ពលរដ្ឋ​​មួយ​ក្រុម​តវ៉ាកុំ​ឱ្យ​​ចាប់ ​​​លោក ​ហ៊ី គឹម​ហុង ដើម្បី​ឱ្យ​ជន​​ឆបោក​នេះ​ដោះ​​ស្រាយ​​សំណង​ដោយ​ផ្ទាល់​​​

ពលរដ្ឋមួយ​ក្រុម​​ដែលរង​គ្រោះ​ចាញ់បោក​ក្រុមហ៊ុន​ពិភពដីមាស​ ដែល​អះ​អាង​​​ថា​តំណាង​​ឱ្យ​​ពលរដ្ឋ​​​​​ជាង ​​៦ពាន់​​​គ្រួសារ នៅ​ព្រឹក​​​ថ្ងៃ​​ចន្ទ​​នេះ បាន​​​នាំគ្នា​​ប្រមូល​​ផ្តុំ​តវ៉ា​​នៅ​​សាលា​​ដំបូង​​រាជធានី​ភ្នំពេញ ដោយ​​ទាម​ទារ​កុំ​ឱ្យ​​មាន​ការ​​ចាប់​ខ្លួន​​ម្ចាស់​ក្រុម​ហ៊ុន​ លោក​ ហ៊ី គឹម​​ហុង និង​​កុំ​​បង្កក​ទ្រព្យ​​​​​​​របស់​​​ក្រុម​ហ៊ុន ដើម្បីឱ្យ​ក្រុមហ៊ុន​ដោះស្រាយសំណង​ជូនពលរដ្ឋ​ដោយ​ផ្ទាល់​ទៅតាមការ​សន្យា​កន្លងមក​។

​លោក កាន់ ទី ជាជនរងគ្រោះ​ចាញ់បោក​ក្រុមហ៊ុនពិភពដីមាស បាន​ថ្លែង​អំឡុង​ពេល​តវ៉ានៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៥នេះ​ថា ការ​ដែលរូបលោក ក៏​ដូច​ជា​​ពលរដ្ឋ​​​ផ្សេង​ទៀត​ ដែលទិញដី​ខ្យល់​​ពី​ក្រុម​ហ៊ុ​ន​ពិភព​ដី​មាស ធ្វើការ​​តវ៉ានេះ គឺសុំ​​ឱ្យ​តុលាការ​​កុំ​​ចាប់​​ខ្លួន​​ លោក ហ៊ី គឹម​ហុង និង​កុំ​បង្ក​ទ្រព្យ​​​សម្បត្តិ​ ដោយ​ទុក​ឱ្យ​ក្រុម​ហ៊ុន​យក​ទ្រព្យ​នោះ មក​​​​ដោះ​ស្រាយ​​សំណង​​​ជូន​​​ពួក​គាត់ដោយ​ផ្ទាល់​​វិញ ខណៈ​លោក​ថា ខាងក្រុមហ៊ុ​នមាន​ទ្រព្យ​សម្បត្តិ​ អចលនទ្រព្យ​​​​ និង​​​មា​នឆ​ន្ទៈ​ក្នុង​ការ​​ដោះស្រា​យជាមួយ​ពួកគាត់។​​

លោកថា៖ «ទាមទារ​តវ៉ា​អត់​ឱ្យ​បង្កក​ទ្រព្យ​ក្រុមហ៊ុន​ពិភព​ដីមាស​ទេ ដោយសារ​ពួក​ខ្ញុំ​សុខ​ចិត្ត​ទុក​​ពេល​​​ឱ្យ​ក្រុមហ៊ុននេះ គឺ​​ដោយសារ​តែ​​ក្រុមហ៊ុនអត់ទាន់មានលុយដោះ​ស្រាយ​ឱ្យ​ខ្ញុំ ហើយខ្ញុំ​ទិញ​ដី​ក្រុមហ៊ុន​ពិត​ប្រាក​ដ ចឹង​គឺ​អត់​ឱ្យ​បង្ក​ក​ទ្រព្យ​សម្រាប់​អ្នកដែល​​ប្តឹង​​ក្រុមហ៊ុន​ ២ពាន់​នាក់​​ជា​ង​ អត់​​ឱ្យ​​បង្កក​​ទ្រព្យ​​ទុក​​ទេ គឺទ្រព្យ​ហ្នឹង​​ត្រូវ​តែ​តម្កល់ទុក​ឱ្យ​​​ដោះស្រាយ​​​អតិថិជន​ ៨ពាន់​នាក់​រួម ដែលទិញ​ដី​ទាំង​អស់​គ្នា​ហ្នឹង ចឹង​ខ្ញុំចង់និយាយ​ថា​ អ្នក​ប្តឹង​បង្កក​ទ្រព្យតែ​ ២ពាន់​នាក់​ជាង​ទេ តែ​អ្នក​​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ ៦ពាន់​នាក​ជាង តើ​យុត្តិ​ធម៌សម្រាប់​ពួក​ខ្ញុំ​ដែល​រង​ចាំ​ពេល​នេះ​ទេ»។

អតីត​ឧកញ៉ា ហ៊ី គឹម​ហុង ដែល​បោក​ប្រាស់​ពលរដ្ឋ​៨ពាន់​គ្រួសារ​នោះ កាល​ពីថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៥ ​បាន​​សន្យា​​ឱ្យ​​លុយ​ជន​រង​គ្រោះ​ម្នាក់​ ១០​ដុល្លារ​អាមេរិក តាម​​កិច្ច​​ព្រម​​ព្រៀង​នីមួយៗ ចំពោះ​អតិថិជន​ដែល​មិន​​បាន​​ដាក់​​ពាក្យ​​ប្ដឹង​​ក្រុម​​ហ៊ុន និង​​អតិថិជន​​​ដែល​​ព្រម​​ទុក​​ពេល​ ៣៦​​ខែ​​ទៀត ឱ្យ​ក្រុម​ហ៊ុន​រក​លុយ​​សង​​ពួក​​គេ។

ដោយឡែក បើអតិថិជនដាក់ពាក្យប្ដឹងក្រុម​ហ៊ុន​រួច ត្រូវ​ដក​ពាក្យ​បណ្តឹង​វិញ និង​ត្រូវ​មក​ធ្វើ​កិច្ច​ព្រម​ព្រៀង​ថ្មី​ទុក​ពេល​វេលា ៣៦​ខែ ទើប​​ទទួល​​បាន​​លុយ​​ចំ​នួន ១០​​ដុល្លារ​​អាមេរិក​នេះ។ យ៉ាងណា​ ក្នុង​លិខិតនោះ មិន​បាន​បញ្ជាក់​​ថា នឹង​ផ្តល់​ឱ្យ​១០​ដុល្លារ​ក្នុង​មួយ​ខែ​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​គ្រាន់​តែ​ថា​ឱ្យ​១០ដុល្លារ​ដល់​អ្នក​ដក​ពាក្យ​បណ្តឹង​ប៉ុណ្ណោះ។

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​ដែលមិនបាន​បញ្ជាក់ឈ្មោះ និង​​អះអាង​ថាចាញ់បោក​ក្រុមហ៊ុន​ពិភពដី​មាស នូ​វទឹក​ប្រាក់ជាង ១៨ម៉ឺន​ដុល្លារ បាន​និយាយ​ថា សម្រាប់​រូបគាត់​​ដែលបាន​ធ្វើ​កិច្ច​ព្រម​​ព្រៀង​ថ្មីច្រើន​កុងត្រា​​ជាមួយ​ក្រុមហ៊ុន​នោះ គឺបាន​ទទួលលុយ​ពីក្រុមហ៊ុន​ ៤០ដុល្លារ​ក្នុ​ងមួយ​ខែ​ពិត​ប្រាកដ​មែន​​ (១០ដុល្លារ​​ក្នុងមួយ​កិច្ច​ព្រមព្រៀង) ដែលក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ ការ​រង​ចាំការ​ដោះស្រាយនេះ រូបគាត់ទទួលបាន​លុយជាង ២០០ដុល្លារ​។

ការណ៍នេះ អ្នកស្រីថា ពួកគាត់​មិន​ព្រម​ឱ្យ​តុលាការ​ចាប់ខ្លួន​អតីត​ឧកញ៉ា ហ៊ី គឹម​ហុងនោះទេ ​​ដោយ​សុំទុកពេលឱ្យ​ម្ចាស់ក្រុមហ៊ុន​រូប​នេះ រក​លុយ​ដោះស្រាយ​សំណង​ជូនពួកគាត់​ ទៅតាម​ការ​សន្យា ខណៈពេលវេលា ៣៦ខែ​ដែលខាង​ក្រុមហ៊ុនសន្យា​នោះ​ នៅមិន​ទាន់​ដល់​នៅឡើយ។

អ្នកស្រីថា៖ «តែពួកខ្ញុំមក​ ៦៥០០នាក់​នេះ គឺ​អត់​ព្រមទេ​ ព្រោះអី​ខាង​ខ្ញុំនៅគ្នា​ច្រើន​ ហើយ​​គឺសុំទុក​​ពេលឱ្យ​ខាង​ម្ចាស់​​​ក្រុម​ហ៊ុន​គាត់​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​​ គឺអត់​ព្រមឱ្យ​គាត់​ចូល​គុក​ទេ​​​ ព្រោះគាត់​​សន្យាអត់ទាន់គ្រប់ពេល​វេលាទេ ចឹង​យើង​ត្រូវ​ទុក​ពេល​វេលា​ឱ្យគាត់​ដោះស្រាយ អត់​តាម​អ្នក​មួយ​ក្តាប់​តូច ប៉ុន្មាន​ថ្ងៃមុន​ដែល​គាត់​ចង់​ឱ្យ​ចាប់​ម្ចាស់​ក្រុមហ៊ុន​ដាក់គុក ខ្ញុំអត់ព្រម​ទេ ព្រោះ​អី​លុយ​ពួក​ខ្ញុំ​ក៏មា​ន​ច្រើន​ដែរ​​»។

បើតាមពលរដ្ឋ​ដែលតវ៉ានោះ មាន​ពលរដ្ឋ​ខ្លះ អះអាង​ថា​ជំពាក់បំណុល​ធនាគារដែរ ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា ចំនួន​​ការ​ប្រាក់​ដែលពួកគាត់​ត្រូវ​បង់​ក្នុង​មួយ​ខែ​ៗនោះប៉ុន្មាននោះទេ ខណៈខាង​ក្រុមហ៊ុន​ផ្តល់​ប្រាក់សម្រាប់​អ្នកដែលព្រមចុះកិច្ច​សន្យានោះចំនួន ១០ដុល្លារ។ ​

ការ​តវ៉ានេះ បានធ្វើឡើង​ក្រោយ​ពី​មានជន​រងគ្រោះ​មួយ​ក្រុមទៀត ដែល​តំណាង​ឱ្យ​ជាង​២ពាន់គ្រួសារ កាល​ពីថ្ងៃទី​២៤ ខែ​វិច្ឆិកា បាន​ប្រមូលផ្តុំ​តវ៉ានៅ​មុខ​​តុលាការ​ក្រុង​ភ្នំពេញ​ដូចគ្នា​នេះ ទាមទារ​ឱ្យ​ប្រព័ន្ធ​យុត្តិ​ធម៌ ចាត់​វិធាន​ការ​​ដាក់​សម្ពាធ​​​ក្រុមហ៊ុន​​ពិ​ភពដី​មាស ដោយ​ចាប់​ខ្លួន​ម្ចាស់ក្រុមហ៊ុន លោក​ ហ៊ី គឹមហុ​ង ដាក់ពន្ធនាគារ និង​រឹងអូសទ្រព្យ​​ទាំងអស់ ដើម្បី​យក​មក​ដោះស្រាយ​សង​ជនរងគ្រោះ ខណៈ​ពួកគាត់កំពុង​​​​ជាប់បំណុល​វ័ណ្ឌ​ក និង​មាន​មនុស្ស​ស្លាប់​ដោយ​សារ​វិបត្តិ​បំណុល​​កើ​ន​ដល់​ ៣២នាក់។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា ក្នុង​​កាលៈទេសៈនេះ ប្រជាពលរដ្ឋ​គួរតែ​​រួបរួមគ្នា​ជា​ធ្លុង​មួយ​ ក្នុងការ​​ទាមទារនិង​ជំរុញឱ្យ​ប្រព័ន្ធយុត្តិធម៌​ ដាក់សម្ពាធ ឬ​ចាប់​​​​ក្រុម​ឧកញ៉ា​ដែល​​ឆបោ​​ក​ទាំង​​​​នោះ ​សង​​សំណ​​ង​​​ទៅ​​ពួកគាត់ដែល​ជា​ជនរង​គ្រោះវិញ នោះ​ទើប​អាច​ទទួលបាន​ជោគជ័យ ជា​ជាង​ចែកគ្នា​ជា​២ក្រុម​ក្នុងការ​តវ៉ា។

លោកបន្តថា៖ «ចំពោះបញ្ហាលោកឧកញ៉ា គឹម​ហុង នេះ​ចង់មិនចង់​ ត្រូវ​តែ​​ចាប់គាត់​​ទុក​ដាក់​ពន្ធ​នាគារ​សិន​ ដើម្បី​ឱ្យគាត់​សង​ថវិកា​ ដើម្បីយើងធ្វើ យើង​ធ្វើហ្នឹង​​គឺជំរុញឱ្យ​គាត់​ ចាប់​ជំរិត​ឱ្យ​គាត់​សង បើ​មិន​ចឹង​ទេគាត់​មិន​សង​ទេ ហើយ​គាត់​ធ្វើ​មិន​ដឹង​មិន​លឺ ដោយសារ​ជា​​បក្ស​ពួក​របស់​​អ្នក​កាន់​អំណាច[] រឿង​នេះមានពីរ ខ្ញុំ​មើលទៅ​មាន​២ ចង់ចាប់ដាក់គុក​ឬមិនចង់ដាក់​គុក​ រឿងជំពាក់​ថវិកា​ប្រជា​ពលរដ្ឋ រឿងផ្ទះ​សម្បែង​ដីធ្លី​អី​ហ្នឹង​​ តុលាកា​រត្រូវ​ចាត់​ចែង​រឿង​ហ្នឹង តុលាការ​​ត្រូវ​តែ​អារ​កាត់​រឿង​ហ្នឹង បើ​តុលាការ​ធ្វើ​មិន​កើត​ទេ នាំគ្នា​ទៅធ្វើ​បាតុកម្មទាំង​អស់​គ្នា បើតុលាការ​​អត់​ដោះស្រាយ​រឿង​ហ្នឹង​ទេ​»។

វីអូឌី មិន​អាចសុំការ​ឆ្លើយ​តបជុំវិញរឿងនេះ ពីអ្នកនាំពាក្យសាលា​ដំបូង​រាជធានីភ្នំពេញ លោក ប្លង់ សុផល និង​ម្ចាស់ក្រុមហ៊ុន​ពិភព​ដីមាស លោក ហ៊ី គឹមហុង បាន​ទេនៅ​ថ្ងៃ​ចន្ទនេះ។

យ៉ាងណា ក្រោយ​ពីមានការ​តវ៉ាពីប្រជាពលរដ្ឋ​មួយ​ក្រុមដែលមានគ្នា​រាប់សិប​នាក់ ទាមទារឱ្យ​តុលាការ​មានចំណាត់​ការ​ចាប់​លោក ហ៊ី គឹមហុង ដាក់ពន្ធនាគារ និង​ដាក់​សម្ពាធឱ្យ​ម្ចាស់ក្រុមហ៊ុន​ពិភព​ដីមា​ស​រូប​នេះ សង​បំណុល​នោះ ខាង​សាលា​ដំបូង​រាជធានីភ្នំពេញ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយ​ កាល​ពីថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​ ជុំវិញ​ចំណាត់​ការ​សំណុំរឿង​ពាក់ព័ន្ធ​​​នឹង​ក្រុមហ៊ុន​ពិភព​ដីមាសនេះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ប្រធាន​សាលា​ដំបូង​រាជធានីភ្នំពេញ លោក ងួន ណារ៉ា និង​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​​ លោក ច្រឹង ខ្មៅ បាន​បែងចែកសំណុំរឿង​ជា​២ធំៗ​ ក្នុង​នោះមានសំណុំរឿង​ព្រហ្ម​ទណ្ឌចំនួន ៥រឿង ដែលសវនាការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៦ ខណៈ​ចំណាត់​ការ​លើសំណុំរឿង​ស៊ើប​សួរ​ចំនួន ២០​រឿង ចៅ​ក្រម​ស៊ើប​សួរ​នឹង​ពិនិត្យឱ្យ​បាន​ឆាប់ក្នុង​រយៈពេល​ដ៏ខ្លីខាង​មុខ ហើយ​សំណុំរឿង​ជំនុំ​ជម្រះ​ចំនួន ២ផ្សេង​ទៀត នឹង​​បើក​សវនាការ​នៅថ្ងៃទី១៧ ខែ​ធ្នូ និង​ថ្ងៃទី​៩ ខែ​មករា និងសំណុំរឿង​មួយ​ទៀត ​បញ្ជូន​​​​​​​ទៅ​​​សាលាឧទ្ធរណ៍​​​ដើម្បី​មាន​ចំណាត់​​​ការ​​។ ​

សម្រាប់ សំណុំ​​​រឿង​រដ្ឋ​ប្បវេណី មាន​៣រឿង នឹង​​មាន​ចំណាត់ការ​ទាញផ្ទាល់​មាត់​នៅ​អំឡុ​ងខែធ្នូ ខណៈសំណុំ​រឿង​​រក្សារ​ការ​ពារ​មានចំនួន ៥រឿង ដែលមាន​ដើម​បណ្តឹង​សរុបចំនួន ២ ៣២១នាក់ តុលាការ​បានចេញ​ដីការ​សម្រេច​​រឹបអូស និង​ឃាត់​ទុក​ដី​មួយចំនួន តាម​ការ​ស្នើសុំ​របស់​ដើម​បណ្តឹង​​រដ្ឋ​ប្ប​វេណី ដែលជា​ប្រជាពលរដ្ឋ ដើម្បីធានាក្នុងកា​រអនុវត្ត​សំណង​ជូន​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន អ្នក​នាំពាក្យ​សាលា​ដំបូង​បានគូស​បញ្ជាក់​ថា៖ «នៅក្នុង​ចំណាត់​ការ​​សំណុំ​រឿង​ខាង​លើ​នេះ តុលាការ​ត្រូវ​ការ​ពេល​វេលា​សម​រម្យ ដោយសារ​សំណុំរឿង​​មាន​ចំនួន​ច្រើន និង​មានលក្ខណៈ​ស្មុគស្មាញ​ ជាពិសេស​ជនរង​គ្រោះ​​ជា​ដើម​បណ្តឹ​ង​រដ្ឋ​ប្ប​វេណី​មាន​​ច្រើន​រយ​នាក់ តុលាការ​កំពុង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ​ជន​រង​គ្រោះ ដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណី​ឱ្យ​បាន​ត្រឹម​ត្រូវ ហើយ​ក៏ដូច​ជា​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់ឯកសារ​បញ្ជាក់​ការ​ទាម​ទារ​​​សំ​ណង​របស់​ដើម​បណ្តឹង​ម្នាក់​ផង​ដែរ។ ចំពោះសំណូម​ពរ​ផ្សេង​ទៀតរបស់​ប្រជាពលរដ្ឋដែល​ជា​ដើម​បណ្តឹង​រដ្ឋ​​ប្ប​វេណី ក៏ដូចជា​ចំណាត់​ការ​បន្ត​សំណុំរឿង​ទាំង​នេះ តុលាការ​​​នឹង​​បន្ត​ធ្វើ​ការ​​ពិនិត្យ​ចាត់ការ​​​ឱ្យ​បាន​លឿន ត្រឹម​ត្រូវ និង​យុត្តិធម៌​ជូន​ភាគី»

យ៉ាងណា សម្រាប់​ លោក ម៉ែន សុថាវរិន្រ្ទ ជឿថា តុលាការ​នឹង​មិន​ចាត់វិធានការ​លើ​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង​ នោះទេ ព្រោះតែ​គាត់​ជា​បក្ខពួក​របស់ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល។

លោកថា៖ «ខ្ញុំជឿជាក់ថា តុលាការ​​​មិន​​ចាត់​វិធាន​ការ​​​​លើ​លោក ហ៊ី គឹម​ហុង​ ហ្នឹង​ទេ ព្រោះ​សុទ្ធតែ​ជាបក្ខពួក​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចឹង​គាត់​មិន​គិត​គូរ​រឿង​ហ្នឹង​​​ទេ គឺ​សុទ្ធ​តែ​បក្ខ​ពួក​គាត់​ទាំង​អស់​ មាន​តែ​ប្រជាពលរដ្ឋ​​ទាំង​អស់គ្នា​ទេ​ រួបរួមគ្នា​ឡើងជាធ្លុង​មួយ​ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ហ្នឹង បើ​មិន​ចឹង​ទេ សុទ្ធ​តែ​បក្ខពួក​ថ្នាក់​ដឹកនាំ​ទាំង​អស់​ហ្នឹង​​ គឺ​មិនអាច​ចាត់វិធានការ​បានទេ តវ៉ា​យ៉ាងណា​ក៏ទៅមិនរួច​ទេ»។

​សម្រាប់ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃអ​ង្គការ​​ការ​ពារ​​សិទ្ធិ​​មនុស្ស​​លីកាដូ លោក អំ សំអាត ​ធ្លាប់​​បាន​​ជំរុញ​​​ឱ្យតុ​លាការ​​ពន្លឿន​​បើក​​ការ​​ស៊ើប​អង្កេត ​លើករណី​​បោក​ប្រាស់​​នេះ​​ឡើង​​វិញ ​ដើម្បី​កា​ត់​​ទោស​​ឧក្រិដ្ឋ​ជន និង​​រឹប​អូស​​ទ្រព្យ​​មក​សង​​ជនរង​គ្រោះ​​វិញ​​ផង​​ដែរ។

លោកថា៖ «ក្រៅ​តែ​អំពី​​រង​គ្រោះ​ក្រុម​ហ៊ុនពិភពដីមាសហ្នឹង​ហើយ គាត់[ជន​រង​គ្រោះ​​]​​មា​ន​​ការ​ជំពាក់​​បំណុល​​​ច្រើន​​ដែល​​​ធ្វើ​​ឱ្យ​បំណុល​​ហ្នឹ​ង​​ក្លាយ​ជា​វ័ណ្ឌ​ក ហើយ​​​ប៉ះ​ពាល់​​រហូត​​ទៅ​ដល់​​សេដ្ឋ​កិច្ច​​គា​ត់​​ទៅ​ទៀត អ្នក​ខ្លះ​អាច​នឹង​បាត់​បង់​​​ដី​ធ្លី ផ្ទះ​​សំបែង ឬ​ក៏​ទ្រព្យ​ជា​បន្ត​ទៅ​ទៀត ហើយ​អ្នកខ្លះ​ក៏​អាច​សម្រេច​ចិត្ត​គិ​ត​ខ្លី ផ្សេង​​ៗ ដែល​អាច​​ប៉ះ​ពាល់​ទៅដល់ រាងកាយ ឬក៏​អ្នក​ខ្លះ ធ្លាក់​​ខ្លួន​មាន​ជំងឺ​អី​ជា​ដើម ការ​ប៉ះពាល់​ ប៉ះ​ទង្គិច​​ផ្លូវ​​​ចិត្ត​​ធ្ងន់​​​ធ្ងរ​​អី​ជា​ដើម។ អ៊ី​ចឹង វា​ដល់​ពេល​​ដែល​តុលាការ​​​​លោក​ត្រូវ​តែ​​​អនុវត្ត​​វិធាន​ការ​​ផ្លូវ​ច្បាប់ ដើម្បី​​រក​​យុត្តិ​ធម៌​ឱ្យ​​ជន​​រង​​គ្រោះ»។

អគ្គនាយកក្រុមហ៊ុនពិភពដីមាស អតីត​​​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​​​​​បាន​​​ចា​ប់​​ខ្លួន​​​​កាល​​​​​​ពី​​ខែ​​សីហា ឆ្នាំ​​២០២៣​ ពី​បទ ឆបោក​​​​ពលរដ្ឋ តែ​​ប្រមាណ ៤ខែ​​ក្រោយ​​មក ពោល​​​គឺ​​នៅ​​ខែ​​វិច្ឆិកា ឆ្នាំ​២០២៣ តុលាការ​​ដោះ​លែង​វិញ ក្រោយ​សន្យា​រក​លុយ​សង​ជន​រង​គ្រោះ​វិញ តែ​ពេល​បា​ន​នៅ​ក្រៅ​ឃុំ លោក​​បាន​គេច​វេស​មិន​គោរព​សន្យានោះ​ទេ។

ចំពេល​យុត្តិធម៌ជាប់គាំង ជន​រង​គ្រោះ​ក៏ធ្លាប់​បាន​ទម្លាយ​​លិខិត​​២ច្បាប់ បង្ហាញ​​ថា គណៈ​​អចិន្ត្រៃយ៍​​គណៈកម្មា​ធិការ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​រាជធានី​ភ្នំពេញ ដែល​មាន លោក ឃួង ស្រេង ជា​​ប្រធាន​​ បាន​បង្កើត​សាខា​បក្ស​​នៅ​ក្រុម​ហ៊ុន​​ពិភព​ដី​មាស​ ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ឆ្នាំ​២០២៣ ជ្រើស​​តាំង​ លោក ហ៊ី គឹម​ហុង ជា​មេដឹក​នាំ។

យ៉ាងណា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រជាពលរដ្ឋ​បាន​ងើប​តវ៉ា​​ជា​ប​ន្ត​​បន្ទាប់​ មាន​​ដូច​​ជា​ អតិថិ​ជន​ទិញ​​​ផ្ទះ​នៅ​​បុ​រី​​ឡេង ណា​វ៉ាត្រា អតិថិជន​​ទិញ​​បុរី ម៉ន ដានី និង​អ្នក​ចាញ់​បោក​អតីត​ឧកញ៉ា ឡេង ចាន់​ណា ជាដើម។

អំពើឆបោកធំៗក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ​នេះ មានដូចជា ​​អតីត​ឧកញ៉ា ឡេង ចាន់​ណា ជា សារ៉ន ហ៊ី គឹមហុង ក្រុម​ហ៊ុនCIC ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត ដែល​យុត្តិ​ធម៌​ពួក​គេ​ត្រូវ​បាន​កប់​ចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ