អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យរដ្ឋាភិបាលបង្ហាញតម្លាភាពលើទីតាំង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ថៃ

អ្នកតាម​ដាន​ ជំរុ​ញ​ឱ្យរ​ដ្ឋាភិបាល​បង្ហាញ​តម្លា​ភាព ជុំវិញ​ការ​បោះ​បង្គោល​ព្រំ​ដែន​បណ្តោះ​អា​ស​ន្ន​​ជាមួយ​​ថៃ នា​ពេល​បច្ចុប្បន្ននេះ​ បើ​ខ្លួន​អះ​អាង​ថា ការ​បោះ​បង្គោល​នេះ​មិន​ធ្វើ​ឱ្យ​បាត់​បង់​ដី​ស្រែ​ចម្ការ ឬ​ទឹក​ដី​​ខ្មែ​រ​ទៅ​​ប្រ​ទេ​ស​​ថៃ ដូច​ការ​ចោទ​ប្រកាន់​ពិ​ត​មែន​នោះ ត្រូវ​បើក​ចំហ​ឱ្យ​ពលរដ្ឋ អ្នក​សារព័​ត៌មា​ន និង​​អ្ន​ក​​ពា​ក់​ព័ន្ធ​ផ្សេង​ទៀ​ត​បាន​​ចូល​ទៅ​ដល់​ទីតាំង​បោះ​បង្គោល ជា​ជាង​ធ្វើ​បដិសេធ តែ​លើ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្ស​ព្វ​ផ្សា​យ​រដ្ឋ តែ​​គំរាម​មិន​ឱ្យ​ពលរដ្ឋ​មិន​ឱ្យ​ដឹង​ឮ​បញ្ហា​នេះ។

កាលពីថ្ងៃទី៣០ ខែ​វិច្ឆិកា រដ្ឋាភិបាល បញ្ចេញ​អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន​របស់​ខ្លួន​ចំនួន​៣​រូប​ តាម​រយៈ​ទូរទស្សន៍​ជាតិ​​កម្ពុជា ដើម្បី​បក​ស្រាយ​ការ​បោះ​បង្គោល​បណ្ដោះ​អាសន្ន​ នៅ​​កំណាត់​ខ្សែព្រំ​ដែន​កម្ពុជា-ថៃចន្លោះ​បង្គោល​លេខ​៤២-៤៧ និង​៥២-៥៩។

ក្នុងនោះ លោក ស្រ៊ឺ បូរ៉ា អគ្គនាយកបច្ចេកទេសកិច្ចការ​ព្រំដែន និយាយ​ថា ការ​​បោះ​បង្គោះព្រំ​ដែន​បណ្តោះ​អាសន្ន​ជាមួយ​ថៃ គឺ​​យោ​ង​​តាម​​ឯកសារ​​បារាំង​-សៀម​​​ឆ្នាំ​​១៩០៤-១៩០៧ ព្រម​​ទាំង​កំណត់​ហេតុ​​បោះ​បង្គោល​​ព្រំដែន​​ឆ្នាំ​១៩០៨-១៩០៩ និ​ង​​​ឆ្នាំ​​១៩១៩-១៩២០ ​ជា​ឯក​សារ​អន្តរជាតិ​ទទួល​​ស្គាល់​​។

លោកបញ្ជាក់ថា ដំណើរការបោះបង្គោលព្រំដែនជាមួយថៃនេះ​ ធ្វើឡើ​ង​ទៅតា​ម​ដំណាក់​កាល​ជំហ៊ានៗ ដោយ​មាន​ការ​ឯកភាព​ពី​ភាគី​ថៃ។

ចំណែក រដ្ឋលេខាធិការប្រចាំការ​នៃ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន លោក អ៊ិត សុត្ថា បាន​បញ្ជាក់​ថា ការ​កំណត់​ខណ្ឌ​សីមា​កម្ពុជា-ថៃ ជា​កិច្ច​ការ​បច្ចេក​ទេស ហើយ​មាន​ឯកសារ​គតិ​យុត្ត និង​ភស្តុ​តាង​បន្ស​ល់​ទុក​ពីសម័យ​អាណា​ព្យាបាល​បារាំង។

យ៉ាងនេះក្តី រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាយ សៀង​លី បាន​ទទួល​ស្គាល់​ថា បង្គោល​​លេខ​៤៣ ដែល​សល់​ពី​សម័យ​បារាំង បាន​កប់​ចូល​ក្នុង​ដី​ស្រែ​របស់​ប្រជាជន​ថៃ។

លោក​អះអាង​ថា បង្គោល​លេខ​៤៣ ស្ថិត​នៅ​ចន្លោះ​ភូមិ​យាង​ដង្គំ​របស់​កម្ពុជា និង​ភូមិ​គោក​ធ្យូង​របស់​ថៃ ដែល​ត្រូវ​បាន​កប់​ក្នុង​ដី​ស្រែរបស់​ពលរដ្ឋ​ថៃ ដែល​ក្រុម​ការ​ងារ​បច្ចេក​ទេស​ព្រំដែន ជីក​រក​ឃើញ​លើ​​ដី​ថៃ។

លោកថា៖ «ពេលយើងជីកទៅ យើ​ងបា​ន​ប៉ះ​ឃើញ​បង្គោល​លេខ​៤៣ គឺ​នៅ​ទ្រង់​ទ្រាយ​ទាំង​វែង​តែ​ម្តងដោយ​គេ​កប់​ចោល​ជី​ក​នៅ​ក្នុង​វា​ស្ថិត​នៅ​ក្នុង​ដី​ស្រែរ​បស់​ប្រជាជន​ថៃ ដែល​កំពុង​ធ្វើ​សព្វ​ថ្ងៃ​កប់​ប្រមាណ​ជា​ជិត​កន្លះ​ម៉ែត្រ​ តែ​ដោយ​សារ​យើង​ជីក​អីចឹង ការ​សិក្សា​ស្រាវ​ជ្រាវ​ការ​អនុ​វត្ត​ទៅ​តាម​ឯកសារ​ហើយ​និងបច្ចេក​ទេស​របស់​យើង គឺ​មាន​ភាព​ជាក់​លា​ក់​ខ្ពស់​ យើ​ង​អាច​រក​ឃើញ​របស់​ដែល​បាត់​ទៅ​ឲ្យ​ប្រជា​ជន​នៅ​ក្នុង​​តំបន់នោះ​មិន​បាន​ដឹង ហេតុ​នេះ​សុំ​បញ្ជាក់​ថា​នេះ​គឺ​ជា​ទីតាំង​ត្រឹម​ត្រូវ​ពិត​ប្រាកដ»

ការបកស្រាយរបស់​អ្នក​ជំនាញ​ព្រំដែន​របស់រដ្ឋាភិ​បាល​នេះ ក្រោយ​ពី​រង​ការ​រិះ​គន់​ថា ការ​ដែល​​រ​ដ្ឋា​ភិ​បាល​កម្ពុជា ទទួល​ស្គាល់​បង្គោល​​ឡាក់​លេខ​៤៣ និង​បង្គោល​មួយ​ចំនួន​ទៀត លើ​​ដី​បច្ចុប្បន្ន ធ្វើ​ឱ្យ​​កម្ពុជា​​បា​ត់​​បង់​ដី​ពី ២​ទៅ​៣​គីឡូ​ម៉ែត្រ ទៅ​ថៃ ដោយ​ថា​បង្គោល​លេខ​៤៣​និង​៤៥​ជា​ដើម ថៃ​បា​​ន​លួច​​រំកិល​ចូ​ល​​ដី​​ខ្មែ​រ​រួច​ហើយ មុន​មាន​កិច្ច​ព្រម​ព្រៀង​នេះ។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំងដែលមានបទពិសោធន៍​កិច្ច​ការ​ព្រំដែន លោក អ៊ុំ សំអាន ចាត់​ទុកថា ការ​បក​ស្រាយ​អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល ហាក់​ផ្ទុយ​ស្រ​ឡះ​ពី​ការ​ពិត​ទាំង​ស្រុង។

លោកថា ការ​បក​ស្រាយ​របស់​ក្រុម​អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន​រដ្ឋាភិបាល​នេះ ជា​ចេតនា​ជួយ​បិទ​បាំង​កំហុស​មេដឹក​នាំ​គ្រួសារ​ហ៊ុន ​កុំ​ឱ្យ​មហា​ជន​ខ្មែរ​ខឹង​សម្បារ ដែល​ពួក​គេ​បាន​កាត់​ដី​ទៅ​ថៃ ដើម្បី​សន្តិ​ភាព និង​អំណាច​។

សម្រាប់​ លោក សំអាន នៅតែអះអាងថា បង្គោល​​ឡា​ក់​​លេខ​៤២-​៤៣ ដែល​ជា​បង្គោល​​ចាស់ ត្រូវ​​បាន​​​​ថៃ​លួច​​រំកិលចូល​​​​​ដី​​ខ្មែរ​​ប្រមាណ​​ ២​​គីឡូ​​ម៉ែត្រ​​​កន្លះ ហើយ​​ថៃ​បាន​​រំលោភ​យក​ប្រាសាទ​បុរាណ​ខ្មែរ ស្តុក​កក់​ធំ នៅ​ឆ្នាំ​១៩៩១។

លោកថា៖ «លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា បង្គោល​លេខ​៤៣​ហ្នឹង កាល​ពី​មុន​នៅ​ខាង​លិច​ប្រាសាទ​ស្តុក​កក់​ធំ​ មាន​ន័យ​ថា បើ​គិត​ទៅ​ក្នុង​ដី​ថៃ​សព្វ​ថ្ងៃ​ ២គីឡូ​ម៉ែត្រ​ជាង​​ពីរ​ម៉ែត្រ​កន្លះ​ សព្វ​ថ្ងៃ​បង្គោល​លេខ​៤៣​ហ្នឹងមក​នៅ​ភូមិ​ព្រៃចាន់ ចូល​ដី​ខ្មែរ​យើង​ពី​រ​គីឡូ​ម៉ែត្រ​ជាង ពី​រម៉ែត្រ​កន្លះ​ អ៊ីចឹង​អ្វី មា​ន​ន័យ​ថា​ ថៃ​លួច​រំកិល​បង្គោល​៤៣ ពី​មុន​នៅ​ខាង​​លិច​​ប្រាសាទ ឥឡូវ​មក​នៅ​ភូ​មិ​ព្រៃ​ចាន់​ចូល​ដី​ខ្មែរ​យើង​២គីឡូ​ម៉ែត្រ​ជាង អ៊ីចឹង​គណៈ​កម្មការ​របស់​ លោក ហ៊ុន ម៉ាណែត និង​ លោក ឡាំ ជា នេះ​គឺ​អ្នក​ជំនាញ​របស់​គាត់​បក​ស្រាយ​ថាបង្គោល​លេខ​៤៣​ នៅ​ទីតាំង​ចាស់​គឺ​​​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ»។

លើសពីនេះ លោក អ៊ុំ សំអាន បានសរសេរលើហ្វេសប៊ុកថា វីដេអូនេះ​ផ្ញើជូន​ លោក ហ៊ុន ម៉ាណែត និងលោក អ៊ី ឈាន ដែល​ចង់​ឱ្យ​ខ្ញុំ​បង្ហាញ​ភស្តុ​តាង​ និង​សាក្សី​រស់​ ដែល​បញ្ជាក់​ថា ការ​បោះ​បង្គោល​បណ្តោះ​អាសន្ន​នៅ​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ដែល​ធ្វើ​ឱ្យ​បាត់​បង់​ដី​ស្រែ​ចំការ​របស់​ពលរដ្ឋ​ខ្មែរ។

លោក​បន្ត​ថា ពលរដ្ឋខ្មែរដែលបាត់​បង់​ដី​ស្រែ​ចំការ​ ដោយ​សារ​ការ​បោះ​​បង្គោល​បណ្តោះ​អាសន្ន​នេះ គឺ​ជាសាក្សី​រស់​និង​ជា​ភស្តុតាង​ដ៏​សំខាន់ ក្នុង​ការ​បង្ហាញ​ពី​ការ​កាត់​ទឹក​ដី​ខ្មែរ​ឱ្យ​​ថៃ​ ដើម្បី​ដូរ​យក​សន្តិភាព និង​អំណាច។ ដូច្នេះ ការ​បោះ​បង្គោល​បណ្តោះ​អាសន្ន​ នៅ​ចន្លោះប​ង្គោល​លេខ​៥២​ដល់​លេខ​៥៩ នៅ​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ធ្វើ​ឱ្យ​​បាត់​បង់​ទឹក​ដី​ខ្មែរ​រាប់​រយ​គីឡូ​ម៉ែត្រ​ការ៉េ។

លោកអះអាង​ថា កាល​ពីថ្ងៃទី០៣ ខែ​វិច្ឆិកា ឆ្នាំ២០២៥ មាន​ការ​ប៉ះ​សម្តី​គ្នា​ខ្លាំង​ៗ រវាង​ទាហាន​ថៃ និង​ពលរដ្ឋ​ខ្មែរ នៅ​ពេល​ដែល​ទាហាន​ថៃ​បាន​ចូល​មក​បោះ​តម្រុយ​បង្គោល​បណ្តោះ​អាសន្ន ដើម្បី​កំណត់​ខ្សែ​ព្រំដែន​ដោយ​ការ​បោះ​តម្រុយ​បង្គោល​បណ្តោះ​អាសន្ន​នោះ ប៉ះ​ចំ​លើ​ដី​ស្រែរ​បស់​ពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង។ ពលរដ្ឋខ្មែរក្លាហាន​ណាស់​ ទោះ​បី​ទាហាន​ថៃ​មាន​កាំភ្លើង​នៅ​ក្នុង​ដៃ​ក៏​ដោយ ក៏​ពួក​គាត់​មិន​ខ្លាច​ដែរ ព្រោះ​ដី​ស្រែ​ចំការ​ជា​អាយុ​ជីវិត​របស់​ពួក​គាត់។

ពលរដ្ឋនិយាយ​ថា៖ «ឯង​ឈរលើ​ដី​ឯង អញ​ឈ​រ​លើ​ដី​អញ អញ​មក​រស់​នៅ​លើ​ទីតាំង​នេះ​តាំង​ពី​មុន​ឆ្នាំ១៩៧៩​មក»

ប្រធានក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​ថា ការ​បញ្ចេញ​អ្នក​ជំនាញ​កិច្ច​ការ​ព្រំ​ដែន​របស់​រដ្ឋាភិ​បាល​​នេះ ច្បាស់​ណាស់​ជា​ចេតនា ដើម្បី​ជួយ​បិទ​បាំង​កំហុស​មេដឹ​ក​នាំ ដែល​ធ្វើ​​​ឱ្យបាត់​ដី​ថៃ។

លោកយល់​ថា ការ​បោះបង្គោលព្រំដែនបណ្តោះអាសន្នជាមួយថៃនេះ មិន​ស្ថិត​នៅ​ដី​ជាក់​ស្តែង​នោះ​ទេ ព្រោះ​ពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន និង​អតីត​​មេទ័​ព​​ខ្មែរ​​តស៊ូ​តាម​ព្រំដែន​​ថៃ លោក ញឹក ប៊ុនឆៃ ធ្លាប់​បញ្ជាក់​ថា បង្គោល​ឡាក់​លេខ​៤៣ ត្រូវ​ថៃ​លួច​រំកិ​លចូ​ល​ដី​ខ្មែរ​ជិត​៣គីឡូ​ម៉ែត្រ។

លោកថា៖ «ពួកហ្នឹងចេញមកអះអាងគ្រាន់តែចេញមកកា​រពារ​ហេតុ​ផល​របស់ ហ៊ុន ម៉ាណែត ទេ ហើយ​ហេតុ​ផល​របស់​​លោក ហ៊ុន ម៉ាណែត គ្មាន​ហេតុ​ផល​បច្ចេក​ទេស​ទេ គឺ​ហេតុ​ផល​នយោ​បាយ មុខ​មាត់​នយោបា​យ​របស់​គាត់​​អី គាត់​​ចេះ​តែ​អះ​អាង​ទៅដោយ​គ្មាន​រឿង​ជាក់​ស្ដែង​រឿង​ពិត​ទេ រឿង​ពិត​រឿង​ជាក់​ស្ដែង​នោះប្រជា​ពលរ​ដ្ឋកំពុង​តែ​បារម្ភ​​រឿង​បាត់​ដី​ស្រែ​ចម្ការ​បាត់​ភូមិ​គាត់​នោះ អាហ្នឹង​ដែល​ពួក​គាត់​បារម្ភ​ ហើយ​ពួក​គាត់​បារម្ភ​ហើយ​មិន​ត្រូវ​បាន​គេ​ឲ្យ​គាត់​និយាយ​ទៀត មិន​ត្រូវ​បាន​គេ​ថត​ផ្សព្វ​ផ្សាយ​ទៀត គឺ​គេបំ​បិទ​មាត់​ពួក​គាត់​ហ្នឹង​យ៉ាង​ស្ងៀម​ស្ងាត់​ ហើយ​រង់​ចាំទ​ទួល​លទ្ធ​ផល​សម្រេច​របស់​រដ្ឋាភិ​បាល ហើយ​ប្អូន​មើល​ទៅ​សេច​ក្តី​សម្រេច​រដ្ឋាភិបាល​ វា​អ្វី​ដែល​ថៃ​ចង់​បាន​ហ្នឹង»។

យ៉ាងនេះក្តី លោក ម៉ែន ណាត យល់ថា ដើម្បីបង្ហាញតម្លាភាព និង​ភាពស្មោះ​ត្រ​ង់​ចំពោះ​ជាតិ មាតុ​ភូមិ និងប្រជា​រាស្រ្ត​ខ្មែរ រដ្ឋាភិបាល ត្រូវ​បញ្ជូន​សំណុំ​រឿង​ព្រំដែន​ទាំង​នេះ​​ទៅ​តុលាការ ICJ ដើម្បី​កាត់​ក្តី។

លោក​ថា៖ «ឈប់​គិត​គូរ​ពី​រឿង​ថៃ​ដាក់​សម្ពាធ​តែ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​តែ​ភ្ញាក់​រឭក​ទេ​ ហៅ​អ្នក​ជំនាញ​ខ្មែរ​គ្រប់​ទិស​ទី​​មក​​ហើយ​ អ្នក​ប្រឆាំង​អី​មក​ជុំគ្នា​ជ​ជែក​គ្នា​ដោះ​លែង​អ្នក​ជាប់​ឃុំ​មន​សិកា​រឱ្យអ​ស់​ទៅ​ ហើយ​នាំ​គ្នា​ជជែក​វែក​ញែក​ពី​ការ​វាស់​វែង​ផែន​ទី​ហ្នឹង​បាន​ត្រឹម​ត្រូវ ដើម្បី​កំណត់​ផ្ទៀង​​ផ្ទាត់​​លើ​ដី​ជាក់​ស្ដែង​ហើយ​ពេល​នោះ បើ​ជា​សិន​ជា​ថៃ​នឹង​មិន​ព្រម មាន​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ដាក់​ប្ដឹ​ង​គ្នា ដើម្បី​ដោះ​ស្រាយ​គ្នា​ទៅហើយ​ហៅ​ប្រទេស​បារាំង​មក​ជជែក​មក ព្រោះ​បារាំង​ជា​ម្ចាស់​អាណា​និគម​លើ​កម្ពុជា»។

ជុំវិញការចោទនេះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ធ្លាប់​ចោទ​ក្រុម លោក អ៊ុំ សំអាន ថា ការ​ចោទ​ប្រកាន់​​រដ្ឋាភិបា​ល​ធ្វើ​ឱ្យ​បាត់​ដី​ទៅ​ថៃ​ ថា​​​ជាក្រុម​គ្មាន​ជំនាញ​កិច្ច​ការ​ព្រំ​ដែន ហើយ​ថា រដ្ឋាភិ​បាល​អាច​នឹង​ផ្តល់​អ្នក​ជំនាញ​ទៅ​បើក​វគ្គ​ខ្លី​ដល់​ពួក​គេបា​ន​ពី​ជំនាញ​ព្រំដែន​នេះ​។

ជាការឆ្លើយតប លោក អ៊ុំ សំអាន បាន​បក​វិញ​ថា ក្រុម​លោក​មិន​ចង់​រៀន​ជំនាញ​បច្ចេក​ទេស​ពី​របៀប​កាត់​ទឹក​ដី​ឱ្យ​បរទេស​ពី​ក្រុម​ជំនាញ​ព្រំដែន​របស់​ លោក ហ៊ុន ម៉ាណែត នោះ​ទេ។

តែ​ផ្ទុយ​ទៅ​វិញ ក្រុម​លោក​ចង់​​ឱ្យ លោក ហ៊ុន ម៉ាណែត បញ្ចូន​ក្រុម​ជំនាញ​ព្រំដែន​របស់​គាត់​មក​អាមេរិក ដើម្បី​ឱ្យ​លោក​បាន​បង្រៀន​ពួក​គេ​ពី​ជំនាញ​បច្ចេក​ទេស​ព្រំដែន​ ក្នុង​ការ​ការ​ពារ​ទឹក​ដី​ខ្មែរ ជា​ជាង​ការ​កាត់​ទឹក​ដី​ខ្មែរ​ឱ្យ​បរទេស​​ជិត​ខាង។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​​ប្រគ​ល់​​ឱ្យ​​រដ្ឋ​​​បរទេស ឬ​​ភ្នាក់​​ងារ​​​បរទេស​នូវ​​ដែន​​ដី​​ជាតិ​​​ទាំង​​​ស្រុង ឬ​​មួយ​​ផ្នែក ជា​​អំពើ​​ក្បត់​​ជាតិ ត្រូវ​​ផ្តន្ទា​ទោស​​ដាក់​​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ