ខណៈរដ្ឋាភិបាលថៃ ប្រកាសដកខ្លួនពីបទឈប់បាញ់ ដោយឯកតោភាគីកាលពីពេលថ្មីៗនេះ ហើយក្រឡាស់សម្តីមិនព្រមដោះលែងកងទ័ពខ្មែរទាំង១៨រូប តាមការសន្យានោះ រដ្ឋាភិបាលកម្ពុជា បានទម្លាយពីការខំប្រឹងប្រែងរកសម្ពាធពីកាកបាទក្រហមអន្តរជាតិ ដើម្បីដោះលែងពួកគេឱ្យបានឆាប់រហ័ស។
តាមរយៈក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២ខែធ្នូនេះ បានឱ្យដឹងថា ទេសរដ្ឋមន្រ្តី លី ធុជ និងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ(ICRC)បន្តតាមដាន សុខទុក្ខកងទ័ពកម្ពុជាទាំង១៨រូប ដែលស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់ពីសំណាក់យោធាថៃ។
ការស្នើនេះ ធ្វើឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលនៃជំនួបពិភាក្សាជាមួយ លោក Gilles Carbonnier អនុប្រធាន (ICRC) ខណៈ លោក លី ធុជ កំពុងចូលរួមកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
បើតាមក្រសួង ក្នុងជំនួបនោះភាគីកម្ពុជា បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប។
លើសពីនេះ កម្ពុជា ស្នើកាកបាទក្រហមអន្តរជាតិ ឱ្យជួយបន្តតាមដានសុខទុក្ខ កងទ័ពកម្ពុជាទាំងនោះ និងជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។
សម្រាប់កម្ពុជា «ជាការឆ្លើយតប លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិ នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ»។
គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជាទាំង១៨រូប ត្រូវបានយោធាថៃឃុំខ្លួនអស់រយៈពេល ១២៦ ថ្ងៃហើយ ឬជាង៤ខែ គិតពីថ្ងៃដែលយោធាថៃ ចាប់ខ្លួននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលថៃរំលោភលើបទឈប់បាញ់ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ក្រោយមានការអន្តរាគមន៍ ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រំា កម្ពុជា-ថៃ បានឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីសន្តិភាពកម្ពុជា-ថៃ ដែលធ្វើឡើងនៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍រួមនេះ មានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានប្តូរវេន បានចុះហត្ថលេខាធ្វើជាសាក្សីផងដែរ ដែលសេចក្តីថ្លែងការណ៍រួមនេះ ព្រមព្រៀងគ្នាលើលក្ខខណ្ឌ ៤ចំនុច ដូចជា ការស្នើឲ្យដកសព្វាវុធធន់ធ្ងន់ចេញពីព្រំដែនថៃ-កម្ពុជា ការដោះមីននៅតំបន់ព្រំដែន ការបង្រ្កាបល្បែងអនឡាញ និងភ្ជាប់ ការដោះលែងទាហានខ្មែរ ១៨រូប ដែលក្រោយមក ភាគីថៃ បានប្រកាសថា កងទ័ពខ្មែរទាំងនោះ នឹងត្រូវដោះលែងបញ្ជូនមកឱ្យកម្ពុជាវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation ។
ប៉ុន្តែក្រោយមកថៃ បានក្រឡាស់សម្តីមិនដោះលែងយោធាខ្មែរទាំង១៨រូបនោះវិញ ហើយប្រកាសដកខ្លួនពីបទឈប់បាញ់ជាឯកតោភាគី ដោយសំអាងថា រង់ចាំការដោះស្រាយបញ្ហាជម្លោះព្រំដែនរួចរាល់ ជាមុនសិន ដែលការណ៍នេះ អ្នកតាមដានយល់ថា ថៃកំពុងយកទាហានខ្មែរ១៨រូបនោះ ធ្វើជាចំណាប់ខ្មាំង ដើម្បីសម្រេចមហិច្ឆិតាលេបទឹកដីខ្មែរ តាមផែនទីដែលថៃគូរដោយខ្លួនឯង៕









