សហរដ្ឋអាមេរិក បន្តយុទ្ធនាការដាក់សម្ពាធប្រឆាំងប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញសេចក្តីណែនាំយ៉ាងទូលាយលើប្រព័ន្ធផ្សព្វផ្សាយ ដោយព្រមានក្រុមហ៊ុនអាកាសចរណ៍ អាកាសយានិក និងបណ្តាញឧក្រិដ្ឋជន ឱ្យជៀសវាងដែនអាកាសវេណេស៊ុយអេឡា។
ប្រភពសារព័ត៌មានស៊ីអ៊ែនអ៊ែន(CNN) បានចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា លោក ត្រាំ បានបង្ហោះនៅលើបង្ហាញសង្គមទ្រូហ្វ(Truth)ថា ‘‘សូមពិចារណាដែនអាកាសខាងលើ និងជុំវិញប្រទេសវេណេស៊ុយអេឡាដែលត្រូវបានបិទទាំងស្រុង’’។
សេចក្តីប្រកាសនេះ គឺជាវដ្តថ្មីនៃព្រឹត្តិការណ៍ដែលរដ្ឋបាលរបស់ លោក ត្រាំ បង្កើនការខំប្រឹងប្រែង ដើម្បីបង្ខំឱ្យប្រធានាធិបតីវេណេស៊ុយអេឡា លោក នីខូឡាស ម៉ាដូរ៉ូ (Nicolás Maduro) លាលែងពីតំណែង។ ជាផ្លូវការរដ្ឋបាល លោក ត្រាំ និយាយថា ពួកគេខំប្រឹងដើម្បីកាត់បន្ថយលំហូរខុសច្បាប់នៃជនចំណាកស្រុក និងគ្រឿងញៀន ប៉ុន្តែការផ្លាស់ប្តូររបបគឺជាផលប៉ះពាល់ដែលអាចកើតមាននៃការខំប្រឹងនោះ។
រដ្ឋមន្ត្រីការបរទេសប្រទេសវេណេស៊ុយអេឡា ប្រកាសថ្កោលទោសសេចក្តីណែនាំ កាលពីថ្ងៃសៅរ៍ របស់លោក ត្រាំ ដោយហៅថា ‘‘ការគំរាមកំហែងអាណាគម’’ ដែលបង្កើតបានទៅជា ‘‘ការឈ្លានពានហួសប្រមាណ និងខុសច្បាប់ ហើយអយុត្តិធម៌ប្រឆាំងនឹងពលរដ្ឋនៃប្រទេសវេណេស៊ុយអេឡា’’។
ខណៈលោក ត្រាំ ព្យាយាមទប់ស្កាត់លើលំហូរជនចំណាកស្រុកខុសច្បាប់ និងគ្រឿងញៀនពីអាមេរិកខាងត្បូង ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតី ត្រាំ បានទទួលស្គាល់ថា លោកបានចុះហត្ថលេខាលើផែនការស៊ីអាយអេ ដើម្បីប្រតិបត្តិការក្នុងប្រទេសវេណេស៊ុយអេឡា ហើយ លោក ត្រាំ ក៏បានចាត់តាំង លោក ម៉ាដូរ៉ូ និងសម្ព័ន្ធមិត្តរដ្ឋាភិបាលរបស់លោក ជាសមាជិកនៃអង្គការភេរវជនបរទេសមួយ កាលពីដើមសប្តាហ៍នេះ។
មន្ត្រីរដ្ឋបាលបានជជែកវែកញែកថា នឹងផ្តល់ឱកាសឱ្យយោធាអាមេរិកពង្រីកការវាយប្រហារខាងក្នុងប្រទេសវេណេស៊ុយអេឡា។ នៅថ្ងៃព្រហស្បតិ៍ លោក ត្រាំ ក៏បានស្នើឱ្យមានការវាយប្រហារនៅក្នុងប្រទេស ដែលអាចកើតមានជាបន្តបន្ទាប់។
ជំនួយការលោក ត្រាំ (Trump) ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូរ៉ូ ប៊ីអូ(Marco Rubio) បានបន្តពិភាក្សាអំពីជម្រើសយោធាប្រឆាំង លោក ម៉ាដូរ៉ូ(Maduro)។ លោក ត្រាំ បានកាត់ផ្តាច់រាល់កិច្ចពិភាក្សាការទូតជាមួយប្រទេសវេណេស៊ុយអេឡា ក្នុងខែតុលា ប៉ុន្តែលោកហាក់បីមានភាពទន់ភ្លន់បន្តិច កាលពីសប្តាហ៍មុននៅពេលដែលលោកបានប្រាប់អ្នកសារព័ត៌មានថា លោក ម៉ាដូរ៉ូ ‘‘ចង់និយាយ’’ ហើយក្រោយមកបានស្នើថាលោកនឹងបើកការជជែកជាមួយមេដឹកនាំប្រទេសវេណេស៊ុយអេឡា‘‘ក្នុងពេលណាមួយដ៏ជាក់លាក់’’៕









