បទវិភាគ៖ តើបញ្ហាចម្បងអ្វីខ្លះនៅពីក្រោយការចោទគ្នារឿងកា​ត់ដី​ឱ្យ​បរទេស​ដើម្បី​អំណាច?

ច្រើន​ទសវត្សរ៍​មក​នេះ សង្គ្រាម​ពាក្យ​សម្តី ដែល​អ្នក​នយោបាយ​ខ្មែរ ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ពី​ទង្វើ​ក្បត់​ជាតិ និង​កាត់​​ដី​ឱ្យប្រ​ទេស​ជិត​ខាង មាន​ថៃ និង​វៀត​ណាម ជា​ដើម ដើម្បី​រក្សា​អំណាច​ ឬ​ដោះ​ដូរ​សន្តិភាព​នោះ នៅ​តែ​បន្ត​រហូត​បច្ចុប្បន្ន​នា​សម័យ​ទំនើប​នេះ ខណៈ​កម្ពុជា​បាន​ឯកភាព​បោះប​ង្គោល​​ព្រំ​ដែន​បណ្តោះ​អា​សន្ន​ជាមួយ​ថៃ ក្រោយ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​រយៈ​ពេល​៥ថ្ងៃ​រួច​មក។

បញ្ហាទាំងនេះ ជា​សំណួរ​ចោទសួរ​​​ថា​តើបញ្ហា​អ្វី​នៅ​ពីក្រោយ​ការ​ចោទ​គ្នា​កាត់​ដី​ឱ្យ​បរទេស ដើម្បី​អំណាច?

មូលហេតុចម្បងមួយចំនួន ក្នុងចំណោម​បញ្ហា​ជា​ច្រើន ដែល​គួប​ផ្សំ​គ្នា ផ្តើម​ឱ្យ​លេច​ឡើង​នូវ​វោហា​សាស​​ន៍​ចោទ​គ្នា​ទៅ​វិញ​ទៅ​​មក រវា​ងរដ្ឋាភិបាល​គ្រួសារ​ហ៊ុន និង​អ្នក​ជំនាញ​កិច្ច​ការព្រំដែន​ពី​គណបក្ស​ប្រឆាំង​នោះ គឺ​ត្រូវ​បាន​គេ​សំអាង​ថា កើត​ឡើង​ពី​កត្តា​ធំ​ពីរ។

កត្តាទី១ ការ​បោះបង្គោលព្រំដែន​បណ្តោះអា​សន្ន​ជាមួយ​ថៃ នា​ពេល​បច្ចុប្បន្ន ធ្វើ​ឡើង​ចំពេ​លដែលយោ​ធា​ថៃ ហាក់​មាន​ប្រៀប បង្កើន​ការ​ដាក់​សម្ពាធ និង​ចោទ​ប្រកាន់​កម្ពុជា ក្រោម​លេស​ផ្ទុះ​មីន​តាម​ព្រំដែន ធ្វើ​ឱ្យ​ទាហាន​ខ្លួន​រង​របួស​ជា​បន្ត​បន្ទាប់។

លើសពីនេះ ការបោះ​បង្គោល​បាន​ធ្វើ​ឡើង​ក្រោយ​ថៃ​ប្រកាស​ដក​ខ្លួន​ពី​បទ​ឈប់​បាញ់ ដោយ​ឯកតោ​ភាគី គំរាម​ប្រើ​កម្លាំង វាយ​យក​ទីតាំង​ដែល​ខ្លួន​ចង់​បាន ចំ​ពេល​កម្ពុជា​ប្រកាស​ឈប់​តប​តដោយ​កម្លាំង​ប្រដាប់​អាវុធ ក្រោម​ហេតុ​ផល​ចង់​នាំ​ត្រឡប់​មក​វិញ​នូវ​សន្តិភា​ព​នៃ​ប្រទេស​ទាំងពីរ ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ទ្រង់​ទ្រាយ​ធំ ជាមួយ​​ថៃ រយៈ​ពេល​៥​ថ្ងៃ ។

បញ្ហាចម្បង​ទី​២ គឺ​ក្នុង​កាលៈ​ទេសៈ ដែល​កម្ពុជា​ប្តូរ​ជំហរ​មិន​ប្រើ​កម្លាំង​យោធា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែ​ន យោធា​ថៃ បាន​បន្ត​ចល័ត​ទ័ព​ចូល​ដី​ខ្មែរ រាយ​បន្លា​លួស​ព័ទ្ធ​​​យក​ដីខ្មែរ​និង​ភូមិ​ខ្មែរ​នៅ​ប្រាសាទ​តាមាន់​ធំ តំបន់​អាន​សេះ ព័ទ្ធ​​យក​ភូមិ​​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ រហូត​ទាហាន​ថៃ បើក​ការ​បាញ់​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ បណ្តាល​ឱ្យ​ម្នាក់​ស្លាប់ និង​៣នាក់​រងរបួស កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ក៏​រដ្ឋាភិបាល​កម្ពុជា មិន​ប្រើ​សិទ្ធិ​ស្វ័យ​​ការ​ពារ​ខ្លួន​ ក៏​ដូច​​ជា​​មិន​ប្តឹង​ឱ្យ​ថៃ​ដក​បន្លា​លួស​ទំាំង​នោះ​ត្រឡប់​ទៅ​វិញ​ដែរ ជំនួស​មក​វិញ​ដោយ​ការ​ព្រម​ព្រៀង​បោះ​បង្គោល​បណ្តោះ​អាសន្ន​ នៅលើ​ទីតាំង​មួយ​ចំនួន ដែល​ថៃ​កំពុង​ទន្ទ្រាន​ច្បាម​យក​ ដូច​ជា​ភូមិ​ជោគ​ជ័យ​នេះ​ជា​ដើម។

បញ្ហាចម្បងមួយទៀត គឺ​ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ត្រូវ​គេ​មើល​ឃើញ​ថា មាន​អំណាច​កំពូល​នៅ​កម្ពុជា​នោះ មាន​ប្រវត្តិ ការ​ឡើង​កាន់​អំណាច​ដំបូង​នៅ​កម្ពុជា មាន​ការ​ជ្រោម​ជ្រែង​ពី​មេដឹកនាំ​វៀត​ណាម ចាប់​តាំង​ពី​ឆ្នាំ​​១៩៧៩​មក។

លោក ហ៊ុន សែន ធ្លាប់អះអាងថា លោកជាអ្នករៀបចំផែន​ការ​ជាមួយ លោក សាយ ភូថង ដើម្បី​ចាប់​ខ្លួន​អតីត​នាយក​រដ្ឋ​មន្ត្រី​សម័យ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ អំឡុង​ឆ្នាំ​១៩៨១ បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​វៀត​ណាម​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ ក្រោយ​ពី​មាន​ភ្លើង​ខៀវ​ពី​វៀត​ណាម។

លោកថា៖ «បងសាយ ភូថង បាន​ប្រាប់​ខ្ញុំ​ថា ប៉ែន សុវណ្ណ ក្បត់​​ហើយ ដូច្នេះ​យើង​មិន​អាច​ទុក​ប៉ែន​ សុវណ្ណ បាន​ទេ​ ដូច្នេះ​ខ្ញុំ​ក៏​បាន​បញ្ជាក់​ថា​ពិត​ប្រាកដ​ណាស់​បង មិន​អាច​ទុក​បាន​ត​ទៅ​ទៀត​ទេ។ យើង​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​របស់​យើង​ហើយ​ ប៉ុន្តែ​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ បើ​ ប៉ែន សុវណ្ណ គឺ​ជា​មនុស្ស​ដែល​មក​ពី​វៀត​ណាម អ៊ីចឹង​តើ​យើង​យក​ទៅ​ណា​? យើង​ត្រូវ​តែ​ហ៊ាន​និយាយ​ជាមួយ​ទាំង​ខាង​វៀត​ណាម ដើម្បី​ប្រគល់​ជូន​ទៅ​ឲ្យ​វៀត​ណាម​ជួយ»។

លោក ហ៊ុន សែន ចោទ​ថា លោក ប៉ែន សុវណ្ណ ជា​មនុស្ស​ស្អប់​វៀត​ណាម បើ​ទោះ​បី​គាត់​បាន​រត់​ទៅ​នៅ​វៀតណាម​តាំង​ពី​អាយុ​១៥​ឆ្នាំ និង​យក​ប្រពន្ធ​វៀត​ណាម​ក៏ដោយ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០២២។

លោក ប៉ែន សុវណ្ណ កាន់​តំណែង​ជា​នាយករដ្ឋមន្ដ្រី​​បា​ន​តែ​ប្រមាណ​៦ខែ​ប៉ុណ្ណោះ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៧​ ខែ​មិថុនា ដល់​​​ថ្ងៃ​​ទី​​២ ខែធ្នូ ឆ្នាំ​១៩៨១។

លោកត្រូវបានចាប់ខ្លួនដោយជំនាញការវៀតណាម នៅថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ​១៩៨១ និង​​បញ្ជូន​​ទៅ​​ឃុំ​​ខ្លួ​ន​​នៅ​ប្រទេស​វៀត​ណាម​អស់​រយៈ​ពេល​១០​ឆ្នាំ​និង​៥២​ថ្ងៃ។
ក្នុង​​សៀវ​ភៅ សុបិន​​និង​​ការ​ពិត របស់​លោក វ៉ាន់ឌី កាអុន ដែល​បាន​និយាយ​ពី​បញ្ហា​កម្ពុជា​ ចន្លោះ​ឆ្នាំ​​១៨៦៣ ដល់​ឆ្នាំ​​១៩៩២ ពី​សម័យ​អាណា​និគម​ចាស់ មក​សម័យ​អាណា​និគម​ថ្មី បាន​សរ​សេរ​ថា ការ​​ដ​ក​​ហូត​​ដំណែង លោក ប៉ែន សុវណ្ណ គឺ​​បណ្ដាល​​មក​​​ពី​​លោក ប៉ែន សុវណ្ណ ​ប្រមាថ​​ទីក្រុង​​ហាណូយ​​យ៉ាង​​ខ្លាំង ដោយ​​ចង់​​មាន​​ទំនាក់​​ទំន​ង​ដោយ​​ផ្ទាល់​​ជាមួយ​​ទីក្រុង​​មូស្គូ ​រំលង​​ទី​ក្រុង​​ហាណូយ​។

មួយវិញទៀត បណ្ដាល​​មក​​ពី លោក ប៉ែន សុវណ្ណ ប៉ុន​ប៉ង​​រំដោះ​​កម្ពុជា ​​ពី​ការ​គាប​​សង្កត់​​របស់​​វៀត​ណាម ហើយ​​ប្រឆាំង​​នឹង​​នយោ​បាយ​​អន្តោ​ប្រវេសន៍​​វៀតណាម​​​នៅ​​កម្ពុជា។

​ប៉ុន្តែ​​សំខាន់​ជាង​នេះ ​ លោក​ប៉ែន សុវណ្ណ របូត​ពី​តំណែង ហើយ​​ត្រូវ​​គេ​​ចាប់​​ដាក់​​គុក ក៏​​​ព្រោះ​​តែ​លោក​ ដែល​​ជា​​អតីត​​ខ្មែរ​​វៀត​មិញ ដណ្ដើម​​តួនាទី​​ដឹក​​​នាំ​​របស់​ក្រុម​​ខ្មែ​រ​ក្រហម​ភូមិ​ភាគ​​បូព៌ា​ប្រឆាំង​​នឹង​​ប៉ុល​ពត ដែល​គេ​​ស្គាល់​​ថា ជា​​ក្រុម​​លោក ហ៊ុន សែន​។ គឺ​​ទំនាស់​​ប្រជែង​​អំណាច​​រវាង​ចរន្ត​​ទាំង​​ពី​រ​​នេះ​​ហើយ ​ដែល​​ធ្វើ​ឲ្យ​វៀត​ណាម​​បារម្ភ ហើយ​បង្ខំ​​ចិត្ត​​កម្ចាត់​​​ចោល​​មួយ​។

បើគេវិភាគ​ទៅ​លើសៀ​វ​ភៅ សុបិន​​និង​ការ​ពិត របស់លោក វ៉ាន់ ឌីកាអុន ហាក់​ស៊ី​នឹង​ការ​អះ​អាង​របស់​លោក ប៉ែន សុវណ្ណ ក្រោយ​លោក​រួច​ពី​ការ​ឃុំ​ខ្លួន​នៅ​ប្រទេស​វៀត​ណាម។

លោក ប៉ែន សុវណ្ណ អះអាងថា មូល​ដែល​លោក ហ៊ុន សែន ចាប់​ខ្លួន​លោក ដោយ​សារ​លោក​ប្រឆាំង​នឹង​បំណង​វៀត​ណាម ដែ​ល​ចង់​ឱ្យ​លោក​កាត់​ដី​តាម​ព្រំដែន​ឱ្យ និង​បង្ហូរ​ជន​ជាតិ​វៀតណាម​ចូល​មក​រស់​នៅ​ក្នុង​ដែន​ដី​កម្ពុជា។

លោកថា៖ «គេសុំខ្ញុំ៣ចំណុច! ទី១សុំកាត់ដីឱ្យស្រុកគេ! ទី២ គេ​សុំ​ខ្ញុំ​បញ្ចូល​និគម​គេ១​ខេត្ត​៣ពាន់​គ្រួសារ​!​ ខ្ញុំ​អត់​ឱ្យ។ ទី៣​សុំ​បង្កើត​ក៥! ខ្ញុំ​អត់​ឱ្យ​ទៀត! ទាំង​អស់​ហ្នឹង​សុទ្ធ​តែ​យក​ដី​ខ្មែរ!​សម្លាប់​ប្រជាជន​ខ្មែរ។ បញ្ជូល​និគម​គេ​មក ខ្ញុំ​ដាច់​ខាត​មិន​ឱ្យ​ ហើយ​ដល់ លោក ហ៊ុន សែន គេ​ថា​ខ្ញុំ​មាន​គំនិត​ចង្អៀត  ជា​តិ​និយម ប្រឆាំង​វៀត​ណាម​មក​តាំង​នៅ​ស្រុក​ខ្មែរ។ គេ​ប្រឆាំង​ខ្ញុំ​រហូត! ហ៊ុន សែន ហេង សំរិន»។

ចាប់ពីមានការចាប់ខ្លួនលោក ប៉ែន សុវណ្ណ នៅឆ្នាំ១៩៨១ ប៉ុន្មាន​ឆ្នាំ​បន្ទាប់ តំណែង​លោក ប៉ែន សុវណ្ណ ធា្លក់​លើ លោក ហ៊ុន សែន។

ក្នុងតំណែង​ដែល លោក ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ទាំង​បញ្ហា​ព្រំដែន និង​លំហូរ​អន្តោប្រវេសន៍​ខុស​ច្បាប់​របស់​ជន​ជាតិ​វៀត​ណាម ត្រូវ​បាន​គណបក្ស​ប្រឆាំង អះ​អាង​ថា​បាន​កើន​ឡើង​យ៉ាង​កំហុក ក្នុង​នោះ​មាន​ការ​លេច​ឡើង​ពី​ការ​ព្រមាន​រំលាយ​របប​រាជា​និយម អាស្រ័យធម្ម​នុញ្ញ បើព្រះ​អង្គ​បង្ក​ការ​លំបាក​ដល់​ការ​ចុះហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ។

លោក​ថា៖ «ខ្ញុំនិយាយជាមួយសម្តេចក្រុម​ព្រះ​ហើយ ខ្ញុំ​​​ថា​ព្រះ​​អង្គ និយាយ​​ប្រា​ប់​​ឯកឧត្តម ស៊ុន ចាន់​​ថុល កុល ផែង ស៊ីសុវត្ថិ សន្ថារ៉ា នៅ​​​លើ​​យន្ត​​ហោះ ហើយ​​​ខ្ញុំ​​ប្រាប់​​សម្តេច​​ក្រុម​​ព្រះ ពេល​​ដែល​​ជួប​​តាម​​ទូរសព្ទ​​​ថា ព្រះ​អង្គ​​​បើ​​លើក​នេះ​វា​ពិបាក​​ស៊ីញ៉េ​ ត្រូវ​​ពិនិត្យ​ឡើង​​វិញ យើង​គួរ​ទុក​រាជា​និយម ឬ​ធ្វើ​សាធារណ​រដ្ឋ​ឱ្យ​វា​មាន​ប្រធានាធិបតី»។

សន្ធិសញ្ញាព្រំដែននេះ អ្នកឃ្លាំមើលព្រំដែន​ដែលមិនចំណុះឱ្យរដ្ឋាភិបាល​ចោទ​ថា លោក ហ៊ុន សែន បាន​​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​ព្រំ​ដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨២ ១៩៨៣ និង១៩៨៥ ជា​ដើម​រស់​ឡើង​វិញ តាម​ការ​ចង់​បាន​របស់​វៀត​ណាម ដែល​ធ្វើ​ឱ្យ​ទឹក​ដី​កម្ពុជា​មួយ​ផ្នែក​ទៀត​ ទាំង​ដែន​ដី​គោក​ និង​សមុទ្រ រួម​ទាំង​ប្រជុំ​កោះធ្លា​ក់​ក្នុង​ដៃវៀ​តណាម​រហូត​បច្ចុប្បន្ន។

ងាកមកបញ្ហាជាមួយថៃវិញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២៥ ពោល​គឺ​មុន​ការ​ផ្ទុះ​អាវុធ​ជាមួយ​ថៃ​ លោក ហ៊ុន សែន បាន​ប្រកាស​ប្រាប់​សមាជិក​សភា និង​ព្រឹទ្ធ​សភា ពី​គម្រោង​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) លើ​ទីតាំង​យ៉ាង​តិច​៤​​ចំនុច។

ក្នុងនោះមាន ប្រាសាទ​តាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមាន​ជ័យ ប្រាសាទ​តាមាន់​តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​៣ ស្ថិត​ក្នុង​ខេត្ត​ព្រះ​វិហារ ដោយ​សំអាង​ថា ការ​ចរ​ចា​ទ្វេ​ភាគី​ជាមួយ​ថៃ​២០០​ឆ្នាំទៀត ក៏​មិន​អាច​ដោះ​ស្រាយ​បាន​ដែរ ដោយ​សារ​ថៃ​ចង់​ឱ្យ​កម្ពុជា​ទទួល​យក​ការ​កំណត់​ខ្សែបន្ទាប់​ព្រំដែន​ថ្មី តាម​ផែន​ទី​១​លើ​៥​០​ពាន់ ដែល​ថា​ថៃ​គូរ​ដោយ​ខ្លួនឯង ដែល​លោក​ហៅ​ថា ជា​ផែន​ទីចោរ។

លោក​ថា៖ «ផែនទីចោដែលធ្លាប់ឈ្លានពានយើង​កាល​ពី​ឆ្នាំ​២០០៨ គឺ​មិន​គប្បី​ត្រូវ​បាន​ប្រើ​ប្រាស់​ទៀត​ទេ យើង​សូម​ប្រាប់​អ្នក​ឲ្យ​បាន​ដឹង»។

ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ក្រុមអ្នកតាមដានថា រដ្ឋាភិបាលមិ​ន​បាន​រុញ​សំណុំ​រឿង​ព្រំដែន​នេះ ដើម្បី​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ​នៅ​ឡើយ​ទេ ក្រោយ​ផ្ទុះ​អាវុធ​ជាមួយ​ថៃ និង​ថៃ​ប្រកាស​ដក​ខ្លួន​ពី​កិច្ច​ព្រម​​ព្រៀង​បទ​ឈប់​បាញ់​ផង​នោះ។

បរិប​ទ​នេះ​ ក្រោយពីមេដឹកនាំកម្ពុជាអះអាងថា ខ្លួនស្រឡាញ់​សន្តិភាព មិន​ប្រើ​កម្លាំង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ទេ ហើយ​ក៏​បាន​លេច​ចេញ​កិច្ច​ព្រម​ព្រៀង បោះ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​ជាមួ​យ​ថៃ​តាម​យន្ត​ការ​ទ្វេ​ភាគី ដែល​ថៃ​តែង​តែ​ចង់​បាន។

នេះជាបញ្ហាចម្បងមួយទៀត ដែលផ្តើមចេញពីការពិតនៃកា​រចោទ​ប្រកាន់​ថា រដ្ឋាភិបាល​អាច​នឹង​កាត់​ដី ដើម្បី​ការ​ពារ​អំណាច ឬ​​ដោះ​ដូរ​នឹង​សន្តិភាព។

ប៉ុន្តែការពិតមួយទៀត លោក ហ៊ុន សែន បានចេញ​មក​ព្រមាន​ចាត់​វិធាន​ការ ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ទាំង​​ឡា​យ​ណា ដែល​ហ៊ាន​និយាយ​ថា រដ្ឋាភិបាល​ដោះដូ​រ​ដី ដើម្បី​ការ​ពារ​អំណាច​ឬ​ដោះ​ដូរ​យក​សន្តិភាព​នេះ។

ក្រៅពីការព្រមានពីលោក ហ៊ុន សែន គេក៏ឃើញ​ទូរទស្សន៍​ជាតិ បង្ហាញ​មុខ​មន្ត្រី​ជំនាញ​កិច្ច​ការ​ព្រំដែន យ៉ាង​តិច​៣រូប ចេញ​មក​ការ​ពារ​ភាព​ស្អាត​ស្អំ​របស់​រដ្ឋាភិ​បាល​ ជុំវិញ​កា​រ​បោះ​បង្គោល​ព្រំដែន​បណ្តោះអា​សន្ន​ជាមួយ​ថៃ​នេះ ។

ប៉ុន្តែបើគេប្រៀបធៀបកាអះអាងរបស់លោក ហ៊ុន សែន មុន​ផ្ទុះ​អាវុធ​ជាមួយ​ថៃ​ និង​ការ​បក​ស្រាយ​របស់​មន្ត្រី​ជំនាញ​​កិច្ច​ការ​ព្រំដែន​ ក្រោយ​កម្ពុជា​ព្រម​ព្រៀង​បោះ​បង្គោល​បណ្តោះ​អាសន្ន​នេះ នៅ​តែ​មាន​ការ​បញ្ចេញ​មតិ​យោប​ល់​ពី​ចម្ងល់​ដដែល​លើ​បណ្តាញ​សង្គម ជុំវិញ​បញ្ហា​នេះ។

មន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក  អ៊ិត ​សុត្ថា លើក​ឡើង​ថា ការ​កំណត់​ខណ្ឌសី​មា​កម្ពុជា និង​ថៃ​ រដ្ឋាភិបាល​ក៏​មិន​បាន​លាក់​បាំង​ព័ត៌​មាន​ដូច​ការ​ចោទ​ប្រកាន់ និង​កាត់​ដី​ដើម្បី​ដូរ​យក​សន្តិភាព​នោះ​ទេ។  

លោកថា៖ «គាត់ថាយើងគេធ្វើឲ្យបាត់ដី ឬក៏ការវាស់វែងរបស់យើង​ហ្នឹង ​ធ្វើ​ឲ្យ​បាត់​ដី​ អាហ្នឹងដូច​ជា​គាត់​ហ្នឹង​វ៉ៃ​ប្រហារ​មក​លើ​អ្នក​បច្ចេក​ទេស​របស់​យើង! ហើយ​មិន​ទុក​ចិត្ត​លើ​អ្នក​បច្ចេក​ទេស​របស់​យើង។ ហើយ​បើនិ​យាយ​ឲ្យ​ចំ​ទៅ​ បើ​សិន​ជា​រាជ​រដ្ឋាភិបាល​ទាំង​សម័យ​សម្ដេច​តេជោ ក៏​ដូច​ជា​សម័យ​សម្ដេច​ធិបតី​នា​ពេល​បច្ចុប្បន្ន​នេះ កាត់​ដី​ដើម្បី​ដូរ​យក​សន្តិភាព​មែន​នោះ! អ៊ីចឹង​វា​មិន​នឹង​មិន​មាន​ហេតុ​ការណ៍​ផ្ទុះ​សង្គ្រាម​នៅ​ឆ្នាំ​២០០៨ ២០១១»។

ដោយឡែក មន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនម្នាក់ទៀត លោក ស្រ៊ឺ បូរ៉ា និយាយ​ថា ការ​បោះ​បង្គោល​ព្រំដែនកម្ពុជា​-ថៃ ធ្វើ​ឡើង​តាម​ការ​យន្ត​ការ​ចរចា​ទ្វេភា​គី។

លោកថា៖ «ខ្ញុំសូមរំឭកបន្តិចថា ចាប់​ពី​ឆ្នាំ​២០០៦មក ក្រុម​វាស់​វែង​ចម្រុះ​ព្រំដែន​ភាគី​ទាំង​ពីរ​កម្ពុជា–ថៃ បាន​ចាប់​ផ្តើម​ចុះ​រុក​​រក​បង្គោល​ព្រំដែន​ជំនាន់​បារាំង​ទាំង​៧៤ ក្នុង​ហ្នឹង​យើង​បាន​ឯកភាព​គ្នា​ជាង​៤០​បង្គោល​រួច​ហើយ​ដែរ​ ជាង​៤០​បង្គោល​ក្នុងចំណោម​បង្គោល​ដែល​ឯកភាព​ហ្នឹង! គឺ​មាន​បង្គោល​ព្រំដែន​ចំនួន​២៤​ដែល​យើង! មាន​ន័យ​ថា យើង​កំណត់​វា​យ៉ាង​ច្បាស់​លាស់​ថា គឺ​ជា​បង្គោល​ព្រំដែន​ជំនាន់​បារាំង ហើយ​វា​នៅ​សល់​រូប​រាង​គ្រាន់​តែ​វា​មាន​បាក់​បែក វា​រិច​រិល​អី​តិច​តួច​ទេ»។

យ៉ាង​ណា លោក ហ៊ុន សែន ធ្លាប់ថ្លែង​ថា ការ​ចរចាជា​មួយ​ថៃ​២៥​ឆ្នាំ​គ្មាន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​រកបង្គោល​ព្រំដែន។

លោកថា៖ «កម្ពុជាបានធ្វើការចរចាជាមួយ​វៀត​ណាម​បោះប​ង្គោល​រួច​ជា​ស្រេច​ចំនួន​ ៨៤​ភាគរយ​​រួ​ច​ស្រេច​ទៅ​ហើយ​ នៅ​សល់​១៦​​ភាគ​រយ​ទៀត កំពុងតែធ្វើ​កា​រច​រចា​ជាមួយ​​ឡា​វ​បាន​ចរចា​បោះ​បង្គោល​ព្រំដែន​ចំនួន​៨៦​ភាគរយ​ហើយ នៅស​ល់​១៤​ភាគ​រយ​ទៀត កំពុ​ង​បន្ត​ការ​ចរចា​ ដោយ​មាន​ការ​គោរព​គ្នា ក៏​ប៉ុន្តែ​ព្រំដែន​កម្ពុជា-ថៃ​បាន​២៥​ឆ្នាំ​ គឺ​អត់​ទាន់​បាន​ធ្វើ​អី​! ក្រៅ​តែ​ពី​​ដើរ​រក​បង្គោល​ប៉ុន្មាន​នោះ​តែ​ប៉ុណ្ណោះ»។

លើសពីនេះ សាក្សីរស់ដែលជាអ្នកអតីតមេទ័ពតស៊ូតាម​ខ្សែក្រវ៉ាត់​ព្រំដែន​ថៃ ពី​គណក្ស​ហ្វ៊ុន​​ស៊ិន​ប៉ិច​ លោក ញឹក ប៊ុនឆៃ ធ្លាប់​អះ​អាង​ពី​ការ​ចង​ចាំ ពី​ការ​ពង្រីក​ការ​ឈ្លាន​ពាន​កម្ពុ​ជា​ពីសំណាក់​ប្រទេស​ថៃ រួម​ទាំង​ភូមិ​ព្រៃ​ចាន់ ដែល​លោក​ថា លោក​ជួយ​ធ្វើ​ជា​សាក្សី​បំភ្លឺ​រឿង​នេះ​បាន​បើ​រដ្ឋាភិបាល​ត្រូវ​ការ​លោក។

លោកថា៖ «តាមតែសេចក្ដីត្រូវការរបស់គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​កម្ពុជា-ថៃ​ហ្នឹង គាត់​ត្រូវ​ការ​ខ្ញុំ​របៀប​ម៉េច! ខ្ញុំ​ចូល​រួម​រីក​រាយ​នឹង​ចូល​រួម​ជួយ​ជា​ភ័ស្តុ​តាង​ជា​អី​ ដើម្បីត​តាំង​ជាមួយ​ខាង​ភាគី​ថៃ! ហើយ​ដោយ​សារ​សព្វ​ថ្ងៃ​ដែល​មាន​បញ្ហា​ ដោយ​សារ​ភាគី​ថៃ​ទី១​អត់​គោរព​MOU ឆ្នាំ២០០០​នោះ​ទេ! ព្រោះ​ក្នុង​MOU​ឆ្នាំ​២០០០ រវាង​កម្ពុជា​និង​ថៃ​ដែល​ចុះ​ហត្ថ​លេខា​ជាមួយ​គ្នា​ហ្នឹង! បាន​ឯកភា​ពគ្នា​​ប្រើ​ប្រាស់​ផែន​ទី​សន្ធិ​សញ្ញាបា​រាំង​សៀម​ឆ្នាំ​១៩៩៤ ហើយ​១៩៩៧» ។

លើសពីនេះ​ លោក ហ៊ុន សែន ថា កម្ពុ​ជា​-ថៃ​មាន​​ព្រំប្រទល់​ដីគោក​ជាប់​គ្នា​ជាង​ ៨០០​គីឡូ​ម៉ែត្រ ប៉ុន្តែ​ចំនុច​៤​ដែល​កម្ពុជា​គ្រោង​ប្តឹង​ថៃ​មាន​ត្រឹម​ប្រមាណ​ជា​៥០​គីឡូ​ប៉ុណ្ណោះ ហើយ​ថា ជាង៧០០​គីឡូ​ម៉ែត្រ​ទៀត​ទុច​ចរចា​ទ្វេ​ភាគី ត្រង់​នេះ​ក៏​ជា​ចម្ងល់​ដែរ បើ​ដឹង​ថា​ថៃ​ប្រើផែ​ន​ទី​ចោរ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​កម្ពុជា​ទទួល​យក ហើយ​កម្ពុជា​ដាក់​ខាត​ត្រូវ​ការ​ពារ​បូរណភាព​ទឹក​ដី​តាម​ផែន​ទីបារាំង​សៀម​ឆ្នាំ​១៩០៤​និង​១៩០៧ ហេតុ​អ្វី​កម្ពុជា​មិន​ព្រម​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​ (ICJ) និង​បន្ត​ចរចា​លើ​ដីជាក់​ស្តែង​លើ​ខ្សែរ​បន្ទាត់​ព្រំ​ដែន​ជាង​៧០០​គីឡូ​ម៉ែត្រ​ តាម​យន្ត​ការ​ទ្វេភាគី បើ​ដឹង​ថា​យន្ត​ការ​ទ្វេភាគី​ជា​ដើម​ចម​ផ្ទុះ​សង្គ្រាម ហើយ​កម្ពុជា​មិន​ចង់​ឱ្យ​មាន​សង្គ្រាម។

ត្រង់ចំនុច​នេះវីអូឌី ទុកឱ្យបងប្អូនពិចារណាដោយ​ខ្លួនឯង​លើ​ការ​បក​ស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ