថ្មី​នៅ​ឆ្នាំ​២០២៤ លើប​ទ​ចោទ «ញុះ​ញង់» និង «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទា​ទោស​បទ​មជ្ឈិម» បាន​ធ្វើ​ឱ្យ​លោកត្រូ​វ​ជាប់​ទោស​ទ្វេ​ដង តាម​មាត្រា​៨៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ